ពលករ​ជាង​៣​ពាន់​នាក់​វិល​ពី​ថៃ​ដល់​ស្រុក​កំណើត​ក្នុង​ខេត្ត​ពោធិ៍សាត់

ទាក់ទង​នឹង​សកម្មភាព​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ យ៉ាង​គំហុក​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពី​ខេត្ត​ពោធិ៍សាត់ មាន​ពលករ​ជាង ៣​ពាន់​នាក់​ហើយ​បាន​មក​ដល់​ស្រុក​កំណើត​វិញ។ ប៉ុន្តែ​ខាង​អាជ្ញាធរ​និង​សមត្ថកិច្ច​អះអាង​ថា ពលករ​ទាំង​នេះ​មិន​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ចេញ​តាម​ច្រក​ថ្មដា នៃ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នោះ​ទេ។

ពោធិ៍សាត់ គឺ​ជា​ខេត្ត​មួយ​ជាប់​ព្រំដែន និង​មាន​ច្រក​ចេញ​ចូល​ជាប់​ជា​មួយ​នឹង​ខេត្ត​ត្រាត ប្រទេស​ថៃ នៅ​ចំណុច​ឃុំ​ថ្មដា នៃ​ស្រុក​វាលវែង។ អាជ្ញាធរ​ស្រុក​អះអាង​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា ក្នុង​សកម្មភាព​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​នៅ​ច្រក​ចេញ​ចូល​ឃុំ​ថ្មដា គឺ​ពុំ​មាន​ពលករ​ខ្មែរ​ណា​ម្នាក់​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ថៃ ចាប់​បញ្ជូន​ចេញ​តាម​ច្រក​ទ្វារ​នេះ​ឡើយ ប៉ុន្តែ​វត្តមាន​ពលករ​នៅ​ខេត្ត​ពោធិ៍សាត់ ដែល​ទើប​ចេញ​ពី​ប្រទេស​ថៃ មក​នោះ គឺ​ចេញ​ពី​ច្រក​ផ្សេងៗ​នៃ​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ។

អភិបាល​ស្រុក​វាលវែង លោក ឆេ ឈីវ មាន​ប្រសាសន៍​ថា មូលហេតុ​សំខាន់​ដែល​មិន​អាច​បញ្ជូន​ពលករ​ខ្មែរ ឬ​ចេញ​ចូល​តាម​ច្រក​ថ្មដា បាន​ដោយ​ងាយ គឺ​បណ្ដាល​មក​ពី​ស្ថានភាព​ផ្លូវ​ឡើង​ចុះ​ភ្នំ​ខ្ពស់​ ជា​ពិសេស​នៅ​ក្នុង​រដូវ​ធ្លាក់​ភ្លៀង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ចេញ​ចូល​កាន់​តែ​លំបាក។

លោក​ថា នៅ​ស្រុក​វាលវែង មាន​គ្រួសារ​ពលករ​ប្រមាណ​ជា ៣០​គ្រួសារ​ដែល​វិល​មក​វិញ ហើយ ​លោក​កំពុង​ឲ្យ​មេ​ឃុំ​តាម​ដាន​អំពី​ស្ថានភាព និង​ស្រង់​ស្ថិតិ​ពិត​ប្រាកដ​ដើម្បី​រាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត៖ «យើង​មិន​ទាន់​ក្ដាប់​បាន​ថា​គេ​បញ្ជូន ឬ​គាត់​មក​ខ្លួន​គាត់​ទេ​ណា គ្រាន់​ថា បាន​មក​ដល់​វិញ​ខ្លះ ហើយ​យើង​កំពុង​តែ​សួរ។ អូ! ជូន​ដំណើរ​អី​បើ​គាត់​ចេញ​តាម​ឯ​ណោះ ពេល​គាត់​ទៅ​យើង​នៅ​ស្រុក​នេះ​អត់​ដឹង​ទេ ដឹង​តែ​ឃុំ​ស្រាវជ្រាវ ដល់​ពេល​នេះ​យើង​មើល​តាម​ប្រព័ន្ធ​ព័ត៌មាន​ទៅ​ស្រាប់​ឃើញ​គាត់​មក​ដល់​នេះ​វិញ»

ចំណែក​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក សារុន ចន្ធី ថ្លែង​បញ្ជាក់​ថា នៅ​ទូទាំង​ខេត្ត​គិត​មក​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​មិថុនា នេះ ចំនួន​ពលករ​ដែល​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​ថៃ បាន​កើន​ឡើង​ដល់ ៣.០១២​នាក់​ហើយ ដែល​ចំនួន​កើន​ឡើង​ច្រើន​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ជាប់ៗ​គ្នា​នេះ។

លោក​ថា គណៈ​អភិបាល​ខេត្ត​បាន​បញ្ជូន​អភិបាល​រង​ខេត្ត​ម្នាក់ និង​កម្លាំង​សមត្ថកិច្ច​ដើម្បី​ពិនិត្យ​មើល​ផ្ទាល់​លើ​បញ្ហា​នេះ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ៖ «នៅ​ក្នុង​ហ្នឹង​ក្រុង​ពោធិ៍សាត់ មាន ៩៥​នាក់ នៅ​ស្រុក​កណ្ដៀង មាន ៨២០​នាក់ នៅ​ស្រុក​បាកាន មាន ១.៥៩៨ ហើយ​នៅ​ស្រុក​ភ្នំក្រវាញ ២៦៩​នាក់ វាលវែង ២៩​នាក់។ អា​នេះ​គឺ​មក​តាម​ច្រក​ប៉ោយប៉ែត ច្រក​ថ្មដា យើង​តាំង​ពី​ដើម​ទី​យើង​តាម​ដាន​ដែរ មិន​មាន​ទេ មិន​មាន​បញ្ជូន​អី​តាម​ច្រក​ហ្នឹង​ទេ»

កម្មករ​សំណង់​ម្នាក់​នៅ​ស្រុក​បាកាន លោក ឱ ចាន់ ដែល​ទើប​ចាប់​បញ្ជូន​ពី​ប្រទេស​ថៃ តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា មាន​ប្រសាសន៍​ថា មុន​នឹង​គេ​បញ្ជូន​លោក​មក​ស្រុក​ខ្មែរ​វិញ ថៅកែ​បាន​បើក​ប្រាក់​ខែ​បន្តិចបន្តួច​គ្រាន់​ចាយ ប៉ុន្តែ​មក​ដល់​ផ្ទះ​គ្មាន​សល់​ប្រាក់​មួយ​រៀល​ឡើយ ហើយ​លោក​ក៏​គ្មាន​បំណង​ចេញ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ប្រទេស​ថៃ ទៀត​ដែរ ដោយ​ខ្លាច​ស្ថានភាព​តាន​តឹង​របស់​ថៃ៖ «ឡាន​គេ ហ្វ្រី (អត់​គិត​លុយ) បើ​ឡាន​គេ​យក​លុយ​អត់​មាន​លុយ​ដល់​ផ្ទះ​រលីង​ហើយ។ គេ​បិទ​ផ្លូវ​ជាយ​ដែន​អស់​ហើយ ខ្ញុំ​ខ្លាច​ទៅ​ចេះ​តែ​មកៗ ឮ​គេ​បះបោរ​ថា​ទាហាន​គេ​បាញ់​ពេក»

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន ថ្លែង​ថា ខាង​លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ច្បាស់​លាស់​ទាក់ទង​នឹង​បញ្ហា​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បារម្ភ​ថា ក្រុម​ពលករ​ទាំង​នោះ​អាច​នឹង​ប្រឈម​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ ដោយ​អ្នក​ខ្លះ​មាន​បំណុល​នៅ​តាម​មីក្រូហិរញ្ញវត្ថុ​នានា ដោយ​ពឹង​ផ្អែក​លើ​ការងារ​នៅ​ប្រទេស​ថៃ តែ​បែរ​ជា​ជួប​បញ្ហា​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។