អាជីវករប្រមាណ ៣០០នាក់ កំពុងលក់ដូរតាមចិញ្ចើមផ្លូវជុំវិញវត្តពាលញែក នៅក្នុងក្រុងពោធិ៍សាត់ ដោយពុំមានសណ្ដាប់ធ្នាប់ និងអនាម័យ។ អាជ្ញាធរបញ្ជាក់ថា ក្រុមអាជីវករទាំងនេះនឹងត្រូវរៀបចំឲ្យមានកន្លែងលក់ដូរត្រឹមត្រូវក្បែរផ្លូវជាតិក្នុងក្រុងពោធិ៍សាត់ ក្រោយពីគម្រោងស្ថាបនាផ្លូវជាតិលេខ៥ កាត់ក្រុងត្រូវធ្វើរួចរាល់។
ក្រុមអាជីវករលក់ដូរសេរីមកពីតាមបណ្ដាស្រុក និងក្រុងពោធិ៍សាត់ មួយចំនួនបង្ខំចិត្តលក់បន្លែផ្លែឈើ និងត្រីសាច់ របៀបឆក់កណ្ដៀត ឬរយៈពេលខ្លី គឺចាប់ពីម៉ោង ៣ទៀបភ្លឺ រហូតដល់ម៉ោង ១០ព្រឹក។
អាជីវករខ្លះចង់លក់ដូរដូចសព្វថ្ងៃដោយគ្រាន់តែសុំឲ្យបញ្ចុះថ្លៃភាស៊ី និងសម្អាតកន្លែងលក់ក្បែររបងវត្តឲ្យបានស្អាត។ ចំណែកអាជីវករខ្លះទៀត ចង់ឲ្យអាជ្ញាធររៀបចំកន្លែងលក់ដូរត្រឹមត្រូវឲ្យពួកគាត់។
អាជីវករលក់បន្លែស្លឹកឈើព្រៃម្នាក់ គឺលោកស្រី ជា ម៉ៅ មានប្រសាសន៍នៅថ្ងៃទី៨ ខែមេសា ថា រយៈពេលជិតដប់ឆ្នាំហើយដែលលោកស្រី និងប្ដីដើរប្រមូលទិញបន្លែ ឬផ្លែឈើព្រៃពីតាមព្រៃឆ្ងាយៗ មកដាក់លក់នៅក្បែររបងវត្ត ក្នុងក្រុងពោធិ៍សាត់ នេះ។ លោកស្រីថា បើភាស៊ីថោក និងអនាម័យល្អគាត់ សុខចិត្តលក់ដូរដូចសព្វថ្ងៃ ព្រោះបើឲ្យទៅលក់នៅកន្លែងថ្មីគាត់គ្មានលទ្ធភាពទិញតូបនោះទេ៖ «គ្រាន់តែចង់បានលក់នៅត្រង់នេះ ហើយសុំឲ្យអ្នកលក់ជួយសំអាតគ្នា ដើម្បីកុំឲ្យគេដេញចុះដេញឡើងលំបាក។ កាលលើកមុនលក់នៅខាងលិច (វត្តពាលញែក) ឥឡូវយកមកលក់នេះ និយាយទៅអត់មានកន្លែងលក់ជុំវិញវត្ដដើរដាក់ពេញហ្នឹងដែរ»។
ចំណែកអាជីវករលក់បន្លែម្នាក់ទៀតមកពីស្រុកកណ្ដៀង គឺលោកស្រី ឡាច ស៊ីនី ឲ្យដឹងថា ថ្លៃភាស៊ីក្នុងមួយកន្លែង ១.៥០០រៀល ប៉ុន្តែធ្វើអនាម័យមិនសូវស្អាត ហើយកាន់តែកខ្វក់ខ្លាំងនោះ គឺនៅពេលមានភ្លៀងម្ដងៗធ្លាក់។ ប៉ុន្តែលោកស្រីសុខចិត្តបង់ភាស៊ី និងលក់ផ្ទាល់ដីតាមចិញ្ចើមថ្នល់ ព្រោះបើលក់នៅតាមមុខផ្ទះគេ ត្រូវម្ចាស់ផ្ទះតម្រូវឲ្យបង់លុយពី ១០ ទៅ ១៥ម៉ឺនរៀលក្នុង១ខែ៖ «ចង់ឲ្យគាត់ (អាជ្ញាធរ) ធ្វើកន្លែងរោងបន្លែជាជួរៗដូចគេ អ៊ីចឹងទៅណាពូ! កុំឲ្យលក់ដូររហេមរហាមតាមថ្នល់។ អត់បានលក់នៅតាមនេះទេ ព្រោះគេជិះម៉ូតូឡានពេញហ្នឹងដីហុយចូលច្រមុះ តែយើងអត់ហើយចេះតែលក់តាមគេតាមឯង»។
ទាក់ទងបញ្ហានេះអភិបាលក្រុងពោធិ៍សាត់ លោក ចាប នាង មិនបានអត្ថាធិប្បាយយ៉ាងណាទេនៅថ្ងៃទី៨ ខែមេសា ដោយលោកប្រាប់ថា សេវាទូរស័ព្ទរអាក់រអួលលំបាកនិយាយស្ដាប់គ្នា ខណៈដែលវិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងអ្នកយកភាស៊ី ឬអ្នកម៉ៅការខាងអនាម័យនៅកន្លែងលក់ដូរនេះ ដើម្បីសាកសួរពីតម្លៃភាស៊ី និងការសំអាតអនាម័យ។
យ៉ាងណាអភិបាលរងខេត្តពោធិ៍សាត់ និងជាអ្នកនាំពាក្យលោក កើត ឆែ បញ្ជាក់ថា ក្រុមអាជីវករមានទម្លាប់លក់ដូរបន្លែជាលក្ខណៈគ្រួសារនេះច្រើនឆ្នាំហើយ ប៉ុន្តែអាជ្ញាធរនឹងរៀបចំកន្លែងឲ្យលក់ដូរត្រឹមត្រូវ ក្រោយការស្ថាបនាផ្លូវជាតិលេខ៥ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាត់តាមក្រុងពោធិ៍សាត់ ហើយរួចរាល់នោះ៖ «កន្លងមកកន្លែងនេះ គឺជាផ្សារក្រមួន គាត់លក់តែព្រឹកឡើងទេដល់ថ្ងៃរលាយហើយបាត់ឈ្មោះហើយ។ អ៊ីចឹងស្ថានភាពម៉ោង ៤ ឬម៉ោង ៦ភ្លឺ វាមិនបង្កផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ប្រជាពលរដ្ឋនោះទេ»។
រដ្ឋាភិបាលកម្ពុជា និងគម្រោងចៃកា (Jica) របស់ប្រទេសជប៉ុន គ្រោងស្ថាបនាផ្លូវជាតិលេខ៥ ឡើងវិញ ឲ្យក្លាយទៅជាផ្លូវភ្លោះខ្នាតអន្តរជាតិ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥។ ដូច្នេះអាជីវករលក់ដូរសេរីទាំងនេះអាចនឹងបន្តលក់ដោយគ្មានសណ្ដាប់ធ្នាប់ និងគ្មានអនាម័យជាច្រើនឆ្នាំទៅមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
