ពលរដ្ឋ​និង​ព្រះសង្ឃ​រក​អន្តរាគមន៍​រឿង​អាជ្ញាធរ​ដក​តំណែង​ព្រះចៅ​អធិការ​វត្ត

0:00 / 0:00

ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​នៅ​ក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយរៀង សរុប​ជាង ១០០​អង្គ​និង​នាក់ បាន​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​នៅ​មន្ទីរ​ធម្មការ និង​សាសនា ទាក់ទង​នឹង​ការ​ដក​តំណែង​ព្រះសង្ឃ​ជា​ចៅអធិការ​វត្ត​មួយ​អង្គ ដោយ​ដាក់​អ្នក​គ្រប់គ្រង​ថ្មី​ជំនួស។

ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​បាន​នាំ​គ្នា​លើក​បដា​តវ៉ា​នៅ​មុខ​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១១ ខែ​​វិច្ឆិកា ឆ្នាំ​២០១៤។ ការ​តវ៉ា​នេះ ដើម្បី​ទាមទារ​មន្ត្រី​មន្ទីរ​ធម្មការ​ខេត្ត ដោះស្រាយ​រឿង​អាជ្ញាធរ និង​អនុគណ​សង្ឃ​ស្រុក​រំដួល ផ្លាស់ប្ដូរ​ព្រះចៅ​អធិការ​វត្ត​ជ័យមុន្នី មួយ​អង្គ​ក្នុង​ឃុំ​ម៉ឺនជ័យ ស្រុក​រំដួល ខេត្ត​ស្វាយរៀង កាល​ពី​ពីរ​ខែ​មុន ដាក់​ព្រះសង្ឃ​ដែល​ទើប​តែ​សាងផ្នួស​បាន​ប្រហែល ១​ឆ្នាំ នោះ​ឲ្យ​ធ្វើ​ជា​ចៅ​អធិការ​ថ្មី។

លោក ព្រំ យ៉ន ជា​អ្នក​មក​ចូល​រួម​តវ៉ា​នៅ​មុខ​មន្ទីរ​ធម្មការ​ខេត្ត​ជា​មួយ​ពុទ្ធបរិស័ទ​វត្ត​ជ័យមុន្នី ថ្លែង​ថា ចំពោះ​ការ​មក​ដាក់​ញត្តិ​រក​អន្តរាគមន៍​ពី​មន្ទីរ​ធម្មការ​នេះ គឺ​ដោយសារតែ​ស្ដាយ​ព្រះចៅ​អធិការ​ចាស់​ព្រះនាម អ៊ីន ពុទ្ធី ជា​សង្ឃ​មាន​វិន័យ​ធម៌​ល្អ និង​ចេះ​ចាំ​ធម៌ ព្រម​ទាំង​មាន​ស្នាដៃ​ក្នុង​ការ​កសាង​វត្ត​ផង៖ «សំឡេង»។

លោក​ថ្លែង​បន្ត​ទៀត​ថា ព្រះសង្ឃ​ដែល​មាន​ព្រះនាម គឹម ហុង ដែល​តែងតាំង​ជា​ព្រះចៅ​អធិការ​ថ្មី​នោះ គឺ​ទើប​តែ​បួស​បាន​ប្រហែល ១​ឆ្នាំ គឺ​ផ្ទុយ​នឹង​ធម៌​វិន័យ​សង្ឃ​ថា យ៉ាង​តិច​បួស​បាន ៥ ឬ ៦​ព្រះ​វស្សា។

លោក ចាន់ សុគាត ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា ខេត្ត​ស្វាយរៀង ថ្លែង​ថា លោក​បាន​ទទួល​ញត្តិ​ពី​អ្នក​តវ៉ា​ ហើយ​ក្រុម​មន្ត្រី​ទាំង​អស់​នឹង​ប្រជុំ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​តាម​នីតិវិធី​ធម្មការ និង​សាសនា៖ «សំឡេង»។

ការ​ដក​ព្រះចៅ​អធិការ​វត្ត​ចាស់​នោះ​ត្រូវ​គេ​មើល​ឃើញ​ថា ទំនង​មក​ពី​ព្រះសង្ឃ​អង្គ នោះ​បាន​ចូលរួម​ក្នុង​ការងារ​សង្គម និង​ជួយ​តវ៉ា​ជា​មួយ​ពលរដ្ឋ​ទាក់ទង​ការ​បញ្ចេញ​មតិ ឬ​ទាមទារ​រក​យុត្តិធម៌​ទាក់ទង​រឿង​ទំនាស់​ដី​ធ្លី​ជា​ដើម។

លោក នុត បូពិនណារ័ត្ន មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​នៅ​ខេត្ត​ស្វាយរៀង បាន​ថ្លែង​ឲ្យ​ដឹង​ថា ករណី​នោះ​គឺ​ទំនង​ជា​​សកម្មភាព​របស់​ព្រះសង្ឃ​ចូលរួម​ការងារ​សង្គម​ជាមួយ​ពលរដ្ឋ​កន្លង​មក​ ទើប​ធ្វើ​ឲ្យ​អាជ្ញាធរ​កត់​សម្គាល់ និង​ដក​តំណែង​នោះ៖ «សំឡេង»។

ពលរដ្ឋ​បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ប្រសិន​បើ​មន្ត្រី​នៃ​មន្ទីរ​ធម្មការ​មិន​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ទេ​នោះ គឺ​ពុទ្ធបរិស័ទ​ដែល​នៅ​ជុំ​វិញ​វត្ត​មិន​មាន​ជំនឿ​លើ​ព្រះសង្ឃ​ចៅ​អធិការ​ដែល​តែងតាំង​ថ្មី ហើយ​មិន​ទៅ​ធ្វើ​បុណ្យ​វត្ត​ជ័យមុន្នី នោះ​បន្ត​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។