អង្គការសង្គមស៊ីវិល សិស្ស និស្សិត និងមាតាបិតាសិស្ស ថ្លែងថា បរិយាកាសនៃគ្រឹះស្ថានអប់រំសាធារណៈរបស់រដ្ឋមិនទាន់មានអនាម័យ និងផាសុកភាពគ្រប់គ្រាន់ ដែលអាចឲ្យសិស្សក្រីក្រទទួលបានសិទ្ធិទទួលបានការអប់រំពេញលេញទេ។ ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងវេទិកាយុវជនរៀបចំឡើងដោយគម្រោងជួយមើលសាលារៀនខុមហ្វ្រែល (COMFREL នៅថ្ងៃទី១៩ ខែធ្នូ នារាជធានីភ្នំពេញ។
អង្គការក្រៅរដ្ឋាភិបាលចំនួន៤ បានរៀបចំវេទិកាយុវជនដោយបានអញ្ជើញសិស្ស និស្សិត និងមាតា បិតាសិស្ស មកពិភាក្សាគ្នាពីស្ថានភាពសាលារៀនរបស់រដ្ឋ។
នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ (KIND) លោក កៅ ពឿន ថ្លែងប្រាប់វេទិកានេះថា សាលារៀនរបស់រដ្ឋ ពិសេសនៅកម្រិតបឋមសិក្សា ដល់វិទ្យាល័យ មានបញ្ហាអនាម័យ និងបរិយាកាសក្នុងថ្នាក់រៀន ក្ដៅស្អុះស្អាប់ ដែលសិស្សពិបាកផ្ដោតអារម្មណ៍លើការរៀនសូត្រ។ លោកបន្ថែមថា មានសិស្សប្រមាណ ៣លាននាក់ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំរបស់រដ្ឋ ហើយសិស្សទាំងនោះភាគច្រើនជាកូនអ្នកក្រីក្រ៖ «តាមរយៈការជួបជាមួយអ្នកគ្រូលោកគ្រូ សិស្សានុសិស្ស គាត់បានត្អូញត្អែររួចទៅហើយសាលាគាត់ហ្នឹង គឺពិបាកនៅរដូវក្តៅ។ លោកគ្រូខ្លះថា ដល់ពេលសិស្សបក់ច្រើនពេកចឹង គាត់ឈប់បង្រៀន ឲ្យសិស្សគាត់បក់តែម៉ង់ទៅ»។
ជាអ្នករត់រ៉ឺម៉កទេសចរណ៍ លោក ស ស៊ីណែត រៀបរាប់ឲ្យដឹងថា លោកបានបញ្ជូនកូនពីរនាក់ទៅរៀននៅសាលារបស់រដ្ឋ។ លោកបន្តថា ដោយសារកូនលោកប្រាប់ថា បង្គន់របស់សាលាកង្វល់មិនអាចប្រើប្រាស់បាន លោកតែងចំណាយប្រាក់ចន្លោះពី ៨ពាន់ ទៅ ១២.០០០រៀល ក្នុងមួយខែ ជូនដល់អ្នកលក់ដូរនៅក្បែរសាលារៀន ដើម្បីឲ្យកូនរបស់លោកអាចទៅប្រើប្រាស់បង្គន់អនាម័យនៅផ្ទះអ្នកលក់ដូរនោះបាន៖ «ខ្ញុំសំណូមពរឲ្យសាលារដ្ឋ ទីមួយគឺវិបត្តិអនាម័យបន្ទប់ទឹកតែម្ដង។ បន្ទប់ទឹកមាន តែប្រើមិនកើត គឺប៉ះពាល់នឹងក្លិន។ កូនប្រុសខ្ញុំដែលទៅរៀន គាត់មិនចូលទេ លើកលែងតែបត់ជើងធំ គាត់តេប្រាប់យាយ តេប្រាប់ខ្ញុំ។ ខ្ញុំទៅទំនាក់ទំនងជួបជាមួយអ្នកលក់អីវ៉ាន់ គាត់មានបន្ទប់ទឹកស្អាត។ ពេលគាត់ឈឺបត់ជើងធំ ខ្ញុំសូមបន្ទប់ទឹកផ្ទះអ្នកលក់ដូរ»។

នៅក្នុងវេទិកានេះ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ លោក កៅ ពឿន ពន្យល់ថា បើតាមប្រាក់មូលនិធិថវិកាគម្រោង (Program Budgeting funds) ឬហៅថា ប្រាក់ ភី.ប៊ី (PB) ដែលក្រសួងអប់រំ បានផ្ដល់ឲ្យដល់សាលារៀនរបស់រដ្ឋទៅតាមចំនួនសិស្ស តាមការបែងចែកសិស្សម្នាក់អាចទទួលបាន ១២.០០០រៀលក្នុងឆ្នាំ។ លោកអះអាងថា ទំហំទឹកប្រាក់នេះមិនគ្រប់គ្រាន់សម្រាប់ចាយវាយលើការអប់រំសិស្សនោះទេ៖ «ក្រសួងអប់រំ គួរទំនាក់ទំនងជាមួយ អឺ.ដេ.សេ (EDC) គួរតែទំនាក់ទំនងជាមួយរដ្ឋាករទឹក ធ្វើម៉េចដើម្បីឲ្យសាលាដែលមានប្រព័ន្ធភ្លើង ឲ្យមានតម្លៃអាចសម្រួលថោកជាងអតិថិជនធម្មតា។ មួយទៀត គឺសំរាម។ សំរាមក៏ជាបន្ទុកធ្ងន់ផងដែរ ដូចសាលាបឋមសិក្សាដែលមានកូនក្មេងច្រើន និយាយទៅ រដ្ឋដូចជាគ្មានការគិតគូរបរិស្ថានសាលាទេ តាំងពីទឹកភ្លើង ប្រព័ន្ធសំរាម អនាម័យអីហ្នឹង គឺសាលារដ្ឋដូចជាកន្លែងឯកជនសម្រាប់រកស៊ី បើសិនគ្មានលុយ គ្មានសេវានោះទេ»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន ពន្យល់ថា សាលារបស់រដ្ឋនីមួយៗ ទទួលថវិកាពីប្រភពពីរសំខាន់ គឺថវិកា ភី.ប៊ី និងគម្រោងលើកស្ទួយសាលារៀន (SIP) ដែលអាចឲ្យសាលារបស់រដ្ឋពង្រឹងគុណភាពអប់រំ និងការគ្រប់គ្រងបានប្រសើរឡើង។ ក៏ប៉ុន្តែលោកថ្លែងថា ការអភិវឌ្ឍរបស់សាលារដ្ឋ គឺធ្វើឡើងជាជំហានៗ៖ «ក្រសួងនៅឆ្នាំសិក្សាថ្មីនេះ ក្រសួងបានកំណត់ពិនិត្យមើលសាលាណាដែលជ្រើសរើសជាមណ្ឌលសម្រាប់ប្រឡងមធ្យមសិក្សាទុតិយភូមិ ហើយក្នុងនោះ ក្រសួងបានចុះពិនិត្យមើលធ្វើការកែលំអបន្ថែម ភ្ជាប់បណ្ដាញអគ្គិសនី និងការពិនិត្យមើលបង្គន់អនាម័យ»។
ច្បាប់ថវិកាជាតិឆ្នាំ២០១៦ ផ្ដល់អាទិភាពទីមួយដល់វិស័យអប់រំ ដោយក្រសួងអប់រំ ទទួលបានថវិកាចំនួន ៥០៧,៨លានដុល្លារអាមេរិក ដែលកើន ២៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៥។ មាតាបិតាសិស្សដែលមានជីវភាពក្រីក្រ ស្នើឲ្យក្រសួងអប់រំ អនុវត្តផែនការប្រាក់ចំណាយលើការអភិវឌ្ឍសាលារៀនរបស់រដ្ឋបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
