អ្នកវិភាគអាជីវកម្មបានអះអាងនៅថ្ងៃទី៦ កញ្ញា ថា រយៈពេលនៃការដោះស្រាយភាពជាប់គាំងនយោបាយ គឺអាស្រ័យលើឆន្ទៈរបស់អ្នកដឹកនាំនយោបាយ ហើយមិនមែនអាស្រ័យលើពាណិជ្ជករនោះទេ។
អ្នកវិភាគអាជីវកម្ម លោក ឌិន វីរៈ មានប្រសាសន៍នៅថ្ងៃទី៦ កញ្ញា ថា អ្នកវិនិយោគទុនទាំងអស់តែងចង់បានស្ថិរភាពនយោបាយ។ ប៉ុន្តែ ស្ថិរភាពនយោបាយមិនមែនជាការកំណត់របស់អ្នកវិនិយោគទុននោះទេ គឺអាស្រ័យលើឆន្ទៈរបស់អ្នកនយោបាយជាអ្នកកំណត់។ លោកបន្តថា បញ្ហានយោបាយ គឺជាល្បែងមួយដែលពិបាកនឹងស្មានដឹងថា លេងឆាប់ចប់ ឬយ៉ាងណានោះ។
លោក ឌិន វីរៈ មានប្រសាសន៍បន្ថែមថា បើឈរលើមូលដ្ឋានស្រឡាញ់ជាតិ គ្រួសារ និងកំណើនសេដ្ឋកិច្ចជាតិ ភាពជាប់គាំងនយោបាយនឹងអាចដោះស្រាយនៅពេលដ៏ខ្លីខាងមុខ។
ការអះអាងនេះ គឺផ្ទុយពីការស្ទង់មតិរបស់ស្ថាប័នស្រាវជ្រាវ អ៊ិនឌូឆៃណា (Indochina Research) ដែលបានរកឃើញថា ក្រុមអាជីវករបរទេសបានបាត់បង់ទំនុកចិត្តលើអ្នកនយោបាយ ក្នុងការដោះស្រាយភាពតានតឹងបានឆាប់រហ័សនៅស្ថានការណ៍ក្រោយការបោះឆ្នោត។
ការស្ទង់មតិស្ថាប័នស្រាវជ្រាវ អ៊ិនឌូឆៃណា បានបង្ហាញថា ពាណិជ្ជករបរទេសដែលវិនិយោគសហគ្រាសនានានៅកម្ពុជា បានបាត់បង់ទំនុកចិត្តប្រមាណ ៥០% នៅកំឡុងស្ថានការណ៍ក្រោយការបោះឆ្នោត បន្ទាប់ពីស្ថាប័នដដែលបានធ្វើការស្ទង់មតិពីរផ្សេងគ្នាទៅលើពាណិជ្ជករបរទេស គឺស្ទង់មតិមុនពេលបោះឆ្នោត និងក្រោយការបោះឆ្នោត។
ក្រុមអាជីវករបរទេសប្រមាណ ៩៨% បានអះអាងមុនពេលបោះឆ្នោតថា ភាពតានតឹងផ្នែកនយោបាយអាចជាប់គាំងប្រមាណតែមួយខែប៉ុណ្ណោះ។ ប៉ុន្តែ បន្ទាប់ពីបោះឆ្នោតហើយ អត្រានេះបានថយចុះមកត្រឹម ៤៧%។
ស្ថាប័នស្រាវជ្រាវបានសម្ភាសជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ និងតំណាងក្រុមហ៊ុនសំខាន់ៗនានា បានអះអាងថា ភាពតានតឹងនយោបាយនៅកម្ពុជា អាចដោះស្រាយបាននៅក្នុងរយៈពេល ៦ខែ ទៅមួយឆ្នាំ។ ក្រុមអាជីវករអ្នកផ្ដល់បទសម្ភាសន៍ភាគច្រើន មិនគិតថាភាពជាប់គាំងនយោបាយនេះអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា រយៈពេលវែងនោះទេ។
ប្រធានស្ដីទីសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា លោក ស្រី ចន្ធី មានប្រសាសន៍ថា ក្រុមអាជីវករថ្នាក់ខ្ពស់នោះប្រាកដជាមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីវាយតម្លៃថា រយៈពេលមួយឆ្នាំនេះអាចដោះស្រាយបញ្ហានានា ដែលកើតឡើងពីកលិយុគនយោបាយ។ មូលដ្ឋានទាំងនោះរួមមាន បទពិសោធន៍របស់កម្ពុជា កន្លងមក និងបទពិសោធន៍របស់ប្រទេសនានាលើពិភពលោក។
លោក ស្រី ចន្ធី មានប្រសាសន៍បន្ថែមថា ភាពជាក់លាក់នៃការស្ទង់មតិ គឺអាស្រ័យលើវិធីសាស្ត្រ និងសំណួររបស់ស្ថាប័នដែលធ្វើការស្ទង់មតិ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកគ្រប់គ្រងស្ថាប័នស្រាវជ្រាវ អ៊ិនឌូឆៃណា បានទេ នៅថ្ងៃទី៦ កញ្ញា។
ប៉ុន្តែ អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចបានអះអាងថា ការស្ទង់មតិនេះអាចជាការប្រមូលទស្សនៈរបស់ក្រុមអាជីវករទាំងនោះ ឬជាការប្រមូលការយល់ ឬការមើលឃើញរបស់គេ។ ប៉ុន្តែ ការឆ្លើយតបទាំងនោះ គឺមិនឆ្លុះបញ្ចាំងការពិត ព្រោះក្រុមអាជីវករមួយចំនួនមិនមានទស្សនៈវិស័យវែងឆ្ងាយ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
