ប្រជាកសិករខ្មែរមួយចំនួនតែងតែប្រកបមុខរបរឡើងត្នោតយកទឹករម្ងាស់ជាស្ករលក់ ក្រៅពីមុខរបរធ្វើស្រែចម្ការប្រចាំឆ្នាំរបស់ពួកគាត់។ អ្នកឡើងត្នោត ត្រូវការមនុស្សប្រុសដែលមានដៃរឹង ស្មាមាំ និងមានស្មារតីខ្ពស់ ដើម្បីបង្ការភាពតក់ស្លុត ឬគ្រោះថ្នាក់ពេលឡើងដើមត្នោតខ្ពស់ៗ។ ប៉ុន្តែស្ត្រីមិនសូវមានកម្លាំងមាំមួនម្នាក់នៅខេត្តកំពង់ឆ្នាំង បានតាំងខ្លួនដូចមនុស្សប្រុស តស៊ូឡើងត្នោតដើម្បីចិញ្ចឹមកូន។
ម៉ោងជាង ៨ព្រឹកទៅហើយ លោកស្រី ញឹក ចំរើន ទើបយកពពេលដាក់ចូលក្នុងបំពង់ទឹកត្នោតជាមួយកូនប្រុសពីរនាក់ ដែលស្រាតននលនៅក្បែរគុកដុតរម្ងាស់ស្ករ ខណៈអ្នកភូមិព្រះរាមរង្សី នៃឃុំជ្រៃបាក់ ស្រុករលាប្អៀរ ផ្សេងទៀត នាំគ្នាចេញទៅធ្វើការងាររោងចក្រ ចំណែកក្មេងៗ ចេញទៅរៀននៅសាលាបឋមសិក្សាមួយ ឋិតនៅមិនឆ្ងាយប៉ុន្មានពីផ្ទះអ្នកស្រុកស្ទើរស្ងាត់ភូមិ។
ភាពយឺតយ៉ាវនៃការក្រោកឡើងត្នោតពីម៉ោង ៤ ឬ ៥ទៀបភ្លឺដូចសព្វមួយដងនោះ គឺបណ្ដាលមកពីលោកស្រីវិលមុខ និងបញ្ហារោគស្ត្រីប្រចាំកាយ។ ប៉ុន្តែគាត់នៅតែតស៊ូឡើងត្នោតមិនដែលខានទេ។
នៅក្នុងសំលៀកបំពាក់ដាច់រហែក ប្រឡាក់ធ្យូង និងដី កំពុងរៀបចំបំពង់ទឹកត្នោតដើម្បីទៅឡើងត្នោតដែលឋិតនៅចម្ងាយប្រមាណ ១០០ម៉ែត្រពីផ្ទះ លោកស្រី ញឹក ចំរើន មានប្រសាសន៍បណ្ដើរថា រយៈពេលជាង ៤ខែហើយដែលរូបគាត់សម្រេចចាប់យករបរឡើងត្នោត ដើម្បីចិញ្ចឹមកូនប្រុសពីរនាក់បន្ថែមពីលើការដើរស៊ីឈ្នួលដកស្ទូងឲ្យគេ។
លោកស្រីកំពុងឡើងត្នោត ៦ដើម ដែលអាចផ្ដល់ទឹករម្ងាស់ចេញជាស្ករជាង ២គីឡូក្រាមក្នុងមួយថ្ងៃ៖ «តាំងពីច្រូតហើយមក ខ្ញុំធ្វើបំពង់ធ្វើអីខ្លួនឯងមួយចប់។ ខ្ញុំរៀនចងបង្អោងចេះវិលជុំវិញតែដើមត្នោតដែរហ្នឹង។ ពេលណាអត់ស្រួល ឬវិលមុខម្ដងៗ ខ្ញុំអង្គុយអោបបណ្ដូលស្លឹកត្នោតដែរហ្នឹង»។
ស្ករត្នោតដែលរម្ងាស់បានជាងពីរគីឡូក្រាម ឬស្មើនឹងលុយ ៧.៥០០រៀលក្នុងមួយថ្ងៃនោះ មិនអាចទ្រទ្រង់ជីវភាពគ្រួសារលោកស្រីឲ្យល្អប្រសើរបានទេ ខណៈដែលគាត់ពុំមានដីស្រែចម្ការមួយចំអាមសម្រាប់បង្កបង្កើនផលកសិកម្ម ក្រៅពីដីឡូត៍ផ្ទះទំហំប្រហែល ៤០ម៉ែត្រការ៉េ។ លោកស្រីមិនចង់ទៅធ្វើការងាររោងចក្រ ដោយទ្រាំឡើងត្នោត ដើរធ្វើការសំណង់ និងស៊ីឈ្នួលដកស្ទូងគេជំនួសវិញ។
លោកស្រី ញឹក ចំរើន អាយុ ៣៤ឆ្នាំ បានកើតក្នុងត្រកូលកសិករក្រីក្រមួយនៅក្នុងភូមិព្រះរាមរង្សី និងមានបងប្អូនប្រុសស្រី ៦នាក់។ លោកស្រីបង្ខំចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់ទី២ ដោយរវល់មើលការខុសត្រូវប្អូនៗ និងជួយឡើងត្នោតឪពុក។ ប៉ុន្តែបច្ចុប្បន្នបងប្អូនរស់នៅបែកខ្ញែកគ្នា ដោយអ្នកខ្លះទៅធ្វើជាកម្មករនៅប្រទេសថៃ ក្រោយពេលម្ដាយស្លាប់ទៅ ចំណែកឪពុកមានប្រពន្ធចុងនៅឆ្ងាយភូមិ។

កាលពីឪពុកម្ដាយរស់នៅជួបជុំគ្នា ការងារចងបង្អោង និងការគាបរឹតផ្កាត្នោតយកទឹកទៅរម្ងាស់ជាស្ករ គឺជាតួនាទីរបស់ឪពុក ចំណែកលោកស្រីគ្រាន់តែឡើងត្រង និងដាក់ទឹកត្នោតប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នគាត់ត្រូវរៀនធ្វើគ្រប់យ៉ាង និងតស៊ូឡើងត្នោតទាំងប្រថុយម្នាក់ឯង។
លោកស្រីបានសុំពពេល និងបង្អោងចាស់ៗពីអ្នកស្រុក ចំណែកខ្ទះរម្ងាស់ស្ករវិញ ជួលគេក្នុង១រដូវស្ករ ៦គីឡូក្រាម៖ «ពេលអត់អង្ករហូប ទាល់តែខ្ញុំឡើងត្នោតសន្សំៗបានតិចតួចមក។ (ជិន ជេដ្ឋា៖ ហេតុអីមិនចាប់យកការងាររោងចក្រ ឬការងារស្រីៗផ្សេងទៀត?) ព្រោះខ្ញុំអត់មានអត្តសញ្ញាណប័ណ្ណ ទៅប្រទេសម៉ាឡេស៊ី បាត់អស់ហើយ ហើយបានស្នើសុំម្ដងទៀតដែរគេថា អត់មាន គេឲ្យទៅយកនៅក្រសួងណាណោះ អ៊ីចឹងខ្ញុំទ្រាំមិនបាននៅឡើងត្នោតតិចតួច»។
លោកស្រី ញឹក ចំរើន មានភេទជាស្រី ប៉ុន្តែអត្តចរិតជាមនុស្សប្រុស ហើយធ្លាប់ចេញមុខស្លៀកពាក់ និងកាត់សក់តាំងខ្លួនជាមនុស្សប្រុសទៀតផង ប៉ុន្តែដោយញាតិនិន្ទាពេក គាត់ក៏លាក់លៀមទៅវិញ។
ការប្រកាន់ខ្លួនមិនសូវចូលចិត្តការងារដែលស្រីៗ តែងនិយមធ្វើ និងតាំងខ្លួនជាមនុស្សប្រុសដោយស្រឡាញ់ស្រីៗគ្នាឯង និងធ្លាប់ភ្លាត់មានផ្ទៃពោះជាមួយប្រុសឈ្មោលផងនោះ បានធ្វើឲ្យអ្នកភូមិមួយចំនួនរើសអើង។ ប៉ុន្តែដើម្បីកូនដែលគ្មានឪពុកទទួលស្គាល់មានម្នាក់អាយុ ៨ឆ្នាំ និងកូនម្នាក់ទៀតអាយុជាង ២ឆ្នាំ ឲ្យរស់នៅមានក្ដីសុខដូចជាកុមារដទៃនោះ គឺលោកស្រីសុខចិត្តធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីសម្រេចនូវបំណងនេះ។
បច្ចុប្បន្នកូនប្រុសច្បងអាយុ ៨ឆ្នាំ បានចូលរៀនថ្នាក់ទី៣ និងកូនប្រុសទី២ អាយុ ២ឆ្នាំ នឹងបញ្ជូនទៅសាលានៅឆ្នាំក្រោយ។ លោកស្រីថា បើកូនចង់រៀន ហើយគាត់នៅមានកម្លាំងធ្វើការរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារបានប្រសើរនោះ គាត់នឹងប្ដូរការហត់នឿយផ្ទាល់ខ្លួន ដើម្បីឲ្យកូនរៀនចប់បានធ្វើការ។
អ្នកភូមិរស់នៅផ្ទះក្បែរខាងគ្នា គឺលោកស្រី ចាន់ សារ៉េត សម្ដែងការអាណិតអាសូរចំពោះជីវភាពក្រលំបាករបស់លោកស្រី ញឹក ចំរើន។ ប៉ុន្តែមានអ្នកភូមិខ្លះខកចិត្តនឹងទង្វើសេពគប់មិត្តភ័ក្ដិផឹកស៊ី និងតាំងខ្លួនឯងដូចជាមនុស្សប្រុសដូចសព្វថ្ងៃ។ លោកស្រីចង់ឲ្យឃើញ ចំរើន កែប្រែចិត្តគំនិតជាមនុស្សស្រីវិញ៖ «កើតមកជាមនុស្សស្រី យើងកែគំនិត អត្តចរិតឲ្យដូចស្រីទៅ កុំឲ្យទៅជាប្រុសអ៊ីចឹង គេពិបាកដែរ»។
ប៉ុន្តែលោកស្រី ញឹក ចំរើន បានស្អប់មនុស្សប្រុសកាន់តែខ្លាំងឡើង ក្រោយពីភ្លាត់មានផ្ទៃព្រោះលួចលាក់ជាមួយប្រុសក្នុងភូមិពីរនាក់ ហើយគេមិនទទួលខុសត្រូវចំពោះកូននៅក្នុងផ្ទៃ។ លោកស្រីចាប់ផ្ដើមសេពគ្រឿងស្រវឹងច្រើនពេលមានវិបត្តិនេះ ប៉ុន្តែបច្ចុប្បន្នបានកាត់បន្ថយច្រើនហើយ។ លោកស្រីថា សព្វថ្ងៃមានសាច់ញាតិ និងអ្នកភូមិមួយចំនួននៅតែរិះគន់របៀបលេងសើចផង ប៉ុន្តែគាត់មិនខ្វល់។
យ៉ាងណាមេភូមិព្រះរាមរង្សី លោក ចាន់ គឹមហាក់ ថ្លែងថា អាជ្ញាធរភូមិឃុំ មិនបានរើសអើងគាត់ទេ ថែមទាំងបានផ្ដល់ដំបូន្មាន និងជួយឧត្ដមសម្ភារៈផ្សេងៗនៅពេលសម្រាលកូនម្ដងៗទៀតផង៖ «ខាងទូរទស្សន៍ និងហ្វេសប៊ុក (Facebook) ឃើញស្ត្រីនេះឡើងត្នោត ហើយកូនដេកនៅខាងក្រោមដើមត្នោតក៏ល្បីខ្ចរខ្ចាយ អ៊ីចឹងហើយខាងលោកជំទាវ កែ ច័ន្ទមុនី លោកអភិបាលស្រុក និងអាជ្ញាធរឃុំក៏បានសម្រេចផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសំបុត្រកំណើតជូនគាត់»។
មន្ត្រីសម្របសម្រួលគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក នួន ស៊ីដារ៉ា មានប្រសាសន៍ថា ការរើសអើង ឬនិន្ទាលើអ្នកស្រឡាញ់ភេទដូចគ្នា គឺជាការរំលោភសិទ្ធិរបស់មនុស្ស។
លោកយល់ថា ដើម្បីជួយកូនប្រុសរបស់លោកស្រី ចំរើន ទាំងពីរនាក់ គឺត្រូវជួយគាត់ឲ្យមានមុខរបរខ្នាតតូចមួយនៅនឹងដី ព្រោះការងារឡើងត្នោតប្រឈមនឹងគ្រោះថ្នាក់៖ «សម្រាប់អ្នករស់នៅសហគមន៍ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា គឺនៅតែមានបញ្ហាការរើសអើង! ចំណែកនៅសាលារៀនតាមរយៈការសិក្សាស្រាវជ្រាវរបស់គម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ មានរហូតដល់ ៦២ភាគរយ នៃអ្នកស្រឡាញ់ភេទដូចគ្នាដែលគេធ្វើបាប»។
សកម្មភាពឡើងត្នោតដែលកម្រមានមនុស្សស្រីណាមានលទ្ធភាពនេះ ត្រូវលោកស្រី ញឹក ចំរើន គិតថា នឹងបន្តឡើងរហូតដល់ចាស់តោងបង្អោងលែងជាប់ ទើបគាត់នឹងរកការងារធ្វើនៅនឹងដីវិញម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
