សមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ សំណូមពរទៅអគ្គនាយកអាជ្ញាធរអប្សរាដែលទទួលបន្ទុកការពារ និងថែរក្សាប្រាសាទបុរាណជាច្រើនក្នុងខេត្តសៀមរាប ឱ្យពង្រឹងកម្លាំងនៅតាមគោលដៅនៃប្រាសាទបុរាណថែមទៀត ដើម្បីការពារសម្បត្តិបេតិកភណ្ឌកុំឱ្យបាត់បង់ដូចកាលកន្លងទៅទៀត។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ គឺលោក ខៀវ ធី។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី១៥ ខែតុលា ថា លោកសូមឱ្យអាជ្ញាធរអប្សរា មេត្តាជួយពង្រឹងកម្លាំងការពារនៅតាមគោលដៅប្រាសាទបុរាណនានាទ្វេឡើងថែមទៀត បើទោះបីជានៅតាមកន្លែងជាច្រើនមានសមត្ថកិច្ច និងបុគ្គលិករបស់អាជ្ញាធរអប្សរាប្រចាំការពាររួចហើយក៏ដោយ៖ «ខ្ញុំគិតថា ពួកគាត់មានសមត្ថភាព ក៏ប៉ុន្តែដូចជាមិនសូវយកចិត្តទុកដាក់ការងារស្នូលដែលគាត់បានអនុវត្ត ដោយមានកត្តាផ្ដេកផ្ដួលទៅលើប្រាក់ខែតិចតួច។ ពួកគាត់មិនអាចរស់ឱ្យបានសមរម្យ។ សំខាន់ណាស់ដែលអាជ្ញាធររដ្ឋាភិបាល គួរតែពិនិត្យឡើងវិញចំពោះប្រាក់បៀវត្សឱ្យពួកគាត់មានភាពសមរម្យ នេះទី១ ហើយទី២ គឺវិន័យអនុវត្តពុំបានខ្ជាប់ខ្ជួន អត់មានវិន័យ»។
សំណូមពររបស់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរនេះ ធ្វើឡើងបន្ទាប់ពីមានជនមិនស្គាល់មុខចូលទៅវាយបំផ្លាញព្រះពុទ្ធបដិមាថ្មនៅប៉មកណ្ដាលប្រាសាទបាយ័ន ឱ្យបាក់បែកខ្ទេចខ្ទីកាលពីថ្ងៃទី៩ ខែតុលា មក។
កាលពីថ្ងៃទី១៤ ខែតុលា កន្លងទៅ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ បានសរសេរលិខិត១ច្បាប់ផ្ញើជូនអគ្គនាយកអាជ្ញាធរអប្សរា ដោយបញ្ជាក់ថា ការដែលជនមិនស្គាល់មុខចូលទៅវាយបំបាក់ព្រះពុទ្ធបដិមាថ្មនៅប្រាសាទបាយ័ន នោះ មិនមែនជាលើកទី១ទេ គឺជាច្រើនលើកមកហើយដែលមានការបាត់រូបចម្លាក់ជាបន្តបន្ទាប់ ដូចជាបាត់រូបស្វាបាល នៅប្រាសាទបន្ទាយស្រី បាត់ព្រះកេសលោកេស្វរៈ និងបាត់ព្រះកេសព្រះពុទ្ធរូបព្រះអង្គតូច នៅប្រាសាទតាព្រហ្ម ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
