ប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរិះគន់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធខេត្ត អភិបាលខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ថាអនុញ្ញាតឲ្យក្រុមហ៊ុនសង់ប៉ាណូដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗនៅជុំវិញបរិវេណរង្វង់មូលតោពីរ ប៉ះពាល់ដល់លំនៅឋាន ឬការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេ។
ក្រុមប្រជាពលរដ្ឋ សំណូមពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ក្នុងដំណើរទស្សនកិច្ច ឬចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅសាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែសីហា ព្រោះអាជ្ញាធរខេត្តនេះមិនស្តាប់សំណូមពរពលរដ្ឋទេ។
ប្រជាពលរដ្ឋ និងអាជីវករមួយចំនួនដែលមានលំនៅឋាន ឬទីតាំងប្រកបរបរចិញ្ចឹមជីវិតនៅជុំវិញបរិវេណរង្វង់មូលតោពីរភាគខាងលិច ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនស្ថាបនាជើងទម្រផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម សម្រាប់បំពាក់ផ្ទាំងទូរទស្សន៍អ៊ិល.អ៊ី.ឌី (LED) នៅលើចិញ្ចើមផ្លូវទល់មុខផ្ទះ និងទីតាំងធ្វើអាជីវកម្មពួកគេ នៅគ្រាទីតាំងនោះមានសភាពតូចចង្អៀត។
ក្រុមអាជីវករទាំងនោះមិនជំទាស់នឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តនេះទេ ប៉ុន្តែគួរត្រូវរកទីតាំងផ្សេងសម្រាប់ដំឡើងជើងទម្រនេះ ព្រោះទីតាំងនៅជុំវិញបរិវេណតោពីរ អាជ្ញាធរខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យក្រុមហ៊ុនសង់ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មធំៗជាង ១០ផ្ទាំង ស្ទើរលុបបាត់សោភ័ណភាពនៃអត្តសញ្ញាណតោពីរសម្រាប់សម្គាល់ខេត្តព្រះសីហនុ កន្លងមក។
ក្រុមប្រជាពលរដ្ឋ សំណូមពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងមកជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងមន្ត្រីរាជការនាសាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី៣ ខែសីហា ជួយអន្តរាគមន៍ទប់ស្កាត់ការសាងសង់បង្គោលប៉ាណូផ្សាយពាណិជ្ជកម្ម ឬជើងទម្រទូរទស្សន៍អ៊ិល.អ៊ី.ឌី មានទីតាំងនៅជាប់រង្វង់មូលតោពីរ ដែលរដ្ឋបាលខេត្តព្រះសីហនុ កំពុងស្ថាបនាពេលនេះឲ្យបានទាន់ពេលដោយអនុគ្រោះ៖ « ពួកខ្ញុំមិនមែនបដិសេធគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលក្រុង និងខេត្តព្រះសីហនុ ទេ ប៉ុន្តែគ្រាន់តែសំណូមពរ និងស្នើឲ្យអាជ្ញាធរឲ្យត្រួតពិនិត្យមើលឡើងវិញ ព្រោះបង្គោលប៉ាណូដែលសង់នៅជុំវិញបរិវេណតោពីរនេះ មានជាង ១០ផ្ទាំងរួចហើយ ហើយបើមានការសាងសង់បង្គោលប៉ាណូធំៗបន្ថែមទៀត នាំឲ្យតំបន់នេះបង្កការកកស្ទះ និងប៉ះពាល់ដល់ការប្រកបរបររបស់អាជីវករ ឬការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញនេះ »។
បញ្ហានេះ ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងសង់បង្គោលទម្រសម្រាប់បំពាក់ផ្ទាំងប៉ាណូ ឬផ្ទាំងទូរទស្សន៍អ៊ិល.អ៊ី.ឌី នៅឆៀងខាងលិចរង្វង់មូលតោពីរខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកក្កដា ពួកគេបានដាក់ពាក្យបណ្ដឹងទាស់ចំពោះគម្រោងសាងសង់នេះទៅអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ស្នើឲ្យរកទីតាំងផ្សេងសង់ជំនួសវិញ ព្រោះទីតាំងនេះតូចចង្អៀត និងប៉ះពាល់ដល់លំនៅឋាន និងទីតាំងប្រកបរបររកទទួលទានរបស់ពលរដ្ឋ ប៉ុន្តែអាជ្ញាធរហាក់មិនចាប់អារម្មណ៍ទៅនឹងសំណូមពរពួកគាត់ទេ។
ឆ្លើយតបបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ផ្តល់បទសម្ភាសន៍នៅថ្ងៃទី២ ខែសីហា ថា រដ្ឋបាលខេត្តនេះបានដោះស្រាយកង្វល់នេះរួចហើយ ហើយសូមឲ្យពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងស្ងប់អារម្មណ៍ ព្រោះអាជ្ញាធរកំពុងដោះស្រាយ។ លោកឲ្យដឹងថា ក្នុងចំណោមគម្រោងស្ថាបនាបង្គោលជើងទម្រសម្រាប់បំពាក់ផ្ទាំងអ៊ិល.អ៊ី.ឌី ៣ផ្ទាំងនៅជុំវិញរង្វង់មូលតោពីរ គឺអាជ្ញាធរនឹងបំពាក់ត្រឹមពីរផ្ទាំងទេ ដើម្បីកុំឲ្យប៉ះពាល់ដល់អារម្មណ៍ពលរដ្ឋ។
លោកបន្ថែមថា ការដែលអាជ្ញាធរសង់ជើងទម្របំពាក់ផ្ទាំងទូរទស្សន៍ អ៊ិល.អ៊ី.ឌី នៅក្បែររង្វង់មូលតោពីរនេះ គឺទុកសម្រាប់ចាក់បញ្ចាំងរូបភាព ឬសមិទ្ធផលនានាពាក់ព័ន្ធការងារអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ ដែលសម្រេចបាននាពេលកន្លងមក នៅគ្រាបុណ្យសមុទ្រនឹងចូលមកដល់នៅដំណាច់ឆ្នាំនេះ ហើយខេត្តនេះនឹងទទួលធ្វើជាម្ចាស់ផ្ទះ៖ « រឿងហ្នឹងខ្ញុំបានទទួលលិខិត និងបានជួបពលរដ្ឋជាម្ចាស់ពាក្យបណ្ដឹងទាំងនោះរួចហើយ ហើយខ្ញុំក៏បានប្រាប់គាត់រួចហើយដែរថា ក្នុងចំណោមការដាក់បង្គោលជើងទម្រផ្ទាំងទូរទស្សន៍អ៊ិល . អ៊ី . ឌី នៅជិតរង្វង់មូលតោពីរនេះ គឺមិនមែនដាក់ ៣ផ្ទាំង គឺដាក់តែពីរផ្ទាំងទេ ហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់ផ្ទះ ឬលំនៅឋានពលរដ្ឋនៅម្តុំនោះដែរ។ សូមឲ្យពលរដ្ឋមិនបាច់នាំអំពល់ដល់សម្ដេចទេ រឿងប៉ុណ្ណឹងខ្ញុំដោះស្រាយមិនធ្វើឲ្យសម្ដេចឈឺក្បាលនោះទេ »។
ទោះបីជាបែបនេះក្តី ប្រជាពលរដ្ឋមានលំនៅឋាន និងមានទីតាំងប្រកបរបរចិញ្ចឹមជីវិតនៅជាប់រង្វង់មូលតោពីរ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ លើកឡើងថា អាជ្ញាធរមុននឹងមានគម្រោងអភិវឌ្ឍន៍ ឬជ្រើសយកទីតាំងដីសាធារណៈរបស់រដ្ឋណាមួយដើម្បីអភិវឌ្ឍអ្វីមួយ គួរពិចារណាអំពីផលប៉ះពាល់នៃគម្រោងនីមួយៗជាមួយប្រជាពលរដ្ឋរស់នៅតំបន់នោះជាមុន។
ប្រជាពលរដ្ឋមានលំនៅឋាននៅជុំវិញបរិវេណតោពីរអះអាងថា ពួកគេមិនជំទាស់នឹងផែនការ ឬគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ទេ ប៉ុន្តែគួរតែអាជ្ញាធរផ្តល់ដំណោះស្រាយដល់ភាគីពាក់ព័ន្ធអាចទទួលយកបានលទ្ធផលចំណេញទាំងសងខាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
