អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលក្រុមកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ត្រូវបានអាជ្ញាធរបញ្ជូនឱ្យមករស់នៅក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ អាជ្ញាធរបានសន្យាផ្ដល់ផ្ទះ ដីលំនៅឋាន និងដីកសិកម្មដល់ពួកគាត់ ដើម្បីឱ្យពួកគាត់ចាប់ផ្ដើមជីវិតថ្មីនៅតំបន់ដែលត្រូវបានបង្កើតឡើងដោយផ្ទាល់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះបីជាបែបណា អតីតកងកម្លាំងប្រដាប់អាវុធទាំងនោះអះអាងថា ពួកគាត់ទទួលបានតែផ្ទះមួយខ្នង និងដីលំនៅឋានតែប៉ុណ្ណោះ ដោយមិនទាន់ទទួលបានដីស្រែបង្កបង្កើនផលដូចការសន្យារបស់អាជ្ញាធរនៅឡើយ។
"តេជោអភិវឌ្ឍន៍" គឺជាភូមិដែលត្រូវបានបង្កើតឡើងដោយប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន កាលពីជិត ១០ឆ្នាំមុន។ បច្ចុប្បន្ន ភូមិអភិវឌ្ឍន៍មួយនេះមានក្រុមយោធិនពិការ ក្រុមកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ និងប្រជាពលរដ្ឋសាមញ្ញជាច្រើនគ្រួសារកំពុងរស់នៅ។
សម្រាប់យោធិនពិការ អ្វីៗហាក់អំណោយផលដល់ការរស់នៅរបស់ពូកគាត់។ លោក ហ៊ុន សែន បានប្រគល់ផ្ទះមួយខ្នង និងដីមួយហិកតារកន្លះដល់ក្រុមគ្រួសារយោធិនពិការសម្រាប់ការរស់នៅ និងបង្កបង្កើនផល ព្រមទាំងមានការរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ទីផ្សារ និងទឹក ភ្លើងគ្រប់គ្រាន់។
ស្ថិតក្នុងវ័យជាង ៥០ឆ្នាំ លោក ស៊ុន ពេជ្រ គឺជាយោធិនពិការម្នាក់ក្នុងចំណោមយោធិនពិការជាច្រើនផ្សេងទៀត ដែលត្រូវបានអាជ្ញាធរបញ្ជូនពីមជ្ឈមណ្ឌលកៀនស្វាយ ខេត្តកណ្ដាល ឱ្យមកតាំងទីលំនៅថ្មីនៅក្នុងភូមិតេជោអភិវឌ្ឍន៍ នៅខេត្តកំពត។ មានតួនាទីជាអនុសេនីយ៍ឯកប្រចាំអង្គភាព ៣១៧ កោះស្លា លោក ស៊ុន ពេជ្រ ថ្លែងថា លោកពេញចិត្តចំពោះការរស់នៅភូមិតេជោអភិវឌ្ឍន៍ អស់រយៈពេលជាង ៩ឆ្នាំកន្លងទៅនេះ៖ «វាគ្រប់គ្រាន់របស់គាត់ហើយ ដែលគាត់ឱ្យ។ ត្រេកអរជាអនេកប្បការជាងឪពុកម្ដាយបង្កើត ចិញ្ចឹមទៅទៀត។ ឱ្យដីសម្បទានផង ហើយកាប់ព្រៃឱ្យទៀត និងដាំដុះឱ្យទៀត យើងចាំតែថែរក្សា»។
លោក ស៊ុន ពេជ្រ ទទួលបានផ្ទះថ្មមួយខ្នងទំហំ ៥ម៉ែត្រការ៉េ មានបន្ទប់ទឹក បង្គន់អនាម័យ ទូរទស្សន៍ អាគុយ បន្ទះសូឡា និងទទួលបានដីទំហំ ៥០ គុណ ៣០០ម៉ែត្រ ដែលអាចដាំដុះដំណាំបានយ៉ាងល្អ។ លោក ស៊ុន ពេជ្រ បញ្ជាក់ទៀតថា ក្នុងមួយខែលោកទទួលបានប្រាក់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗ សរុបជាង ១លានរៀលពីរដ្ឋាភិបាល។ ក្រៅពីនេះ អ្នកដឹកនាំគ្រប់លំដាប់ថ្នាក់រាប់ចាប់តាំងពីអាជ្ញាធរស្រុក ខេត្ត រហូតដល់នាយករដ្ឋមន្ត្រី តែងចុះមកសួរសុខទុក្ខពួកលោកដែលជាយោធិនពិការជាប្រចាំ៖ «យកលុយទាំងនោះមក ខ្ញុំរកស៊ីលក់ដូរខោអាវនៅផ្សាររបស់សម្ដេច។ អាហ្នឹងយើងអាចចាយរស់ចាយគ្រប់គ្រាន់ហើយ មួយខែជាង ១លានហ្នឹង»។
ផ្ទុយពីក្រុមយោធិនពិការ លក្ខខណ្ឌរស់នៅរបស់អតីតយុទ្ធជនជាច្រើនរយគ្រួសារនៅក្នុងភូមិតេជោអភិវឌ្ឍន៍ មានសភាពខ្វះមុខខ្វះក្រោយ។
ភូមិម្កររបស់អតីតយុទ្ធជនមានចម្ងាយប្រមាណជាជាង ១គីឡូម៉ែត្រប៉ុណ្ណោះពីលំនៅឋានរបស់ក្រុមយោធិនពិការ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធមិនទាន់ត្រូវបានរៀបចំល្អនៅឡើយ។ ថ្វីត្បិតតែមានផ្លូវលំអាចធ្វើដំណើរបានដោយស្រួល ប៉ុន្តែមិនមានភ្លើងអគ្គិសនី និងទឹកស្អាតសម្រាប់ប្រើប្រាស់នៅឡើយ។ ក្រុមនិវត្តន៍ជនជាកងកម្លាំងប្រដាប់អាវុធអះអាងថា ពួកគាត់ត្រូវទិញទឹកពីគេដើម្បីប្រើប្រាស់ ចំណែកឯអគ្គិសនីវិញ ដើរដោយថាមពលអាគុយ។
ប្រឈមមុខនឹងកង្វះខាតទឹកភ្លើង និងគ្មានដីកសិកម្មសម្រាប់បង្កបង្កើនផល ក្រុមអតីតយុទ្ធជនជាច្រើនគ្រួសារ បានចាកចោលលំនៅឋានដែលប្រមុខរដ្ឋាភិបាលសាងសង់ឱ្យទៅរស់នៅកន្លែងដទៃវិញ។ បច្ចុប្បន្នគេសង្កេតឃើញគេហដ្ឋានមួយចំនួនធំត្រូវបិទទ្វារគ្មានមនុស្សរស់នៅ សល់តែសម្បកផ្ទះ ហើយខ្លះទៀតត្រូវស្មៅដុះរុំជុំជិត ប្រៀបបាននឹងភូមិឋានដែលត្រូវគេបោះបង់ចោលដូច្នេះដែរ៖ «សំឡេងដាក់ចំណីមាន់ទា»។
មានវ័យជាង ៥០ឆ្នាំ កម្ពស់ប្រហែល ១,៥០ម៉ែត្រ សម្បុរស្រអែម សក់រួញចងក្របួច កំពុងបាចចំណីឱ្យមាន់ទា លោកស្រី ព្រុយ ជឿន គឺជាអតីតយុទ្ធជនម្នាក់ដែលធ្លាប់បម្រើការងារនៅក្នុងក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។ លោកស្រីរៀបរាប់ថា លោកស្រីបានចូលធ្វើជាទាហានតាំងពីឆ្នាំ១៩៩០ មកទល់នឹងឆ្នាំ២០១០ ទើបត្រូវបានអង្គភាពដាក់ឱ្យចូលនិវត្តន៍តាមគោលការណ៍របស់រដ្ឋាភិបាល។
ក្រោយមកនៅឆ្នាំ២០១២ លោកស្រីត្រូវបានគេបញ្ជូនឱ្យមករស់នៅភូមិតេជោអភិវឌ្ឍន៍ ដោយទទួលបានគេហដ្ឋានមួយខ្នងទំហំ ៥ម៉ែត្រការ៉េ និងដីលំនៅឋានទំហំ ៣០ គុណនឹង ៤០ម៉ែត្រ។ ប៉ុន្តែចំពោះដីកសិកម្មទំហំ ១ហិកតារដែលអាជ្ញាធរសន្យាផ្ដល់ជូនវិញ លោកស្រីមិនទាន់ទទូលបាននៅឡើយ គិតចាប់តាំងពីថ្ងៃមករស់នៅរហូតដល់ឆ្នាំ២០១៦ នេះ ដោយអាជ្ញាធរខេត្តកំពត បានលើកពេលវាស់វែងជាច្រើនដង៖ «សម្ដេច គាត់ឱ្យមក ហើយមេៗគេឱ្យមក។ គេសន្យាថា គេឱ្យដី គេឱ្យផ្ទះ គេចែករបស់ទ្រព្យមានចាន ឆ្នាំង និងពាងឱ្យ តែចំពោះខ្ញុំអត់ទាន់បានអ្វីទាំងអស់។ រាល់ថ្ងៃ បានតែផ្ទះទទេ និងដីផ្ទះតែប៉ុណ្ណឹងឯង»។
សព្វថ្ងៃនេះ លោកស្រីរស់នៅពឹងផ្អែកតែទៅលើប្រាក់សោធននិវត្តន៍ និងរបរដាំដុះស្លឹកគ្រៃបន្តិចបន្តួចតែប៉ុណ្ណោះ។ ប្រាក់សោធននិវត្តន៍ដែលមានចំនួន ៤០ម៉ឺនរៀលក្នុងមួយខែ មិនគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំខែរបស់ក្រុមគ្រួសារលោកស្រី ព្រុយ ជឿន នោះទេ ពីព្រោះលោកស្រីត្រូវចំណាយលើម្ហូបអាហារ និងជំងឺតម្កាត់ផ្សេងៗ។
និយាយដល់ត្រឹមនេះ លោកស្រី ព្រុយ ជឿន ទម្លាក់ទឹកមុខចុះបន្តិច រួចពោលថា លោកស្រីសោកស្ដាយដែលមករស់នៅភូមិតេជោអភិវឌ្ឍន៍ ពីព្រោះបើលោកស្រីនៅធ្វើជាកម្មករគេនៅឯរាជធានីភ្នំពេញវិញ ក៏ជីវភាពរបស់លោកស្រីប្រសើរជាងនេះដែរ៖ «បើយើងនៅឯណោះ (រាជធានីភ្នំពេញ) យើងស៊ីឈ្នួលធ្វើកម្មករគេ ចេះតែបានប្រាក់ខែ តែពេលមកនៅទីនេះ យើងមានអី។ រកមួយថ្ងៃស៊ីមួយថ្ងៃៗ ទៅរកអី។ យើងទៅស៊ីឈ្នួលគេ បើយើងមានចម្ការទៅ យើងចេះតែធ្វើរបស់យើងទៅ ដល់ពេលយើងអត់ចម្ការ យើងមានអ្វីធ្វើ»។

លោកស្រី ព្រុយ ជឿន អះអាងបន្តថា លោកស្រីនិងអតីតយុទ្ធជនដទៃនៅក្នុងភូមិតេជោអភិវឌ្ឍន៍ តែងចាត់ទុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាឪពុករបស់ខ្លួន និងបានបូជាកម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិ។ ប៉ុន្តែអ្វីគ្រប់យ៉ាងដែលត្រឡប់មកឱ្យលោកស្រី និងអតីតយុទ្ធជនផ្សេងទៀត នៅពេលនេះវិញ គឺមានភាពផ្ទុយគ្នាស្រឡះ។ អាជ្ញាធរមិនដែលបានចុះសួរនាំពួកគាត់អំពីការរស់នៅ និងតម្រូវការរបស់ពួកគាត់ឡើយ ហើយសូម្បីតែការចង់ទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលលោកចុះមកតំបន់តេជោអភិវឌ្ឍន៍ ម្ដងៗ ក៏ត្រូវបានអាជ្ញាធរហាមឃាត់ដែរ។
ស្ថិតក្នុងស្ថានភាពរស់នៅកណ្ដោចកណ្ដែង និងដាច់សង្វែងបែបនេះ លោកស្រី ព្រុយ ជឿន និងអតីតយុទ្ធជនផ្សេងទៀតបានប្រៀបប្រដូចខ្លួនទៅនឹងកូនដែលត្រូវបានឪពុកម្ដាយបំបរបង់ចោលដូច្នេះដែរ៖ «គាត់ទៅតែកន្លែងក្រុមយោធិនពិការឯណោះ បើពួកសោធនខ្ញុំនេះ អត់មានដែលគាត់អ៊ឺអើ ទៅអើតមើលកូនចៅម្ដងឱ្យបានសប្បាយ។ ឃើញមុខឪទៅ កូនសប្បាយ អត់ឃើញមុខឪ កូនចៅបានអីសប្បាយ។ មានតែភ័យ ចេះតែខ្លាចទៅៗ មានអារម្មណ៍ថា គាត់យកមកបោះបង់ចោលនៅក្នុងព្រៃ អត់មានគិតថា ឥឡូវ កូនអញបានស្អីស៊ី បានអីចាយ បានអីសប្បាយ។ គាត់អត់មានគិតទេសព្វថ្ងៃនេះ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងខេត្តកំពត ទទួលបន្ទុកខាងដីធ្លី លោក ហេង វន្ថា បញ្ជាក់ថា អាជ្ញាធរខេត្តនឹងចុះវាស់វែងដីចំនួន ១.២៨៨ហិកតារក្នុងពេលឆាប់ៗខាងមុខ ដើម្បីផ្ដល់ដល់អតីតយុទ្ធជនទាំង ២៤០គ្រួសារ ដែលមិនទាន់ទទួលបានដីបង្កបង្កើនផល។ លោកពន្យល់ថា ការយឺតយ៉ាវក្នុងការវាស់វែងដីនៅពេលកន្លងមក គឺដោយសារមានការតវ៉ាពីប្រជាពលរដ្ឋដែលអះអាងថា ដីជិត ១.៣០០ហិកតារនោះ ជាកម្មសិទ្ធិរបស់ពួកគេ៖ «ខាងលើគេពិនិត្យឃើញថា ការងារនេះ សម្រាប់ដោះស្រាយជូនកងទ័ពដែលចូលនិវត្តន៍ចំពោះដីទាំង ១.២៨៨ហិកតារ។ អ៊ីចឹងគណៈកម្មការរបស់ខេត្តនេះ គេនឹងរៀបចំជាសមាសភាពថ្មី ឆាប់ៗនេះហើយមិនយូរទេ»។
ជុំវិញរឿងនេះ មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក ប្រចាំខេត្តកំពត លោក ហេង ភារៈ យល់ឃើញថា អាជ្ញាធរមិនគូរអនុវត្តស្តង់ដារពីរចំពោះក្រុមយោធិនពិការ និងក្រុមអតីតយុទ្ធជននោះទេ ត្បិតពួកគាត់សុទ្ធតែជាអ្នកតស៊ូដើម្បីជាតិមាតុភូមិដូចគ្នា។ លោក ហេង ភារៈ បន្តថា អាជ្ញាធរត្រូវពិនិត្យឱ្យបានច្បាស់លាស់អំពីដីដែលក្រុមពលរដ្ឋអះអាងថា ជាកម្មសិទ្ធិរបស់ពួកគេ និងដោះស្រាយទំនាស់នេះឱ្យបានចប់សព្វគ្រប់ មុនពេលធ្វើការវាស់វែងជូនអតីតយុទ្ធជនដើម្បីបញ្ចៀសការប្រឈមណាមួយរវាងក្រុមពលរដ្ឋ និងអតីតយុទ្ធជន៖ «ខ្ញុំគិតថា អាជ្ញាធរគាត់ដឹងហើយ ហើយគាត់ក៏បានទៅទីនោះជាប្រចាំដែរ។ ដូច្នេះគាត់គួរតែមើលថា តើការផ្ដល់ដីជូនយោធិនពិការនេះ វាមានលក្ខណៈបែបណា ហើយមានជីវភាពបែបណា។ អាជ្ញាធរ (ខេត្តកំពត) គួរតែយកគំរូដែលសម្ដេចធ្វើមកផ្ដល់ដី ឬក៏មកអភិវឌ្ឍន៍ជីវភាពគ្រួសារទៅលើសោធន ឱ្យបានដូចយោធិនពិការ ដែលសម្ដេចបានអនុវត្តជាគំរូ»។
អតីតយុទ្ធជនដែលទទួលបានផ្ទះ និងដីលំនៅឋាន នៅភូមិតេជោអភិវឌ្ឍន៍ មានចំនួនជាង ៤០០ គ្រួសារ ហើយពួកគេភាគច្រើនមិនទាន់បានដីកសិកម្មនៅឡើយ។
លោកស្រី ព្រុយ ជឿន និងក្រុមគ្រួសារអតីតយុទ្ធជនផ្សេងទៀតនៅភូមិតេជោអភិវឌ្ឍន៍ សុទ្ធតែទទូចដល់អាជ្ញាធរខេត្តកំពត ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយផ្ដល់ដីកសិកម្មជូនពួកគាត់ឱ្យបានឆាប់រហ័ស ដើម្បីពួកគាត់មានមុខរបរត្រឹមត្រូវអាចរស់នៅដោយជីវភាពសមរម្យដូចក្រុមយោធិនពិការដែរ៖ «មិនទាន់អីផងយើងអស់សង្ឃឹមពី ថ្ងៃនេះទៅហើយ។ បើយើងរកមិនបាន ហើយណាមួយយើងចេះតែឈឺៗ ជួនកាលយប់ឡើងយើងដេកអត់បានទេ។ ខ្ញុំប្រុងចេញដែរ តែមិនដឹងចេញទៅណា ខ្ញុំអត់មានលុយអត់មានកាក់ អត់មានដី អត់មានកន្លែងណាដែលយើងអាចទីពឹងបាន។ យើងនៅសង្ឃឹមតែប៉ុណ្ណឹង ចេះតែសង្ឃឹមទៅក្រែងគាត់ឱ្យក្រែងគេឱ្យដីមកទៀត»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
