អាជ្ញាធរក្រុងប៉ោយប៉ែត អោយដឹងថា រហូតមកដល់ល្ងាចថ្ងៃទី១៦ ខែសីហា នេះ ក្រុមកម្មករអូសរទេះប្រមាណ ៣០០នាក់ ដែលឈានដល់បិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១៦ សីហា បានរំសាយទៅវិញហើយ បន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធសម្របសម្រួល។
ប៉ុន្តែ តំណាងកម្មករព្រមានថា កម្មកររំសាយមែន តែថាបើអាជ្ញាធរកម្ពុជា នៅតែពុំមានលទ្ធភាពអាចជំរុញឲ្យភាគីថៃ ដោះលែងកម្មករអូសរទេះជាង ១០នាក់មកវិញទេ ពួកគេនឹងប្រមូលផ្ដុំជាថ្មីទៀត។
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបើកឲ្យដំណើរការវិញហើយនៅពេលនេះ បន្ទាប់ពីត្រូវបិទបណ្ដោះអាសន្នក្នុងរយៈពេលខ្លីមិនឲ្យមនុស្សធ្វើដំណើរ និងដឹកជញ្ជូនទំនិញឆ្លងកាត់ ដោយការខឹងសម្បារបស់ក្រុមកម្មករដែលពិបាកដឹកឥវ៉ាន់ចូលក្នុងទឹកដីថៃ មិនបាន និងទាមទារឲ្យដោះលែងកម្មកររុញរទេះជាង ១០នាក់ផ្សេងទៀត ដែលភាគីថៃ ចាប់ខ្លួនកាលពីពីរថ្ងៃមុននេះ ហើយនៅបន្តឃុំខ្លួននៅក្នុងទឹកដីថៃ នៅឡើយ។
ក្រុមបាតុករឲ្យដឹងថា ការរំសាយបម្រាមរបស់ខ្លួនដែលព្រមានថា នឹងបន្តបិទច្រកប៉ោយប៉ែត លុះត្រាមានដំណោះស្រាយនេះ ធ្វើឡើងនៅបន្ទាប់ពីអភិបាលខេត្តបន្ទាយមានជ័យ ខាងភាគីកម្ពុជា និងអភិបាលខេត្តស្រះកែវ ខាងភាគីថៃ ជួបពិភាក្សាដើម្បីទម្លាយការជាប់គាំងនេះ។
អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ឲ្យដឹងនៅថ្ងៃទី១៦ សីហា ថា គិតមកដល់ពេលនេះ កម្មករបានរំសាយទៅវិញហើយ ក្រោយពីជំនាញពាក់ព័ន្ធចុះសម្របសម្រួល និងដោះស្រាយបញ្ចប់បញ្ហាដែលកំពុងកើតឡើងនៅពេលនេះ។ លោកបន្តថា ដោយឡែករឿងកម្មករដឹកជញ្ជូនឥវ៉ាន់តាមរទេះរុញចូលទៅក្នុងទឹកដីថៃ ជាង ១០នាក់ ហើយភាគីថៃ ចាប់ខ្លួននោះ អាជ្ញាធរកម្ពុជា នឹងទាមទារឲ្យភាគីថៃ ដោះលែងមកវិញ៖ «យើងបានធ្វើការចរចា បានធ្វើការដោះស្រាយឲ្យមានការឯកភាពគ្នា»។
បើទោះជាបែបណា តំណាងកម្មករអូសរទេះប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ហិន រ៉ា ព្រមានថា ការរំសាយនៅពេលនេះ ពុំមែនបានន័យថា បញ្ឈប់ការទាមទារឡើយ តែថាបើកម្មករជាង ១០នាក់ ដែលថៃ ចាប់ខ្លួននោះនៅតែពុំព្រមដោះលែងទេ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នេះ នឹងត្រូវបិទឡើងវិញភ្លាមដែរ ប្រឆាំងការឃុំខ្លួនកម្មករខ្មែរដោយអាជ្ញាធរថៃ បន្តទៀត៖ «បើមិនដោះស្រាយទេ យើងនឹងបិទបន្តទៀត»។
ចំណែកអាជីវករដែលលក់ដូរនៅក្នុងផ្សារឡុងគឿ លោក នួន នីគីដា និយាយថា ការធ្វើបាតុកម្មនេះ គឺទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យភាគីថៃ ជួយសម្រួលការនាំទំនិញពីខ្មែរមិនឲ្យមានភាពតឹងរ៉ឹង និងចំណុចទីពីរ គឺស្នើសុំឲ្យអាជ្ញាធរថៃ ដោះលែងកម្មករអូសរទេះជាង ១០នាក់ បានត្រឡប់មកលំនៅឋានវិញ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ចាត់ទុកថា នេះ គឺជាការទទួលខុសត្រូវពីជំនាញពាក់ព័ន្ធរបស់រដ្ឋាភិបាល។ លោកនិយាយថា ក្នុងករណីវិវាទនេះបន្តរីកសាយភាយ បញ្ហាអាចនឹងជះឥទ្ធិពលដល់ការទំនាក់ទំនងរបស់ប្រទេសទាំងពីរ៖ «អាជ្ញាធរគួរតែចាត់ការទៅតាមនីតិវិធីឲ្យបានឆាប់ក្នុងការទំនាក់ទំនងដោះស្រាយអំពីបញ្ហាជម្លោះរវាងខ្មែរនិងថៃ ទាក់ទងទៅលើការខុសប្លែកគ្នាទៅលើទំនិញ។ ទីពីរគាត់គួរតែធ្វើយ៉ាងណាឲ្យបានឆាប់។ បញ្ហាដោះស្រាយទៅលើបញ្ហាខ្មែរ ១៦នាក់ ដែលត្រូវបានថៃចាប់យកទៅ»។
គិតចាប់ពីថ្ងៃទី១៤ សីហា មក តម្រួតរបស់ថៃ បានចាប់ខ្លួនកម្មករខ្មែរដែលស៊ីឈ្នួលអូសរទេះចូលក្នុងទឹកដីថៃ រហូតមកដល់ពេលនេះ មានចំនួន ១៦នាក់ហើយ។ ក្រុមបាតុករនិយាយថា ក្នុងពេលតវ៉ានៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១៦ សីហា អ្នកធ្វើបាតុកម្មបានប៉ះទង្គិចគ្នាមួយប្រាវជាមួយកងកងរាជអាវុធហត្ថ ដែលឈរជើងនៅទីតាំងកើតហេតុនោះ ប៉ុន្តែពុំបណ្ដាលឲ្យមានរបួសស្នាមទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
