អ្នក​ជំនាញ៖ គម្រោង​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១​លាន​តោន​នៅ​ឆ្នាំ​២០១៥​នឹង​បរាជ័យ

0:00 / 0:00

រដ្ឋាភិបាល​មាន​គោល​នយោបាយ​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ នៅ​ឆ្នាំ​២០១៥ ខាង​មុខ យ៉ាង​តិច​ឲ្យ​បាន ១​លាន​តោន ដើម្បី​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជា​កសិករ។ ក៏ប៉ុន្តែ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា គោល​នយោបាយ ១​លាន​តោន​នេះ នឹង​មិន​បាន​សម្រេច​នោះ​ឡើយ ដោយសារ​ថា រដ្ឋាភិបាល​មិន​មាន​គោល​នយោបាយ​ជួយ​ដល់​កសិករ​ដូច​នៅ​ប្រទេស​ជិត​ខាង​នោះ​ឡើយ។

តើ​កត្តា​អ្វី​ខ្លះ​ដែល​ថា កម្ពុជា មិន​អាច​សម្រេច​គោល​នយោបាយ​នាំ​អង្ករ​ចេញ​ឲ្យ​បាន ១​លាន​តោន​នៅ​ឆ្នាំ​២០១៥ នោះ?

រដ្ឋាភិបាល​កម្ពុជា សង្ឃឹម​ថា កសិករ​ខ្មែរ​នឹង​មាន​ជីវភាព​ធូរធារ​នៅ​ពេល​គោល​នយោបាយ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​យ៉ាង​តិច ១​លាន​តោន នៅ​ឆ្នាំ​២០១៥ ខាង​មុខ ទទួល​បាន​ជោគជ័យ។ ក៏ប៉ុន្តែ គោល​នយោបាយ​នេះ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ។

អ្នក​ជំនាញ​ខាង​កសិកម្ម​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធ្វើ​ការ​កែប្រែ​វិស័យ​កសិកម្ម​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ ទើប​អាច​សម្រេច​នូវ​គោល​នយោបាយ​នេះ​បាន ពីព្រោះ​ថា ការ​ចំណាយ​លើ​ថ្លៃ​ដើម​ខ្ពស់ ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ រដ្ឋ​មិន​បាន​ឧបត្ថម្ភ​ទុន​ដល់​កសិករ និង​កត្តា​មួយ​ចំនួន​ទៀត។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក (CEDAC) លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា គោល​នយោបាយ​នាំ​អង្ករ​ចេញ​ឲ្យ​បាន ១​លាន​តោន​នៅ​ឆ្នាំ​២០១៥ នោះ គឺ​ពិបាក​នឹង​ទទួល​បាន​ជោគជ័យ ពីព្រោះ​ថា កម្ពុជា នៅ​ខ្វះខាត​ជាច្រើន ដូចជា ការ​ខ្វះ​ទុន​របស់​ក្រុម​ឈ្មួញ ការ​ចំណាយ​លើ​ថ្លៃ​ដើម​នៅ​ខ្ពស់ ការ​ផលិត​ស្រូវ​មិន​ទាន់​មាន​ពូជ​ល្អ ជាដើម៖ «អ្នក​រក​ស៊ី​ខាង​ស្រូវ​អង្ករ​ហ្នឹង អាច​ទទួល​បាន​ប្រាក់​កម្ចី និង​ការ​ប្រាក់​សមរម្យ ទាក់ទង​នឹង​កសិករ ធ្វើ​ម៉េច​ឲ្យ​កសិករ​មាន​សមត្ថភាព​ផលិត​បាន​ច្រើន​ឆ្លើយ​តប​នឹង​ទីផ្សារ និង​ឲ្យ​កសិករ​ហ្នឹង​ចងក្រង​ជា​សហគមន៍​អី​ទៅ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រមូល​ផ្ដុំ»

វិស័យ​ស្រូវ​អង្ករ​កម្ពុជា បាន​ចាត់​ទុក​ថា ជា​មូលដ្ឋាន​សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ចូលរួម​ដល់​កំណើន​សេដ្ឋកិច្ច។ ប៉ុន្តែ​វិស័យ​នេះ កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន រួម​មាន ខ្វះ​ធនធាន​ហិរញ្ញវត្ថុ ខ្វះ​ម៉ាស៊ីន​កែច្នៃ និង​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​អ្នក​ប្រមូល​ទិញ​ស្រូវ និង​អ្នក​ផលិត​ដើម្បី​នាំ​ចេញ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ដាក់​ចេញ​នូវ​ផែនការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​កាន់​តែ​ច្រើន​នោះ​ជា​រឿង​ល្អ លុះត្រា​ណា​រដ្ឋាភិបាល​មាន​ផែនការ​លើក​ស្ទួយ​កសិករ​ច្បាស់​លាស់​ដែរ។ ក៏ប៉ុន្តែ បើ​ពិនិត្យ​ស្ថានការណ៍​ដែល​កសិករ​កំពុង​ប្រឈម​បច្ចុប្បន្ន​នេះ គោល​នយោបាយ​នាំ​អង្ករ​ចេញ ១​លាន​តោន​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៥ នេះ នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ។

លោក កែម ឡី បាន​ហៅ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​នេះ​ថា ជា​ផែនការ​មហិច្ឆតា​ទៅ​វិញ​ទេ មិន​អាច​សម្រេច​បាន​ទេ​ចំពោះ​គោល​នយោបាយ​នេះ។ លោក កែម ឡី លើក​ឡើង​ដូច្នេះ ដោយសារ​ផ្ទៃដី​របស់​កសិកម្ម​នៅ​មាន​កម្រិត កសិករ​មាន​ចំនួន​តិច គឺ​ប្រមាណ ២០​ម៉ឺន​គ្រួសារ ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​គាំទ្រ​លើ​បច្ចេកទេស​ធ្វើ​ស្រូវ។ល។ លោក​បន្ថែម​ថា បើ​សិន​ជា​រដ្ឋាភិបាល​ចង់​ឲ្យ​គោល​នយោបាយ​នេះ​ជោគជ័យ លុះត្រា​ណា​រដ្ឋាភិបាល​គិតគូរ​ពី​ប្រព័ន្ធ​ធារាសាស្ត្រ ដូច​នៅ​ប្រទេស​ជិត​ខាង «៨១ % នៃ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជនបទ ហើយ​ក្នុង​ចំណោម ៨១​នោះ គឺ​មាន ៦២% ជា​កសិករ អ៊ីចឹង​បើ​យើង​មាន ៣​លាន​ជាង យើង​មាន​តែ ១​លាន ៥​សែន​ទេ ធ្វើ​វិស័យ​កសិកម្ម ហើយ​ខាង​អង្គការ​សង្គម​ស៊ីវិល ជួយ​បាន​តែ ២០​ម៉ឺន​គ្រួសារ​ទេ»

គោល​នយោបាយ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ១​លាន​តោន នៅ​ឆ្នាំ​២០១៥ នេះ ដើម្បី​ជំរុញ​ក្នុង​ការ​បង្កើន​ផលិតកម្ម​ស្រូវ ការ​ប្រមូល​ទិញ និង​ការ​កែច្នៃ​ស្រូវ ការ​សម្រប​សម្រួល​ក្នុង​ការ​នាំ​ចេញ និង​ការ​បង្កើន​ចំណូល​របស់​កសិករ។

ក្រសួង​ពាណិជ្ជកម្ម សហការ​ជាមួយ​សហគមន៍​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា បាន​ផ្សព្វផ្សាយ​ការ​បង្កើត និង​ទទួល​ស្គាល់​ក្រម​សីលធម៌ សម្រាប់​ការពារ​សុចរិត​ភាព​ប្រភព​ដើម​ស្រូវ និង​អង្ករ​កម្ពុជា។ ក្រម​សីលធម៌​នេះ មាន​គោល​បំណង​ធានា​ដល់​ការ​ប្រតិបត្តិ​ប្រកប​ខ្ជាប់​ខ្លួន​របស់​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា ទាំងអស់​ទាក់ទង​នឹង​ប្រភព​ដើម​អង្ករ​នាំ​ចេញ​កម្ពុជា។

អ្នក​ជំនាញ​ខាង​កសិកម្ម​លើក​ឡើង​ថា ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​មិន​ទាន់​បាន​រក​ទីផ្សារ​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ។ ទីផ្សារ​អង្ករ​កម្ពុជា កន្លង​មក​បាន​ត្រឹម​នាំ​ទៅ​កាន់​ប្រទេស​ថៃ និង​វៀតណាម តែ​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត ប្រទេស​ជិត​ខាង​វៀតណាម និង​ថៃ មាន​សក្ដានុពល​ខ្លាំង​ជាង​កម្ពុជា មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់ តម្លៃ​ជី អគ្គិសនី​ថោក រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ទុន ឬ​ធានា​តម្លៃ​ស្រូវ​មិន​ឲ្យ​ធ្លាក់​ចុះ រដ្ឋាភិបាល​ផ្ដល់​បច្ចេកទេស​ធ្វើ​ស្រែ​ដល់​កសិករ​ច្បាស់​លាស់។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​បណ្ឌិត ហ៊ាន វណ្ណហន និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ សម្រាប់​ការ​បំពេញ​បែបបទ​នាំ​ចេញ​អង្ករ មាន​ប្រសាសន៍​ថា គោល​នយោបាយ​នាំ​អង្ករ​ចេញ​នេះ ស្ថាប័ន​ជាច្រើន​ពាក់ព័ន្ធ ដើម្បី​ជួយ​ជំរុញ​ឲ្យ​បាន​សម្រេច​គោលដៅ​នេះ។ លោក​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៤ នេះ ទិន្នផល​ស្រូវ​សល់​ប្រមាណ ៤​លាន​តោន។ តែ​យ៉ាង​នេះ​ក្ដី លោក​ក៏​ព្រួយ​បារម្ភ​អំពី​ផែនការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន ១​លាន​តោន​នៅ​ឆ្នាំ​២០១៥ នេះ​ដែរ៖ «ដោយសារ​ផែនការ​សកម្មភាព​របស់​គោល​នយោបាយ​នេះ​ពាក់ព័ន្ធ​ច្រើន ខ្ញុំ​ផ្ទាល់​ខ្លួន​ក៏​មើល​ឃើញ​ថា ប្រឈម​នឹង​ហានិភ័យ​ច្រើន​ចំពោះ​ការ​ដែល​យើង​ដើរ​ដល់​គោលដៅ​នេះ ជាក់ស្ដែង​តួលេខ ៤​ខែ​ដើម​ឆ្នាំ​នេះ ឃើញ​ថា ការ​នាំ​ចេញ​អង្ករ​មាន​ការ​ថយ​ចុះ បើ​យើង​មើល​១​ខែ​កើន ១​ខែ​ថយ»

លោក ហ៊ាន វណ្ណហន ទទួល​ស្គាល់​កម្ពុជា នៅ​ខ្វះខាត​ប្រព័ន្ធ​ស្រោចស្រព​ទឹក​នៅ​ឡើយ ដែល​លោក​បញ្ជាក់​ថា បញ្ហា​នេះ ក្រសួង​ធនធាន​ទឹក​កំពុង​គិតគូរ​ជា​បណ្ដើរៗ​ហើយ។ លោក​ពន្យល់​ថា ដើម្បី​ឲ្យ​គោល​នយោបាយ​នាំ​អង្ករ​ចេញ​ធានា​ថា​នឹង​បាន​សម្រេច​នោះ លោក​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ជួយ​គ្នា ដើម្បី​ផ្ដល់​សេវា​ផ្សេងៗ​ដល់​កសិករ។ លោក​អះអាង​ថា កន្លង​មក​ក្រសួង​កសិកម្ម បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​បាន​ភាគ​ច្រើន​ហើយ ហើយ​មក​ទល់​ពេល​នេះ ក្រសួង​បាន​ចុះ​ចងក្រង​សហគមន៍​កសិករ​បាន​ជាង ៤០០​សហគមន៍៖ «វា​មាន​សកម្មភាព​ច្រើន ដើម្បី​ឲ្យ​ផលិត​បាន​នេះ តាំង​ពី​ការ​សិក្សា​ស្រាវជ្រាវ​ពូជ​ថ្មី តាំង​ពី​បច្ចេកទេស​ការ​ដាំដុះ បច្ចេកទេស​ការ​ប្រើប្រាស់​ជី បច្ចេកទេស​ការ​ដាក់​ទឹក ពេល​ណា​ដាក់​ទឹក ពេល​ណា​មិន​ដាក់​ទឹក»

របាយការណ៍​ច្រក​ចេញ​ចូល​តែ​មួយ​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា បាន​បង្ហាញ​ថា កម្ពុជា មាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ចំនួន​៦៣ បាន​នាំ​ចេញ​បរិមាណ ១២​ម៉ឺន​តោន​នៅ​រយៈពេល ៤​ខែ​ដើម​ឆ្នាំ​២០១៤ ទៅ​កាន់​ទីផ្សារ​ចំនួន ៤៦​ប្រទេស នៅ​លើ​ពិភពលោក។

ទាក់ទង​នឹង​បញ្ហា​នេះ លោក កែម ឡី សង្កត់​ធ្ងន់​ថា ដើម្បី​ឲ្យ​គោល​នយោបាយ​នេះ​បាន​សម្រេច រដ្ឋាភិបាល​មិន​ត្រូវ​ជួយ​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ទេ សំខាន់​រដ្ឋាភិបាល​ត្រូវ​ជួយ​ដល់​កសិករ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​បាន​ជួយ​ដល់​បច្ចេកទេស​ដល់​កសិករ​បាន​ច្រើន៖ «ដើម្បី​ឲ្យ​គោល​នយោបាយ​នោះ​បាន​សម្រេច រដ្ឋាភិបាល​មិន​ត្រូវ​ព្រួយ​បារម្ភ​លើ​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ទេ ត្រូវ​ព្រួយ​បារម្ភ​លើ​អ្នក​ផលិត​ទៅ​វិញ រដ្ឋាភិបាល​ជួយ​ក្រុមហ៊ុន​ហ្នឹង​មក​ជួយ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ជួយ​កសិករ ដែល​ធ្វើ​ស្រែ​ប្រពលវប្បកម្ម​ហ្នឹង»

របាយការណ៍​របស់​អង្គការ​សេដាក ឲ្យ​ដឹង​ថា ផ្ទៃ​ដី​កសិកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា មាន​ចន្លោះ​ពី ២​លាន​កន្លះ ដល់ ៣​លាន​ហិកតារ អាស្រ័យ​លើ​រដូវ​កាល។ លោក កែម ឡី អះអាង​ថា កសិករ​ដែល​មាន​ជំនាញ​បច្ចេកទេស​ធ្វើ​ស្រែ​មាន​ប្រមាណ ២០​ម៉ឺន​គ្រួសារ ឬ ២០​ម៉ឺន​ហិកតារ​ទេ​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ជួយ​គាំទ្រ​លើ​បច្ចេកទេស​ធ្វើ​ស្រូវ​នេះ។

រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ឯកសារ​គោល​នយោបាយ​នាំ​ចេញ​អង្ករ កាល​ពី​ឆ្នាំ​២០១០។ ឯកសារ​នោះ​មាន​គោល​បំណង​សំខាន់​បី។ ទី​មួយ ត្រូវ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​មួយ​លាន​តោន។ ទី​ពីរ ត្រូវ​សល់​ស្រូវ​យ៉ាង​ហោច​ណាស់ ៤​លាន​តោន​ក្នុង​មួយ​ឆ្នាំ និង​ទី​បី ត្រូវ​ធ្វើ​អង្ករ​ឲ្យ​ល្បី​លើ​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។