មូលនិធិ​កេរ​ដំណែល​ខ្មែរ​ស្វែងរក​ថវិកា​ជួយ​សិល្បករ​ចាស់ៗ​បាត់បង់​សមត្ថភាព

ដោយ អ៊ុំ រង្សី
2015.08.08
សម្ដែង​សិល្បៈ ៦២០ ក្រុម​យុវជន​សម្ដែង​សិល្បៈ​នៅ​ក្នុង​ព្រឹត្តិការណ៍ យើង​រួម​គ្នា​តែ​មួយ ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​សិល្បករ​ចាស់ៗ ដែល​រៀបចំ​នៅ​សាកលវិទ្យាល័យ​ហ្សាម៉ាន់ (ZAMAN)នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Um Rainsey

ក្រុម​មូលនិធិ​កេរ​ដំណែល​ខ្មែរ លើក​ឡើង​ថា ព្រឹត្តិការណ៍ "យើង​រួម​គ្នា​តែ​មួយ" គឺ​ជា​ព្រឹត្តិការណ៍​វប្បធម៌ អប់រំ និង​សិល្បៈ ដែល​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ស្វែងរក​មូលនិធិ​ជួយ​ដល់​វីរៈ​សិល្បករ​ចាស់ៗ​ដែល​បាត់បង់​សមត្ថភាព និង​កំពុង​មាន​ជំងឺ។ ទន្ទឹម​គ្នា ព្រឹត្តិការណ៍​នេះ​ក៏​ចង់​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន ក្នុង​ការ​ថែ​រក្សា​សម្បត្តិ​បេតិកភណ្ឌ​មនុស្ស​រស់​ផង​ដែរ។

ក្រុម​មូលនិធិ​កេរ​ដំណែល​ខ្មែរ ចាត់​ទុក​ថា ចាស់​ព្រឹទ្ធាចារ្យ​វីរៈ​សិល្បករ​ចាស់ៗ គឺ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​មនុស្ស​រស់ ដែល​ជួយ​បណ្ដុះ​ធនធាន​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​ស្គាល់​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ។ ការ​លើក​ឡើង​របស់​ក្រុម​មូលនិធិ​កេរ​ដំណែល​ខ្មែរ​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍ "យើង​រួម​គ្នា​តែ​មួយ" ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៨ សីហា។

ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ជាង ៣០០​នាក់ ប្រធាន​ក្រុម​ស្ថាបនា​មូលនិធិ​កេរ​ដំណែល​ខ្មែរ លោក ចិន្ត ច័ន្ទរតនា បាន​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​ថា សិល្បករ​ដែល​មាន​វ័យ​ចំណាស់​នៅ​កម្ពុជា ភាគ​ច្រើន​ខ្វះខាត​ក្នុង​ជីវភាព និង​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សង្គម ហេតុ​នេះ​ទើប​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង។

ប្រធាន​ក្រុម​ស្ថាបនា​មូលនិធិ​កេរ​ដំណែល​ខ្មែរ​រូប​នេះ លើក​ឡើង​ទៀត​ថា ភាគ​ច្រើន​ពលរដ្ឋ​កម្ពុជា ស្រឡាញ់​វប្បធម៌​សិល្បៈ​ខ្មែរ តែ​មិន​សូវ​មាន​អ្នក​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​ថែរក្សា​ធនធាន​មនុស្ស ដែល​ជា​សិល្បករ​ចាស់ៗ​នោះ​ទេ។ លោក​បាន​លើក​ឡើង​បន្ត​ថា ព្រឹត្តិការណ៍​នេះ គឺ​ជា​ការ​បើក​សម្ពោធ​ពី​ជំហាន​ដំបូង ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​វីរៈ​សិល្បករ​ចាស់ៗ​នៅ​កម្ពុជា បន្ត​ទៀត៖ «ដោយ​មើល​ឃើញ​កង្វះ​ខាត និង​ការ​លំបាក​ជាច្រើន​ដែល​កើត​ឡើង​ចំពោះ​សិល្បករ​ចាស់ៗ ហើយ​នៅ​ពេល​ដែល​គាត់​ចាស់​ទៅៗ គាត់​មិន​មាន​កម្លាំង​កំហែង​ដើម្បី​ប្រើប្រាស់​ជំនាញ​របស់​គាត់ ដើម្បី​ប្រកប​របរ​ទទួល​ទាន​ចិញ្ចឹម​ជីវិត​នោះ​ទេ ដូច្នេះ​ហើយ យើង​មូលនិធិ​នេះ នឹង​ជួយ​គាំទ្រ​ដល់​ពួក​គាត់​ទាំង​នោះ»

យុវជន​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ កញ្ញា ថា ស្រីណុច និស្សិត​នៅ​សាកលវិទ្យាល័យ​ហ្សាម៉ាន់ (ZAMAN) បាន​និយាយ​ថា បើ​ទោះ​ជា​ដឹង​ថា សិល្បករ​ចាស់ៗ​ជា​អ្នក​ដែល​មាន​បទពិសោធន៍​ច្រើន និង​ជា​ធនធាន​មនុស្ស​ដ៏​មាន​សារសំខាន់ ដែល​អាច​ជួយ​ផ្ទេរ​ចំណេះ​ដឹង​ខាង​ផ្នែក​វប្បធម៌ ដល់​យុវជន​ជំនាន់​ក្រោយ​ក្តី តែ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សង្គម​ចំពោះ​ពួក​គាត់ នៅ​តិចតួច​នៅ​ឡើយ។ កញ្ញា​អំពាវនាវ​ឲ្យ​យុវជន​កម្ពុជា ទាំងអស់ នាំ​គ្នា​ធ្វើ​សកម្មភាព​ផ្សេងៗ ដើម្បី​ចូលរួម​ថែ​រក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​មនុស្ស​រស់​ទាំងអស់​នោះ៖ «សិល្បករ​ចាស់ៗ គឺ​គាត់​បាន​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​របស់​យើង​ជា​យូរ​មក​ហើយ ដូច្នេះ​ហើយ​យើង​ទាំងអស់​គ្នា​មាន​កាតព្វកិច្ច​ជួយ​គាំទ្រ និង​ជ្រោមជ្រែង​ដល់​វីរៈ​សិល្បករ​ចាស់​បន្ត​ទៀត»

ចំណែក​ឯ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក សុះ ម៉ាច មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ព្រឹត្តិការណ៍​នេះ ព្រោះ​ជា​សកម្មភាព​មួយ​ដែល​ស​បញ្ជាក់​ថា សង្គម​កំពុង​តែ​គាំទ្រ​ដល់​វីរៈ​សិល្បករ​ចាស់ៗ។ លោក​ឲ្យ​ដឹង​ដែរ​ថា សិល្បករ​ចាស់ៗ​ដែល​បាត់បង់​សមត្ថភាព និង​កំពុង​មាន​ជំងឺ ចង់​បាន​ការ​គាំទ្រ​ពី​សង្គម​កម្ពុជា ឲ្យ​គិតគូរ និង​យក​ចិត្ត​ទុក​ដាក់​លើ​ពួក​គាត់។ លោក​ថា ផ្នែក​មួយ​ដែល​នឹង​ជួយ​មិន​ឲ្យ​សិល្បៈ វប្បធម៌​ខ្មែរ​ធ្លាក់​ចុះ គឺ​សង្គម​ត្រូវ​តែ​គិតគូរ​ដល់​សិល្បករ​ចាស់ៗ​ទាំង​នោះ៖ «សង្ឃឹម​ថា ពេល​ដែល​មាន​មូលនិធិ​ច្រើន​គ្រប់​ច្រក​ល្ហក់ យើង​នឹង​អាច​ជួយ​ជីវភាព​ពួក​គាត់​ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើង»

ព្រឹត្តិការណ៍ "យើង​រួម​គ្នា​តែ​មួយ" មិន​ទាន់​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ថា នា​ពេល​បច្ចុប្បន្ន មាន​វីរៈ​សិល្បករ​ចាស់ៗ​ចំនួន​ប៉ុន្មាន​នាក់​នៅ​ឡើយ​នោះ​ទេ។ ក្រុម​មូលនិធិ​កេរ​ដំណែល​ខ្មែរ​អះអាង​ថា ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​នេះ ក្រុម​មូលនិធិ​កេរ​ដំណែល​ខ្មែរ នឹង​ខិតខំ​ស្វែងរក​ជំនួយ​ជួយ​ដល់​វីរៈ​សិល្បករ​ចាស់ៗ​ទាំង​នោះ។ ជាង​នេះ​ទៀត មូលនិធិ​នឹង​ស្រាវជ្រាវ និង​ស្វែងរក​សិល្បករ​ចាស់ៗ ស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​ដាក់​បញ្ចូល​វីរៈ​សិល្បករ​ចាស់ៗ​ទាំង​នោះ​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​មនុស្ស​រស់ នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។