អាជ្ញាធរ​រតនគិរី​បិទ​ផ្លូវ​ជម្លៀស​មនុស្ស​ដើម្បី​កម្ទេច​គ្រាប់​បែក​បេ៥២

អាជ្ញាធរ​ស្រុក​កូនមុំ ខេត្ត​រតនគិរី បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ ៣០​គ្រួសារ ចាក​ចេញ​ចម្ងាយ​ជាង ៥០០​ម៉ែត្រ ជុំវិញ​កន្លែង​ដុត​បំផ្លាញ​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម។

អង្គភាព​កម្ចាត់​គ្រាប់​មីន​ស៊ីម៉ាក់ (CMAC) នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ បាន​រៀប​ចំ​បំផ្លាញ​គ្រាប់​បែក​ប្រភេទ​បេ៥២ (B52) មួយ​គ្រាប់ ដែល​កប់​ក្នុង​ដី ហើយ​ត្រូវ​បាន​អ្នក​បញ្ជា​គ្រឿងចក្រ​កាយ​ដី​រក​ឃើញ​នៅ​ជើង​ភ្នំ​កូនមុំ ជាប់​ផ្លូវ​ជាតិ​លេខ​៧៨អា ក្នុង​ឃុំ​ត្រពាំងច្រែស កាល​ពី​ដើម​ខែ​កុម្ភៈ។

អធិការ​ប៉ូលិស​ស្រុក​កូនមុំ លោក ភោគ បូរិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា គ្រាប់​បេ៥២ នេះ​មាន​ទំហំ​មុខ​កាត់​ប្រមាណ ២០ ទៅ ៣០​សង់ទីម៉ែត្រ បណ្តោយ​ប្រវែង​ប្រហែល​ជាង ១​ម៉ែត្រ កប់​ជ្រៅ​ទៅ​ក្នុង​ដី​ប្រមាណ ១​ម៉ែត្រ​កន្លះ បន្សល់​តាំង​ពី​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧០៖ «ពេល​បំផ្ទុះ​ហ្នឹង វា​អាច​ប៉ះពាល់​ចម្ងាយ​ស្មើ​នឹង ៥០០​ម៉ែត្រ​ជុំវិញ។ ប្រជាពលរដ្ឋ​នៅ​ភូមិ​ចាម សុទ្ធតែ​ប៉ះ​ហើយ ប៉ុន្តែ​យើង​បាន​ទៅ​ប្រាប់​គាត់​ឲ្យ​គាត់​ងាក​ចាក​ចេញ​មួយ​រយៈ​ខ្លី​បំផុត ដើម្បី​បំផ្ទុះ។ តាំង​ពី​សត្វ​ពាហនៈ តាំង​ពី​មនុស្ស​ឆ្លង​កាត់»

មន្ត្រី​ប៉ូលិស​ដដែល​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​អាច​វិល​ទៅ​លំនៅឋាន​វិញ ក្រោយ​ពី​ការ​បំផ្ទុះ​គ្រាប់​រួច​រាល់​នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។