បេក្ខជនជាង ២ម៉ឺននាក់ (២៣.១២៦នាក់) ប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលស្មើនឹង ២៥,៧២% ក្នុងចំណោមបេក្ខជនជិត ៩ម៉ឺននាក់ (៨៩.៩៣៧នាក់) ដែលចូលរួមក្នុងការប្រឡងឆ្នាំនេះ។ ចំនួនសិស្សដែលប្រឡងជាប់បានថយចុះប្រមាណ៦០ភាគរយប្រើប្រៀបធៀបនឹងការប្រឡងនៅឆ្នាំកន្លងទៅ។ ការថយចុះនេះគឺបន្ទាប់ពីក្រសួងអប់រំដាក់វិធានការកំណែទម្រង់វិស័យអប់រំ ក្រោមពាក្យស្លោក «អ្នកចេះគឺជាប់»។
ខុសប្លែកពីរាល់ឆ្នាំ សិស្ស ប្រមាណពី ៧០ ទៅ ៨០ ភាគរយ បានប្រឡងបាក់ឌុបជាប់ បើទោះបីបាននិទ្ទេសល្អ ឬមិនសូវល្អក្ដី នៅឆ្នាំ ២០១៤ បេក្ខជន ប្រមាណ៧០ភាគរយបានប្រឡងធ្លាក់។
សិស្សមួយចំនួនឃើញឈ្មោះរបស់ខ្លួន បិទនៅលើក្ដារប្រកាសលទ្ធផល ដែលមិនគូសប៉ិចក្រហម ពិតជាសប្បាយរីករាយ និងមានមោទនភាព ចំពោះខ្លួនឯងក្រៃលែង។ ក្នុងទឹកមុខញញឹមញញែម កញ្ញា សន ឆវីវតី បេក្ខនារី ប្រឡងមណ្ឌលវិទ្យាល័យ ជា ស៊ីម សាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទើបនឹងឃើញលទ្ធផលប្រឡងរបស់ខ្លួន ជាប់បាននិទ្ទេសល្អផងទៀតនោះ ឲ្យដឹងថានេះជាលទ្ធផលល្អ សម្រាប់អ្នកដែលខិតខំប្រឹងប្រែង រៀនសូត្រគ្រប់គ្នា៖ « ផ្ដាំផ្ញើដល់ប្រឡងធ្លាក់ទាំងអស់ កុំបាក់ទឹកចិត្តអី ព្រោះនៅមានឱកាសជាលើកទីពីរទៀត ហើយរយៈពេលមួយខែជាង គួរតែខំប្រឹងរៀន ទាំងថ្ងៃទាំងយប់ គួរតែជឿជាក់ខ្លួនឯង ថាខ្លួនឯងអាចធ្វើបាន ទោះកាលមុខពីសូន្យភាគរយ អាចឡើងដល់ ២០ ទៅ ៣០អ៊ីចឹងដែរ » ។

លោក ឈន់ អេងទ្រី គ្រូបង្រៀនម្នាក់ក្នុងវិទ្យាល័យ ជា ស៊ីម សាមគ្គី បានសាទរ ចំពោះចំណាត់ការដ៏មានប្រសិទ្ធភាព របស់ក្រសួងអប់រំ ហើយជំរុញឲ្យមាន ការរឹតបន្តឹងបែបនេះ រាល់ៗឆ្នាំទៅមុខទៀត ដោយរួមទាំងការប្រឡង លើកទី២ ខាងមុខនេះ។ លោកបញ្ជាក់ថា សិស្សដែលប្រឡងធ្លាក់ ត្រូវគិតគូរពីការរៀនសូត្ររបស់ខ្លួនឡើងវិញ៖« ទីមួយគឺធ្វើឲ្យសិស្សខាងក្រោមៗ ទី១១ ប្រឹងរៀនណាស់ឥឡូវ គាត់ខំប្រឹងរៀនណាស់ សព្វថ្ងៃនៅសាលាខ្ញុំសិស្សរៀនគួរពេញៗ » ។
ក្នុងបរិយាកាសអាប់អួរបន្តិច ហើយមេឃក៏កំពុងបង្អុរផងនោះ កញ្ញា សៀក រាសី កំពុងអង្គុយ សញ្ជប់សញ្ជឹង កែវភ្នែករលីងរលោង។ នាងថ្លែងទាំងអួលដើមកថា កាលពីថ្ងៃប្រឡងនាងពិតជាខំបញ្ចេញអស់ពីសមត្ថភាពរបស់ខ្លួន តែលទ្ធផលនៅតែធ្លាក់។ ឆ្លើយនឹងសំណួរថាតើនាងនឹងចូលប្រឡងលើកទីពីរឬទេ? រាសីហាក់នៅស្ទាក់ស្ទើរមិនដឹងថា អាចប្រឡងជាប់ ឬធ្លាក់នៅលើកទី២ ត្បិតនៅសល់ពេលជាង១ខែប៉ុណ្ណោះ។
លោក ផាន់ ណិល នាយកសាលាវិទ្យាល័យជា ស៊ីម សាមគ្គី ឲ្យដឹងថាការរៀបចំ ការប្រឡងបាក់ឌុបនៅឆ្នាំនេះជាលទ្ធផលល្អបំផុត សម្រាប់ដាស់ស្មារតី ដល់សិស្សគ្រប់រូប ឲ្យប្រឹងរៀន។ ចំណែកអាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ ជំរុញ និងចូលរួមតាមដានគ្រប់សកម្មភាព ការសិក្សារបស់កូន។
ចំពោះសិស្សដែលប្រឡងធ្លាក់វិញ ក្រសួងនឹងរៀបចំផ្ដល់ វគ្គបំប៉នបន្ថែមគ្រប់មុខវិជ្ជា តាមបណ្ដាខេត្តក្រុង ដើម្បីត្រៀមខ្លួនប្រឡងលើកទីពីរ នៅថ្ងៃទី ១៣ ទី ១៤ ខែ តុលាខាងមុខ លើកលែងតែបេក្ខជនដែលក្រសួងពិន័យ៕
ក្នុងចំណោមបេក្ខជនដែលប្រឡងជាប់នោះ សិស្សដែលបាននិទ្ទេស A មានចំនួន ១១នាក់ និងនិទ្ទេស B មានចំនួន ២៨០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
