ពលរដ្ឋជាង ៤០នាក់ នៅថ្ងៃទី៨ ខែមីនា តវ៉ានៅសាលាឃុំថ្មគ្រែ ស្រុកចិត្របុរី ខែត្រក្រចេះ ទាមទាររថយន្តកែច្នៃរបស់ពួកគាត់ជាង ២០គ្រឿង ដែលសមត្ថកិច្ចឃាត់ទុកកាលពីថ្ងៃទី៧ ខែមីនា។
តំណាងពលរដ្ឋរស់នៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខែត្រក្រចេះ លោក លី ប៉ាង ដែលតវ៉ានៅសាលាឃុំថ្មគ្រែ ចាត់ទុកវិធានការឃាត់រថយន្តកែច្នៃរបស់សមត្ថកិច្ចថា មិនតម្លាភាព និងអយុត្តិធម៌។ លោកអះអាងថា លោកប្រើរថយន្តកែច្នៃរបស់លោកស៊ីឈ្នួលដឹកជញ្ជូនឈើឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចក្នុងខែត្រក្រចេះ កន្លងមក។ លោកយល់ថា អាជ្ញាធរខែត្រគួរតែអប់រំពលរដ្ឋ និងធ្វើកិច្ចសន្យាព្រមានពួកគាត់សិនមុននឹងសម្រេចលើវិធានការនេះ។
រថយន្តកែច្នៃចំនួន ២២គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់កាលពីថ្ងៃទី៧ ខែមីនា នៅក្នុងស្រុកចំនួនពីរ គឺស្រុកចិត្របុរី ចំនួន ១៩គ្រឿង និងស្រុកស្នូល ចំនួន ៣គ្រឿង។
ព្រះរាជអាជ្ញារងអមសាលាដំបូងខែត្រក្រចេះ លោក ហាក់ ហ៊ាន់ មានប្រសាសន៍ថា អនុគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សម្រេចរក្សារថយន្តកែច្នៃទាំងនោះនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ជាបណ្ដោះអាសន្ន ហើយសមត្ថកិច្ចបន្តស្វែងរករថយន្តប្រភេទនេះទៀត។ លោកថា អនុគណៈកម្មការខែត្រ អាចនឹងពិភាក្សារកដំណោះស្រាយដោយតម្រូវឲ្យម្ចាស់រថយន្តធ្វើកិច្ចសន្យាបញ្ឈប់រាល់ការដឹកជញ្ជូនអនុផលព្រៃឈើដោយបង្វែររថយន្តកែច្នៃនោះមកដឹកជញ្ជូនកសិកម្មវិញ៖ «ហៅគាត់មកដើម្បីពន្យល់ប្រាប់គាត់ ឲ្យគាត់កែច្នៃអតីតមធ្យោបាយសម្រាប់បម្រើឲ្យការដឹកជញ្ជូនប្រមូលអនុផលព្រៃឈើទៅជាមធ្យោបាយសម្រាប់ដឹកផលិតផលកសិកម្មទៅវិញ ឬយ៉ាងម៉េច រង់ចាំសេចក្ដីសម្រេចរបស់ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
