រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី៩ ខែកុម្ភៈ នេះចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចស្រាវជ្រាវករណីអ្នកកាសែតរងគ្រោះថ្នាក់នៅខេត្តរតនគិរី ដែលមានសមាសភាព ១១រូប ក្នុងនោះក៏មានមន្ត្រីថ្នាក់ក្រសួង និងតំណាងសមាគមអ្នកកាសែត និងទូរទស្សន៍ ៥អង្គភាព ចូលរួមក្នុងគណៈកម្មការនោះដែរ។
គណៈកម្មការចំពោះកិច្ចនៃក្រសួងព័ត៌មាន គ្រោងធ្វើដំណើរមកកាន់ខេត្តរតនគិរី នៅដើមសប្ដាហ៍ក្រោយ ដើម្បីស្រាវជ្រាវមូលហេតុនៃអំពើហិង្សាវាយបំផ្លាញរថយន្តអ្នកកាសែតដែលចុះយកព័ត៌មាននៅស្រុកវ៉ឺនសៃ។
ប្រធានគណៈកម្មការចំពោះកិច្ចនៃក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បញ្ជាក់នៅថ្ងៃទី៩ ខែកុម្ភៈ នេះថា ការស្រាវជ្រាវរកហេតុផលពិតប្រាកដមួយនឹងធ្វើឡើងនៅកន្លែងកើតហេតុផ្ទាល់ដើម្បីរកឲ្យឃើញអង្គហេតុជាក់លាក់ថា តើអ្នកកាសែតដែលរងគ្រោះថ្នាក់ទាក់ទិនទៅនឹងហេតុផលអ្វីខ្លះដើម្បីបូកសរុបលទ្ធផលធ្វើការសន្និដ្ឋានលើកជាសំណើ និងដំណោះស្រាយជូនរដ្ឋមន្ត្រីសម្រេច។ លោកថា នេះជាតម្រូវការរបស់ក្រសួងព័ត៌មាន បន្ទាប់ពីអ្នកសារព័ត៌មានមួយក្រុមបានធ្វើរបាយការណ៍ស្ដីពីការប្រើអំពើហិង្សារំលោភវិជ្ជាជីវៈអ្នកសារព័ត៌មាន៖ «ដើម្បីរកការពិតថា ការងារហ្នឹងផ្ដើមចេញពីរឿងអ្វីបានជាមានការបើកឡានដេញបុកគ្នា មានការគប់បំបែកកញ្ចក់ឡាន»។
កាលពីថ្ងៃទី៧ ខែកុម្ភៈ តំណាងអ្នកកាសែតដែលរងអំពើហិង្សាបានអំពាវនាវឲ្យអាជ្ញាធរខេត្តរតនគិរី ជួយរកយុត្តិធម៌ក្រោយពេលរថយន្តអ្នកកាសែតពីរគ្រឿងក្នុងចំណោមរថយន្តបីគ្រឿង ត្រូវបានមនុស្សពីរក្រុម ដែលមួយក្រុមព្យាយាមបើកគោយន្តបុករថយន្តអ្នកកាសែត បន្ទាប់មកមនុស្សមួយក្រុមទៀតបានយកឈើបង្កប់ដែកគោលដាក់លើផ្លូវដើម្បីបញ្ឈប់រថយន្ត ហើយមនុស្សប្រមាណ ១០នាក់ប្រដាប់ដោយដំបងឈើ ដំបងដែក និងញញួរ ព្រួតគ្នាវាយបំបែកកញ្ចក់រថយន្តអ្នកកាសែតកាលពីថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែក្រុមអ្នកកាសែតជិះក្នុងរថយន្តព្យាយាមរត់គេចពីការវាយប្រហារនេះ។
អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់ថា លោកមិនទាន់ទទួលរបាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធរឿងរាវនេះនៅឡើយ ក៏ប៉ុន្តែអាជ្ញាធរត្រៀមសហការជាមួយក្រុមការងារថ្នាក់ក្រសួងដែលមានបំណងស្រាវជ្រាវផ្ទាល់រឿងនេះ៖ «ត្រូវតែអ៊ីចឹងហើយ ទីមួយមន្ទីរដែលចូលរួមគេត្រូវស្រាវជ្រាវអ៊ីចឹងហើយ»។
អាស៊ីសេរី មិនអាចទាក់ទងស្នងការប៉ូលិសខេត្តរតនគិរី លោក ងួន គឿន សុំបញ្ជាក់បញ្ហានេះបានទេ នៅថ្ងៃទី៩ ខែកុម្ភៈ។
ទោះបីជាយ៉ាងនេះក្ដី អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងសាលាដំបូងខេត្តរតនគិរី លោក ម៉ម វណ្ណដា បញ្ជាក់ថា អធិការប៉ូលិសស្រុកវ៉ឺនសៃ បានផ្ដល់របាយការណ៍ពីអង្គហេតុទាក់ទិនករណីកើតមានគ្រោះថ្នាក់ចំពោះអ្នកកាសែតមកមន្ត្រីអយ្យការរួចហើយ ប៉ុន្តែមិនឃើញមានអង្គហេតុពាក់ព័ន្ធការប៉ុនប៉ងធ្វើឃាតអ្នកកាសែតដូចការចោទនោះឡើយ៖ «ពីរករណីខាងលើហ្នឹងមិនមានគ្រោះថ្នាក់ដល់មនុស្សទេ វាប៉ះពាល់តែទៅលើរថយន្តទេ។ទីមួយគ្រោះថ្នាក់ចរាចរណ៍ ទីពីរ ករណីគេគប់ហ្នឹង»។
ពាក្យបណ្ដឹងរបស់តំណាងអ្នកកាសែត ៧នាក់ ដែលរងគ្រោះថ្នាក់ ដោយសង្ស័យថា អ្នកជំនួញឈើឈ្មោះ ម៉េង គឺជាអ្នកនៅពីក្រោយការប្រើអំពើហិង្សាទាំងពីរលើកមកក្រុមអ្នកកាសែត បន្ទាប់ពីអ្នកកាសែតចុះយកព័ត៌មានជុំវិញជំនួញឈើខុសច្បាប់នៅតំបន់នោះ។ ក៏ប៉ុន្តែរបាយការណ៍ស៊ើបអង្កេតបឋមរបស់អធិការប៉ូលិសស្រុកវ៉ឺនសៃ បង្ហាញថា ទីមួយគឺជាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តដាច់ហ្វ្រាំង និងទីពីរ គឺបង្កឡើងដោយយុវជនទំនើងខឹងសម្បាជាមួយអ្នកកាសែត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
