ផ្សារ​ប្រហុក​នៅ​ខេត្ត​បាត់ដំបង​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត

ដោយ ហ៊ុំ ចំរើន
2017-02-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​កើប​ប្រហុក​ដាក់​ថង់​ទុក​លក់​ឲ្យ​ម៉ូយ នៅ​ផ្សារ​ប្រហុក​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Hum Chamroeun
ពលរដ្ឋ​កើប​ប្រហុក​ដាក់​ថង់​ទុក​លក់​ឲ្យ​ម៉ូយ នៅ​ផ្សារ​ប្រហុក​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Hum Chamroeun
RFA/Hum Chamroeun

ផ្សារ​ប្រហុក​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាច្រើន​នាក់​ទៅ​លេង​កម្សាន្ត​ជា​រៀង​រាល់​ថ្ងៃ។ ប្រជាពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ អភិវឌ្ឍ​ផ្សារ​មួយ​នេះ​ឲ្យ​បាន​ស្អាត​ជាង​ពេល​បច្ចុប្បន្ន និង​ឲ្យ​មាន​សោភ័ណភាព អនាម័យ​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កាន់​ច្រើន។

ផ្សារ​ប្រហុក​ដ៏​ធំ​ជាង​គេ​ក្នុង​ខេត្ត​បាត់ដំបង បង្ហាញ​អំពី​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​ជនបទ ក្នុង​ការ​លក់​ដូរ​ជា​លក្ខណៈ​គ្រួសារ ដែល​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ទេសចរ​អន្តរជាតិ។

អ្នក​រត់​ម៉ូតូ​កង់​បី​នាំ​ភ្ញៀវ​ទេសចរ​ទៅ​លេង​ផ្សារ​ប្រហុក នៅ​ស្រុក​ឯកភ្នំ លោក សាន អូឡា ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី ខណៈ​នាំ​ភ្ញៀវ​ទស្សនា​ផ្សារ​ប្រហុក នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ថា អ្នក​ទេសចរ​ចាប់​អារម្មណ៍​ទៅ​លើ​ជីវិត​ការ​រស់នៅ​របស់​ពលរដ្ឋ​នៅ​ក្នុង​ផ្សារ​នេះ។

បុរស​វ័យ ៣០​ឆ្នាំ​ប្លាយ​រូប​នេះ​បន្ថែម​ថា បើ​ទោះ​ជា​ផ្សារ​មួយ​នេះ​មាន​ក្លិន​ស្អុយ​ប្រហុក​ក្ដី ក៏ប៉ុន្តែ​អ្នក​ទេសចរ​នៅ​តែ​ចាប់​អារម្មណ៍​ខ្លាំង ដោយសារ​ជា​ទីកន្លែង​ប្លែក​ភ្នែក​របស់​ពួក​គេ៖ «គាត់​ចាប់​អារម្មណ៍​ដោយសារ​គាត់​ឃើញ​របៀប​ពលរដ្ឋ​រស់នៅ ហើយ​នៅ​ពេល​យើង​បាន​ពន្យល់​គាត់​ទៅ​ធ្វើ​ឲ្យ​អ្នក​ទេសចរ​កាន់​តែចាប់​អារម្មណ៍​ខ្លាំង។ ពួក​គាត់​ធ្លាប់​ឃើញ​តែ​គេ​លក់​ប្រហុក​នៅ​ទីផ្សារ នៅ​ពេល​មក​ឃើញ​ផ្ទាល់​អ៊ីចឹង ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​មិន​នឹក​ស្មាន​ថា​គេ​ធ្វើ​ប្រហុក​អ៊ីចឹង​សោះ»

នៅ​ជុំវិញ​ផ្សារ​មួយ​នេះ​មាន​ក្លិន​ប្រហុក​ស្អុយ​ខ្លាំង ដោយសារ​ជា​ផ្សារ​លក់​ត្រី​ប្រហុក​គ្រប់​ប្រភេទ រួម​មាន​ប្រហុក​សាច់ និង​ប្រហុក​ឆ្អឹង ដែល​ធ្វើ​ត្រី​រស់ និង​ត្រី​កំភ្លាញ ជាដើម។

អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ផ្សារ​ប្រហុក លោក ខ្លាក់ លី ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី ខណៈ​ឈរ​ចាំ​ដឹក​ម៉ូយ​នៅ​មាត់​ស្ទឹង​សង្កែ គល់​ស្ពាន​ផ្សារ​ប្រហុក​ថា បើ​ទោះ​ជា​ផ្សារ​មួយ​នេះ​ជា​ទី​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ច្រើន​ក៏ដោយ ក៏ប៉ុន្តែ​ខ្វះ​អ្នក​រៀបចំ​ទុក​ដាក់​សំរាម និង​សម្អាត​អនាម័យ​មិន​បាន​ត្រឹមត្រូវ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​រៀបចំ​ផ្សារ​នេះ​ឲ្យ​បាន​ស្អាត ដើម្បី​ទាក់ទាញ​អ្នក​ទេសចរ​មក​លេង​ឲ្យ​បាន​កាន់​តែ​ច្រើន៖ «បញ្ហា​បំផុត​រឿង​សំរាម​តែ​ម្ដង នៅ​ពេល​មាន​សំរាម​ច្រើន ធ្វើ​ឲ្យ​បរិស្ថាន​មិន​ស្អាត។ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​គេ​ណាស់ នៅ​ពេល​ឃើញ​អ្នក​ទេសចរ​មើល​មក​ថា​យើង​ស្មោកគ្រោក រស់នៅ​មិន​ចេះ​សម្អាត»

ត្រី​ប្រហុក បាត់ដំបង ២០១៧ ៨៥៥
ពលរដ្ឋ​កើប​ត្រី​ប្រហុក​ចេញ​ពី​ទូក​ក្នុង​ស្ទឹង​សង្កែ ដាក់​ជាល​ដឹក​យក​ទៅ​លក់​ក្នុង​ផ្សារ​ប្រហុក ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Hum Chamroeun RFA/Hum Chamroeun

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ឯកភ្នំ លោក ឡុង សុភឺន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​បាន​រៀបចំ​គម្រោង​រួច​ជា​ស្រេច​ហើយ ក្នុង​ការ​កែលំអ​ផ្សារ​ប្រហុក​ឲ្យ​បាន​ស្អាត​ជាង​ពេល​បច្ចុប្បន្ន ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត។ លោក​បន្ថែម​ថា គម្រោង​នេះ​ត្រៀម​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ៖ «ព្រោះ​ឃើញ​បញ្ហា​នេះ​ហើយបាន​ជា​ខាង​រដ្ឋបាល​ស្រុក និង​អភិបាល​ខេត្ត​បាត់ដំបង ស្នើ​ទៅ​លោក ស ខេង សុំ​ស្ពាន​បេតុង​ទៅ​ក្រសួង​សាធារណៈ និង​ដឹក​ជញ្ជូន ហើយ​ខាង​ក្រសួង​សម្រេច​ផ្ដល់​ស្ពាន​បេតុង​ទទឹង ១០​ម៉ែត្រ និង​បណ្ដោយ ៧៥​ម៉ែត្រ។ យើង​កំពុង​តែ​សិក្សា​ពី​គម្រោង​កសាង​ស្ពាន​ពី​ឥឡូវនេះ​ហើយបន្ទាប់​ពី​យើង​ធ្វើ​ស្ពាន​រួច យើង​នឹង​រៀបចំ​រកអ្នក​វិនិយោគ​ដើម្បី​ធ្វើ​ផ្សារ​ប្រហុក​នេះ​ឲ្យទៅ​ជា​ផ្សារ​មួយ​មាន​ស្តង់ដារ»

លោក​បន្ថែម​ថា ផ្សារ​មួយ​នេះ​មាន​តូប​លក់​ប្រហុក​របស់​អាជីវករ​ចំនួន ៥៤​តូប ហើយ​ក្នុង​មួយ​តូបៗ​លក់​ប្រហុក​ប្រមាណ​ពី ៥០ ទៅ ១០០​តោន​ក្នុង​មួយ​ឆ្នាំ។ ចំណែក​ត្រី​ធ្វើ​ប្រហុក​វិញ មួយ​ចំនួន​ធំ​ដឹក​មក​ពី​បឹង​ទន្លេសាប​ក្នុង​ឃុំ​ព្រៃចាស់ និង​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ និង​មួយ​ចំនួន​ទៀត​យក​មក​ពី​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង។ លោក​បន្ត​ថា សព្វថ្ងៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​លេង​កម្សាន្ត​ផ្សារ​មួយ​នេះ​ចន្លោះ​ពី ១០ ទៅ​ជាង ១០០​នាក់​ក្នុង​មួយ​ថ្ងៃ ដោយ​ពុំ​មាន​បង់​លុយ​ចូល​ទស្សនា​នោះ​ទេ។

ចំណែក​ពលរដ្ឋ​នៅ​ជុំវិញ​ផ្សារ​វិញ ទទួល​ផល​ប្រយោជន៍​តិចតួច​ណាស់​ពី​ភ្ញៀវ​ទេសចរ គឺ​បាន​ពី​ការ​លក់​នំ​ចំណី និង​រត់​ម៉ូតូ​ឌុប​ដឹក​ភ្ញៀវ​ម្ដងម្កាល។

ផ្សារ​មួយ​នេះ​មាន​ទីតាំង​ជាប់​ដង​ស្ទឹង​សង្កែ​ត្រើយ​ខាង​លិច នៅ​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ និង​មាន​ចម្ងាយ​ប្រមាណ ៨​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង៕

ត្រី​ប្រឡាក់ បាត់ដំបង ២០១៧ ៨៥៥
ត្រី​ប្រឡាក់​ដែល​ពលរដ្ឋ​ហាល​សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ នៅ​ផ្សារ​ប្រហុក ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Hum Chamroeun RFA/Hum Chamroeun

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល