ពលរដ្ឋ​គាំទ្រ​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ​ជូន​ពលរដ្ឋ ចុះ​តម្លៃ​ពី ៦​ម៉ឺន​រៀល មក​នៅ​ត្រឹម​តែ ២​ម៉ឺន ៥​ពាន់​រៀល។ លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​ទៅ​ធ្វើ​ប័ណ្ណ​បើកបរ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​បាន​ត្អូញត្អែរ និង​រិះគន់​ថា ការ​ធ្វើ​ប័ណ្ណ​បើកបរ​មាន​តម្លៃ​ខ្ពស់​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ។

ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​គាំទ្រ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​បញ្ជា​ឲ្យ​បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ ប៉ុន្តែ​ពួក​គេ​ស្នើសុំ​ឲ្យ​សម្រួល​នីតិវិធី​ធ្វើ​ឲ្យ​ងាយ​ស្រួល​ជាង​មុន។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ បាន​សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា​បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ​ជូន​ពលរដ្ឋ​ពី ៦​ម៉ឺន​រៀល មក​នៅ​ត្រឹម​តែ ២​ម៉ឺន ៥​ពាន់​រៀល​នេះ ប៉ុន្តែ​ក្ដី​កង្វល់​របស់​ពួក​គាត់​ចម្បង​នៅ​ពេល​នេះ គឺ​ការ​ឆ្លៀត​ឱកាស​របស់​មន្ត្រី​ខិលខូច ដែល​នឹង​ឆ្លៀត​យក​កម្រៃ​ក្រៅ​ផ្លូវ​ការ​ពី​ពលរដ្ឋ ជា​ជាង​សម្រួល​នីតិវិធី​ជូន​ពលរដ្ឋ ក្នុង​ការ​ធ្វើ​ប័ណ្ណ​បើកបរ​នោះ។ ពួក​គេ​ស្នើ​ឲ្យ​រដ្ឋាភិបាល រឹត​បន្តឹង​ចំពោះ​ស្ថាប័ន​ទទួល​បន្ទុក​ធ្វើ​ប័ណ្ណ​បើកបរ៖ «ការ​ព្រួយ​បារម្ភ​ទាក់ទង​នៅ​ពេល​យើង​ទៅ​ធ្វើ​អ៊ីចឹង ឧបមា​ថា យើង​មាន​ការ​រវល់ គេ​ថា​ថ្លៃ​សេវា​នេះ​ថ្លៃ​សេវា​នោះ។ ជួន​កាល សមត្ថកិច្ច​យក​អា​ហ្នឹង​មក​ធ្វើ​អាជីវកម្ម​ក៏​ថា​បាន​ដែរ។ ខ្ញុំ​ចង់​ឲ្យ​ក្រសួង​សាធារណការ ធ្វើ​ការ​ឲ្យ​ម៉ត់ចត់​បាន​ល្អ​ផ្សព្វផ្សាយ​ឲ្យ​បាន​ដឹង ឬ​តាម​សាលា​រៀន និង​ស្ថាប័ន​មួយ​ចំនួន​ពី​នីតិវិធី»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ប្រើប្រាស់​ស្ពាន​អាកាស ៥​មករា នៅ​ជាប់​សាលា​តិចណូ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ថា លោក​ធ្វើ​ទៅ​តាម​ការ​រិះគន់​ស្ថាបនា​របស់​ពលរដ្ឋ។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ពិនិត្យ​កាយ​សម្បទា​មិន​តម្រូវ​ឲ្យ​មាន​ឯកសារ មិន​បង់​កម្រៃ​សេវា ចំពោះ​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ម៉ូតូ​ប្រភេទ "ក" ឬ​កម្លាំង​ម៉ាស៊ីន ១២៥ ទេ ប៉ុន្តែ​សម្រាប់​អ្នក​បើកបរ​ម៉ូតូ​ធុន​ធ្ងន់​ចាប់​ពី​កម្លាំង ១២៦ ឡើង ត្រូវ​ទៅ​ពិនិត្យ​សុខភាព ហើយ​បញ្ចុះ​តម្លៃ​ដូច​គ្នា។ រីឯ​ការ​ដូរ​ប័ណ្ណ​បើកបរ​ម៉ូតូ យក​តម្លៃ​ត្រឹម ២​ម៉ឺន​រៀល​ប៉ុណ្ណោះ។ លោក ហ៊ុន សែន បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​ពលរដ្ឋ ដែល​កំពុង​មាន​ភាព​ស្មុគស្មាញ​ទាក់ទង​នឹង​ការ​ចំណាយ និង​នីតិវិធី​នៃ​ការ​ធ្វើ​ប័ណ្ណ​បើកបរ៖ «ខ្ញុំ​មិន​ទាន់​ដោះស្រាយ​លើ​បញ្ហា​រថយន្ត​ទេ ប៉ុន្តែ​ដោះស្រាយ​បញ្ហា​ម៉ូតូ​សិន។ ពិនិត្យ​សុខភាព ១​ម៉ឺន ៤​ពាន់ គឺ​លុប​ចោល​មិន​យក​តែ​ម្ដង ហើយក៏​មិន​ចាំបាច់​ទៅ​រៀន​បើកបរ​ម៉ូតូ​ដែរ ត្រឹម​តែ​ម៉ូតូ​ទៅ​បើក​ស្អី ស្មុគស្មាញ​ណាស់! មិន​ចាំបាច់​ពិនិត្យ​សុខភាព​គេ​ដឹង​ច្បាស់​ហើយ សុខភាព​គួរ​ជិះ​បាន ឬ​មិន​បាន​នោះ ហើយ​ក៏​មិន​ចាំបាច់​ទៅ​រៀន​បើកបរ​មុន​ពេល​ចេញ​ប័ណ្ណ​ដែរ ធ្វើ​ឲ្យ​តែ​ម្ដង​ទៅ​ឲ្យ​ស្រួល»

លោក​នាយក​រដ្ឋមន្ត្រី ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជិត ៣​លាន​គ្រឿង (២.៧១៤.១៩៣​គ្រឿង) ប៉ុន្តែ​អ្នក​ដែល​មាន​ប័ណ្ណ​បើកបរ​មាន​ជិត ១៦​ម៉ឺន​នាក់ (១៥៦.៣៥១​នាក់) ឬ​ប្រហែល​ជិត ៦%។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​បំភ្លឺ​ពី​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​មករា។ ប៉ុន្តែ លោក រុន រ័ត្នវាសនា ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​ក្រសួង​មហាផ្ទៃ ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​បាន​ផាក​ពិន័យ​អ្នក​បើកបរ​ដែល​មិន​មាន​ប័ណ្ណ​បើកបរ​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក នា​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ថា បញ្ហា​អត់​ប័ណ្ណ​បើកបរ​នេះ កម្លាំង​ជំនាញ​នឹង​ទុក​ពេល​យ៉ាង​ហោច​ណាស់ ៣​ខែ រាប់​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា មក ប៉ុន្តែ​មិន​ទាន់​មាន​ប្រកាស​ជា​ផ្លូវ​ការ​ណា​មួយ អំពី​ការ​កំណត់​រយៈពេល​ចាប់​ផ្ដើម​ផាក​ពិន័យ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។