ប៉ូលិស​ចាប់​បាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​៣​នាក់​ប្លន់​ឈ្មួញ​ទិញ​ដំឡូងមី​នៅ​ខេត្ត​រតនគិរី

មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ក្រុម​ចោរ ៣​នាក់ ប្រើ​កាំភ្លើង​ម៉ាក​អាការ​១​ដើម បាន​បាញ់​រះ​ជាច្រើន​គ្រាប់ ប្លន់​យក​ប្រាក់​ពី​ឈ្មួញ​ទិញ​ដំឡូងមី កាល​ពី​វេលា​ម៉ោង ១២ និង ១០​នាទី​យប់ ថ្ងៃ​ទី​២២ ខែ​មករា នៅ​ចំណុច​ជាប់​ខាង​លិច​ភូមិ​ប៉ាអរ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ។

ក្រុម​ចោរ​ប្លន់​ទាំង​បី​នាក់ ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ចាប់​ខ្លួន​បាន​ភ្លាម ខណៈ​ក្រុម​ចោរ​បាញ់​រះ​ទៅ​ពលរដ្ឋ និង​សមត្ថកិច្ច​ប៉ូលិស រហូត​អស់​គ្រាប់។

អធិការ​ប៉ូលិស​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ចោរ​ប្លន់​ទាំង ៣​នាក់ មក​ពី​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ពួក​គេ​បាន​រៀប​ចំ​គម្រោង​ប្លន់​ឈ្មួញ​ទិញ​ដំឡូង ដើម្បី​យក​ប្រាក់។ លោក​ថា ក្រុម​ចោរ​ប្លន់​នេះ គឺ​ជា​មុខ​សញ្ញា​ដែល​សមត្ថកិច្ច​កំណត់ ដើម្បី​រក​ចាប់​ខ្លួន​ក្នុង​អំពើ​ប្លន់​បាន​សម្រេច៖ «ជន​បី​នាក់​ហ្នឹង ឲ្យ​ម្នាក់​ចូល​ដៃ​ទទេ ដល់​ទី​ពីរ​បាន​ប្រើប្រាស់​អាវុធ ជន​ទី​បី អ្នក​មើល​ផ្លូវ ចូល​ទៅ​បាញ់ ហើយ​រុករើ​ក្នុង​ផ្ទះ ហើយ​ម្ចាស់​ផ្ទះ​គាត់​ភ័យ​ពេក​គាត់​បាន​បោះ​កាបូប​លុយ​ចំនួន ៣​ពាន់ ៥០០​ដុល្លារ ចូល​ព្រៃ​ចន្ទី វា​រក​ក្នុង​ផ្ទះ​រក​អត់​ឃើញ ដល់​អ៊ីចឹង​មក​វិញ​វា​អត់​មាន​អ្វី​វា​វាយ​ផ្ដួល​ម៉ូតូ​កម្ទេច​ចាន​ឆ្នាំង ហើយ​វា​បាញ់ ៤​គ្រាប់​ចំ​កង់​ឡាន​ដឹក​ដំឡូង នៅ​ក្នុង​ផ្ទះ​មាន​សំបក​គ្រាប់​នៅ​ហ្នឹង»

ក្រុម​ចោរ​ទាំង​បី​នាក់​មាន​ឈ្មោះ សៀន ភឿន អាយុ ២៧​ឆ្នាំ ឈ្មោះ លី គឹមហុង អាយុ ២៤​ឆ្នាំ និង​ឈ្មោះ សៀន ជាង អាយុ ៣៥​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។