ជីវិត​លំបាក​របស់​​ទាហាន​ពិការ​ម្នាក់​ដែល​រង​គ្រោះ​ដោយសារ​បញ្ហា​ដី​នៅ​បុរីកីឡា

ដោយ ទេព សុរ៉ាវី
2014.07.02
អ៊ួន កងពិនិត្យ ៦១០ សកម្មភាព​លោក ប្លោក ខន ហៅ អ៊ួន កងពិនិត្យ អតីត​ទាហាន​កាត់​រំសាយ​ដើរ​រើស​អេតចាយ​ខាង​ក្រោយ​បន្ទប់​ស្នាក់នៅ​ក្នុង​តំបន់​បុរីកីឡា កាល​ពី​ថ្ងៃ​២៣ មិថុនា ២០១៤។
RFA/Tep Soravy

អតីត​ទាហាន​កាត់​រំសាយ​ដែល​មាន​ពិការភាព (ខ្វិន​មួយ​ចំហៀង​ខ្លួន) និង​បាត់បង់​សមត្ថភាព​ការងារ គឺ​លោក ប្លោក ខន ដែល​មាន​ឈ្មោះ​ពិត អ៊ួន កងពិនិត្យ បាន​ចាប់​អាជីព​ជា​អ្នក​ដើរ​រើស​អេតចាយ​ជាមួយ​កូន​ប្រុស​ស្រី​តូចៗ ២​នាក់ ដើម្បី​ចិញ្ចឹម​ជីវិត បន្ទាប់​ពី​ផ្ទះ​របស់​គាត់​នៅ​បុរីកីឡា ត្រូវ​បាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឈូស​បំផ្លាញ​ចោល​កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១២។

ដោយ​មិន​មាន​ជំរើស​ផ្សេង​ទៀត អតីត​កងទ័ព​រំសាយ​រូប​នេះ នៅ​តែ​ខំ​ក្រាញននៀល​រស់​នៅ​ក្រោម​ជណ្ដើរ​អាគារ​នៅ​ប្លុក​បុរីកីឡា និង​ក្បែរ​គំនរ​សំរាម​ដើម្បី​រង់ចាំ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច សង់ ២​អាគារ​បន្ថែម​ទៀត​តាម​កិច្ចសន្យា​សម្រាប់​ពលរដ្ឋ​សហគមន៍​បុរីកីឡា ដែល​ក្នុង​នោះ​មាន​ឈ្មោះ​លោក​ម្នាក់​ដែរ។

ពំនូក​សំរាម​គរ​ដូច​ភ្នំ បាន​ព័ន្ធ​ជុំវិញ​បន្ទប់​ស្នាក់​នៅ​តូច​នៃ​អាគារ​ចាស់​មួយ​នៅ​ប្លុក​បុរីកីឡា រាជធានី​ភ្នំពេញ។ សំរាម​ដែល​ចាក់​ហៀរ​ច្រាល​លើ​ជណ្ដើរ​រលួយ​ដោយ​មាន​ដង្កូវ​ចោះ​ជា​ច្រើន ហាក់ដូចជា​រាំង​បិទ​ផ្លូវ​មិន​ចង់​ឲ្យ​មនុស្ស​ដើរ​ឆ្លង​កាត់​នៅ​ក្នុង​អាគារ​ចាស់​ទ្រុឌទ្រោម​ដែល​រកកល់នឹង​រំលំ។

ទោះ​ជា​យ៉ាង​ណា លោក ប្លោក ខន ឬ​អ្នក​បុរីកីឡា ស្គាល់​ជា​ទូទៅ​ថា អ៊ួន កងពិនិត្យ សម្រេច​ចិត្ត​ទៅ​រស់​នៅ​លើក​អាគារ​ចាស់​នោះ បន្ទាប់ពី​ផ្ទះ​របស់​លោក​ត្រូវ​បាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន ដែល​មាន​ខ្នង​ក្រាស់ ឈូស​បំផ្លាញ​ចោល​កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១២។

លោក​បាន​បាត់បង់​ផ្ទះ​ឈើ​ប្រក់​ស្លឹក​ចាប់​ពី​ពេល​នោះ​មក។ មុន​ការ​បណ្ដេញ​ចេញ ទោះ​ជា​ពិការ​មួយ​ចំហៀង​ខ្លួន លោក កង ពិនិត្យ បាន​ចាប់​អាជីព​ជា​អ្នក​លក់​ដូរ​គ្រឿង​ទេស​នៅ​ផ្ទះ ជួន​ជិះ​កង់​លក់​ឌីស​វីដេអូ តាម​ផ្លូវ​ខ្លះ ដើម្បី​បាន​ប្រាក់​ផ្សែផ្សំ​ចិញ្ចឹម​កូនប្រុស​ស្រី​ភ្លោះ ២​នាក់។

២៣-មិថុនា-២០១៤៖ លោក អ៊ួន កងពិនិត្យ ឲ្យ​ចំណី​សត្វ​មាន់​ទា​ដែល​លោក​ចិញ្ចឹម​ក្នុង​បន្ទប់​ស្នាក់នៅ​ក្នុង​តំបន់​បុរីកីឡា។
២៣-មិថុនា-២០១៤៖ លោក អ៊ួន កងពិនិត្យ ឲ្យ​ចំណី​សត្វ​មាន់​ទា​ដែល​លោក​ចិញ្ចឹម​ក្នុង​បន្ទប់​ស្នាក់នៅ​ក្នុង​តំបន់​បុរីកីឡា។
RFA/Tep Soravy

 

លោក កងពិនិត្យ ដែល​ត្រូវ​ប្រពន្ធ​ស្លាប់​ក្រោយ​សម្រាល​កូន​ភ្លោះ​បាន​មួយ​សប្តាហ៍ បាន​មក​រស់​នៅ​តំបន់​បុរីកីឡា កាល​ពី​ឆ្នាំ​១៩៩៧។ អតីត​ទាហាន​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោក​តា សឺនសាន រូប​នេះ ត្រូវ​បាន​ផ្លាស់​មក​កង​ឯកភាព​ទីចាត់ការ​អភិវឌ្ឍន៍​នៅ​ដេអិន ក្នុង​ទសវត្ស​៩០ ហើយ​លោក​ត្រូវ​បាន​លោក សុខ អាន ដែល​ពេល​នោះ​ជា​ប្រធាន​ក្រុមប្រឹក្សា​រំសាយ​កងកម្លាំង​ប្រដាប់អាវុធ​ កាត់​រំសាយ ក្រោម​ហេតុផល​ថា ខ្វិន​មួយ​ចំហៀង​ខ្លួន​មិន​ពេញលេញ លំបាក​ធ្វើ​ដំណើរ។

ស្ថិត​ក្នុង​វ័យ ៤៥​ឆ្នាំ លោក អ៊ួន កងពិនិត្យ ពិការ​ជើង​ខាង​ឆ្វេង ដោយ​ដើរ​មិន​ស្មើរ​គ្នា ពិបាក​ធ្វើ​ដំណើរ ហើយ​ដៃ​ខាង​ឆ្វេង​ស្វិត​មិន​អាច​ប្រើ​ការ​បាន ពិសេស​មាត់​របស់​លោក​ត្រូវ​សរសៃ​ទាញ​វៀច​មួយ​ចំហៀង​ពិបាក​និយាយ ជួន​និយាយ​ងុលៗ​រក​ស្តាប់​សឹង​មិន​បាន។ រាល់​ថ្ងៃ​លោក​និង​កូន​តូច ២​នាក់ ដែល​មាន​វ័យ ១២​ឆ្នាំ បាន​ក្រោក​តាំង​ពី​ព្រឹក​ព្រហៀម ចុះ​ទៅ​ទី​វាល​ចាក់​សំរាម​ខាង​ក្រោយ​បន្ទប់​ស្នាក់​នៅ និង​ទៅ​ពំនូក​សំរាម​ដែល​គរ​នៅ​ចំហៀង​អាគារ​ចាស់ ជាប់​បន្ទប់​ស្នាក់​របស់​លោក​ដើម្បី​រើស​អេតចាយ។

ជារឿយៗ​លោក កងពិនិត្យ និង​កូន​តូចៗ​របស់​លោក​តែង​ងើយ​មើល​ទៅ​ខាង​លើ​អាគារ​បណ្តើរ និង​រើស​សំរាម​បណ្ដើរ​ខ្លាចក្រែង​អ្នក​រស់​នៅ​លើ​អាគារ​ថ្មី​ដែល​ក្រុមហ៊ុន​សង់​ឲ្យ​នៅ​បោះ​សំរាម​មក​ពី​លើ​ត្រូវ​ពួកគេ៖ «ខ្ញុំ​សព្វថ្ងៃ​រើស​អេតចាយ​តាម​គំនរ​សំរាម មួយ​ថ្ងៃ​បាន ១​ពាន់ ២​ពាន់ (រៀល)។ និយាយ​ជា​សរុប​ទៅ មួយ​អាទិត្យ ១៥.០០០។ រាល់​ថ្ងៃ​ចំណាយ​ទៅ​លើ​កូន​រៀន ៣​ពាន់​រៀល​នេះ ចំណាយ​តិច​បំផុត​ហើយ»

ម្តាយ​របស់​លោក​ពិនិត្យ គឺ​លោកស្រី ទឹម សាក់មុន្នី ឲ្យ​ដឹង​ថា កូន​គាត់​ត្រូវ​ពឹង​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ការ​រើស​សំរាម​ដើម្បី​ចិញ្ចឹម​ជីវិត ហើយ​ចៅ​តូចៗ​របស់​គាត់ ២​នាក់ ដែល​ត្រូវ​ជា​កូន​របស់​លោក កងពិនិត្យ ក៏​ដើរ​រើស​សំរាម​ដែរ ក្រៅ​ម៉ោង​សិក្សា៖ «ព្រលឹម​ឡើង​អ៊ីចឹង កូន​គាត់​និង​គាត់​ដើរ​រើស​អេតចាយ​មក​ផ្សំ​គ្នា បើ​មិន​អ៊ីចឹង​បាន​អី​ហូប»

​កូន​ប្រុស​ស្រី​របស់​លោក កងពិនិត្យ សព្វថ្ងៃ​រៀន​នៅ​ថ្នាក់​ទី​៥ នៅ​សាលា​បឹង​សាឡាង និង​រៀន​ភាសា​អង់គ្លេស​ដោយ​ឥត​គិត​ថ្លៃ​នៅ​អង្គការ​គ្រឹះ​សាសនា​មួយ​នៅ​ក្បែរ​នោះ។ កូន​ទាំង​ពីរ​នាក់​នេះ ដើរ​រើស​អេតចាយ​យក​លុយ​ចិញ្ចឹម​ឪពុក​ពិការ​ក្នុង​អំឡុង​ពេល​ដែល​លោក កងពិនិត្យ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​កាល​ពី​ចុង​ឆ្នាំ​២០១២ គឺ​ស្រប​ពេល​ដែល​លោកស្រី ទឹម សាក់មុន្នី ជា​ម្តាយ​និង​ជា​សកម្មជន​ដីធ្លី​នៅ​តំបន់​បុរីកីឡា ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធនាគារ​ជិត ៣​ខែ ដោយសារ​ចេញ​មុខ​ដើរ​តវ៉ា​ទាមទារ​ផ្ទះ​ជំនួស​កូន​ប្រុស​ពិការ បន្ទាប់​ពី​ត្រូវ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ចោទ​ប្រកាន់​ថា និយាយ​ភូតកុហក​ក្រុមហ៊ុន​ក្នុង​រឿង​កម្មសិទ្ធិ​ដីធ្លី។

ប៉ុន្តែ​ក្រោយ​ពី​​មាន​ការ​គាបសង្កត់​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ បាន​សម្រេច​ដោះលែង​អ្នកស្រី ទឹម សាក់មុន្នី ដោយ​ព្យួរទោស​រយៈពេល ៣​ខែ ១២​ថ្ងៃ៖ «សហគមន៍​បុរីកីឡា ស្រែក​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទឹម សាក់មុន្នី»

ក្រោយ​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​ភ្លាមៗ លោក កងពិនិត្យ កូនៗ ព្រមទាំង​ម្តាយ​របស់​លោក​បាន​ស្នាក់​នៅ​ក្រោម​ជណ្តើរ​អាគារ​ទី​៧ នៅ​បុរីកីឡា។ ប៉ុន្តែ​ជិត ១​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រួសារ​លោក​បាន​ផ្លាស់​ទៅ​រស់​នៅ​សំណង់​អាគារ​ចាស់​មួយ​នៅ​ខាង​ក្រោយ​អាគារ​ទី​៤ ដោយ​ម្តាយ​របស់​លោក​បែក​គំនិត​ចង់​ចិញ្ចឹម​មាន់​ទារ​ខ្លះ​ដើម្បី​ទប់ទល់​នឹង​ជីវភាព។

បន្ទប់​ស្នាក់នៅ​ក្នុង​អាគារ​ចាស់​ទ្រុឌទ្រោម​នោះ មាន​ទំហំ ៣​ម៉ែត្រ គុណ ៤​ម៉ែត្រ ប៉ុន្តែ​ហ៊ុមព័ទ្ធ​ដោយ​គំនរ​សំរាម ដោយសារ​តែ​អាគារ​នោះ​ត្រូវ​គេ​បោះបង់​ចោល​ជាង ២​ឆ្នាំ​មក​ហើយ។ លោក កងពិនិត្យ បាន​ចំណាយ​ពេល​ជិត ១​ខែ វាយ​កម្ទេច​ជញ្ជាំង​បន្ទប់​មួយ​ទៀត​ដែល​នៅ​ជាប់​បន្ទប់​ស្នាក់​នៅ​របស់​លោក។  លោក​បាន​ទម្លុះ​ច្រក​ចូល​ទំហំ​កន្លះ​ម៉ែត្រ ហើយ​យក​បន្ទប់​ថ្មី​ក្បែរ​បន្ទប់​ស្នាក់​នោះ​ជា​កន្លែង​ចិញ្ចឹម​មាន់​ទារ។

ជិត​មួយឆ្នាំ​ហើយ ដែល​អ្នកស្រី ទឹម សាក់មុន្នី បាន​ចាប់​អាជីព​ជា​អ្នក​ចិញ្ចឹម​មាន់​ទារ​ជាប់​បន្ទប់​ស្នាក់នៅ​ដើម្បី​រក​ចំណូល​ខ្លះ ក្រៅពី​អាជីព​ជា​អ្នក​រើស​អេតចាយ ហើយ​លោក កងពិនិត្យ ជា​អ្នក​ដេក​ចាំ​សត្វ​ធាតុ​ទាំង​នោះ ដោយ​ស្នាក់​ក្នុង​បន្ទប់​ចិញ្ចឹម​មាន់​ទារ​តែម្តង។

ខ្យល់​បក់​ម្តងៗ​ក្លិន​លាមក​សត្វ និង​គំនរ​សំរាម​ខាង​ក្រោយ និង​ចំហៀង​បន្ទប់ ជះក្លិន​ស្អុយ​ស្ទើរ​សន្លប់។ តែ​គ្រួសារ​លោក កងពិនិត្យ ពិសេស​ក្មេងៗ​ហាក់​សុំា​នឹង​ក្លិន​នេះ។

លោក ពិនិត្យ គិត​ថា ប្រសិនបើ​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច គោរព​កិច្ចសន្យា​សង់ ១០​អាគារ​ឲ្យ​អ្នក​បុរីកីឡា​នោះ ពេល​នេះ​លោក​បាន​ផ្ទះ និង​អាច​ប្រកប​របស់​លក់​ដូរ​គ្រឿង​ទេស​ដូច​មុន ដោយ​មិន​ចាំបាច់​ដើរ​រើស​អេតចាយ និង​ដេក​ជាមួយ​សត្វ​មាន់​ទារ​ដូច​សព្វថ្ងៃ​នេះ​ទេ៖ «កិច្ចសន្យា​សង់ ១០​អាគារ​ហ្នឹង ឥឡូវ​គេ (ផានអ៊ីម៉ិច) មិន​ព្រម​ឲ្យ​ទៀត តែ​មាន​កិច្ចសន្យា​មួយ​ទៀត ប្រកាស​ផ្ទាល់​ដោយ​ផានអ៊ីម៉ិច ជាមួយ​មន្ត្រី​អង្គការ​យូអិន​ម្នាក់​ថា មក​ប្រកាស​នៅ​ខណ្ឌ​យើង​នេះ សន្យា​ថា សង់ ៣៣​ខែ​ទេ បើ​មិន​រួច ១០​អាគារ​ហ្នឹង​ទេ នឹង​សង​មួយ​ជា ៣ តើ​សង​មួយ​ជា ៣​ហ្នឹង​យ៉ាង​ម៉េច?»

​តំណាង​សហគមន៍​បុរីកីឡា លោកស្រី ឆាយ គឹមហ៊ន បញ្ជាក់​ថា លោក អ៊ួន កងពិនិត្យ មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​ទទួល​បាន​ផ្ទះ​ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច តាម​គោលនយោបាយ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង។ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​បាន​ទទួល​ផ្ទះ​ពី​ក្រុមហ៊ុន​នៅ​ឡើយ៖ «លោក អ៊ួន កងពិនិត្យ នេះ មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​អាជ្ញាធរ ឬ​រដ្ឋាភិបាល​មួយ​ណា​មើល​ឃើញ​គាត់​ទេ មាន​តែ​ទុក​ឲ្យ​គាត់​រស់​នៅ​លើ​គំនរ​សំរាម រស់​នៅ​ចិញ្ចឹម​កូន ២​នាក់​ដោយ​វេទនា។ ទង្វើ​នេះ​មិន​ត្រូវ​ធ្វើ​ទៅ​លើ​ពួក​គាត់​អ៊ីចឹង​ទេ គឺ​ត្រូវតែ​រក​កន្លែង​រស់​នៅ​ឲ្យ​បាន​សមរម្យ ព្រោះ​គាត់​ក៏​ជា​យោធា​មួយ ស្នេហា​ជាតិ និង​ការពារ​ជាតិ​មួយ​ដែរ»

​លោកស្រី​បន្ត​ថា មុន​ការ​បណ្ដេញ​ចេញ បើ​ទោះ​លោក កងពិនិត្យ ជា​ពោះម៉ាយ​កូន​២ និង​ពិការ​មួយ​ចំហៀង​ខ្លួន តែ​ជីវភាព​គាត់​មិន​លំបាក​ទេ ដោយសារ​ពេល​នោះ​លោក​មានរ​បរ​ជា​អ្នក​លក់ដូរ​ឥវ៉ាន់​នៅ​ផ្ទះ និង​មាន​បន្ទប់​បញ្ចូល​សំឡេង​កុន​មួយ ដោយ​សហការ​ជាមួយ​ម្តាយ​របស់​លោក​ដែល​មាន​ជំនាញ​ខាង​បញ្ចូល​សំឡេង​កុន​ភាគ​តាម​ស្ថានីយ​ទូរទស្សន៍​ផ្សាយ​ក្នុង​ស្រុក ហើយ​អាជីព​បញ្ជូល​សំឡេង​កុន​នេះ រក​បាន​កាក់​កប​គ្រាន់​បើ។

តំណាង​សហគមន៍​បុរីកីឡា​រូប​នេះ​អះអាង​ថា លោក កងពិនិត្យ ពិការ​ពិបាក​ធ្វើ​ដំណើរ និង​ហា​ស្តី​មិន​កើត ហើយ​ម្តាយ​របស់​លោក​បាន​ចេញ​ដើរ​តវ៉ា​ជំនួស​កូន ហើយ​យូរៗ​ម្តង លោក កងពិនិត្យ ក៏​បាន​ចេញ​មក​តវ៉ា​ជាមួយ​អ្នក​ភូមិ​បុរីកីឡា ឯ​ទៀត ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង់​អាគារ ២​បន្ថែម​ទៀត តាម​កិច្ចសន្យា៖ «ដោយសារ​តែ​ការ​ទាមទារ​របស់​កូន​គាត់​មិន​អាច​និយាយ​បាន មិន​អាច​បញ្ចេញ​មតិ​បាន ហើយ​គាត់​ពិការ​ទៀត អ៊ីចឹង​ហើយ​ម្តាយ​គាត់​ត្រូវ​ពុះពារ​សម្រាប់​កូន​គាត់ (លោកស្រី ទឹម សាក់មុន្នី) ដឹង​ថា ខ្លួន​គាត់​ទទួល​ផ្ទះ​ពីរ​ដ្ឋ​រួច​ហើយ អ៊ីចឹង​គាត់​ចេញ​តវ៉ា​ដើម្បី​កូន​គាត់ មិន​មែន​ចេញ​ទាមទារ​ផ្ទះ​ដើម្បី​គាត់​ទេ»

​ក្រុម​ការងារ​បច្ចេកទេស​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ប្រជុំ​ច្រើន​លើក​ជាមួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ពី​គម្រោង​រៀបចំ​វេទិកា​សាធារណៈ ដោះស្រាយ​ការ​ទាមទារ​ជម្រក​ស្នាក់នៅ​របស់​ពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​សហគមន៍​បុរីកីឡា។

​តាម​គម្រោង​វេទិកា​សាធារណៈ​នោះ គ្រោង​ធ្វើ​នៅ​ចុង​ខែ​កក្កដា ខាង​មុខ ហើយ​ដើម​ខែ​ដដែល​នោះ សាលា​រាជធានី​ភ្នំពេញ គ្រោង​ចុះ​ផ្សព្វផ្សាយ​ឲ្យ​អ្នក​បុរីកីឡា ដែល​មិន​ទាន់​ទទួល​សំណង រៀបចំ​ឯកសារ ឬ​ភស្តុតាង និង​សាក្សី ត្រៀម​ចូល​រួម​ក្នុង​វេទិកា​នោះ។

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្លាប់​អះអាង​ថា លោក​នឹង​រក​ដំណោះស្រាយ​ជូន​អ្នក​រស់​នៅ​បុរីកីឡា ឲ្យ​ចប់​សព្វគ្រប់ តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​វេទិកា​សាធារណៈ​មួយ ដើម្បី​ឲ្យ​ខាង​សហគមន៍​បង្ហាញ​ភស្តុតាង​ជាក់លាក់ បញ្ជាក់​ថា ពួកគេ​ពិត​ជា​បាន​រស់​នៅ​ក្នុង​តំបន់​បុរីកីឡា ពិត​ប្រាកដ។

​សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋ​រស់​នៅ​បុរីកីឡា ១៥៦​គ្រួសារ ដែល​នៅ​មិន​ទាន់​ទទួល​សំណង បន្ត​ក្រាញ​រស់​នៅ​លើ​គំនរ​សំរាម​ក្រោម​កៅស៊ូ​តង់ និង​ក្រោម​ជណ្ដើរ​អគារ​នៅ​បុរី​កីឡា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច សង់​អគារ​ស្នាក់​នៅ ២​បន្ថែម​ទៀត​តាម​កិច្ចសន្យា។

​នាយក​លេខាធិការដ្ឋាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ គិត​ថា ការ​រស់​នៅ​ក្រោម​តង់ ក្រោម​ជណ្តើរ​អាគារ និង​លើ​គំនរ​សំរាម​របស់​សហគមន៍​បុរីកីឡា សព្វថ្ងៃ​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ពិសេស​នៅ​ពេល​ដែល​រដូវភ្លៀង​ធ្លាក់​នេះ ធ្វើ​ឲ្យ​សុខភាព​និង​ស្ថានភាព​រស់​នៅ​របស់​ពួកគាត់​រឹត​តែ​ទ្រុឌទ្រោម​និង​លំបាក។

លោក​ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​ឲ្យ​បាន​ឆាប់៖ «ទទួច​ដល់​សាលា​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រាជរដ្ឋាភិបាល ធ្វើ​យ៉ាង​ណា​ជួយ​បញ្ចប់​ឲ្យ​ពួកគាត់​ឲ្យ​បាន​ឆាប់​ប្រសិន​បើ​អាច ឆ្លង​ផុត​ខែ​៨ អាច​ដោះស្រាយ​ឲ្យ​បាន​ចប់​នោះ អ៊ីចឹង​វា​ជា​ជោគជ័យ»

​តាមផ្លូវ​ច្បាប់​ពលរដ្ឋ​សហគមន៍​បុរី​កីឡា គឺ​ជា​អ្នក​មាន​ប្រៀប​ស្រប​ច្បាប់​ក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដោយសារ​តែ​ពួកគេ​មាន​កិច្ចសន្យា​ជា​ភស្តុតាង​យ៉ាង​រឹងមាំ​ជាមួយ​ក្រុមហ៊ុន និង​មាន​ការ​ដឹង​ឭ​ពី​អតីត​អភិបាល​រាជធានី​ភ្នំពេញ​ចាស់ លោក កែប ជុតិមា អំពី​ការ​សាងសង់​អាគារ ១០ សម្រាប់​អ្នក​បុរីកីឡា ចំនួន ១.៧៧៦​គ្រួសារ គឺ​មិនមែន​សង់ ៨​អាគារ ហើយ​ប្រកាស​ថា ខាតបង់​យក​រួច​ខ្លួន​នោះ​ទេ។

​វិល​ទៅ​រក​លោក អ៊ួន កងពិនិត្យ វិញ លោក​បាន​ទម្លាក់​កំហុស​ទាំង​ស្រុង​ទៅ​លើ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដែល​បាន​ក្បត់​ពាក្យ​សន្យា និង​បំពាន​ច្បាប់​ឈូស​ឆាយ​ផ្ទះសម្បែង និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​រហូត​ធ្វើ​ឲ្យ​អ្នក​បុរីកីឡា​ខ្លះ រួម​ទាំង​លោក​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ ធ្លាក់​ខ្លួន​រស់​នៅ​ដូច​សត្វ​ធាតុ និង​បាត់បង់​ភាព​ជា​មនុស្ស ដោយ​រស់​នៅ​លើ​គំនរ​សំរាម។

​ដោយសារ​ខ្លួន​ពិការ លោក កងពិនិត្យ ខកខាន​មិន​បាន​ចូល​រួម​ជាមួយ​សហគមន៍​ក្នុង​ការ​ចេញ​ដើរ​តវ៉ា​ទាមទារ​សិទ្ធិ​លំនៅឋាន​នៅ​តាម​ស្ថាប័ន​រដ្ឋ ស្ថានទូត និង​អង្គការ​នានា​ទេ។ ប៉ុន្តែ​លោកស្រី ទឹម សាក់មុន្នី ដែល​ជា​ម្តាយ បាន​ចេញ​ដើរ​តវ៉ា​ជំនួស​កូន​ប្រុស ដើម្បី​ទាមទារ​យក​ផ្ទះ​ដែល​ត្រូវ​បាន​ស្រប​ច្បាប់​ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច។

លោកស្រី ទឹម សាក់មុន្នី សង្ឃឹម​ថា ប្រសិនបើ​លោកស្រី​ទាមទារ​ផ្ទះ​ឲ្យ​កូន​ប្រុស​បាន​ហើយ​នោះ លោកស្រី​និង​កូនប្រុស​គ្រោង​ចាប់​របរ​ចាស់ បង្កើត​ជា​បន្ទប់​បញ្ចូល​សំឡេង​កុន​ភាគ​មួយ​នៅ​ផ្ទះ ហើយ​បណ្តុះបណ្តាល​កូនប្រុស​ស្រី ២​នាក់​របស់លោក កងពិនិត្យ ឲ្យ​ចេះ​ចាប់​ជំនាញ​បញ្ជូន​សំឡេង​កុន ដើម្បី​អាច​រកប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​បានល្អ​ជាង​សព្វថ្ងៃ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។