តួនាទី​វិទ្យុ​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​គ្រោះ​មហន្តរាយ

ទីភ្នាក់ងារ​អូស្ត្រាលី​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (AusAID) ផ្តល់​ថវិកា​ឲ្យ​រៀបចំ​សិក្ខា​សាលា​ពីរ​ថ្ងៃ ដើម្បី​ចែក​រំលែក​ព័ត៌មាន និង​សហប្រតិបត្តិការ​រវាង​ស្ថានីយ​វិទ្យុ និង​ស្ថាប័ន​ផ្តល់​ព័ត៌មាន ដើម្បី​ពង្រឹង​ការ​ផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ជាក់លាក់​អំពី​គ្រោះ​ធម្មជាតិ។

0:00 / 0:00

សិក្ខា​សាលា ស្ដីពី​តួនាទី​របស់​វិទ្យុ​នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ បាន​ធ្វើ​លើក​ទី១ នៅ​ប្រទេស​កម្ពុជា ផ្ដោត​លើ​ខ្លឹមសារ​សំខាន់ គឺ​លំហូរ​នៃ​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ឬ​អាច​ជឿ​បាន​នៅ​ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​ធម្មជាតិ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កញារីទ្ធ ថ្លែង​នៅ​ថ្ងៃ​ទី១៣ ខែ​មិថុនា ថា គ្រោះ​មហន្តរាយ​ជា​រឿង​មួយ​ដែល​គ្មាន​នរណា​អាច​ដឹង​មុន។ ប្រភព​បញ្ជូន​ព័ត៌មាន​ពី​ផ្កាយ​រណប​គ្រាន់​តែ​ឲ្យ​ដឹង​ថា មាន​ចំនួន​ភ្លៀង មាន​រាំង​ស្ងួត ឬ​ព្យុះ​នៅ​ពេល​ណា​ប៉ុណ្ណោះ ប៉ុន្តែ​ទំហំ​វា​បង្ក​មក​លើ​ផែន​ដី​ប៉ុនណា គ្មាន​នរណា​អាច​កំណត់​បាន​ឡើយ។ ដូច្នេះ ការ​ផ្សព្វផ្សាយ​ពី​គ្រោះ​មហន្តរាយ​តាម​រយៈ​វិទ្យុ គឺ​ជា​ប្រភព​ព័ត៌មាន​ទី​មួយ ដែល​ប្រជាពលរដ្ឋ​ត្រូវ​ស្តាប់ ហើយ​ដឹង​ពី​ព័ត៌មាន​នោះ​ជា​ចាំបាច់៖ «ដំណឹង​ដែល​មាន​នៅ​ក្នុង​សុសលមេឌា (Social media) វា​ជា​ផលិត​ផល​ពាក់​កណ្ដាល​សម្រេច ចំណែក​ការ​ផ្សាយ​លើ​វិទ្យុ គឺ​ជា​ផលិត​ផល​សម្រេច​ជាង។ ដូច្នេះ គាត់​ទុក​ចិត្ត​លើ​វិទ្យុ​នេះ​ជាង។ ដូច្នេះ​ហើយ តួនាទី​របស់​វិទ្យុ​យើង​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ គឺ​ជា​ការ​ចាំបាច់»

លោក​បន្ត​ថា នៅ​ពេល​អ្នក​ស្តាប់​ទុក​ចិត្ត​ការ​ផ្សាយ​ហើយ ត្រូវ​រៀបចំ​ចម្លើយ​តប​ពី​ប្រភព​ព័ត៌មាន​ឲ្យ​បាន​ជាក់លាក់ ដោយ​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​នៅ​មុន​ពេល​មាន​គ្រោះ​មហន្តរាយ និង​ក្នុង​ពេល​គ្រោះ​មហន្តរាយ​កំពុង​តែ​កើត​ឡើង ហើយ​និង​ពេល​ចប់​គ្រោះ​មហន្តរាយ តើ​ត្រូវ​ធ្វើ​អ្វី​នោះ គឺ​សុទ្ធ​តែ​ជា​ការងារ​ចាំបាច់​ដែល​ទាមទារ​ឲ្យ​អ្នក​គ្រប់គ្រង​វិទ្យុ ត្រូវ​យល់​ដឹង​ខ្ពស់​ក្នុង​ការ​ប្រមូល​ព័ត៌មាន ជួយ​ផ្សព្វផ្សាយ និង​ការ​ជូន​ដំណឹង​ទាក់ទង​ព័ត៌មាន​គ្រោះ​មហន្តរាយ។

ប្រធាន​ទីភ្នាក់ងារ​អូស្ត្រាលី​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ លោក ប៉ូល ឃីអូ (Paul Keogh) ថ្លែង​ថា ប្រទេស​អូស្ត្រាលី នឹង​ផ្តល់​ជំនួយ​ថវិកា​អត់​សំណង​មក​កម្ពុជា ចំនួន ៩៧,៤​លាន​ដុល្លារ ជួយ​លើ​វិស័យ​សុខាភិបាល វិស័យ​គ្រប់គ្រង​អភិបាល​កិច្ច វិស័យ​ព័ត៌មាន ជាដើម ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ លោក​ថា នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ក៏​មាន​គ្រោះ​មហន្តរាយ​ញឹកញាប់​ដែរ ដូចជា​ទឹក​ជំនន់ ភ្លើង​ឆេះ​ព្រៃ រាំង​ស្ងួត និង​ខ្យល់​ព្យុះ។ នៅ​ឆ្នាំ​២០១០ ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​ជាង​គេ​នៅ​ប្រទេស​អូស្ត្រាលី ហើយ​វិទ្យុ​អេប៊ីស៊ី (ABC Radio) បាន​ផ្សាយ​នៅ​ក្នុង​ពេល​មាន​ឧប្បត្តិហេតុ​ភ្លើង​ឆេះ​ព្រៃ ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​ទៅ​ជួយ​សង្គ្រោះ​មនុស្ស សត្វ និង​ពន្លត់​ភ្លើង​នោះ​បាន​ទាន់​ពេល។

ប្រធាន​ទទួល​បន្ទុក​តំបន់​ប៉ាស៊ីហ្វិក និង​មេគង្គ ផ្នែក​អភិវឌ្ឍន៍​អន្តរជាតិ អេប៊ីស៊ី លោក ដូមេនីក ហ្វ្រីហ្គីអេធី (Domenic Friguglietti) ថ្លែង​ថា ការ​ទទួល​ខុស​ត្រូវ​ទាក់ទង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ពេល​ដែល​មាន​គ្រោះ​មហន្តរាយ។ នៅ​ក្នុង​វិទ្យុ​អេប៊ីស៊ី មាន​បទ​ពិសោធន៍​ខ្លះ​ផ្សព្វផ្សាយ​ក្នុង​វិស័យ​គ្រោះ​មហន្តរាយ​ថ្មីៗ ដូច​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​ឃ្វីនស្លេនដ៍ (Queensland) និង​វិចតូរីយ៉ា ជាដើម។ ហេតុ​នេះ អេប៊ីស៊ី បាន​នាំ​អ្នក​ឯកទេស​សំខាន់ៗ ដែល​មាន​ជំនាញ​ខាង​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន មក​ចែក​ជូន​បទ​ពិសោធន៍​ដល់​ប្រធាន​ស្ថានីយ​វិទ្យុ​នៅ​ប្រទេស​កម្ពុជា អំពី​របៀប​ផ្សាយ របៀប​ជូន​ដំណឹង របៀប​រាយការណ៍​ពី​គ្រោះ​មហន្តរាយ មុន​ពេល ក្នុង​ពេល និង​ក្រោយ​ពេល​គ្រោះ​មហន្តរាយ​កើត​ឡើង។

លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ថ្លែង​ថា ស្ថានីយ​វិទ្យុ​នៅ​តាម​បណ្ដា​ខេត្ត​នានា គឺ​ជា​ប្រភព​ព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ត​បាន ជា​ពិសេស​ក្នុង​គ្រា​មាន​គ្រោះ​មហន្តរាយ។ ស្ថានីយ​វិទ្យុ​ខេត្ត​ត្រូវ​បម្រើ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ជំនាញ ដើម្បី​ផ្សាយ​ព័ត៌មាន​ប្រកាស​អាសន្ន​ពី​គ្រោះ​ធម្មជាតិ​ដល់​ប្រជាពលរដ្ឋ។

សិក្ខា​សាលា ស្ដីពី​តួនាទី​របស់​វិទ្យុ​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ ប្រារព្ធ​ធ្វើ​២​ថ្ងៃ គឺ​ថ្ងៃ​ទី១៣ និង​ថ្ងៃ​ទី១៤ ខែ​មិថុនា នៅ​រាជធានី​ភ្នំពេញ ដែល​មាន​អ្នក​ចូលរួម​ជា​មន្ត្រី​គ្រប់គ្រង​ស្ថានីយ​វិទ្យុ​មក​ពី​ខេត្ត​នានា ក្នុង​ប្រទេស​កម្ពុជា ចំនួន​ជិត ៥០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។