ទិវាកុមារីអន្តរជាតិនៅឆ្នាំនេះ បានប្រារព្ធធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ដោយមានចាក់បញ្ចាំងខ្សែភាពយន្តឯកសាររបស់កុមារីកម្ពុជា ដែលផលិតដោយហូលីវូដ (Hollywood) ស្ដីពីការលើកកម្ពស់កុមារី។
នៅលើផ្ទាំងសំពត់ស កុមារីម្នាក់បានបង្ហាញទឹកមុខញញឹមដោយភាពស្រស់ស្រទន់ ថ្ពាល់ខួច សម្បុរសណ្ដែកបាយ ដៃល្វតល្វន់ រាំរបាំអប្សរាពត់ពេននៅក្នុងភាពងងឹតស្លុប។ នោះគឺយុវតី ជិន សុខា ក្នុងវ័យ ១៧ឆ្នាំ។
អ្នកពោលបានចាប់ផ្ដើមពោលប្រដេញនឹងចម្រៀង បានផ្ដើមដោយពាក្យថា នេះជារឿងសាមញ្ញបំផុត។ អ្នកពោលបានប្រៀបប្រដូចនាងទៅនឹងបុប្ផាដែលមានសម្រស់ ប៉ុន្តែជីវិតរបស់នាងមានភាពស្រអាប់ងងឹតសូន្យ។ ភាពងងឹតរបស់ សុខា គឺនាងរស់នៅដោយពឹងផ្អែកទាំងស្រុងនៅលើគំនរសំរាម ប៉ុន្តែជីវិតនាងមានពន្លឺស្រស់ថ្លាឡើងវិញ នៅពេលដែលនាងបានចូលសាលារៀន។
យុវតី ជិន សុខា ត្រូវបានក្រុមហ៊ុនឯកសារ ១០ គុណនឹង ១០ ឬហៅជាភាសាអង់គ្លេសថា (Ten Time Ten) ជ្រើសរើសឲ្យសម្ដែងពីជីវិតតស៊ូនៅលើគំនរសំរាមដើម្បីបានចូលរៀន។
សុខា ដែលកើតមកក្នុងត្រកូលអ្នកស្រែមានជីវភាពក្រីក្រ មានបងប្អូនដល់ទៅ ៩នាក់ ហើយនាងជាកូនទី៨។ ជីវិតគ្រួសារ សុខា បានចាប់ផ្ដើមធ្លាក់ដុនដាបនៅគ្រាដែលម្ដាយនាងបានស្លាប់នៅពេលសម្រាលកូនភ្លោះទី១០ និងទី ១១ នៅផ្ទះក្នុងខេត្តស្វាយរៀង។ ក្រោយមកនាងនៅសល់បងប្អូនតែ ៤នាក់ប៉ុណ្ណោះ ដោយសារតែបងប្អូនរបស់នាងបានស្លាប់ជាបន្តបន្ទាប់ដោយសារគ្មានប្រាក់ព្យាបាលជំងឺ។ ដោយសារម្ដាយនាងស្ដាប់ចោល ដីស្រែក៏មានតិចតួច ឪពុករបស់នាងបាននាំកូនមកភ្នំពេញ រកការងារធ្វើ។

ជិន សុខា៖ «ម៉ែខ្ញុំស្លាប់ហើយ គឺឪពុករបស់ខ្ញុំហ្នឹង គឺគាត់បាននាំកូនទាំងអស់ហ្នឹងមកធ្វើការ មកនៅទីក្រុងភ្នំពេញ តាមបងច្បងរបស់ខ្ញុំ។ ពេលខ្ញុំមកដំបូង គឺអត់មានផ្ទះនៅទេ រយៈពេល ៦ខែ ខ្ញុំរស់នៅតាមចិញ្ចើមថ្នល់ រស់នៅក្រោមតំណក់ទឹកភ្លៀង លើសំរាម លើភក់ជ្រាំទាំងអស់ហ្នឹង។ ខ្ញុំដើររើសអេតចាយ ប៉ាខ្ញុំគាត់ទៅរែកដី»។
ប៉ុន្តែជាអកុសល សុខា ជួបគ្រោះភ័យម្ដងទៀត គឺនាងបានបាត់បង់ឪពុក។ រំលឹកដល់រឿងនេះ សុខា បានអោនមុខចុះ៖ «គាត់លេបថ្នាំ គាត់ថា គាត់ខកបំណងក្នុងឆាកជីវិតខ្លួនឯង គាត់បាត់បង់ម្ដាយរបស់ខ្ញុំ អ៊ីចឹងគាត់អស់ជំនឿលើខ្លួនឯង»។
ពេលនោះហើយជីវិត សុខា កាន់តែអួអាប់ នាងបានត្រឡប់ទៅរស់នៅជាមួយអ៊ំនៅឯខេត្តវិញ។ នៅទីនោះនាងធ្វើការផ្ទះ និងជួយការងារស្រែចម្ការច្រើនពេក នាងតែងខកខានមិនបានទៅរៀនពេញលេញប្រមាណ ៣ឆ្នាំ ទើបនាងត្រឡប់មករស់នៅភ្នំពេញវិញ។ នៅទីនេះ នាងបានបង្ខំចិត្តដើររើសរបស់របរផ្សេងៗនៅទីកន្លែងចាក់សំរាមដើម្បីរស់។
ជីវិតមិនស្រអាប់រហូតនោះទេ សុខា បានរីកមុខមាត់ថ្មីនៅពេលនាងបានជួបបុរសអ្នកថតរូបជនជាតិអាមេរិកម្នាក់ ឈ្មោះ បៀល ស្មិត (Bill Smith) ដែលជួយនាងឲ្យបានទៅរស់នៅ និងទំនុកបម្រុងឲ្យបានរៀនសូត្រដោយអង្គការ ថ្ងៃថ្មីនៅកម្ពុជា។
បច្ចុប្បន្ននាងរៀននៅថ្នាក់ទី១០ នៅសាលាហ្សាមេន (Zaman)។ មុននេះអង្គការបានជួយនាងឲ្យរៀននៅសាលាប៊ែលធី ប៉ុន្តែដោយនាងជាក្មេងឆ្លាតរៀនពូកែ ទើបអង្គការនេះបានបង់ប្រាក់ឲ្យនាងរៀននៅសាលាដ៏ថ្លៃមួយនេះ ដែលមានការផ្គត់ផ្គង់ដោយមូលនិធិ បៀល ស្មិត សហរដ្ឋអាមេរិក រហូតដល់នាងរៀនចប់សាកលវិទ្យាល័យ។
ជិន សុខា៖ «គឺខ្ញុំធ្វើការតាំងពីខ្ញុំត្រឡប់មពីខេត្តមក ពីផ្ទះអ៊ំខ្ញុំវិញ គឺខ្ញុំអាយុ ៩ឆ្នាំ ខ្ញុំធ្វើការរើសអេតចាយដល់ទៅអាយុ ១៣ឆ្នាំ។ បន្ទាប់មកលោក បៀល ស្មិត និងលោក ចរ អូនែល (Jor Onail) គាត់បានយកក្មេងដទៃទៀតដែលនៅប្លុកខ្ញុំហ្នឹងគាត់ឃើញ ហើយអ្នកជិតខាងរបស់ខ្ញុំ គឺគាត់បានសុំ ហើយនិយាយអង្វរជាមួយអ្នកបកប្រែរបស់គាត់ហ្នឹងដើម្បីឲ្យខ្ញុំបានចូលរៀន»។
ការដែលបានចូលសាលានេះហើយ គឺជាក្ដីប្រាថ្នារបស់ ជិន សុខា ដែលធ្វើឲ្យនាងសើចបាន៖ «ចាស! ខ្ញុំមានមោទនភាពខ្លួនឯងណាស់។ ខ្ញុំបានទៅរៀននៅសាលាល្អ ហើយខ្ញុំបានចូលរៀន។ ទោះបីខ្ញុំមិនបានសាលាល្អក៏ដោយ តែខ្ញុំបានចូលរៀនគឺខ្ញុំអរខ្លាំងមែនទែន»។
ខ្សែភាពយន្តឯកសារ “Girl Rising” ឬ “ការលើកកម្ពស់កុមារី” ត្រូវបានបញ្ចាំងលើកទី១ នៅកម្ពុជា ដើម្បីអបអរទិវាកុមារីអន្តរជាតិ ១១ តុលា ២០១៣។ Girl Rising ជាភាពយន្តឯកសារដែលដឹកនាំដោយលោក រីឆាត រ៉ូប៊ីនស៍ (Richard E. Robbins) និយាយពីការតស៊ូពុះពារដើម្បីការអប់រំរបស់កុមារី ៩នាក់ មកពីប្រទេសខុសៗគ្នា ដែលមានរឿងជីវិតដ៏ល្វីងជូរចត់។
ក្នុងចំណោមកុមារីទាំង ៩នាក់នោះ ជិន សុខា ជាកុមារីកម្ពុជាម្នាក់ដែលគេជ្រើសរើសឲ្យដើរតួជាតួអង្គសំខាន់មួយក្នុងខ្សែភាពយន្តឯកសារមួយនេះ។
ខ្សែភាពយន្តដែលបង្ហាញអំពីជីវិតតស៊ូពុះពារដើម្បីបានទៅសាលារៀនរបស់ក្មេងៗ នៅក្នុងប្រទេសចំនួន ៨ ផ្សេងទៀត ដូចជានៅប្រទេសហៃទី (Haiti) ប៉េរូ (Peru) អេត្យូពី (Ethiopia) ឥណ្ឌា (India) នេប៉ាល់ (Nepal) អាហ្វហ្គានីស្ថាន (Afghanistan) ជាដើម បានបញ្ចាំងក្នុងខ្សែភាពយន្តឯកសារនេះ មានទាំងភាពក្រីក្រ បញ្ហាសង្គម បញ្ហាជំនឿសាសនា ប្រពៃណី និងគ្រោះធម្មជាតិ ទាំងនេះគឺជាឧបសគ្គរបស់ក្មេងស្រីៗមិនបានទៅរៀន។
អង្គការយូណេស្កូ (UNESCO) បានបង្ហាញរបាយការណ៍ថា បច្ចុប្បន្ននេះមានកុមារី ៦៦លាននាក់នៅលើពិភពលោកមិនចូលសាលារៀនឡើយ។
ធនាគារពិភពលោកប៉ានប្រមាណថា សម្រាប់ការបន្តការរៀនសូត្របន្ថែមមួយឆ្នាំទៀត កុមារីអាចរកប្រាក់ចំណូលបានរហូតដល់ ២០% បន្ថែមទៀត នៅពេលអនាគត ហើយវាទំនងណាស់ថា ពួកគេនឹងមិនរៀបការទាំងវ័យក្មេងទេ។
ដោយ សុខា បានឆ្លងកាត់ជីវិតដ៏ជូរចត់នេះហើយ ក្ដីស្រមៃរបស់នាងនៅថ្ងៃអនាគត នាងចង់ក្លាយទៅជាអ្នកជួយទំនុកបម្រុងផ្នែកសង្គមកិច្ចដល់មនុស្សដទៃដែលមានការលំបាកទីទាល់ដូចជារូបនាងដែរ៖ «នៅពេលខ្ញុំបាត់បង់ឪពុកម្ដាយក្ដី ពេលខ្លះខ្ញុំតូចចិត្តនៅពេលដែរគេកាន់ ឬក៏អោប គេហៅប៉ាម៉ាក់របស់គេ ខ្ញុំអត់មាននឹងគេ ប៉ុន្តែខ្ញុំនៅតែមានកម្លាំងចិត្តថា ខ្ញុំមានប្អូនស្រី អ៊ីចឹងខ្ញុំត្រូវតែតស៊ូដើម្បីឆាកជីវិតរបស់ខ្ញុំ ហើយមួយទៀត គឺខ្ញុំចង់ក្លាយជាអ្នកផ្នែកសង្គមកិច្ចមួយ ហើយខ្ញុំចង់បើកអង្គការមួយដែរ ដើម្បីជួយដល់ក្មេងដទៃទៀតដែលគេអត់មានលទ្ធភាពចូលរៀន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
