ពលរដ្ឋ​នៅ​កំពង់ចាម​ត្អូញត្អែរ​ចំពោះ​ការ​យក​ថ្លៃ​សេវា​សាធារណៈ​ខុស​ពី​សៀវភៅ​បន្ទុក

0:00 / 0:00

បញ្ហា​យក​តម្លៃ​សេវា​សាធារណៈ​នៅ​តាម​បណ្ដា​អាជីវកម្ម​មួយ​ចំនួន ដូច​ជា ភាស៊ី​ផ្សារ ទូកដ​ចម្លង ចំណត​រថយន្ត តម្លៃ​ក្រដាស​ផ្សេងៗ​នៅ​ខេត្ត​កំពង់ចាម គឺ​មិន​បាន​គោរព​តាម​សៀវភៅ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​នោះ​ឡើយ។

ការ​យក​តម្លៃ​លើស​ពី​សៀវភៅ​បន្ទុក​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ចាម មិន​ពេញ​ចិត្ត​ទៅ​នឹង​ចំណាត់​ការ​របស់​អាជ្ញាធរ។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា នឹង​ចាត់​វិធានការ​ចំពោះ​ម្ចាស់​អាជីវកម្ម​ណា​ដែល​មិន​បាន​គោរព​តាម​សៀវភៅ​បន្ទុក​ទៅ​តាម​នីតិវិធី។

ប្រជាពលរដ្ឋ​ខេត្ត​កំពង់ចាម បាន​ធ្វើ​ការ​រិះគន់​ដល់​អាជ្ញាធរ​ខេត្ត​ដែល​មិន​ព្រម​មាន​ចំណាត់​ការ​ឱ្យ​មាន​ប្រសិទ្ធភាព ចំពោះ​ម្ចាស់​អាជីវកម្ម ដូច​ជា ម្ចាស់​ទូកដ​ចម្លង ភាស៊ី​ផ្សារ និង​ថ្លៃ​សេវា​សាធារណៈ​ផ្សេងៗ ដែល​មិន​បាន​គោរព​តាម​តម្លៃ​សៀវភៅ​បន្ទុក​កំណត់​នោះ​ឡើយ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​រកាគយ ស្រុក​កងមាស ខេត្ត​កំពង់ចាម សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា បញ្ហា​របស់​ម្ចាស់​អាជីវកម្ម​ចម្លង​ទូកដ​នៅ​ខេត្ត​កំពង់ចាម លោក​សង្កេត​ឃើញ​ថា មិន​គោរព​តាម​កិច្ច​សន្យា​ដែល​កំណត់​ឡើង​ដោយ​អាជ្ញាធរ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ម្ចាស់​អាជីវកម្ម​ទាំង​នោះ​តែង​យក​តម្លៃ​សេវាកម្ម​របស់​ខ្លួន​ពី​ប្រជាពលរដ្ឋ លើស​ពី​តម្លៃ​កំណត់​របស់​រដ្ឋ​ជានិច្ច។ លោក​បន្ត​ថា មាន​ម្ចាស់​ទូក​ចម្លង​ជាច្រើន​នៅ​ខេត្ត​កំពង់ចាម ដូចជា​នៅ​ស្រុក​កងមាស ឆ្លង​ទៅ​ស្រុក​ស្រីសន្ធរ និង​ទៅ​ស្រុក​កោះសូទិន ទូក​ចម្លង​ក្រុង​កំពង់ចាម ឆ្លង​ទៅ​កោះ​ប៉ែន ទូក​ចម្លង​នៅ​ស្រុក​ស្ទឹងត្រង់ ឆ្លង​ទៅ​ស្រុក​ក្រូចឆ្មារ ជាដើម​នោះ គឺ​សុទ្ធ​តែ​យក​តម្លៃ​លើស​ពី​តម្លៃ​ក្នុង​សៀវភៅ​កំណត់​តម្លៃ​ទាំងអស់៖ «ទូកដ​នៅ​ព្រែក​ពោធិ៍ ឆ្លង​មក​ឃុំ​រការអា យក​ម្នាក់ ១​ពាន់។ ទូកដ​នៅ​ស្វាយសាច់ភ្នំ ឆ្លង​មក​ថ្លុកជ្រៅ យក​ម្នាក់ ១​ពាន់ ហើយ​ទូកដ​ពាមជីកង ឆ្លង​ទៅ​កោះ​អណ្ដែត​ក៏ដោយ ម្នាក់ ១​ពាន់​ដែរ។ ទូកដ​ខ្ញូង ភូមិ​ថ្មី ក៏​យក​ម្នាក់ ១​ពាន់​ដែរ ម៉ូតូ​មក ១​ពាន់​ដែរ ហើយ​គោ​មួយ​ក្បាល​យក ៨​ពាន់​ទៅ ១​ម៉ឺន ហើយ​សៀវភៅ​បន្ទុក​ឱ្យ​យក​តែ ៥០០​ទេ។ ហើយ​រថយន្ត​ធុន​តូច​ឱ្យ​យក​តែ ៦​ពាន់​ទេ យក​ដល់​ទៅ ១៥.០០០ ហើយ​ដល់​ពេល​ប្រជាពលរដ្ឋ​សួរ​ដល់​បញ្ហា​សៀវភៅ​បន្ទុក គេ​ថា​បើ​និយាយ​សៀវភៅ​បន្ទុក ឱ្យ​ទៅ​ជិះ​សៀវភៅ​បន្ទុក​ទៅ»

ជាទូទៅ គេ​តែង​ឃើញ​តម្លៃ​នៅ​តារាង​សៀវភៅ​បន្ទុក ឬ​ក៏​បិទ​ជា​ស្លាក​នៅ​កន្លែង​កំពង់​ចម្លង​នីមួយៗ ដែល​និយាយ​អំពី​ការ​យក​តម្លៃ​តាម​សៀវភៅ​បន្ទុក​សម្រាប់​ការ​ឆ្លង​មួយ​លើកៗ រួម​មាន មនុស្ស​ម្នាក់ គឺ​យក​តម្លៃ ៤០០​រៀល កង់ ១​គ្រឿង ២០០​រៀល ម៉ូតូ ១​គ្រឿង ៥០០​រៀល។ រទេះ​គោ ឬ​ក្របី ២​ពាន់​រៀល រទេះ​សេះ ១.៥០០​រៀល រថយន្ត​ទេសចរណ៍ ១​គ្រឿង ៦.០០០​រៀល រថយន្ត​ធុន​មធ្យម ១​ម៉ឺន​រៀល។ ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ២.០០០​រៀល គោ​ក្របី ឬ​សេះ តម្លៃ ៥០០​រៀល។ ចំណែក​ឯ​ទំនិញ​ចាប់​ពី ៦០​គីឡូ​ឡើង​ទៅ ត្រូវ​យក ២០០​រៀល​ជាដើម។ ក្រៅ​ពី​តម្លៃ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​ត្អូញត្អែរ​ចំពោះ​ទូក​ចម្លង​កន្លែង​ខ្លះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ទៅ​ហើយ តែ​ម្ចាស់​ទូកដ​នៅ​តែ​យក​មក​ចម្លង​ប្រជាពលរដ្ឋ​ទៀត។ ចំណែក​រឿង​ចំណត​កង់ ឬ​ម៉ូតូ​វិញ កង់​អាជ្ញាធរ​កំណត់​យក ២០០​រៀល ម៉ូតូ ៣០០ ទៅ ៥០០​រៀល ប៉ុន្តែ​ពេល​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​ផ្ញើ​ជាក់ស្តែង កង់ ១​គ្រឿង​យក ៥០០​រៀល ម៉ូតូ​អាច​យក ១.០០០​រៀល ទៅ ១.៥០០​រៀល​ទៅ​វិញ។ ការ​យក​តម្លៃ​របស់​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​លើស​ពី​ការ​កំណត់ គឺ​ពួក​គេ​មិន​បាន​អនុវត្ត​តាម​លក្ខខណ្ឌ​ឡើយ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ថា បញ្ជា ឬ​ការ​ណែនាំ​របស់​រដ្ឋាភិបាល​គ្មាន​តម្លៃ​នោះ​ទេ។ លើស​ពី​នេះ​ទៀត ធ្វើ​ឱ្យ​ពួក​គាត់​យល់​ថា បញ្ហា​នេះ​អាច​មាន​អំពើ​ពុក​រលួយ​នៅ​ពី​ក្រោយ​ទៀត​ផង។

អាជីវករ​នៅ​ផ្សារ​ធំ ក្នុង​ក្រុង​កំពង់ចាម វិញ សម្ដែង​អារម្មណ៍​ងឿង​ឆ្ងល់​ថា កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋាភិបាល រឹត​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​តម្លៃ​ផ្តល់​សេវា​មួយ​ដ៏​ត្រឹមត្រូវ​ទៅ​វិញ។ អាជីវករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​បញ្ជាក់​ថា កាល​ពី​អាណត្តិ​មុន ពេល​ដែល​ពួក​គាត់​ធ្វើ​លិខិត​ជួល​តូប គឺ​តម្លៃ ៥​ពាន់​រៀល ប៉ុន្តែ​ឥឡូវ​នេះ​វិញ ស្រាប់​តែ​ឡើង ១៥.០០០​រៀល។ ប្រភព​ដដែល​យល់​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​រឿង​ខ្វះ​តម្លាភាព​ក្នុង​ការ​បំពេញ​ការងារ​របស់​អាជ្ញាធរ​ទាំង​នោះ។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពង់ចាម លោក ជីម លាវ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៩ សីហា ថា អាជ្ញាធរ​ខេត្ត​បាន​ចេញ​វិធានការ​លើ​បញ្ហា​ទាំង​នេះ​ជា​ញឹកញាប់ និង​បាន​ប្រជុំ​ពិភាក្សា​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំង​នោះ អនុវត្ត​តាម​សៀវភៅ​បន្ទុក​ជា​ដាច់​ខាត។ លោក​បន្ត​ថា ប្រសិន​បើ​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​នៅ​តែ​មិន​អនុវត្ត​តាម លើក​ទី​មួយ គឺ​អាជ្ញាធរ​ត្រូវ​ផាក​ពិន័យ ២០% នៃ​ប្រាក់​ដែល​បង់​ចូល​ថវិកា​រដ្ឋ។ ហើយ​បើ​មិន​ព្រម​អនុវត្ត​ទៀត លើក​ទី​ពីរ ត្រូវ​ផាក​ពិន័យ ៥០% និង​លើក​ទី​៣ ត្រូវ​បញ្ឈប់​តែ​ម្តង។ លោក​បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា​កន្លង​មក អាជ្ញាធរ​មិន​ទាន់​បាន​ចាត់​វិធានការ​លើ​ម្ចាស់​អាជីវកម្ម​ណា​ក៏ដោយ ប៉ុន្តែ​បើ​នៅ​តែ​មិន​ស្តាប់​ទៀត គឺ​អាជ្ញាធរ​ត្រូវ​បញ្ឈប់​ទាំង​ស្រុង៖ «កន្លង​មក យើង​អត់​ទាន់​បាន​ធ្វើ​ទេ តែ​យើង​បាន​ដាក់​បញ្ញត្តិ ហើយ​ថា​លើក​នេះ​មិន​មែន​ជា​លើក​ទី​មួយ លើក​ទី​ពីរ លើក​ទី​បី​ទេ បើ​សិន​ជា​មិន​មាន​ការ​អនុវត្ត​តាម​សៀវភៅ​បន្ទុក​មាន​ប្ដឹង​ពី​ប្រជាពលរដ្ឋ​ច្បាស់​លាស់ គឺ​ត្រូវ​តែ​បញ្ឈប់​តែ​ម្តង»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត យល់​ថា មិន​មែន​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​មិន​ចង់​អនុវត្ត​តាម​សៀវភៅ​បន្ទុក​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ពួក​គាត់​ដេញ​ថ្លៃ​ម្តងៗ អាច​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​នោះ ហើយ​ប្រសិន​បើ​ពួក​គាត់​មិន​យក​តម្លៃ​លើស​សៀវភៅ​បន្ទុក គឺ​មាន​តែ​ខាត។ ដូច​នេះ ម្ចាស់​អាជីវកម្ម​ទាំង​នោះ​មាន​តែ​ត្រូវ​គាប​សង្កត់​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ៖ «អា​ពេល​ដេញ​ថ្លៃ គឺ​មាន​អំពើ​ពុក​រលួយ​នៅ​ពេល​ដេញ​ថ្លៃ ដល់​ពេល​អ៊ីចឹង គាត់​ចំណាយ​រដ្ឋ​តែ​ដប់​ឧទាហរណ៍ ប៉ុន្តែ​គាត់​ត្រូវ​ចំណាយ​មួយ​រយ​កៅសិប​រៀល​ទៀត អាច​រក​បាន​តាម​រយៈ​ការ​ដំឡើង​ថ្លៃ​ហ្នឹង​ឯង។ ការ​គាប​សង្កត់​ពី​ប្រជាពលរដ្ឋ​ហ្នឹង​ឯង។ អ៊ីចឹង បើ​មន្ត្រី​ទទួល​ខុស​ត្រូវ គាត់​យក​លុយ​ពី​ឈ្មួញ​ដូច​ច្របាច់​ក​ប្រជាពលរដ្ឋ​អ៊ីចឹង​ឯង អត់​ខុស​ទេ ហើយ​បន្ទោស​ឈ្មួញ​អត់​បាន​ទេ គឺ​បន្ទោស​អ្នក​យក​លុយ​ណោះ»

លោក​យល់​ថា ជា​ការ​ប្រសើរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជ​រដ្ឋាភិបាល​គប្បី​ស្រាវជ្រាវ​ឱ្យ​បាន​លម្អិត​នូវ​ឫសគល់​ដែល​នាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំង​នោះ មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល។ បន្ថែម​ពី​នេះ​ទៀត រដ្ឋាភិបាល​មិន​ត្រូវ​ជឿ​លើ​របាយការណ៍​ថ្នាក់​ក្រោម​ទាំង​ស្រុង​នោះ​ទេ គប្បី​តាម​ដាន​នូវ​រាល់​បទបញ្ជា ឬ​សេចក្តី​ណែនាំ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់ និង​ជឿ​លើ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​វិញ។ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ នឹង​មិន​អាច​ទទួល​បាន​សេចក្តី​ជឿ​ទុក​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។