ក្រុមសមត្ថកិច្ចប៉ូលិសខេត្តរតនគិរី បានធ្វើយុទ្ធនាការត្រួតពិនិត្យជនអន្តោប្រវេសន៍នៅការដ្ឋានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ហ័ង អាញ់ លំផាត់ (Horng Ann Lumphat) ដើម្បីស្វែងរកពលករបរទេសខុសច្បាប់។
ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានជនជាតិវៀតណាម និងខ្មែរក្រោមជាង ៦០នាក់ ត្រូវបានបញ្ជូនពីប្រទេសវៀតណាម មកធ្វើការនៅក្រុមហ៊ុននេះក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។
តើប្រតិបត្តិការនេះទទួលបានលទ្ធផលយ៉ាងណាខ្លះ?
ក្រុមប៉ូលិស ៦នាក់ ដឹកនាំដោយស្នងការរងប៉ូលិសខេត្ត គឺលោក ជា ប៊ុនធឿន បានធ្វើដំណើរទៅដល់ការដ្ឋានចម្ការដូងប្រេង និងចម្ការកៅស៊ូរបស់ក្រុមហ៊ុន កាលពីថ្ងៃទី៩ ខែតុលា ក៏ប៉ុន្តែកម្មករខ្មែរនៅតំបន់នោះរាយការណ៍ថា ពលករអន្តោប្រវេសន៍វៀតណាម ខ្លះរត់គេចពីអគារចម្អិនអាហារ ខ្លះរត់ចេញពីអគារស្នាក់នៅ និងខ្លះទៀតកំពុងធ្វើការនៅតាមចម្ការ បានគេចខ្លួនខណៈដឹងថា សមត្ថកិច្ចប៉ូលិសចូលទៅត្រួតពិនិត្យនៅតំបន់នោះ៖ «ពួកកម្ពុជាក្រោមនៅផ្ទះមិនទាន់ចេញទៅធ្វើការទេ ដល់ឡានចូលពីត្បូងនៅសល់ វារត់ទៅជើងផ្ទះចុះទៅក្នុងអូរទាំងអស់។ បាទ! ប្រហែលកុងត្រូលគេប្រាប់មុន នៅសល់អ្នកដាំបាយគេរត់ទៅប្រាប់ បានរត់ក្រោយគេ»។
ចាប់ពីក្រោយបុណ្យភ្ជុំបិណ្ឌ កម្មករខ្មែរបម្រើការនៅការដ្ឋានទី៣ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ រាយការណ៍ថា រថយន្តចំនួនពីរគ្រឿងបានដឹកជញ្ជូនពលករសញ្ជាតិវៀតណាម ចូលមកការដ្ឋាននេះចំនួនពីរលើកផ្សេងគ្នា ក្នុងនោះមានពលករជនជាតិខ្មែរក្រោមជាង ៣០នាក់ និងជនជាតិវៀតណាម ជាង ៣០នាក់ឲ្យមកធ្វើការជាអ្នកកាត់ស្មៅនៅតាមគល់ដូងប្រេង។
ស្នងការរងប៉ូលិស លោក ជា ប៊ុនធឿន មានប្រសាសន៍ថា ការត្រួតពិនិត្យនៅការដ្ឋានទាំងបួនរបស់ក្រុមហ៊ុន រកឃើញពលករអន្តោប្រវេសន៍វៀតណាម ចំនួន ២២នាក់ គឺជាពលករអន្តោប្រវេសន៍មានលិខិតស្នាមត្រឹមត្រូវ។ លោកទទួលស្គាល់ថា មានព័ត៌មានពីពលករខ្មែរនៅទីនោះស្ដីពីការរត់លាក់ខ្លួនរបស់ពលករបរទេសខុសច្បាប់ ក៏ប៉ុន្តែប៉ូលិសមិនមានលទ្ធភាពស្វែងរកពួកគេឃើញឡើយ៖ «២២នាក់ហ្នឹង គឺយើងបានត្រួតពិនិត្យទៅលើឯកសារផ្សេងៗ គឺលិខិតឆ្លងដែន វីសា (Visa) ស្នាក់នៅ ប័ណ្ណការងារ គេមានគ្រប់ចំនួន។ អ៊ីចឹងចំនួនហាហុកសិបនាក់យើងរកអត់ឃើញទេ។ ម្សិលមិញខ្ញុំបានធ្វើការជាមួយតំណាងក្រុមហ៊ុន ថាសុំឲ្យក្រុមហ៊ុនហ្នឹង គឺអនុវត្តឲ្យត្រឹមត្រូវទៅតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ការងារ បើសិនយើងរកឃើញនាំចូលពលករបរទេសដោយខុសច្បាប់ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។ ក្នុងករណីមិនរាងចាល យើងនឹងបញ្ជូនសំណុំរឿងទៅតុលាការ»។
ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ ធ្វើអាជីវកម្មដំណាំកសិឧស្សាហកម្មបន្តលើអាជ្ញាប័ណ្ណសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ (Daun Penh Agrico) លើផ្ទៃដីប្រមាណ ៨ពាន់ហិកតារក្នុងដែនជម្រកសត្វព្រៃលំផាត់។ របាយការណ៍របស់ប៉ូលិសអន្តោប្រវេសន៍ខេត្តរតនគិរី ឲ្យដឹងថា បច្ចុប្បន្នមានកម្មករខ្មែរជាង ៧០០នាក់ និងពលករវៀតណាម ជាង ២០នាក់ កំពុងបម្រើការនៅការដ្ឋានទាំងបួនរបស់ក្រុមហ៊ុននេះ។
ផ្ទុយពីការលើកឡើង កម្មករខ្មែរបម្រើការឲ្យក្រុមហ៊ុននេះឲ្យដឹងថា ពលករបរទេសត្រូវគេដឹកជញ្ជូនពីប្រទេសវៀតណាម ផ្លាស់ប្ដូរគ្នាមកធ្វើជាកម្មករនៅចម្ការដូងប្រេង និងចម្ការកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម មួយនេះរាប់រយនាក់។ ចំណែកកម្មករខ្មែរចំណាកស្រុកពីបណ្ដាខេត្ត ត្រូវបានក្រុមហ៊ុនផ្តល់អាទិភាពធ្វើការងារតិចតួច និងប្រាក់ឈ្នួលទាប រួមទាំងឧបត្ថម្ភកន្លែងស្នាក់មិនសមរម្យ ប្រៀបធៀបជាមួយពលករបរទេសនោះឡើយ។ កម្មករខ្មែរដដែលឲ្យដឹងទៀតថា ក្រុមហ៊ុនសម្បទាននេះបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកផ្លូវចេញចូលការដ្ឋានក្រុមហ៊ុន។ ហេតុនេះ សន្តិសុខយាមច្រកផ្លូវផ្តល់ដំណឹងមុនពេលក្រុមសមត្ថកិច្ចចូលទៅកាន់ការដ្ឋាននោះ៖ «បើចង់ច្បាស់ល្ងាចមក ពេលគេចូលដេកផ្ទះមកចាំមើលរត់ទៅណា? ឃាត់ជាប់ទាំងអស់។ ខ្ញុំមិនដែលចេះទៅនិយាយបង្ខូចបង្កាច់គេទេ។ ឥឡូវខ្មែរនៅមួយក្រុមជាង ១០នាក់ អត់បានធ្វើការទៀត គេអត់ឲ្យធ្វើគេថាធ្វើការមិនល្អ។ គេយកវៀតណាម គេដើរជាមួយរហូត គឺថាអត់ឲ្យយើងនិយាយស្អី»។
ទាក់ទិនករណីនេះ មន្ត្រីប៉ូលិសដដែលកត់សម្គាល់ថា ទំនងសេចក្តីរាយការណ៍របស់កម្មករខ្មែរជាចំណុចវិជ្ជមាន ពីព្រោះផ្ទៃដីចម្ការដូងប្រេង និងចម្ការកៅស៊ូរបស់ក្រុមហ៊ុន មានទំហំធំអំណោយផលឲ្យពលករអន្តោប្រវេសន៍ខុសច្បាប់ អាចលាក់ខ្លួនពេលសមត្ថកិច្ចទៅដល់។ លោកថា វាជាចេតនាលាក់បំពួនអន្តោប្រវេសន៍ខុសច្បាប់ ប្រសិនសមត្ថកិច្ចស្រាវជ្រាវរកឃើញជាក់ស្តែង។ ករណីនេះ អ្នកទទួលខុសត្រូវក្រុមហ៊ុន ត្រូវប្រឈមមុខនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍៖ «ទម្រាំយើងរកច្រកចូល យើងសួរកម្មករអ្នកនេះអ្នកនោះផង ទម្រាំរកឃើញ។ បើសិនមានការខុសច្បាប់មែននោះ យើងគិតថាប្រហែលជាដំណើរយើងចូលទៅដល់ គាត់គេច ប៉ុន្តែខ្ញុំជឿថាគាត់គេចម្តងនេះរួច ប៉ុន្តែមិនអាចគេចរហូតបានទេ»។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តរតនគិរី ឲ្យដឹងដែរថា ការនាំចូលពលករបរទេសមកធ្វើការនៅក្រុមហ៊ុនវៀតណាម នេះមិនមែនមានជាលើកដំបូងនោះទេ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ មានពលករវៀតណាម ជាច្រើនក្រុមត្រូវបានគេនាំចូលមកធ្វើការនៅតាមបណ្ដាក្រុមហ៊ុនសម្បទានផ្សេងទៀតនៅក្នុងខេត្តនេះដូចគ្នា តាមរថយន្តដឹកអ្នកដំណើរពីប្រទេសវៀតណាម ផ្ទាល់មកកាន់ការដ្ឋានចម្ការកៅស៊ូក្រុមហ៊ុនវៀតណាម នៅខេត្តរតនគិរី។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា ពលករវៀតណាម មួយចំនួនប្រើប្រាស់លិខិតឆ្លងដែនទេសចរណ៍មកកាន់ខេត្តរតនគិរី ប៉ុន្តែពួកគេបានចូលទៅធ្វើការនៅតាមការដ្ឋានចម្ការកៅស៊ូក្រុមហ៊ុនវៀតណាម ដោយមិនមានការត្រួតពិនិត្យ និងរាយការណ៍ពីការស្នាក់នៅរបស់ជនបរទេសវៀតណាម ទាំងនោះទេ។ លោកថា ប្រតិបត្តិការស្វែងរកអន្តោប្រវេសន៍នាពេលនេះ គ្រាន់តែជាចំណុចចាប់ផ្ដើមនៃការអនុវត្តច្បាប់អន្តោប្រវេសន៍ដែលមានភាពធូររលុងច្រើនឆ្នាំមកហើយ៖ «ការអនុវត្តរបស់សមត្ថកិច្ច ពិបាកនឹងទទួលបានលទ្ធផលណាស់ ដោយសារកម្លាំងសមត្ថកិច្ចមានគ្នាតិចតួច មិនគ្រប់គ្រាន់ក្នុងការចុះទៅប្រតិបត្តិការនៅក្នុងក្រុមហ៊ុនមួយៗ។ សំណូមពរធ្វើយ៉ាងណាឲ្យមានការចូលរួមជាកម្លាំងសហការចម្រុះច្រើន អាចមានទាំងសង្គមស៊ីវិលក៏ជាការប្រសើរ ព្រោះយើងតែងតែទទួលសេចក្តីរាយការណ៍ពីប្រជាសហគមន៍រស់នៅកៀកក្រុមហ៊ុនបំផុតហ្នឹងចំពោះកម្មករជនជាតិវៀតណាម ដែលគាត់ចូលមកធ្វើការតាមរយៈប្រើលិខិតឆ្លងដែនទេសចរណ៍ ជាដើម»។
អគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដាក់ចេញផែនការត្រួតពិនិត្យអន្តោប្រវេសន៍នៅតាមបណ្ដាខេត្តក្រុងចាប់តាំងពីខែសីហា រហូតបច្ចុប្បន្នមានរយៈពេលបីខែហើយ។ នៅខេត្តរតនគិរី សមត្ថកិច្ចបានរកឃើញពលករអន្តោប្រវេសន៍ខុសច្បាប់ ៣២នាក់ មានលិខិតឆ្លងដែន ប៉ុន្តែគ្មានប័ណ្ណការងារ។ តាមច្បាប់ស្ដីពីអន្តោប្រវេសន៍ ពួកគេត្រូវរងការពិន័យអន្តរការណ៍ ៥០ម៉ឺនរៀល និងតម្រូវឲ្យពួកគេទៅបំពេញបែបបទជាពលករបរទេសស្របច្បាប់នៅប្រទេសកម្ពុជា រហូតដល់បំណាច់ឆ្នាំ២០១៤។ ដោយឡែកជនអន្តោប្រវេសន៍ខុសច្បាប់ ៣៤នាក់ គ្មានលិខិតស្នាម ត្រូវបានចាប់បញ្ជូនទៅឲ្យអាជ្ញាធរវៀតណាម វិញកាលពីខែកញ្ញា កន្លងទៅ។
តួលេខបណ្ដោះអាសន្នរបស់ការិយាល័យអន្តោប្រវេសន៍ប៉ូលិសខេត្តរតនគិរី មានពលករវៀតណាម ប្រមាណ ៤០០នាក់ កំពុងរស់នៅតាមបណ្ដាក្រុមហ៊ុនសម្បទានក្នុងខេត្តនេះ។ ក្នុងនោះ ពលករមានលិខិតស្នាមស្របច្បាប់ប្រមាណ ៣០០នាក់។ យ៉ាងនេះក្តី ស្នងការរងប៉ូលិស លោក ជា ប៊ុនធឿន អះអាងថា យុទ្ធនាការស្វែងរកអន្តោប្រវេសន៍ខុសច្បាប់នៅបន្តធ្វើជាអចិន្ត្រៃយ៍ ដើម្បីលុបបំបាត់ការហូរចូលអន្តោប្រវេសន៍ខុសច្បាប់នៅខេត្តដាច់ស្រយាលមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
