ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កំពុងស៊ើបអង្កេតបន្តក្នុងករណីឃាតកម្មលើអតីតមន្ត្រីសាលាស្រុកភ្នំក្រវាញ ម្នាក់ បន្ទាប់ពីឃាត់ខ្លួន និងដោះលែងទៅវិញនូវមុខសញ្ញាជនសង្ស័យចំនួន ៣នាក់ កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា។
មន្ត្រីសមត្ថកិច្ចមិនទាន់មានតម្រុយអ្វីថ្មី ជុំវិញករណីនេះនៅឡើយទេ ប៉ុន្តែអះអាងថា ខ្លួនកំពុងខ្នះខ្នែងខំស្វែងរកចាប់ជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ សមត្ថកិច្ចជំនាញសង្ឃឹមថា នៅក្នុងរយៈពេលប្រហែល ១០ថ្ងៃទៀត នឹងអាចមានតម្រុយខ្លះ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ឲ្យដឹងនៅថ្ងៃទី២ ខែតុលា ថា ខាងសមត្ថកិច្ចពិតជាបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួនបីនាក់ មកបំភ្លឺនៅស្នងការនគរបាលខេត្តមែន ប៉ុន្តែក្រោយពីការសាកសួរពុំមានចម្លើយ ឬភស្តុតាងដាក់បន្ទុក ក៏សម្រេចដោះលែងទៅវិញ។ បច្ចុប្បន្ន សមត្ថកិច្ចបានប្រើប្រាស់វិធានការជំនាញក្នុងការវែកមុខជនល្មើសពិតប្រាកដ និងអាចមានតម្រុយខ្លះក្នុងពេលឆាប់ៗ។
នាយការិយាល័យ លោក ស៊ឹង សុភ័ក្រ មានប្រសាសន៍ថា ខាងសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងសន្និដ្ឋានករណីឃាតកម្មលើស្ត្រីវិកលចរិត និងជាអតីតមន្ត្រីផ្នែកហិរញ្ញវត្ថុម្នាក់នៅសាលាស្រុកភ្នំក្រវាញ នេះថា ជាករណីឃាតកម្មគំនុំសម្អប់ ដោយសារស្ត្រីវ័យ ៥០ឆ្នាំរូបនេះ តែងតែដើរអុកឡុក និងស្នាក់នៅតាមមុខផ្ទះ និងតូបលក់ដូររបស់អាជីវករផ្សារលាច នៃស្រុកភ្នំក្រវាញ៖ «ក្រោយមកវាអត់មានភស្តុតាង ក៏ថ្នាក់ដឹកនាំស្នងការ ក៏ដូចជាព្រះរាជអាជ្ញា គាត់ថាឥឡូវឲ្យវិលត្រឡប់ទៅវិញទៅ ព្រោះយើងមិនអាចឃាត់ខ្លួនជននោះបាននៅឡើយ វាអត់មានភស្តុតាងស៊ីចង្វាក់។ អានេះវាមកពីការគំនុំសម្អប់គ្នា ព្រោះគ្នាវាវិកលចរិត មានភាពអុកឡុកនៅក្នុងភូមិសាស្ត្រផ្សារលាច ហ្នឹងណា មនុស្សវាវិកលចរិតច្រើនឆ្នាំហើយ»។
សាកសព អ្នកស្រី ពេជ្រ កញ្ចនា ហៅ សូរ ត្រូវបានអ្នកបើកឡានដឹកទឹកលក់ ប្រទះឃើញមុនគេនៅចុងភូមិក្រូចឆ្មារ នៃឃុំលាច ស្រុកភ្នំក្រវាញ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤។ នៅលើតួខ្លួនសាកសព មានស្នាមចាក់ទម្លុះបំពង់កដោយកាំបិត ឬវត្ថុរឹងមុត ហើយមានកាយអាក្រាត។ សពរបស់គាត់ ត្រូវបានអាជ្ញាធរយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តកែវឧត្ដម ក្នុងស្រុកភ្នំក្រវាញ។
ប្រភពព័ត៌មានពីមន្ត្រីសាលាស្រុកភ្នំក្រវាញ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងថា អ្នកស្រី ពេជ្រ កញ្ចនា មិនដែលដើរអុកឡុកអ្នកស្រុក ឬអ្នកលក់ដូរក្នុងផ្សារឡើយ គឺគ្រាន់តែដើរសុំលុយ ឬនំចំណីពីគេហូបប៉ុណ្ណោះ ហើយពេលខ្លះ គាត់ក៏ដឹងខុសត្រូវដែរ។ ប្រភពបន្តថា អ្នកស្រីជាកូនកំព្រាគ្មានសាច់ញាតិ និងមានស្រុកកំណើតនៅរាជធានីភ្នំពេញ ប៉ុន្តែនៅជំនាន់ ប៉ុល ពត អ្នកស្រីត្រូវបានគេជម្លៀសឲ្យមករស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ។ អ្នកស្រីមានបញ្ហាផ្លូវចិត្តជាង ២០ឆ្នាំមកហើយ គឺបន្ទាប់ពីមានរឿងរ៉ាវស្នេហា។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តពោធិ៍សាត់ លោក អេង ឈុនហាន ទទូចឲ្យអាជ្ញាធរ ជាពិសេសសមត្ថកិច្ច ពន្លឿន និងស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ដើម្បីវែករកមុខជនល្មើសពិតប្រាកដមកផ្ដន្ទាទោស ជៀសវាងការចាប់មនុស្សច្រឡំ ដែលអាចបង្កឲ្យមានវប្បធម៌និទ្ទណ្ឌភាព។ លោកបន្តថា ខាងលោកនឹងចុះស៊ើបអង្កេតករណីឃាតកម្មនេះឲ្យបានច្បាស់លាស់ក្នុងពេលឆាប់ៗខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។