អត្ថប្រយោជន៍​នៃ​ការ​អាន​សៀវភៅ កាសែត ទស្សនាវដី្ត

0:00 / 0:00

ការ​អាន​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សិក្សា និង​អប់រំ ដើម្បី​ពង្រីក​ចំណេះ​ដឹង​ផ្សេងៗ ការ​ស្រាវជ្រាវ ការ​ទទួល​នូវ​គំនិត​ថ្មីៗ។ ការ​សាកសួរ​ទៅ​អ្នក​និយម​អាន​សៀវភៅ កាសែត ទស្សនាវដី្ត និង​អ្នក​លក់​សៀវភៅ បាន​ផ្តល់​នូវ​គំនិត​ខុសៗ​គ្នា​ក្នុង​ការ​ជ្រើស​រើស​អត្ថបទ​សម្រាប់​អាន។

ចំណេះ​ដឹង​កើត​ចេញ​អំពី​ការ​អាន។ វា​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ចំពោះ​អ្នក​អាន​នូវ​ជម្រើស​ការងារ មុខ​របរ អាជីវកម្ម ដំណឹង​សុខ​ទុក្ខ ព័ត៌មាន​ប្លែកៗ​ពី​បច្ចេកវិទ្យា ប្រវត្តិសាស្ត្រ ដំណើរ​កម្សាន្ត ដំណោះស្រាយ​ផ្សេងៗ ជាដើម។

ពលរដ្ឋ​មួយ​រូប​ចូល​រក​ទិញ​សៀវភៅ​គំនិត​ប្លែកៗ ពី​តូប​លក់​សៀវភៅ​ចម្រុះ​មួយ​នៅ​មុខ​សាលា​បឋម​សិក្សា​ភ្នំ​ដូនពេញ លោក សំ វុទ្ធា ថ្លែង​ថា គាត់​ចូល​ចិត្ត​អាន​សៀវភៅ​ដែល​ផ្តល់​នូវ​ដំណោះស្រាយ​ជីវិត សៀវភៅ​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​អ្វី​ប្លែកៗ​នៅ​ក្នុង​ពិភពលោក សៀវភៅ​ប្រវត្តិសាស្ត្រ ជាដើម ព្រោះ​ការ​អាន​នោះ បាន​ធ្វើ​ឲ្យ​អារម្មណ៍​ស្មុគស្មាញ​របស់​គាត់​បាន​ធូរ​ស្បើយ ជាង​គាត់​អង្គុយ​មើល​ទូរទស្សន៍​ដែល​មិន​សូវ​ផ្តល់​គំនិត និង​ធ្វើ​ឲ្យ​គាត់​ឈឺ​ក្បាល​ជាង​ការ​អាន​សៀវភៅ។

លោក សំ វុទ្ធា៖ «ចំណេញ​ទី​១ វា​ដូចជា​រសាយ​អារម្មណ៍​ដែរ នៅ​ពេល​ដែល​ស្ងាត់ ទៅ​អង្គុយ​អាន​តែ​សៀវភៅ​ម្នាក់​ឯង​អ៊ីចឹង​ទៅ។ ពេល​ខ្លះ​យើង​មើល​ទូរទស្សន៍​រាង​ដូច​ឈឺ​ក្បាល​ជាង ហើយ​ដល់​អ៊ីចឹង ខ្ញុំ​ទុក​ពេល​វេលា​ហ្នឹង ពេល​ខ្លះ​ទៅ​មក​អង្គុយ​អាន​សៀវភៅ បើ​និយាយ​ទៅ អប់រំ​នៅ​ក្នុង​ផ្លូវ​ជីវិត ដូចជា​ក្នុង​ភាព​ជោគជ័យ​នៃ​ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ ខ្សែ​ជីវិត​មនុស្ស​យើង​ម្នាក់ៗ ជួប​បញ្ហា​អ្វី​ខ្លះ។ ដូចជា រឿង​ខ្លះ​យើង​ចង់​បង្កើត​មុខ​របរ យើង​កំពុង​តែ​ធ្វើ ពេល​ខ្លះ​ទៅ​យើង​មើល​សៀវភៅ​ទៅ​ជួប យើង​បាន​ជា​គំនិត​មួយ គួរ​ឲ្យ​យើង​ពិចារណា​ដែរ ធ្វើ​តាម​វិធីសាស្ត្រ​ហ្នឹង​ល្អ​ច្រើន។ ហើយ​ម្យ៉ាង​ទៀត ភាព​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម​ក្តី មុខ​របរ​ក្តី គឺ​វា​បង្កប់​នៅ​ក្នុង​ការ​អាន​នេះ និង​ការ​ស្រាវជ្រាវ​នេះ»

លោក សំ វុទ្ធា បន្ត​ថា គំនិត​នៃ​ការ​ស្រាវជ្រាវ​វា​មិន​មែន​សុទ្ធ​តែ​នៅ​លើ​បទពិសោធន៍​តែ​មួយ​មុខ​ទេ ជួន​កាល​វា​ឲ្យ​ផល​វិជ្ជមាន​ពី​ការ​អាន​នេះ​ដែរ។ លោក​ថា គំនិត​បាន​ពី​ការ​អាន​នៅ​បណ្ណាល័យ ហ្វេសប៊ុក ទំព័រ​សារព័ត៌មាន​ជាតិ អន្តរជាតិ កាសែត ឬ​ទស្សនាវដី្ត ជាពិសេស យោបល់​ពី​ចាស់​ទុំ​ជំនាន់​មុន ជាដើម បាន​ផ្តល់​នូវ​ភាព​ជោគជ័យ​ជាច្រើន៖ «ពេល​ខ្លះ យើង​ធ្លាប់​ជួប​ដែរ គេ​សួរ​មក​អ៊ីចឹង​ឆ្ងល់​ដែរ ឆ្ងល់​ខ្លួន​ឯង​អត់​ដឹង​ដែរ ដើរ​រក​ដែរ។ ដើរ​រក​ឯកសារ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ចម្ងល់​របស់​យើង។ រហូត​ដល់​មិន​តែ​អាន​អ៊ីចឹង​ទេ ពេល​ខ្លះ​ខ្ញុំ​មើល​តាំង​ពី​កំណាព្យ​កាព្យ​ឃ្លោង​អី ទឹក​ដៃ​អ្នក​និពន្ធ​អី​ផ្សេងៗ ចេះ​តែ​មើល​ទៅ យើង​មិន​ដឹង​ថា យើង​ដឹង​រឿង​អី​ពិត​ប្រាកដ​ទេ​ពេល​ខ្លះ។ ... អ្នក​និពន្ធ​ដែល​ខ្ញុំ​អាន​ទឹក​ដៃ​គាត់ គឺ​លោក គឹម ចាន់ណា ភាគ​ច្រើន ព្រោះ លោក គឹម ចាន់ណា ទី​១ ខ្ញុំ​ស្រឡាញ់​អក្ខរាវិរុទ្ធ​ឃ្លាឃ្លោង​របស់​គាត់ សរសេរ​ស្តាប់​បាន ហើយ​វា​អត់​សូវ​ចេះ​ខុស​ទេ»

លោក​បន្ត​ថា ទន្ទឹម​នឹង​សារប្រយោជន៍ ក៏​មាន​គុណ​វិបត្តិ​ខ្លះៗ​ដែរ ដូចជា ការ​បោះពុម្ព​អត្ថបទ​ផ្សាយ​ជា​សាធារណៈ​មួយ​ចំនួន ខ្វះ​បច្ចេកទេស​នៃ​ការ​សរសេរ មាន​កំហុស​អក្ខរាវិរុទ្ធ​ច្រើន​ពេក ក៏​ជា​ការ​បន្ទច់បង្អាក់​ដល់​អារម្មណ៍​អ្នក​អាន​ដែរ។ មួយ​វិញ​ទៀត អ្នក​សរសេរ​បាន​បញ្ចូល​អារម្មណ៍​របស់​ខ្លួន ដូចជា ជេរ ឬ​ដៀលត្មះ​អ្នក​ដទៃ​ដោយ​ពុំ​មាន​មូលដ្ឋាន​ច្បាស់​លាស់ ក៏​ជា​ដើម​ចម​នៃ​ការ​មិន​ចង់​អាន​ដែរ៖ «អ្នក​និពន្ធ​ខ្លះ​គាត់​សរសេរ​ត្រូវ ប៉ុន្តែ​ប្រហែល​ជា​អ្នក​វាយ​អក្ខរាវិរុទ្ធ​អ្នក​វាយ​កុំព្យូទ័រ មាន​អ្នក​កែ​មាន​អ្នក​សរសេរ ប៉ុន្តែ​អក្ខរាវិរុទ្ធ​ខ្លះ​អត់​ត្រូវ មើល​ទៅ​ខុស​ទទេ ដូច​យើង​ថា គោរព​វិញ្ញាណក្ខន្ធ ជួន​កាល​លេង "ណ" ចុង​ក្រោយ​ហើយ​មាន " ័ " ទៀត​ក៏​មាន​ដែរ។ អា​ហ្នឹង​ដោយសារ​អី "shift" ឃើញ​ទេ ហើយ​ដល់​អ្នក​និពន្ធ​គាត់​អត់​បាន​មើល​ឡើង​វិញ ពេល​ខ្លះ​ខុស​អក្ខរាវិរុទ្ធ​ច្រើន។ សម្រាប់​ខ្ញុំ អាន​តែ​ឃើញ​ខុស​អក្ខរាវិរុទ្ធ​ច្រើន​ពេក ពេល​ខ្លះ​ធុញ​ដែរ បោះ​សៀវភៅ​ហ្នឹង​ចោល​សិន​ទៅ​កៀន​ជញ្ជាំង ហើយ​លែង​ចង់​មើលៗ​លែង​យល់​ពេល​ខ្លះ​វា​បាត់​ពាក្យ ពិសេស​ឈ្នាប់។ ឈ្នាប់​ជួន​កាល​អ្នក​ខ្លះ​គាត់​អត់​សូវ​ពូកែ​សរសេរ​ឈ្នាប់ សរសេរ​ធ្នាក់​វា​អ៊ីចឹង​ណា៎។ ដល់​អ៊ីចឹង​មើល​ទៅ​លែង​ពីរោះ»

ចំណែក​ស្ត្រី​មេផ្ទះ​មួយ​រូប​កំពុង​រៀបចំ​ធ្វើ​ម្ហូប​ផង អាន​ទស្សនាវដី្ត​ផង លោកស្រី ស៊ី ថង ថ្លែង​ថា គាត់​មិន​សូវ​ចូល​ចិត្ត​អាន និង​មើល​រឿង​អី​ដែល​តានតឹង​ក្នុង​អារម្មណ៍​ទេ។ គាត់​អាន​តែ​សៀវភៅ​ណា​ដែល​និទាន​រឿង​ដល់​កុមារ និង​មើល​ទស្សនាវដី្ត​ដែល​មាន​រូបថត​តារា​ស្អាតៗ ហើយ​ក៏​រៀន​ធ្វើ​ម្ហូប​តាម​ទស្សនាវដី្ត​សរសេរ​ដែរ។ លោកស្រី​អាន និង​មើល គឺ​ធ្វើ​ឲ្យ​អារម្មណ៍​គាត់​ស្រស់​ថ្លា បន្ថយ​ភាព​តានតឹង​ក្នុង​ខ្លួន​បាន​មួយ​ចំនួន​ដែរ៖ «ខ្ញុំ​មើល​អក្សរ ខ្ញុំ​មើល​រឿងរ៉ាវ ប៉ុន្តែ​ទស្សនាវដី្ត​អី​សៀវភៅ​រឿង​សៀវភៅ​អី​និទាន​អី ខ្ញុំ​ចូល​ចិត្ត​អាន។ រឿង​និទាន​របៀប​ខ្មោច របៀប​កំប្លែង​អី​របស់​ក្មេង​តែ​ម្តង ចូល​ចិត្ត​អាន​អ៊ីចឹង។ និយាយ​ពី​នយោបាយ វា​ស្មុគស្មាញ​ខួរ​ក្បាល អត់​ចង់​មើល​តែ​ម្តង​សៀវភៅ​អ៊ីចឹង ចង់​មើល​ពី​របៀប​តែ​លំហែ​ក្នុង​ខួរ​ក្បាល»

នាយក​សាលា​បឋម​សិក្សា​ភ្នំ​ដូនពេញ លោក ឡុង ឡៃ ផ្តល់​យោបល់​ថា បណ្ណាល័យ គឺ​ជា​កន្លែង​ស្រាវជ្រាវ​ទាំង​ប្រវត្តិសាស្ត្រ ទាំង​របក​គំហើញ​ផ្សេងៗ ការ​សិក្សា​សង្គម បំណិត​ជីវិត ការ​អនុវត្ត​ជំនាញ​ផ្សេងៗ។ មូលហេតុ​នេះ កម្មវិធី​សិក្សា​នៅ​ក្នុង​សាលា​តែង​តែ​តម្រូវ​ឲ្យ​សិស្ស​ចូល​អាន​នៅ​ក្នុង​បណ្ណាល័យ ដើម្បី​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ក្នុង​មេរៀន​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ៖ «សំឡេង»

យុវជន សុខ លី បុគ្គលិក​ទីផ្សារ​របស់​បណ្ណាគារ​នគរ​ធំ អះអាង​ថា គាត់​អាន​កាសែត​ដើម្បី​ចង់​ដឹង​សុខ​ទុក្ខ​ក្រុម​គ្រួសារ​នៅ​ប្រទេស​ថៃ ក្រែង​ត្រូវ​គេ​ចាប់​បញ្ជូន​មក​វិញ​ជាមួយ​ពលករ​ខ្មែរ។ លោក​ក៏​អាន​ពី​ដំណឹង​គ្រោះថ្នាក់​ចរាចរណ៍​ដែរ ចង់​ដឹង​ពី​ចំនួន​អ្នក​ស្លាប់ របួស និង​ដំណោះស្រាយ។ លោក​បន្ត​ថា ក្រៅ​ពី​ការ​អាន លោក​បាន​យក​សៀវភៅ​ពី​បណ្ណាគារ​យក​មក​បោះ​ដុំ​ទៅ​តាម​តូប។ លោក​ថា គេ​ទទួល​ទិញ​ច្រើន ទំនង​ជា​មាន​អ្នក​ចូល​ចិត្ត​អាន​ច្រើន​នៅ​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​លោក​កត់​សម្គាល់​ថា អ្នក​អាន​ភាគ​ច្រើន​គេ​អាន​យក​តែ​ផល​ប្រយោជន៍ និង​បទពិសោធន៍​ចិញ្ចឹម​ជីវិត។ ចំណែក​សិស្ស​ដែល​មិន​ទាន់​រៀន​ចប់​វិទ្យាល័យ មិន​និយម​អាន​សៀវភៅ​ទេ ភាគ​ច្រើន​ពួក​គេ​ច្រើន​តែ​នាំ​គ្នា​ចូល​ហាង​ទំនិញ ឬ​ដើរ​លេង​កម្សាន្ត​ទៅ​វិញ។ ប្រៀប​ដូច​រូប​លោក​ផ្ទាល់​ដែរ កាល​មុន​ចូល​ធ្វើ​ការ គាត់​ក៏​មិន​សូវ​ចូល​ចិត្ត​អាន​ដែរ។ ប៉ុន្តែ នៅ​ពេល​ចង់​បាន​មុខ​ជំនាញ ទើប​ចាប់​ផ្ដើម​ស្វែងរក​ឯកសារ​នានា​មក​អាន៖ «បើ​តាម​ការ​សង្កេត​មើល​របស់​ខ្ញុំ​ទៅ ខ្ញុំ​ឃើញ​ថា បើ​ផ្នែក​ខាង​យុវវ័យ​ដូចជា​មិន​សូវ​ជា​ចូល​ចិត្ត​អាន​ប៉ុន្មាន​ទេ បើ​អ្នក​ដែល​ចេះ​អាន វ័យ​ដែល​ចេះ​ដឹង​គ្រប់គ្រាន់​ដូចជា អាយុ​ពី ២៥​ឆ្នាំ​ឡើង​ទៅ នោះ​ឃើញ​មាន​ការ​អាន​សៀវភៅ អាន​ទស្សនាវដី្ត អាន​ឯកសារ​អី​ផ្សេងៗ ដែល​គាត់​អាច​យល់​ដឹង​ហ្នឹង ឃើញ​អាន​ច្រើន​គួរសម​ឥឡូវ»

ការ​អាន​សៀវភៅ​ក្តី ទស្សនាវដី្ត​ក្តី កាសែត​ក្តី គេ​ឃើញ​មាន​អ្នក​អាន​ច្រើន​តែ​នៅ​ក្នុង​ទីប្រជុំជន។ មាន​មនុស្ស​វ័យ​កណ្ដាល និង​វ័យ​ចំណាស់​ភាគ​ច្រើន​អាន​ព័ត៌មាន និង​មើល​វីដេអូ​តាម​ហ្វេកប៊ុក។ ចំណែក​អ្នក​អាន​ព័ត៌មាន សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​បណ្ណាល័យ ឃើញ​មាន​អាន​តែ​នៅ​ក្នុង​មហាវិទ្យាល័យ​តិចតួច។ ចំណែក​កុមារ សិស្ស​សាលា​បឋម​សិក្សា គេ​អាន​សៀវភៅ​តាម​វេន​គ្រូ​ដាក់​ឲ្យ។

ក្រុម​អ្នក​ចូល​ចិត្ត​អាន​រឿងរ៉ាវ​នានា បាន​ផ្តល់​យោបល់​ថា ការ​អាន​បាន​ផ្តល់​នូវ​គំនិត​មុខ​របរ ដំណោះស្រាយ ការ​ផ្លាស់​ប្ដូរ​បច្ចេកវិទ្យា​នៅ​ក្នុង​ពិភពលោក និង​រក​ឃើញ​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ដែល​បាន​បាត់​បង់​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។