បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរច្រើនម៉ឺននាក់ កំពុងនាំគ្នាធ្វើចំណាកស្រុកចូលទៅប្រទេសជិតខាង ដូចជាប្រទេសថៃ ម៉ាឡេស៊ី និងកូរ៉េ ជាដើម ដើម្បីស្វែងរកការងារធ្វើជាកម្មករ។ ពួកគេភាគច្រើនមានកម្រិតអប់រំតិចតួច ដែលពិបាករកការងារធ្វើនៅក្នុងស្រុក។ កម្មករមួយចំនួនក៏ត្រូវបានគេជួញដូរឱ្យធ្វើការងារធ្ងន់ធ្ងរ ឬក៏ធ្វើការនៅលើទូកនេសាទតាមសមុទ្រជាដើម។
ក្រុមកម្មករ ចំណាកស្រុកទាំងនោះ នៅតែជាអ្នកប្រឈមមុខនឹងបញ្ហា ទាំងនៅក្រៅប្រទេសដែលត្រូវគេជួញដូរទៅ និងទាំងពេលត្រូវបានរំដោះ ហើយបញ្ជូនឱ្យត្រឡប់មកជួបជុំគ្រួសារវិញ ដោយសារតែពួកគេមានបញ្ហាតែម្យ៉ាង គឺគ្មានការងារ និងរកកម្រៃចិញ្ចឹមជីវិតឱ្យបានសមរម្យ។
ពលករខ្មែរមួយ ចំនួនដែលធ្លាប់ទទួលរងការជួញដូរនៅក្រៅប្រទេស ហើយត្រូវបានអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាលជួយរំដោះបញ្ជូនត្រឡប់មកផ្ទះសម្បែងវិញ បានត្អូញត្អែរថា ពួកគេនៅតែប្រឈមមុខនឹងភាពគ្មានការងារធ្វើ ដើម្បីរកកម្រៃជួយដល់គ្រួសារឱ្យបានសមរម្យទេ។ បញ្ហាទាំងនេះ នៅតែធ្វើឱ្យពួកគេពិបាកធានាទៅលើការរស់ក្នុងស្រុកភូមិបានជាប់ លាប់ ដោយមិនធ្វើចំណាកស្រុកជាថ្មីទៀតណាស់។
កាលពីពាក់ កណ្ដាលខែមិថុនា កន្លងទៅ រដ្ឋាភិបាលខ្មែរនិងរដ្ឋាភិបាលឥណ្ឌូនេស៊ី បានរំដោះពលករខ្មែរ ដែលគេជួញដូរនៅលើទូកនេសាទចំនួន ២៣០នាក់ ហើយបញ្ជូនត្រឡប់មកស្រុកកំណើតពួកគេវិញ។
ក្នុងចំណោមពលករ ចំនួន ២៣០នាក់នោះ គឺ ៩នាក់ ជាប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប។ យុវជនឈ្មោះ ឃ្លី លី អាយុ ២៧ឆ្នាំ រស់នៅភូមិម្កាក់ ឃុំធ្លកលើ នៃស្រុកជីក្រែង គឺជាពលករម្នាក់ក្នុងចំណោមពលករជាច្រើនទៀត ដែលរំដោះចេញពីការជួញដូរតាមទូកនេសាទនៃប្រទេសឥណ្ឌូនេស៊ី។ គាត់មានប្រសាសន៍ថា គាត់បានចាកចេញពីស្រុកកំណើត និងក្រុមគ្រួសារតាំងតែពីអំឡុងខែកក្កដា ឆ្នាំ២០០៩។ ជាដំបូងគាត់ត្រូវបានមេខ្យល់នាំយកទៅលក់ឱ្យថៅកែនៅក្នុងប្រទេស ថៃ ហើយថៅកែនោះ ក៏លក់ពួកគាត់បន្តឱ្យទៅកប៉ាល់ ដែលចេញនេសាទតាមសមុទ្រឆ្ងាយរហូតទៅដល់ប្រទេសឥណ្ឌូនេស៊ី។ ឃ្លី លី បញ្ជាក់ទៀតថា នៅលើទូកនេសាទត្រី ពួកគាត់ធ្វើការមិនដែលទំនេរ និងគ្មានថ្ងៃសៅរ៍ អាទិត្យ សម្រាប់ការឈប់សម្រាកទេ។

ចំណែកឯ ប្រាក់ខែក៏ថៅកែមិនដែលបើកឱ្យដែរ គឺឱ្យតែហូបបាយ និងចំណីនៅលើទូកប៉ុណ្ណោះ។ យូរៗកប៉ាល់បានឡើងគោកម្ដង ទើបគេបើកប្រាក់ឱ្យចាយតិចតួច ប៉ុន្តែមិនមែនជាប្រាក់ខែទេ។ ឃ្លី លី បញ្ជាក់ទៀតថា គាត់មិនបានរៀនសូត្រអក្សរខ្មែរទេ ពីព្រោះតែគ្រួសាររបស់គាត់ក្រីក្រខ្លាំង។
បន្ទាប់ពីគាត់ត្រូវ គេជួញដូរតាមទូកនេសាទរយៈពេល ៦ឆ្នាំ នៅប្រទេសឥណ្ឌូនេស៊ី ហើយក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា-ឥណ្ឌូនេស៊ី ជួយរំដោះ និងបញ្ជូនត្រឡប់មកដល់ផ្ទះវិញ គឺគាត់បានប្រឈមមុខ និងភាពគ្មានការងារធ្វើជាថ្មី។ គាត់មានដីស្រែទំហំមិនដល់កន្លះហិកតារទេ។ ដីស្រែនេះក៏មិនអាចធ្វើស្រូវបានហូប គ្រប់គ្រាន់ឡើយ ដូច្នេះគាត់សូមអំពាវនាវឱ្យរដ្ឋាភិបាលជួយជ្រោមជ្រែងដល់រូបគាត់ដែល ទើបតែវិលត្រឡប់ពីពលករដែលគេជួញដូរនេះ៖ «នៅស្រុកការងារថោកៗពេក ១ថ្ងៃ ២ម៉ឺន ២៥.០០០លើកថ្ម បើកម្លាំងខ្សោយអ៊ីចេះ ខ្ញុំទៅលើកយ៉ាងម៉េចរួច? រាល់ថ្ងៃចង់ចិញ្ចឹមជ្រូកចិញ្ចឹមអីខ្លះចង់ឱ្យជួយជ្រូកយកម ចិញ្ចឹម»។
ញឹម រូ គឺពលករតាមទូកនេសាទម្នាក់ទៀត ដែលទើបតែវិលត្រឡប់ពីប្រទេសឥណ្ឌូនេស៊ី រស់នៅក្នុងភូមិម្កាក់ដែរ។ គាត់មានប្រសាសន៍ថា នៅលើទូក គឺថៅកែបង្ខំឱ្យធ្វើការនេសាទ មិនថាពេលថ្ងៃ ឬក៏យប់ទេ។ ពួកគាត់ធ្វើការគ្មានពេលសម្រាក ប៉ុន្តែមិនទទួលបានប្រាក់ខែឡើយ។ បន្ទាប់ពីរដ្ឋាភិបាលខ្មែរ សហការជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី រំដោះពួកគាត់ចេញពីការជួញដូរតាមទូកនេសាទ ហើយបញ្ជូនត្រឡប់មកដល់ផ្ទះវិញ គឺគ្រួសាររបស់គាត់ជួបប្រទះនូវបញ្ហាជីវភាពប្រចាំថ្ងៃជាខ្លាំង ដោយសារមិនមានការងារធ្វើ។
ញឹម រូ បញ្ជាក់ថា គាត់មានដីស្រែតូចមួយដែលត្រូវរាប់រងចិញ្ចឹមប្អូនចំនួន ៤នាក់ បន្ទាប់ពីឪពុកម្ដាយស្លាប់ចោលអស់។ គាត់ចង់ឱ្យរដ្ឋាភិបាលជួយទំនុកបម្រុង ថវិកាខ្លះសម្រាប់លក់ដូរអីវ៉ាន់ចាប់ហួយចិញ្ចឹមជីវិតនៅក្នុងភូមិ៖ «រស់នៅលំបាកមែនទែន! គ្រួសារខ្ញុំវិលមកវិញក៏អត់សូវមានស្រូវអីហូបទេ។ ការងារអត់ទាន់រកបាន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តសៀមរាប និងអ្នកនាំពាក្យរបស់ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំការពន្យល់បានថា តើរដ្ឋាភិបាលមានការជួយទំនុកបម្រុងអ្វីខ្លះចំពោះពលករចំណាកស្រុក ដែលត្រូវគេជួញដូរ ហើយទើបតែវិលត្រឡប់មកមាតុភូមិវិញនោះ។
ក្រុម អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលធ្វើការងារជួយដល់ពលករចំណាក ស្រុកបានអះអាងថា បើទោះបីជាពលករចំណាកស្រុកជាច្រើនធ្លាប់ទទួលរងការជួញដូរ ហើយត្រូវរំដោះឱ្យវិលត្រឡប់មកស្រុកវិញ ដោយមានការជួយបង្ហាត់បង្រៀន និងបណ្ដុះបណ្ដាល ឱ្យពួកគេមានជំនាញចិញ្ចឹមជីវិតក៏ដោយ ក៏ពួកគេទាំងនោះ មិនបញ្ឈប់ការធ្វើចំណាកស្រុកទៅក្រៅប្រទេសឡើយ។
មន្ត្រីជាន់ ខ្ពស់របស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ទទួលបន្ទុកជួយសង្គ្រោះពលករចំណាកស្រុក លោក សែម ចៅសុខ មានប្រសាសន៍ថា ជាទូទៅពលករខ្មែរដែលរងគ្រោះដោយការជួញដូរនៅក្រៅប្រទេស នៅពេលដែលរំដោះហើយបញ្ជូនត្រឡប់មកស្រុកភូមិវិញ គឺតែងមានអង្គការតាមជួយបណ្ដុះបណ្ដាល និងបង្រៀនជំនាញវិជ្ជាជីវៈ ឱ្យចេះធ្វើការចិញ្ចឹមជីវិត។ ក៏ប៉ុន្តែទោះយ៉ាងណា ក្រុមកម្មករភាគច្រើនមិនអាចទ្រាំរស់នៅក្នុងស្រុកកំណើតទេ គឺពួកគេនៅតែចំណាកស្រុកទៅរកការងារធ្វើដដែល៖ «ការបណ្ដុះបណ្ដាលដែលធ្វើឱ្យពួកគាត់មានជំនាញអ្វីផ្សេងៗហ្នឹង គឺយកទៅអនុវត្តនៅឯតំបន់ដែលពួកគាត់រស់នៅហ្នឹង វាអត់កើតទៅទៀត»។
ប្រធានសាខាអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិប្រចាំខេត្តសៀមរាប អ្នកស្រី ជុំ សារ៉ានី មានប្រសាសន៍ថា អង្គការរបស់អ្នកស្រីតែងមានកម្មវិធីជួយបង្រៀនជំនាញដល់កម្មករដែល រងគ្រោះដោយការជួញដូរទាំងនោះ។
អ្នកស្រី សា រ៉ានី បញ្ជាក់ថា កន្លងទៅអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិប្រចាំខេត្តសៀមរាប បានធ្វើសកម្មភាពជួយដល់ពលករដែលរងគ្រោះដោយការជួញដូរនៅក្នុងខេត្ត ឧត្តរមានជ័យ និងខេត្តសៀមរាប ជាច្រើន បន្ទាប់ពីពួកគេត្រូវបានរំដោះហើយបញ្ជូនត្រឡប់មកដល់ផ្ទះវិញ។ សកម្មភាពទាំងនោះមានដូចជា ការជួយបង្រៀនឱ្យចេះជំនាញកាត់ដេរ ជំនាញជួសជុលគោយន្ត និងជួយឱ្យកុមារតូចៗ បានចូលរៀនសូត្រវិញជាដើម។
អ្នកស្រី ជុំ សារ៉ានី បញ្ជាក់ថា បើទោះបីជាអង្គការក្រៅរដ្ឋាភិបាលជួយបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យពលករទាំងនោះមានជំនាញរកស៊ីចិញ្ចឹមជីវិតក៏ដោយ ក៏មិនមែនមានន័យថា ពួកគេនឹងបោះបង់ចោលការចំណាកស្រុកនោះទេ៖ «គាត់ទៅរៀនកាត់ដេរ គាត់ចេះ អ៊ីចឹងហើយម្ចាស់ហាងដែលយើងនាំគាត់ទៅធ្វើការ គឺគេយកចិត្តទុកដាក់ ហើយគេឱ្យបាយញ៉ាំ និងលុយចាយ ហើយនៅពេលចេះហើយ គាត់មានប្រាក់ចំណូលល្អ»។
ទោះយ៉ាងណា អង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិ បានសំដែងការព្រួយបារម្ភទៅដល់ភ័ព្វវាសនារបស់ពលករដែលរងគ្រោះ ដោយសារការជួញដូរនៅជំនាន់ក្រោយៗទៀតថា អាចនឹងមានអ្នកណាជួយបណ្ដុះបណ្ដាលជំនាញពួកគេទៀតទេ ពីព្រោះអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិបានដាច់ជំនួយលើកម្មវិធីជួយ បណ្ដុះបណ្ដាលជំនាញជួយដល់ពលករនេះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
