ប្រជាពលរដ្ឋកម្ពុជា ដែលពេញកម្លាំងបម្រើការងារប្រមាណជាង១លាននាក់តាមការឲ្យដឹងពីមន្ត្រីការងារនៃមជ្ឈមណ្ឌលច្បាប់សម្រាប់សហគមន៍ គឺបាននាំគ្នាធ្វើចំណាកស្រុកពីប្រទេសកម្ពុជា ទៅកាន់ប្រទេសនានា ដូចជាប្រទេសថៃ ប្រទេសម៉ាឡេស៊ី ឬប្រទេសកូរ៉េខាងត្បូងជាដើម។ គ្រួសារដែលមានសមាជិកធ្វើចំណាកស្រុកទៅធ្វើការនៅខាងក្រៅតំបន់រស់នៅ ឬក្រៅប្រទេសនោះ គឺបានឲ្យដឹងថា ពួកគាត់ទៅរកប្រាក់ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារ។ ចំណែកឯណេះវិញ តើមានកត្តាអ្វីទៀតទេដែលធ្វើឲ្យពលរដ្ឋធ្វើចំណាកស្រុកដើម្បីទៅរកការងារធ្វើ?
ពលរដ្ឋនៅក្នុងខេត្តព្រៃវែង សឹងតែគ្រប់ភូមិ គឺមានសមាជិកគ្រួសារ ឬសាច់ញាតិបានចេញពីលំនៅឋានដើម្បីទៅរកការងារធ្វើ ដោយរាប់ទាំងទៅធ្វើការនៅទីក្រុងភ្នំពេញ តាមបណ្ដាខេត្តនានាក្នុងប្រទេស ឬទៅធ្វើការនៅក្រៅប្រទេសកម្ពុជានោះ។
នៅតាមភូមិមួយចំនួន គឺពលរដ្ឋបានសង់ផ្ទះធំស្កឹមស្កៃ ថ្មីៗ ប៉ុន្តែផ្ទះខ្លះបានចាក់សោចោល ឬមានមនុស្សចាស់ម្នាក់ ឬពីរនាក់ដែលនៅចាំផ្ទះ។ គ្រាន់តែពាក្យនិយាយលេងនៅក្នុងតំបន់សម្រាប់ខេត្តព្រៃវែង នេះគឺ « មនុស្សចាស់មានកូនតូច »។ នេះបញ្ជាក់ថាមនុស្សពេញវ័យ ឬឪពុកម្ដាយបានចេញឆ្ងាយពីផ្ទះទុកឲ្យមនុស្សចាស់ដែលមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើការនោះ នៅចាំផ្ទះឬមើលថែក្មេងៗ។
អង្គុយខាងក្រោមផ្ទះសណ្ដូកជើង ដោយសារតែជើងម្ខាងឈឺផងនោះ បុរសវ័យ ៦០ឆ្នាំម្នាក់ រស់នៅក្នុងភូមិខ្នា ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បាននិយាយសម្ដីមួយៗហាក់មិនសូវមានវោហារថា គាត់ឈឺមិនអាចដើរទៅធ្វើការហ្នឹងគេកើត គឺបានត្រឹមអង្គុយចាំផ្ទះ។
លោក ឆេន ឆឺយ និយាយបណ្ដើរយកដៃជ្រងសក់បណ្ដើរថា កូនប្រុសម្នាក់ និងកូនប្រសារបស់គាត់ម្នាក់ទៀត គឺបានចេញទៅរកការងារធ្វើនៅក្នុងប្រទេសថៃ អស់រយៈពេល២ឆ្នាំមកហើយ ដោយបានផ្ញើប្រាក់មកផ្ទះបានខ្លះដែរក្នុងមួយខែៗ។ លោកថាប្រាក់ទាំងនោះ គឺមិនបានទុកសម្រាប់មានបានទេ គឺបានត្រឹមមើលថែជំងឺរបស់គាត់ និងផ្គត់ផ្គង់ជីវភាពគ្រួសាររាល់ថ្ងៃ។ លោកបញ្ជាក់ថា ទៅប្រទេសថៃ គឺពួកគាត់ធ្វើជាកម្មករសំណង់បានផ្ញើមកផ្ទះ សរុបទាំងពីរនាក់បានប្រហែលជា៥ពាន់បាត ប្រាក់ថៃ ឬស្មើជាង៦០ម៉ឺនរៀលក្នុង១ខែ៖ « អ្នកនៅស្រុកយើងមានអី មានតែថា នៅរកស៊ីនៅភ្នំពេញ ធ្វើជាអ្នកកាត់ដេរ ធ្វើការនៅរោងចក្រអ៊ីហ្នឹង ហើយឯណោះរកបានជាងនៅភ្នំពេញ គឺនៅថៃ ហ្នឹង។ វាថា នៅមួយឆ្នាំរកស៊ីមិនសល់លុយផងនៅភ្នំពេញ រកស៊ីនៅភ្នំពេញនោះ។ ថ្លៃទឹក ថ្លៃផ្ទះ ថ្លៃភ្លើង លិចកើតរកស៊ីគ្មានសល់។ នៅឯណោះ ( ថៃ ) គេចំណាយបន្តិចតែសល់គ្រាន់បើបន្តិច។ បាទ ខ្ញុំចង់ឲ្យតែកូនចៅមកផ្ទះ ទោះរកបានឬមិនបាន មានឬក្រអីនៅស្រុកយើងហ្នឹងហើយ នៅស្រុកនោះបែកពីកូនបែកពីចៅ។ ខ្ញុំមិនចង់ឲ្យទៅដែរតែវាថាទៅ » ។

មិនមែនតែសមាជិកគ្រួសាររបស់លោក ឆេន ឆឺយ មួយទេនៅក្នុងខេត្តព្រៃវែង នេះដែរចេញពីស្រុកកំណើតដើម្បីទៅរកការងារនៅឆ្ងាយពីស្រុក។ តាមតួលេខពីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រៃវែង បានឲ្យដឹងថាពលរដ្ឋជាង១៨ម៉ឺននាក់បានចេញធ្វើចំណាកស្រុកដើម្បីរកការងារធ្វើ ក្នុងនោះមានប្រហែល៤ម៉ឺននាក់ដែលចេញទៅក្រៅប្រទេស ក្នុងចំណោមប្រជាពលរដ្ឋទូទាំងខេត្តនេះដែលមានចំនួនសរុបប្រមាណជាង១លាននាក់។
លោក ហែម ហឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងឲ្យដឹងថា មន្ទីរបានបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកជំនាញផ្នែកជួសជុល ឬផ្នែកកសិកម្មជាដើម សម្រាប់យុវជន ដើម្បីឲ្យមានសមត្ថភាព និងមានឱកាសរកការងារធ្វើនៅក្នុងស្រុក។
លោកបានបញ្ជាក់ទៀតថា ការធ្វើចំណាកស្រុកដើម្បីរកការងារធ្វើនោះគឺជាសិទ្ធិរបស់ពលរដ្ឋក្នុងការប្រកបការងារ ហើយតាមការស្រាវជ្រាវរបស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង ឃើញថា ការធ្វើចំណាកស្រុកនោះ មិនអាក្រក់ទាំងអស់នោះ ទេ ពលករអាចរកប្រាក់ចំណូលសម្រាប់គ្រួសារ និងសង្គមជាតិ ហើយក៏បានទទួលជំនាញ មកវិញដែរ តែសំខាន់គឺការរៀបចំខ្លួនកំណត់គោលដៅមុនចេញធ្វើចំណាកស្រុក៖ «ពេលដែលខ្ញុំចុះទៅផ្សព្វផ្សាយវេទិកាចំណាកស្រុកដោយសុវត្ថិភាពនោះ ខ្ញុំតែងតែនិយាយថា យើងត្រូវកំណត់ខ្លួនឯងឲ្យបានច្បាស់ថា យើងទៅហ្នឹងទៅធ្វើទេសចរណ៍ ឬក៏យើងទៅរកថវិកាមកផ្ទះ ហើយមន្ទីរដែលចុះមកផ្សព្វផ្សាយនេះ មិនមែនមានន័យថា មន្ទីរមកហាមឃាត់មិនឲ្យគាត់ចេញទេ នេះទី១។ ទី២ បើអស់ជម្រើសបើគាត់ត្រូវតែចេញហើយ គាត់ត្រូវគិតធ្វើម៉េចថាចំណាកស្រុកហ្នឹងដោយសុវត្ថិភាព ត្រូវយល់ដឹងពីរបៀបរបបនៃការធ្វើចំណាកស្រុកទៅ មានផែនការជីវិត មានអីអ៊ីចឹងទៅណា ! ។ នេះជាគោលដៅរបស់មន្ទីរ ដែលមន្ទីរយើងកំពុងតែធ្វើហ្នឹងគឺអ៊ីចឹង »។
លោកបានថ្លែងទៀតថា ជាគោលបំណងរបស់រដ្ឋាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងមន្ទីរការងារ ដែលបានផ្សព្វផ្សាយផងនោះ គឺមិនលើកទឹកចិត្តឲ្យពលរដ្ឋធ្វើចំណាកស្រុកនេះទេ ប៉ុន្តែបើគ្មានជម្រើសគឺពលរដ្ឋត្រូវរកសេវាដោយសុវត្ថិភាព ទាំងការងារ និងសុខភាព។
ក្រៅតែពីក្រុមមន្ត្រីជំនាញការងារដើរផ្សព្វផ្សាយកុំឲ្យពលរដ្ឋធ្វើចំណាកស្រុកនោះ មានក្រុមយុវជនស្ម័គ្រចិត្តមួយក្រុមរបស់សមាគមយុវជនខ្មែរ ប្រចាំនៅខេត្តព្រៃវែង ក៏បានដើរធ្វើវេទិកា ឬកិច្ចពិភាក្សាជាមួយពលរដ្ឋនៅតាមសហគមន៍ ដើម្បីឲ្យពួកគាត់យល់ពីផលលំបាក ក្នុងពេលធ្វើចំណាកស្រុក។
អ្នកស្រី ហេង ណាគ្រី ប្រធានសមាគមយុវជនខ្មែរប្រចាំនៅខេត្តព្រៃវែង បានថ្លែងថា សម្រាប់ក្រុមយុវជនដែលសម្រេចចិត្តទៅធ្វើការនៅក្រៅប្រទេសនោះ គឺដោយសារតែពួកគាត់អះអាងថា នៅស្រុកមិនមានទីផ្សារការងារ ម្យ៉ាងអាចពួកគាត់អាចសម្រេចចិត្តតាមគ្នីគ្នា។
អ្នកស្រីថ្លែងបន្តថា ក្រុមការងារពួកគាត់បានបើកវេទិកា អប់រំបញ្ហាចំណាកស្រុកនេះ ប៉ុន្តែមិនអាចទប់ស្កាត់បានឡើយ៖ « តែទោះជាយ៉ាងណាគាត់នៅតែថា គាត់មិននៅ ប្រសិនបើជាការងារហ្នឹងសមស្របសម្រាប់គាត់ហើយមានប្រាក់ខែខ្ពស់គាត់នៅ។ ប៉ុន្តែប្រាក់ខែទោះយ៉ាងណា គាត់ថា មិនអាចស្មើហ្នឹងគាត់ទៅថៃ ហ្នឹងបានទេ។ ចា៎ ! ហើយអ្វីដែលជាភាពទាក់ទាញគាត់មួយទៀតហ្នឹង គាត់ឃើញគេទៅពីស្រុកពីភូមិទៅបាត់ពីរឆ្នាំ បីឆ្នាំអ៊ីចឹង មកវិញឃើញផ្ទះធំៗតែម្ដង ហើយម៉ូតូដេញសេរី ហើយខ្សែកពាក់ខ្សែកមាសហ្នឹងក្រឡឹងជុំវិញក សម្រាប់ពួកប្រុស។ និយាយទៅកត្តាដែលទាក់ទាញហ្នឹងគឺមានច្រើនផង »។
សម្រាប់ឪពុកម្ដាយ ដែលមានសមាជិកគ្រួសារចេញទៅធ្វើការនៅភ្នំពេញវិញនោះ គឺបានលើកឡើងពីការជួយរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ ដោយពួកគាត់អះអាងថា ក្រៅពីការងារធ្វើស្រែចម្ការ នោះកូនៗដែលពេញកម្លាំងរកប្រាក់ មិនដឹងជាសំងំនៅផ្ទះធ្វើអ្វីនោះដែរ។ ម្យ៉ាងទៀតទិន្នផលស្រូវមិនទទួលបានល្អ ហើយតម្លៃលក់ដូរមិនថ្លៃទៀត ទើបពួកកាត់ត្រូវការជួយរកប្រាក់ចំណូលសម្រាប់គ្រួសារ។
លោក ស៊្រុន ស៊្រី អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិខ្នា ស្រុកស៊ីធរកណ្ដាល បានថ្លែងថាកូនស្រីរបស់កាត់៤នាក់ បានទៅធ្វើការកម្មកររោងចក្រ នៅភ្នំពេញ ហើយគាត់ក៏ទំនងមិនអាចឃាត់កូនគាត់កើតទេប្រសិនបើពួកគាត់ចង់ទៅធ្វើការនៅក្រៅប្រទេសដូចអ្នកភូមិផ្សេងទៀតនោះ។ ប៉ុន្តែលោកថ្លែងថា ធ្វើការនៅក្នុងស្រុកអាចងាយនឹងវិលមកលេងផ្ទះ ជាងនៅខាងក្រៅ៖ « ទៅមានរយៈកាលប្រហែលជា៣ខែ ខ្លះ៣ ខែខ្លះមួយឆ្នាំ អីទៅ ខ្លះទៀត៦ខែ គេមកភូមិយើងវិញ មកជួបប្រពន្ធកូនវិញ ខ្លះផ្ញើលុយមកខ្លះ ហើយខ្លះទៀតហ្នឹងបានច្រើន ខ្លះបានតិចទៅ ខ្លះទៀតហ្នឹងក៏អត់មានដែរ គេថា ទៅប្រទេសថៃ ទូកបោក ( មេការទូក ) ហើយទៅប្រទេសម៉ាឡេស៊ី ហ្នឹងច្រើនតែបានដែរ។ តែបានមិនច្រើនអីប៉ុន្មានទេតាមមើល បានត្រឹមតែសម្រាប់ដោះស្រាយជីវភាពគាត់ហ្នឹង។ ផ្ញើមកបានធ្វើផ្ទះធ្វើសម្បែងអីដែរ បានមកគឺផ្សំជាមួយម្ដាយឪពុកដែលរកស៊ីនៅស្រុក ម្ដាយឪពុកធ្វើស្រែទៅ កូនទៅថៃ ទៅម៉ាឡេស៊ី អីទៅបានយកមកធ្វើផ្ទះសម្បែងអីបាន ទិញគោក្របី អីទៅ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ កូនចៅខ្ញុំមិនទៅក្រៅទេ ទៅត្រឹមភ្នំពេញ ទៅធ្វើការកាត់ដេរហ្នឹង កូន៤នាក់ទៅទាំងអស់ផ្ញើលុយមកផ្ទះ ដោះស្រាយជីវភាពបាន តែបានត្រឹមដោះស្រាយហ្នឹង រឿងធូរធារនោះគ្មានទេប្រាក់ខែតិចដែរហ្នឹង » ។
ងាកទៅឃុំស្វាយជ្រុំ ក្នុងស្រុកមេសាង ឯណេះវិញ លោក ឡាយ សារ៉េត ជាមេឃុំស្វាយជ្រុំ បានថ្លែងថា ពលរដ្ឋនៅក្នុងឃុំរបស់លោក គឺមិនមែនមើលរំលងពីការងារកសិកម្មនៅក្បែរផ្ទះនោះទេ ប៉ុន្តែកត្តាសំខាន់នោះ គឺពួកគាត់ងាយនឹងចាញ់បោកមេខ្យល់ដែលជាអ្នកបញ្ចុះបញ្ចូល អូសទាញឲ្យប្រជាពលរដ្ឋទាំងនោះ ដោយអះអាងថា ការងារនៅខាងក្រៅគឺទទួលបានកម្រៃច្រើនជាដើម ទើបធ្វើឲ្យពួកគាត់ចេញធ្វើចំណាកស្រុក។
លោកបន្ថែមថា ពលរដ្ឋខ្លះដែលមិនបានគិតវែងឆ្ងាយ គឺបានសម្រេចចិត្តធ្វើចំណាកស្រុកដោយខុសច្បាប់ទៀត៖ « ប៉ុន្តែខ្ញុំមើលឃើញទៅ ខ្លះចំណាកស្រុកទៅហ្នឹង ខ្លះហ្នឹងថាបាន ខ្លះថាមិនបានហើយសឹងតែមិនរួចខ្លួនត្រឡប់មកស្រុកវិញផងទាន ! ហ្នឹងមានអ៊ីចឹង។ ការដែលទៅហ្នឹងថា ចាញ់បោកគេ គេចេះតែភូតកុហកមេខ្យល់ ថាលុយប្រាក់ខែគេនៅឯណោះច្រើនណាស់ យើងនៅឯនេះខែប្រាំង ខែវស្សា មានមុខរបរតូចតាច មិនអាចដោះដូរគ្រួសារបានអ៊ីចឹង មានជួនអ៊ីចឹងហើយអ្នកខ្លះក៏ចាញ់បោកដោយសារតែវិធីសាស្ត្រហ្នឹងដែលចេះតែចេញទៅហ្នឹង »។
កាលពីខែមិថុនាកន្លងទៅប្រទេសថៃ បានបញ្ជូនពលករខ្មែរឲ្យមកស្រុកវិញ ចំនួនប្រមាណ២៥ម៉ឺននាក់ក្នុងចំណោមពលរដ្ឋដែលទៅធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់ប្រហែល៧០ម៉ឺននាក់។
លោក មឿន តុលា មន្ត្រីកម្មវិធីការងាររបស់អង្គការអប់រំច្បាប់សម្រាប់សហគមន៍ បានឲ្យដឹងថា ពលករដែលសមត្ថកិច្ចប្រទេសថៃ បានចាប់បញ្ជូនមកវិញនោះ គឺពោរពេញដោយការភ័យខ្លាច ដោយពួកគាត់ហាក់ប្រថុយជីវិតនឹងនៅធ្វើការក្នុងប្រទេសថៃ។ លោកបញ្ជាក់ទៀតថា នេះគឺបណ្ដាលមកពីពលរដ្ឋគ្មានជម្រើសការងារ នៅក្នុងប្រទេស ឬគ្មានមុខរបរដែលអាចរកចំណូលសម្រាប់គ្រួសារបាន។
ទោះយ៉ាងណា លោក ឆេន ឆឺយ ដែលមានកូនពីរនាក់កំពុងតែធ្វើជាកម្មករសំណងនៅប្រទេសថៃ នោះ បានថ្លែងថា បើទោះជាគាត់មិនអាចឃាត់កូនៗបាន ប៉ុន្តែគាត់នៅតែចង់ឲ្យកូនៗរបស់គាត់រកការងារធ្វើនៅក្នុងស្រុកវិញ ជាជាងទៅធ្វើការនៅឆ្ងាយប្រថុយគ្រោះថ្នាក់ ឆ្ងាយពីគ្រួសារនិងផ្ទះសំបែងផងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
