កំណើនសេដ្ឋកិច្ចឆ្នាំ២០១៥ ត្រូវបានគេមើលឃើញថា កម្ពុជាមានការលូតលាស់សេដ្ឋកិច្ចស្ទើរតែដូចការគ្រោងទុករបស់រដ្ឋាភិបាល ក៏ប៉ុន្តែប្រជាពលរដ្ឋនៅតែទទួលបានផលពីកំណើនសេដ្ឋកិច្ចនេះមិនបានស្មើភាពគ្នានៅឡើយ ហើយប្រជាពលរដ្ឋនៅតែប្រឈមនឹងភាពអត់ការងារធ្វើ។
អំពើពុករលួយនៅតែជាប្រធានបទក្ដៅ និងចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា ដដែល ទោះបីជារដ្ឋាភិបាលមានគោលនយោបាយលុបបំបាត់អំពើពុករលួយ ដើម្បីបង្កើនសេដ្ឋកិច្ចជាតិក្ដី។
តើឆ្នាំ២០១៥ បន្សល់ទុកនូវរឿងរ៉ាវអ្វីខ្លះដែលគួរឲ្យកត់សម្គាល់ចំពោះសេដ្ឋកិច្ចកម្ពុជា?
អស់រយៈពេលមួយឆ្នាំមកនេះ មានរឿងរ៉ាវធំៗមួយចំនួន ទាំងរឿងជោគជ័យ ទាំងរឿងបរាជ័យ ហើយក៏មានទាំងរឿងស្រពេចស្រពិលមួយចំនួនផងដែរ ដែលឆ្នាំ២០១៥ បានបន្សល់ទុកដល់អ្នកតាមដានដំណើរវិវឌ្ឍន៍នៃសេដ្ឋកិច្ចកម្ពុជា។
អ្នកសេដ្ឋកិច្ចសង្កេតឃើញថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១៥ បានចាប់ផ្ដើមឡើងដោយភាពវិជ្ជមាននៃកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧ភាគរយជាមធ្យម ធ្វើឲ្យកម្ពុជា បន្តស្ថិតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចឆាប់រហ័សបំផុតក្នុងតំបន់អាស៊ាន។ ធនាគារពិភពលោកកាលពីខែមេសា ឆ្នាំ២០១៥ បានព្យាករថា បើកំណើននេះស្ថិតស្ថេរ នោះកម្ពុជា អាចចាកចេញពីតំណែងជាប្រទេសមានការអភិវឌ្ឍតិចតួចបំផុតឆ្ពោះទៅរកតំណែងជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៦ ដោយប្រាក់ចំណូលសរុបជាមធ្យមរបស់ពលរដ្ឋកម្ពុជា ម្នាក់នៅឆ្នាំ២០១៥ អាចនឹងកើនដល់ ១,០៩៦ដុល្លារ។
រឿងដែលគួរឲ្យសាទរមួយទៀត គឺការដែលកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥ ដែលអាចសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សដាក់ចេញដោយអង្គការសហប្រជាជាតិ។ តាមគោលដៅនេះ កម្ពុជាត្រូវបានកំណត់ថា ត្រូវកាត់បន្ថយភាពក្រីក្រឲ្យមកនៅត្រឹម ១៩,៤% ត្រឹមឆ្នាំ២០១៥។ ថ្វីបើសម្រេចបានតាមការកំណត់ក៏ពិតមែន ក៏ចំនួនប្រជាជនជាច្រើនកំពុងរស់នៅក្នុងស្ថានភាពជិតក្រ មានន័យថា ពួកគេងាយនឹងក្លាយជាប្រជាជនក្រីក្រវិញ។ ថ្វីបើតួលេខបង្ហាញពីភាពវិជ្ជមានខ្លះក្ដី ក៏ផលចំណេញបានពីវិស័យដែលឈានមុខគេ ដូចជាសំណង់ ទេសចរណ៍ និងវាយនភណ្ឌ មិនសូវហូរចូលហោប៉ៅប្រជាជនក្រីក្រទេ។
អំពើពុករលួយនៅតែបន្តញាំញីធ្វើឲ្យខាតបង់ថវិកាជាតិជាងពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ជាក់ស្ដែងកាលពីដើមខែធ្នូ អង្គការសុចរិតភាពហិរញ្ញវត្ថុសកល (Global Financial Integrity) រកឃើញថា កម្ពុជាបានបាត់បង់ទឹកប្រាក់ជាមធ្យមជាង ១,៥ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ដោយសារលំហូរសាច់ប្រាក់ខុសច្បាប់ក្នុងសកម្មភាពពាណិជ្ជកម្ម។
ទន្ទឹមនឹងការទទួលបានផលចំណេញ កំណើនដ៏ឆាប់រហ័សនៃវិស័យនាំមុខទាំងបីក៏ឆ្លុះបញ្ចាំងពីហានិភ័យដល់កំណើនសេដ្ឋកិច្ចដែរ ដោយសារវិស័យទាំងនេះពឹងផ្អែកខ្លាំងលើទឹកប្រាក់វិនិយោគមានប្រភពពីបរទេស។ ឧទាហរណ៍ថា បើការនាំចេញផលិតផលសំលៀកបំពាក់រង្គោះរង្គើដោយប្រការណាមួយ នោះប្រជាជនជាង ៦០ម៉ឺននាក់នឹងត្រូវប្រឈមនឹងភាពគ្មានការងារធ្វើ។
ដើម្បីកាត់បន្ថយភាពងាយរងគ្រោះដោយសារហានិភ័យ គោលនយោបាយថ្មីមួយត្រូវបានសម្ពោធដោយរដ្ឋាភិបាលកាលពីខែសីហា ឆ្នាំ២០១៥ គឺគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។ ចំណុចស្នូលនៃគោលនយោបាយនេះគឺផ្ដោតលើការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម លើកស្ទួយសហគ្រាសធុនតូច និងមធ្យម អភិវឌ្ឍធនធានមនុស្សឲ្យមានជំនាញ និងកាត់បន្ថយតម្លៃអគ្គិសនី ក្នុងបំណងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា លើគូប្រកួតរបស់ខ្លួន ដូចជាប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម ជាដើម។
មិនត្រឹមតែជាឆ្នាំនៃសេចក្ដីផ្ដើមនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មទេ ២០១៥ ក៏ជាឆ្នាំនៃចំណុចចាប់ផ្ដើមនៃដំណើររបស់ប្រទេសមហាអំណាចមួយចំនួនមកកម្ពុជាដែរ។ វត្តមានមហាអំណាចសេដ្ឋកិច្ចឥណ្ឌា និងរុស្ស៊ី ក្រៅពីចិននោះ បានធ្វើឲ្យឆ្នាំ២០១៥ ក្លាយជាឆ្នាំដែលគួរឲ្យកត់សម្គាល់ចំពោះសេដ្ឋកិច្ចកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់អនុប្រធានាធិបតីឥណ្ឌា លោក ហាមីត អានសារី (Hamid Ansari) មកកម្ពុជា កាលពីខែកញ្ញា ប្រមុខដឹកនាំប្រទេសទាំងពីរបានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឲ្យបានខ្លាំងក្លា។ ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំឥណ្ឌា គឺស្ថិតក្រោមការអនុវត្តគោលនយោបាយ "ឆ្ពោះមកទិសខាងកើត" របស់ឥណ្ឌា ដើម្បីទប់ទល់នឹងឥទ្ធិពលដ៏ខ្លាំងក្លារបស់ចិន ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទោះបីមិនបានបង្ហាញពីគោលដៅកំណត់ជាក់លាក់លើទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏ដោយ ក៏ឥណ្ឌា បានសិក្សារួចហើយថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបួននៅតំបន់អាស៊ីអាគ្នេយ៍ជាទីតាំងអនុគ្រោះបំផុតដល់ការបង្កើតរោងចក្រផលិតកម្ម។
បន្ទាប់ពីវត្តមានជាប្រវត្តិសាស្ត្ររបស់ឥណ្ឌា មកកម្ពុជា គឺការលេចមុខជាថ្មីរបស់ប្រទេសរុស្ស៊ី តាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មិដវេដេវ (Dmitry Medvedev) កាលពីចុងខែវិច្ឆិកា កន្លងទៅ។ កាដូរបស់រុស្ស៊ី ជូនកម្ពុជា នៅចុងឆ្នាំ២០១៥ គឺសំណើផ្ដល់ឲ្យកម្ពុជា នូវរោងចក្រថាមពលនុយក្លេអ៊ែរ ខណៈរុស្ស៊ី ដឹងថា កម្ពុជាកំពុងត្រូវការអគ្គិសនីមានតម្លៃថោកបម្រើឲ្យតម្រូវការក្នុងវិស័យឧស្សាហកម្ម។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មិនទាន់លើកដៃទទួលយកកាដូរបស់រុស្ស៊ី នៅឡើយ ខណៈអ្នកជំនាញខាងវិស័យថាមពលមើលឃើញថា កម្ពុជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ នោះទេ។
ក្រៅពីទាក់ទាញបានចំណាប់អារម្មណ៍របស់មហាអំណាច ផែនការសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៥ បានជួបប្រទះនឹងបរាជ័យធំៗចំនួនពីរ នោះគឺការមិនសម្រេចបានគោលដៅនាំចេញអង្ករ ១លានតោន និងការមិនទទួលបានភ្ញៀវទេសចរចំនួន ៥លាននាក់ តាមគោលដៅកំណត់។ ការមិនសម្រេចបានតាមគោលដៅកំណត់នេះ បន្សល់ទុកនូវសំណួរជាច្រើនដេញដោលសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យចម្បងៗនៃសេដ្ឋកិច្ចជាតិ។
ក្រៅពីការសារភាពរបស់រដ្ឋាភិបាលថា បរាជ័យក្នុងការអនុវត្តគោលនយោបាយនាំចេញអង្ករ ឆ្នាំ២០១៥ ក៏បញ្ចប់ទៅដោយព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់សម្រាប់វិស័យកាត់ដេរសំលៀកបំពាក់ដែរ ពោលគឺបាតុកម្មរបស់កម្មករកាត់ដេរជាង ៣ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិត ខេត្តស្វាយរៀង ដែលឈានដល់កុប្បកម្ម បណ្ដាលឲ្យមានការរងរបួស និងការចាប់ខ្លួនរហូតដល់ក្រុមថៅកែរោងចក្រស្នើសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុមថៅកែបានលើកឡើងថា "សកម្មភាពហិង្សាដែលកើតឡើងដដែលៗជារៀងរាល់ឆ្នាំបែបនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍ និងទស្សនៈវិស័យរយៈពេលវែងរបស់អ្នកវិនិយោគ"។
សម្រាប់សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១៥ បានបន្សល់ទុកនូវរឿងល្អលាយឡំនឹងរឿងអាក្រក់។
ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងនៅតែរឹងមាំរហូតដល់ឆ្នាំ២០១៦ ទោះបីកំណើននេះ ទំនងជាមានល្បឿនយឺតតិចតួចជាងការព្យាករកាលពីដើមឆ្នាំ២០១៥ ក៏ដោយ។
កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៦ ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីទម្លាក់ពីអត្រា ៧,៥% មកនៅត្រឹម ៧,២% វិញ តាមរយៈការព្យាករចេញផ្សាយកាលពីខែកញ្ញា។ ការថមថយនេះ គឺដោយសារការងើបឡើងវិញ យឺតយ៉ាវនៃសេដ្ឋកិច្ចរបស់ប្រទេសឧស្សាហកម្មធំៗ ដែលជះឥទ្ធិពលដល់កំណើនក្នុងវិស័យសំខាន់ៗរបស់កម្ពុជា។ វិស័យសំណង់អចលនទ្រព្យ វិស័យទេសចរណ៍ និងឧស្សាហកម្មកាត់ដេរ នឹងនៅតែបន្តជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែកម្ពុជា នឹងត្រូវបង្កើនភាពទាក់ទាញរបស់ខ្លួនដើម្បីប្រកួតជាមួយដៃគូប្រជែងសំខាន់ៗក្បែរខាងរបស់ខ្លួនក្នុងតំបន់អាស៊ាន ខណៈសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននឹងបង្កើនភាពប្រកួតប្រជែងកាន់តែខ្លាំងក្លា។
ទន្ទឹមនឹងការសាទរចំពោះការរក្សាបានកំណើនថេរជាមធ្យម ៧% ក្នុងមួយឆ្នាំ គម្លាតកាន់តែឆ្ងាយរវាងអ្នកមាន និងអ្នកក្រនៅតែជាប្រធានបទសំខាន់ដែលអ្នកតាមដានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតែងតែលើកយកមកពិភាក្សា និងជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
