ប្រជាពលរដ្ឋនៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើកឡើងពីការពិបាក នៅពេលពួកគេនាំគ្នាទៅធ្វើសំបុត្រអត្រានុកូលដ្ឋាននៅក្នុងឃុំម្តងៗ។ ការពិបាកនោះ គឺដោយសារអាជ្ញាធរនាំគ្នាយកការងារឃុំទៅធ្វើនៅតាមផ្ទះរៀងខ្លួន និងទៅធ្វើពេលណាមានបញ្ហារហូត ដូចជាខ្វះឯកសារជាដើម។ យ៉ាងណា អាជ្ញាធរឃុំបញ្ជាក់ថា បញ្ហាខ្វះខាត គឺពិតជាមានមែន។
ពលរដ្ឋខ្លះនៅក្នុងឃុំជាំក្រវៀន នាំគ្នាទៅធ្វើសំបុត្រអត្រានុកូលដ្ឋាន ដូចជាសំបុត្របញ្ជាក់កំណើត ធ្វើសៀវភៅគ្រួសារ គឺអាជ្ញាធរបំពេញការងារមានភាពយឺតយ៉ាវ ក្រោមហេតុផលថា ខ្វះក្រដាស ឬឯកសារពាក់ព័ន្ធជារឿយៗ។ ការលើកឡើងបែបនេះ ពលរដ្ឋមួយចំនួនមិនយល់ស្របនោះឡើយ ព្រោះជានិច្ចកាល ហេតុផលបែបនេះតែងតែយកមកប្រើនៅពេលជួបបញ្ហាកើតឡើង។
ពលរដ្ឋនៅឃុំជាំក្រវៀន លោក ញ៉ែម មុត មានប្រសាសន៍ថា លោកទៅធ្វើសំបុត្របញ្ជាក់កំណើតដើម្បីយកសំបុត្រនោះទៅធ្វើអត្តសញ្ញាណប័ណ្ណបន្ត ចំនួនបីបួនថ្ងៃទៅហើយ នៅតែមិនទាន់បានធ្វើ ដោយអាជ្ញាធរឃុំបញ្ជាក់ថាខ្វះឯកសារ។ លើសពីនេះ លោកថា អាជ្ញាធរមិនបានធ្វើការនៅសាលាឃុំឡើយ ដោយយកការងារទៅធ្វើនៅតាមផ្ទះរបស់ពួកគេនីមួយៗ ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកទៅរកសេវាទាំងនោះ៖ «ជួនកាលគេថាខ្វះក្រដាស ជួនកាលគេថាសរសេរមិនទាន់ ហើយគេទៅធ្វើផ្ទះគេកន្លែងគេអ៊ីចឹងណា៎»។
ស្រដៀងគ្នានេះ ពលរដ្ឋមួយរូបទៀតដែលត្អូញត្អែរពីបញ្ហានេះ លោក អម ស្រ៊ុន បញ្ជាក់ថា លោកទៅធ្វើសំបុត្របញ្ជាក់កំណើតពីរបីថ្ងៃហើយនៅតែមិនបាន ក្រោមហេតុផលផ្សេងៗ។ លោកបញ្ជាក់ថា កាលណាម្តងជាពីរដងមិនបាន គឺប៉ះពាល់ដល់ពួកគាត់ ព្រោះកន្លែងធ្វើមិនមែននៅជុំគ្នាតែមួយក្នុងសាលាឃុំ ដែលធ្វើឲ្យពលរដ្ឋត្រូវខាតពេលវេលា និងខាតលុយកាក់ទៀតផង៖ «ចង់សំណូមពរឲ្យធ្វើមួយភូមិម្តងទៅ កុំធ្វើច្រឡូកច្រឡំគ្រប់តែភូមិអ៊ីចឹង គឺវាយឺតយូរ។ មកទៅខ្លះបាន មកទៅខ្លះមិនបានទៅ»។
ពលរដ្ឋថាចង់ធ្វើសំបុត្រអត្រានុកូលដ្ឋាន ត្រូវទៅធ្វើនៅផ្ទះក្រុមប្រឹក្សាឃុំ។ ដល់ពេលចុះហត្ថលេខា ត្រូវទៅចុះទៅផ្ទះមេឃុំ។ ដល់បោះត្រា ត្រូវទៅធ្វើនៅសាលាឃុំដែលមានចម្ងាយរាប់គីឡូម៉ែត្រពីគ្នា។ ពួកគាត់ថា បញ្ហានេះ គឺបង្កការពិបាកដល់ប្រជាពលរដ្ឋ។ អ្នកភូមិស្នើឲ្យអាជ្ញាធរចាត់ចែងការងារនេះឲ្យបានឆាប់រហ័ស និងគប្បីទៅធ្វើការងារនៅសាលាឃុំតែមួយ ដើម្បីបង្កភាពស្រួលដល់ពួកគាត់។
ទាក់ទងបញ្ហានេះ មេឃុំជាំក្រវៀន លោក អ៊ូច យឿន មិនបានមានប្រសាសន៍យ៉ាងណាទេ ដោយថាទូរស័ព្ទស្តាប់គ្នាមិនបាន។
យ៉ាងណាជំទប់ទី១ ឃុំជាំក្រវៀន លោក ហា ថន មានប្រសាសន៍ថា បញ្ហារាំងស្ទះ គឺពិតជាមានមែន ព្រោះសៀវភៅសម្រាប់ចុះឈ្មោះប្រជាពលរដ្ឋក្នុងបញ្ជីអត្រានុកូលដ្ឋាន គឺថ្នាក់លើផ្តល់ជូនមានកំណត់ ហើយប្រជាពលរដ្ឋមានច្រើន ទើបធ្វើឲ្យមានភាពយឺតយ៉ាវ។ ចំណែករឿងអាជ្ញាធរឃុំយកការងារឃុំទៅធ្វើតាមផ្ទះនីមួយៗ គឺលោកមិនបានដឹងច្បាស់ទេ ព្រោះគេបានដកលោកចេញពីការងារមួយនេះហើយ ប៉ុន្តែលោកបញ្ជាក់ថា កាលពីពេលលោកធ្វើការងារនេះ គឺធ្វើនៅសាលាឃុំ៖ «មេឃុំដកខ្ញុំចេញ ដល់ដកខ្ញុំទេ មេឃុំឲ្យម្នាក់ទៀតសរសេរ ដល់សរសេរទៅគេសរសេរនៅផ្ទះ ប៉ុន្តែកាលខ្ញុំសរសេរ គឺនៅសាលាឃុំ»។
យ៉ាងណា មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ មានប្រសាសន៍ថា កន្លងមកលោកធ្លាប់ឮពីការត្អូញត្អែររបស់ប្រជាពលរដ្ឋទូទៅ ចំពោះការផ្តល់សេវាពីសំណាក់អាជ្ញាធរឃុំទៅកាន់ពួកគាត់។ លោកយល់ថា ខណៈដែលអាជ្ញាធរឃុំមានទីតាំងឃុំត្រឹមត្រូវហើយ បែរជាពួកគេនាំគ្នាទៅធ្វើការងារនៅតាមផ្ទះរៀងខ្លួន គឺជារឿងមិនត្រឹមត្រូវឡើយ ពីព្រោះធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ឬក៏អាចកើតមានជាអំពើពុករលួយទៀតផង៖ «បើយើងក្រឡេកទៅមើលផលប៉ះពាល់ គឺទីមួយសតិអារម្មណ៍របស់គាត់។ ទីពីរ គឺពេលវេលានៅពេលគាត់ទៅម្តងមិនជួប ទៅពីរដងមិនជួប ហើយវាក៏អាចធ្វើឲ្យមានអំពើពុករលួយនៅកន្លែងហ្នឹងដែរ»។
លោកបន្តថា ដើម្បីអាចមានឈ្មោះថាឃុំល្អ សេវាល្អ មន្ត្រីអាជ្ញាធរនៅតាមឃុំទាំងនោះ ចាំបាច់ត្រូវបំពេញការងារឲ្យបានត្រឹមត្រូវ ដូចជាគោរពពេលវេលាធ្វើការ ត្រូវមានមន្ត្រីប្រចាំការនៅនឹងកន្លែងធ្វើការ និងយកតម្លៃសេវាពីប្រជាពលរដ្ឋទៅតាមតម្លៃកំណត់ក្នុងសៀវភៅបន្ទុក ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
