រាជរដ្ឋាភិបាលកម្ពុជា រៀបចំពិធីបុណ្យដារលាន ឬបុណ្យភូមិ ថ្នាក់ជាតិយ៉ាងធំមួយជាលើកទី១ នៅខេត្តកំពង់ឆ្នាំងនាថ្ងៃទី២២ ខែមករា។ ពិធីបុណ្យដាលាននេះមានអ្នកចូលរួមប្រមាណ១ពាន់ នាក់។
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង សង្ឃឹមថាអ្នកចូលរួមដែលភាគច្រើនជាប្រជាកសិករ នៅឃុំគោកបន្ទាយ និងឃុំអណ្ដូងស្នាយ នៃស្រុករលាប្អៀរ មានឱកាសចែករំលែកបទពិសោធន៍កសិកម្មគ្នាទៅវិញទៅមក ដើម្បីជាប្រយោជន៍ក្នុងការបង្កបង្កើនផលនៅឆ្នាំខាងមុខៗទៀត។ ប្រជាកសិករក៏មានឱកាសសប្បាយរីករាយជាមួយគ្នា បន្ទាប់ពីនឿយហត់ប្រមូលផលស្រូវ អស់រយៈពេលមួយរដូវពេញ។
ប្រធានមន្ទីរកសិកម្មលោក ងិន ហ៊ុន មានប្រសាសន៍ថា ពិធីបុណ្យដារលានថ្នាក់ជាតិនេះបានធ្វើឡើងរបៀបវិលជុំពីខេត្តមួយទៅខេត្តមួយ ហើយឆ្នាំ២០១៦នេះធ្វើនៅក្នុងខេត្តកំពង់ឆ្នាំង។ លោកថា កន្លែងប្រារព្ធពិធីដែលឋិតនៅចំកណ្ដាលវាលស្រែ នៃភូមិស្ពងរាជ្យ ឃុំអណ្ដូងស្នាយ ចាប់ផ្ដើមក្រុងពាលីនៅម៉ោង១០ព្រឹក និងពីម៉ោងពីររសៀលទៅកម្មវិធីនឹងចាប់ផ្ដើម ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ «ពិធីបុណ្យដាលាននេះ យើងគ្រោងធ្វើរយៈពេលធ្វើតែមួយថ្ងៃទេ ! ជាគោលបំណង គឺទី១ចង់ឲ្យបងប្អូនកសិករយើងទាំងអស់ជួបជុំគ្នា ពង្រីកចំណងសាមគ្គីភាពគ្នា ចូលរួមយោបល់ និងបទពិសោធន៍ពីលើការងារបង្កបង្កើនផល។ ទី២ចង់ឲ្យប្រជាកសិករទាំងអស់ចេះស្រឡាញ់ និងសន្សំសំចៃស្រូវ។ ទី៣ទាក់ទងនឹងបុណ្យដាលាននេះដែរ គឺចង់អប់រំកូនចៅជំនាន់ក្រោយឲ្យយល់ពីការរស់នៅ ឲ្យដឹងគុណព្រះធរណី ទឹក ( គង្គា ) ដែលនេះជាកត្តាសំខាន់សម្រាប់សន្តិសុខស្បៀង»។
នៅក្រោមបដាពាក្យស្លោក "មានស្រូវ គឺមានអ្វីៗទាំងអស់" ក្រុមកសិករ និងមន្ត្រីកសិកម្មបានដាក់តាំងបន្លែផ្លែឈើ ត្រីសាច់ ស្រូវអង្ក និងប្រភេទជីដាក់ស្រែមានគុណភាពខ្ពស់ ដើម្បីបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងប្រជាកសិករមកពីតំបន់ផ្សេងៗទស្សនា ឬទទួលបទពិសោធន៍។ ពួកគេក៏បានបង្ហាញនូវសកម្មភាពកិនស្រូវ បោកកណ្ដាប់ និងសកម្មភាពដាល់អំបុកនៅក្បែររោងពិធីនោះទៀតផង។
កសិករគំរូខាងផលិតស្រូវម្នាក់មកពីភូមិខ្វិត នៃឃុំពង្រ ស្រុករលាប្អៀរ គឺលោកស្រី កែ ខាន់ ឲ្យដឹងថា ពិធីបុណ្យដាលាន ឬអបអរភោគផលនៅពេលបញ្ចប់ការប្រមូលផលនេះ បានផ្ដល់ឱកាសដល់គាត់ជួប និងចែករំលែកបទពិសោធន៍ទាក់ទងនឹងការផលិតស្រូវទៅកសិករផ្សេងទៀត។ លោកស្រីថា ស្របពេលគ្នានេះគាត់ក៏អាចសួរកសិករដទៃៗ ដើម្បីទទួលបានបទពិសោធន៍មកវិញដែរ៖ «អ្នកមីងសង្ឃឹមថា នឹងទទួលបានបទពិសោធន៍យ៉ាងម៉េចដែរ ? មកថ្ងៃនេះគឺទទួលបានបទពិសោធន៍ពីកសិករដទៃទៀត ដូចថាគាត់ធ្វើបានទិន្នផលស្រូវខ្ពស់ជាងយើង តើគាត់មានបច្ចេកទេសអ្វីខ្លះ ? ហើយយើងនឹងនាំយកបទពិសោធន៍ និងបច្ចេកទេសនេះទៅអនុវត្តនៅឆ្នាំក្រោយ»។
អាជ្ញាធរតាមខេត្តនីមួយៗ នៃប្រទេសកម្ពុជា បានចាប់អារម្មណ៍រៀបចំពិធីបុណ្យដារលាន ឬពិធីអបអរសាទរភោគផល ក្រោយពីបញ្ចប់ការប្រមូលផលស្រូវវស្សាម្ដងៗ តាមទម្លាប់របស់កសិករនៅតាមភូមិឋាននានានាំគ្នាធ្វើពិធីពូនភ្នំស្រូវ និងនិមន្តព្រះសង្ឃបង្សុកូលតាមបែបសាសនាមិនដែលអាក់ខាន។ អាជ្ញាធរថា ពិធីនេះគឺចង់បង្ហាញពីសារសំខាន់របស់ស្រូវ និងលើកទឹកចិត្តកសិករក្នុងការផលិតស្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
