អង្គការស៊ីប៉ា (SIPAR) និងស្ថាប័នអប់រំ អិន.ធី.ស៊ី គ្រុប (NTC Group) ដែលជាស្ថាប័នមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី១៦ ខែកុម្ភៈ ចុះកិច្ចព្រមព្រៀងធ្វើយុទ្ធនាការបង្កើនការអានសៀវភៅនៅក្នុងប្រទេសកម្ពុជា។ ទោះជាការនិយមអានសៀវភៅរបស់ពលរដ្ឋកម្ពុជា នៅមានកម្រិតទាប ប៉ុន្តែស្ថាប័នទាំងនេះមើលឃើញថា ការអានហាក់មានកំណើនខ្លះដែលត្រូវរួមគ្នាបង្កើនការអានសៀវភៅ។
នាយកអង្គការស៊ីប៉ា លោក ហុក សុទ្ធិ ដែលធ្វើការផ្នែកលើកកម្ពស់ការអានសៀវភៅនៅកម្ពុជា ២៥ឆ្នាំមកហើយនោះ មានប្រសាសន៍នៅក្នុងពិធីចាប់ដៃគូធ្វើយុទ្ធនាការអំណានជាមួយស្ថាប័នអប់រំ អិន.ធី.ស៊ី គ្រុប ថា ពលរដ្ឋកម្ពុជា បានប្រឈមនឹងភាពមិនចេះអក្សរ ដោយសារតែការមិននិយម ឬទម្លាប់អានសៀវភៅ។ អ្នកដែលចេះអានខ្លះ បានភ្លេចទៅវិញ ព្រោះមិនមានសៀវភៅអាន ឬគ្មានបណ្ណាល័យ។
លោក ហុក សុទ្ធិ ថ្លែងថា ការចាប់ផ្ដើមសហការជាមួយស្ថាប័នអប់រំ អិន.ធី.ស៊ី គ្រុប ដែលស្ថាប័នអប់រំឯកជននេះ ព្រោះតែឪពុកម្ដាយសិស្សកំពុងផ្ដោតការចាប់អារម្មណ៍បញ្ជូនកូនមកទទួលការអប់រំពីស្ថាប័នឯកជននេះកាន់តែច្រើន៖ «គឺជាការចាប់ផ្ដើមមួយ ដែលយើងត្រូវធ្វើមិនមែនតែត្រឹមនេះ គឺទៅមុខទៀតជាមួយសាលាដទៃ ពីព្រោះនេះជាចំណុចមួយសំខាន់ដើម្បីធ្វើយ៉ាងណាឲ្យការអានហ្នឹងមានការផ្សព្វផ្សាយ...»។
លោកក៏សង្កេតឃើញដែរថា ការនិយមអានសៀវភៅនៅពេលនេះហាក់មានចំនួនកើនឡើង ហើយការចាប់ដៃគូជាមួយស្ថាប័នអប់រំឯកជន ក៏ជាទិសដៅរួមមួយសម្រាប់លើកកម្ពស់ការអានរបស់សិស្សនិស្សិត៖ «»។
អង្គការស៊ីប៉ា ធ្វើការផ្នែកលើកកម្ពស់អំណាន ឬការអាន តាមរយៈការបោះពុម្ពសៀវភៅ និងបង្កើតបណ្ណាល័យ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋ មានក្រសួងអប់រំ និងក្រសួងមហាផ្ទៃ។ កិច្ចសហការជាមួយស្ថាប័នអប់រំ អិន.ធី.ស៊ី គ្រុប ពេលនេះ គឺមានសាលារៀនឯកជនចំនួនប្រាំ គឺសាលាសុវណ្ណភូមិ សាលាប៊្រីជតុន សាលាញូតុន ធីឡាយ សាលា East-west និងសាលាអាមេរិកាំងប៉ាស៊ីហ្វិក។
ទន្ទឹមគ្នានេះ នាយកប្រតិបត្តិស្ថាប័នអប់រំ អិន.ធី.ស៊ី គ្រុប លោក ឃឹម ផុន មានប្រសាសន៍ថា ការលើកកម្ពស់អំណាន ឬការអាននេះ គឺជាផ្នែកមួយនៃការអប់រំរបស់សិស្ស៖ «សម្រាប់ខាងខ្ញុំ ខាងសាលា ក៏យើងគិតថា ដរាបណាយើងមានការអានហ្នឹងកាន់តែខ្លាំងទៅ សិស្សរបស់យើងក៏គាត់អាចយកចំណេះដឹង យកបទពិសោធន៍ពីអ្វីដែលគាត់អានហ្នឹងទៅប្រើប្រាស់ក្នុងការសិក្សារបស់គាត់បានដែរ»។
និស្សិតផ្នែកសារព័ត៌មាន និងទូរគមនាគមន៍ នៃសកលវិទ្យាល័យកម្ពុជា មួយរូប គឺកញ្ញា ជួប ច័ន្ទផូផាណែត យល់ឃើញថា កត្តាមួយធ្វើឲ្យសិស្សនិស្សិតលែងសូវអានសៀវភៅ មកពីការខ្វះខាតសៀវភៅសម្រាប់អានបណ្ណាល័យសាធារណៈតិច៖ «បណ្ណាល័យនៅសាលាខ្ញុំជួនកាលក៏អត់មានសៀវភៅគ្រប់ដែរ...»។
កញ្ញាបន្តថា ការខ្វះខាតនេះ ធ្វើឲ្យសិស្សនិស្សិតនិយមមើលទូរស័ព្ទស្មាតហ្វូន (Smart Phone) ជំនួសសៀវភៅ។ កញ្ញាចង់ឲ្យសាលាឯកជន និងរដ្ឋបើកបណ្ណាល័យទូលាយសម្រាប់សិស្សអាន និងស្រាវជ្រាវ។
ដោយឡែកនាយកកម្មវិធីអំណាន នៃអង្គការ រូម ធូ រីដ (Room To Read) លោក ហោ សុខៈ មានប្រសាសន៍ថា ការពិនិត្យលើសាលារៀនរដ្ឋចំនួនជាង ៣០០សាលា ដែលអង្គការលោកសហការបង្កើតបណ្ណាល័យ បានរកឃើញថា សិស្សដែលចូលចិត្តអាន ហើយខ្ចីសៀវភៅទៅអាន គឺចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៤។ ប៉ុន្តែអត្រានេះបានធ្លាក់ចុះវិញនៅថ្នាក់ទី៦៖ «»។
ទាក់ទងការលើកកម្ពស់អំណាន ឬការអាននេះ ក្រសួងអប់រំយុវជន និងកីឡា មានកម្មវិធីពង្រឹងការបង្រៀន និងរៀនដែរ។
ប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជន និងកីឡា លោក ចាន់ សុភា ថ្លែងថា ក្នុងកម្មវិធីលើកកម្ពស់អំណាន ឬការអាននេះ ក្រសួងបានបង្កើត និងកែលម្អបណ្ណាល័យនៅតាមសាលារៀនជាង ៧១០០ (៧.១៤៤) ក្នុងនោះមានសាលារៀនជាង ៣.០០០សាលា ដែលមានបណ្ណាល័យពេញលេញ។ ក្រសួងក៏មានពង្រឹងសមត្ថភាពបណ្ណារក្ស គ្រូបង្រៀនថ្នាក់បឋម ហើយមានកម្មវិធីធ្វើតេស្តការអានរបស់សិស្សថ្នាក់ដំបូង៖ «»។
លោកមានប្រសាសន៍ថា បញ្ហាខ្វះសៀវភៅ គឺអាស្រ័យលើសាលានីមួយៗ ដែលមានកញ្ចប់ថវិកាដំណើរការសាលារៀងៗខ្លួន។ ប៉ុន្តែសាលាខ្លះតូចកញ្ចប់ថវិកាតិច ការទិញសៀវភៅក៏បានតិចដែរ។ ក្រៅពីនេះ សាលាខ្លះក៏ទទួលបានសៀវភៅពីអង្គការដៃគូសហការ ដែលធ្វើការលើកកម្ពស់អំណាន ឬការអាន មានជាអាទិ អង្គការស៊ីប៉ា អង្គការ រូម ធូ រីដ ជាដើម។ ទោះជាយ៉ាងណាក្ដី ស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន យល់ស្របថា ការបង្កើតបណ្ណាល័យ ជាមធ្យោបាយប្រសើរបំផុតមួយសម្រាប់លើកកម្ពស់ការអានសម្រាប់ពលរដ្ឋកម្ពុជា។ ក្រៅពីការបង្កើតបណ្ណាល័យនៅតាមសាលារៀន រហូតមកដល់ពេលនេះ អង្គការស៊ីប៉ា ក៏បានបង្កើតបណ្ណាល័យនៅតាមពន្ធនាគារ មន្ទីរពេទ្យ រោងចក្រ និងបណ្ណាល័យចល័តទៅតាមទីជនបទដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
