ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​បិទ​ផ្លូវ​តវ៉ា​រឿង​ភ្លើង​អគ្គិសនី

ពលរដ្ឋ​នៅ​ឃុំ​បន្ទាយនាង ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ជា​ច្រើន​រយ​នាក់ បាន​នាំ​គ្នា​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ អស់​រយៈ​ជាង​កន្លះ​ម៉ោង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ចុះ​អន្តរាគមន៍​ជួយ​លើ​ករណី​ឈ្មួញ​ម៉ៅការ​ភ្លើង​អគ្គិសនី ដែល​លួច​កែច្នៃ​កុងទ័រ​ធ្វើ​ភ្លើងអគ្គិសនី ដើរ​លឿន​ខុស​ប្រក្រតី។

0:00 / 0:00

ការ​លើក​ក្បួន​តវ៉ា​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​ ក្នុង​ឃុំ​បន្ទាយនាង ស្រុក​មង្គលបុរី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា បាន​​រំសាយ​ទៅ​វិញ​ លាយឡំ​ទៅ​នឹង​ការ​ខក​ចិត្ត​ ដោយសារ​តែ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​​ពុំ​បាន​ផ្ដល់​ចម្លើយ​ច្បាស់​លាស់​ណា​មួយ ឆ្លើយ​តប​ចំពោះ​សំណើ​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ម្ចាស់​ម៉ៅ​ការ​ភ្លើង​អគ្គិសនី​​នៅ​ក្នុង​មូលដ្ឋាន​ដែល​ជា​ការ​ស្នើ​សុំ​របស់​អ្នក​ភូមិ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​បន្ទាយនាង លើក​ឡើង​ថា ក្រុមហ៊ុន​ម៉ៅការ​ភ្លើង​អគ្គិសនី​ប្រើ​ល្បិច​ធ្វើ​កុងទ័រ​ភ្លើង​ ដើរ​លឿន​ និង​ប្រើ​ពាក្យ​សំដី​អសុរោះ​ទៅ​លើ​អតិថិជន​ជា​អ្នក​ជាវ​អគ្គិសនី​ប្រើប្រាស់៖ «ព្រោះ​អាជីវករ​ភ្លើង​ប្រើ​ពាក្យ​សំដី​ដាក់​អតិថិជន ហើយ​គីឡូ​វា​មិន​ប្រក្រតី​ផង មាន​បញ្ហា​ច្រើន​ទៀត។ ណា​ទៅ​បង់​ភ្លើង​ឲ្យ​តែ​សួរ​នាំ​អី​តែង​តែ​ជេរ​គេ​ឯង​ ប្រជាជន​តវ៉ា​អី​គេ​ថា បើ​មិន​ពេញ​ចិត្ត​ផ្ដាច់។ ប្រជាពលរដ្ឋ​ថា បើ​មិន​ប្រាប់​ហេតុផល​គ្នា​ ដូច​ថា គីឡូ​វា​មិន​ប្រក្រតី ដូច​ថា ខែ​មុន ៧​គីឡូ ខែ​នេះ​ឡើង ៨៦​គីឡូ ខ្លះ ១០០​ជាង​ឡើង ៣០០​អី​អ៊ីចឹង​ទៅ។ ដូច​មាន​គ្រួសារ​មួយ​ឡើង​ដល់ ១.០០០​គីឡូ។ ប្រជាជន​ទៅ​តវ៉ា​សំដី​មិន​សម​វា​ជេរ​គេ​ឯង»

អ្នក​ខ្លះ​ទៀត​បន្ថែម​ថា​ ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​តភ្ជាប់​បណ្ដាញ​អគ្គិសនី​នៅ​ក្នុង​ភូមិ​នោះ​ ឈ្មោះ សុខ វិទិត និង​ប្រពន្ធ​ឈ្មោះ នាង ក្រៅ​ពី​បាន​លួច​កែច្នៃ​ឲ្យ​កុងទ័រ​អគ្គិសនី​ដើរ​លឿន​ ហើយ​បាន​ប្រើ​អាវុធ​បាញ់​គំរាម​អ្នក​ភូមិ​ដែល​ទៅ​សួរ​នាំ​ពី​ភាព​មិន​ប្រក្រតី​នោះ​ថែម​ទៀត៖ «ថៅកែ​ហ្នឹង​ឈ្មោះ សុខ វិទិត មាន​រឿង​ជាមួយ​ប្រជាពលរដ្ឋ​ច្រើន​ពេក​ភ្លើង​ហ្នឹង​ស៊ី​គីឡូ សេវា​មិន​ត្រឹម​ត្រូវ ប្រជាជន​សួរ​នាំ​ថា ភ្លើង​ហ្នឹង​ឡើង​ច្រើន​ពេក​ គាត់​ហ្នឹង​បាន​យក​កាំភ្លើង​ទៅ​បាញ់​គំរាម​ផ្ទះ​អ្នក​ស្រុក​ថៅកែ​ភ្លើង​ឈ្មោះ សុខ វិទិត អ្នក​ទៅ​បាញ់​មិន​ត្រឹមត្រូវ ដូច​ថា ផ្ទះ​ធ្លាប់​ក្នុង​គ្រួសារ​អំពូល​បី​បួន ទូរទស្សន៍​អស់​ហាសិប​គីឡូ​ឡើង​ទៅ​ដល់​ជាង ១០០​គីឡូ។ មួយ​គីឡូ​ថ្លៃ ១.២០០​បាត ហើយ​ពេល​ប្រជាជន​មក​សួរ​គាត់​ពន្យុះ​ឲ្យ​ប្រជាជន​មិន​បាច់​ប្រើ​ទេ ​ហើយ​ទៅ​ប្ដឹង​ទៅ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​តំណាង​ក្រុមហ៊ុន​អគ្គិសនី​ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​លើក​ឡើង​របស់​អតិថិជន​នេះ​បាន​ទេ។ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ស្រុក​មង្គលបុរី និង​មន្ត្រី​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ចុះ​ទៅ​ធ្វើ​កិច្ច​អន្តរាគមន៍​សុំ​កុំ​ឲ្យ​អ្នក​ភូមិ​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ដោយ​បង្វែរ​ក្បួន​របស់​អ្នក​ភូមិ​តវ៉ា​ទៅ​ជួប​ជុំ​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត​បន្ទាយ​នាង។ ក្រុម​អាជ្ញាធរ​បាន​លើក​ឡើង​ថា ការ​ធ្វើ​សេចក្ដី​សម្រេច​ចំពោះ​សំណើ​ទាម​ទារ​របស់​អ្នក​ភូមិ​ជា​សិទ្ធិ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា។

ប្រធាន​សម្រប​សម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន ដែល​បាន​តាម​ដាន​ហេតុការណ៍​នោះ​ថ្លែង​ថា ភាគី​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ផ្លាស់ប្ដូរ​អ្នក​ផ្គត់ផ្គង់​បណ្ដេញ​អគ្គិសនី ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ឆ្លើយ​តប​ថា ពួកគេ​ពុំ​មាន​សិទ្ធិ​សម្រេច​ទេ ព្រោះ​ជា​សិទ្ធិ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា។ ទន្ទឹម​គ្នា​នេះ​ ក្រុម​អាជ្ញាធរ​បាន​បញ្ចុះ​បញ្ចូល​សុំ​ឲ្យ​អ្នក​ភូមិ​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​អ្នក​ផ្គត់ផ្គង់​អគ្គិសនី។

លោក ភុន ឈិន៖ «សុំ​ឲ្យ​ផ្គត់ផ្គង់​មក​ផ្ដិត​មេដៃ ឬ​ក៏​មក​ធ្វើ​ការ​សុំ​ទោស​ពួកគាត់​ជា​សាធារណៈ ប៉ុន្តែ​ប្រជាពលរដ្ឋ​យល់​ថា គ្រាន់​តែ​ធ្វើ​អ៊ីចឹង​មិន​អាច​ទទួល​យក​បាន។ ជា​គោល​បំណង​របស់​ពួកគាត់ គឺ​សុំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​តែ​ម្ដង ហើយ​អ៊ីចឹង​ខាង​អាជ្ញាធរ​គាត់​អត់​អាច​ហ៊ាន​សម្រេច​យ៉ាងណា​កើត​ទេ ដោយសារ​ជា​រឿង​អាជ្ញាធរ​អគ្គិសនី​ធ្វើ​ការ​ដោះស្រាយ»

មន្ត្រី​អង្គការ​លីកាដូ​ លោក ភុន ឈិន បញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​គួរ​ព្យាយាម​សម្របសម្រួល​បញ្ហា​នេះ​ឲ្យ​បាន​ល្អ​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ទំនាស់​រីក​រាលដាល​ធំ។ អង្គការ​លីកាដូ គិត​ថា ​ក្នុង​នាម​រដ្ឋ​ រដ្ឋ​អាច​ចូល​រួម​ធ្វើ​កិច្ច​អន្តរាគមន៍​ ថ្វីត្បិត​អាជ្ញាធរ​អគ្គិសនី​ជា​ផ្នែក​មួយ​របស់​រដ្ឋ ប៉ុន្តែ​រដ្ឋ​គួរ​តែ​ជួយ​អន្តរាគមន៍។ ករណី​ នេះ​ភាគី​ក្រុមហ៊ុន​អគ្គិសនី មាន​ការ​លួច​កែច្នៃ​កុងទ័រ​ភ្លើង​អគ្គិសនី ធ្វើ​ឲ្យ​អតិថិជន​ ខាត​បង់​ប្រាក់​កាស ដូច្នេះ​រដ្ឋ​គួរ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។