ប្រជាពលរដ្ឋឃុំក្បាលត្រាច ស្រុកក្រគរ ជាង ២០០នាក់ លើកគ្នាតវ៉ានៅមុខសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែមិថុនា ទាមទារដោះលែងសកម្មជនការពារព្រៃឈើមួយរូបឈ្មោះ លោក គុជ វ៉េង។ តំណាងសហគមន៍ការពារព្រៃឈើភូមិក្រឡាញ់ ឃុំក្បាលត្រាច អ្នកស្រី ឡោន ធាវី ថ្លែងថា លោក គុជ វ៉េង ជាសកម្មជនការពារព្រៃឈើដ៏មានប្រជាប្រិយភាព។ លោក គុជ វ៉េង ត្រូវលោកស្រី អ៊ុំ ធារី ប្ដឹងចោទថាបោកប្រាក់ ៤ពាន់ ៥រយដុល្លារ នៅក្នុងថ្ងៃដែលលោក គុជ វ៉េង កំពុងតែបង្រៀនប្រជាសហគមន៍ពីរបៀបតស៊ូមតិនៅក្នុងទីស្នាក់ការអង្គការលីកាដូ (Licadho)។
អ្នកស្រីបន្តថា បណ្ដឹងនោះត្រូវតុលាការខេត្តពោធិ៍សាត់ កោះហៅលោក គុជ វ៉េង ទៅសាកសួរ ហើយចាប់ឃុំនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ ហើយក៏មានការតវ៉ាសុំឲ្យតុលាការដោះលែងបន្តបន្ទាប់ជាង ១ខែមកនេះ៖ «គេមកបង្វែរពីបទឆបោក ពួកខ្ញុំមិនជឿទេ ដោយសារយើងមានឯកសារថា ថ្ងៃដែលគេចោទប្រកាន់គាត់ហ្នឹង គឺគាត់នៅប្រជុំជាមួយពួកខ្ញុំ។ គាត់ជាអ្នកសម្របសម្រួលទៀត ហើយគាត់គ្មានចេញចូលទៅណាទេ ចេញតែពីហូបបាយទៅវិញ រួចយើងសម្រាកទាំងអស់គ្នា នេះជាអំណះអំណាងរបស់ពួកខ្ញុំ»។
កញ្ញា គុជ រតនៈ អាយុ ១៩ឆ្នាំ ជាកូនស្រីទី៤ របស់លោក គុជ វ៉េង អះអាងថា ស្ត្រីឈ្មោះ អ៊ុំ ធារី រស់នៅឃុំក្បាលត្រាច បានប្ដឹងចោទឪពុកគាត់ពីបទឆបោកប្រាក់ ៤.៥០០ដុល្លារ។ យុវតីបន្តថា មានភស្តុតាងពីអ្នកភូមិជាច្រើនដែលបង្ហាញថា ឪពុកគាត់មិនជាប់ពាក់ព័ន្ធរឿងលុយកាក់នោះទេ ទើបប្រជាជននៅក្នុងឃុំលើកគ្នាមកទាមទារសុំឲ្យតុលាការដោះលែងឪពុកគាត់៖ «ហើយ ១០គ្រួសារ ដែលប៉ះពាល់មានប្លង់កម្មសិទ្ធិហើយ ប៉ុន្តែគេអត់ឲ្យដីតាមប្លង់កម្មសិទ្ធិហ្នឹងសោះ គេអត់ឲ្យដីតាមគ្រប់ចំនួនតាមប្លង់នោះទៅ គាត់នោះក៏ទៅចូលរួមដែរ ចូលរួមជាមួយពួកខ្វះដី ១០គ្រួសារហ្នឹង ហើយដល់រួចទៅ រំលងផុតតែរឿងនោះមួយថ្ងៃ គាត់ក៏ត្រូវបានគេចាប់ខ្លួនទៅជាមានបទចោទប្រកាន់ គាត់ថាគាត់ហ្នឹងឆបោកលុយគេចំនួន ៤.៥០០ដុល្លារវិញ»។
ដើមបណ្ដឹងទៅលើលោក គុជ វ៉េង គឺលោកស្រី អ៊ុំ ធារី មិនធ្វើអត្ថាធិប្បាយទេ នៅថ្ងៃទី២១ ខែមិថុនា។
មន្ត្រីអង្គការលីកាដូ ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន ថ្លែងថា កាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែឧសភា សហគមន៍ការពារព្រៃឈើដឹកនាំដោយលោក គុជ វ៉េង បានសុំទីស្នាក់ការអង្គការលីកាដូ ដើម្បីប្រជុំពីរបៀបតស៊ូមតិក្នុងកិច្ចការពារព្រៃឈើ និងក្នុងការតវ៉ាដីធ្លីផ្ទះសម្បែង។ ក្នុងលិខិតកោះហៅ លោក គុជ វ៉េង បានសរសេរថា គាត់បានយកប្រាក់ពីលោកស្រី អ៊ុំ ធារី នៅថ្ងៃគាត់ប្រជុំនោះ។ ប៉ុន្តែ ២ថ្ងៃនៃការប្រជុំបង្រៀននោះ លោកមិនបានឃើញលោក គុជ វ៉េង ចេញទៅខាងក្រៅជួបអ្នកណាឡើយ៖ «ចៅក្រមស៊ើបសួរ គាត់បានហៅខ្ញុំចូលទៅបំភ្លឺដែររឿងហ្នឹងណា ថាខ្ញុំបានដឹងថា លោក គុជ វ៉េង ទៅទទួលលុយគេ មិនទទួលអី? ខ្ញុំបានជម្រាបគាត់ហើយ ថាខ្ញុំអត់បានដឹងទេ ព្រោះខ្ញុំមិនមែនជាអ្នកចូលរួមក្នុងការប្រជុំទេ គ្រាន់តែដឹងថា លោក គុជ វ៉េង មកធ្វើជាអ្នកសម្របសម្រួលអង្គប្រជុំ»។
ក្រុមគ្រួសារ និងសមាជិកសហគមន៍ការពារព្រៃឈើ ឲ្យដឹងថា លោក គុជ វ៉េង អាយុ ៤៩ឆ្នាំ ត្រូវតុលាការចាប់ខ្លួនដោយមិនបង្ហាញដីកា ហើយចាប់ដាក់ឃុំកាលពីថ្ងៃទី១៩ ខែឧសភា។ តុលាការខេត្តពោធិ៍សាត់ មិនទាន់បើកសវនាការបណ្ដឹងចោទនោះនៅឡើយ តាំងពីថ្ងៃចាប់ឃុំខ្លួនរយៈពេលជាង ១ខែមកនេះ។
ប្រជាពលរដ្ឋជាង ២០០នាក់ ស្រែកដាក់មេក្រូ និងលើកបដាសរសេរពាក្យស្លោកសុំឲ្យតុលាការដោះលែងលោក គុជ វ៉េង តាំងពីព្រឹកព្រលឹមរហូតមក។ ពួកគេសន្យានឹងធ្វើការតវ៉ាទ្រង់ទ្រាយធំ ប្រសិនបើតុលាការមិនដោះលែងលោក គុជ វ៉េង ពីការឃុំឃាំងទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
