“ការនាំចេញ​អង្ករ​ទៅ​អឺរ៉ុប​នឹង​ជោគជ័យ​បើ​ក្រសួង​ពិនិត្យ​ស្រូវ​គ្រប់​ឃ្លាំង​មិន​ឲ្យ​មាន​ជាតិ​ថ្នាំ​សម្លាប់​ស្មៅ”

ដោយ វ៉ាន វណ្ណដេត
2017.04.22
ហ៊ាន វណ្ណហន ២០១៧ ៨៥៥ លោក ហ៊ាន វណ្ណហន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ថ្លែង​ទៅ​កាន់​អ្នក​កាសែត កាល​ពី ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Brach Chev
RFA/Brach Chev

អ្នក​ជំនាញ​ផ្នែក​កសិកម្ម យល់ថា ចំណាត់​ការ​ថ្មី​របស់​ក្រសួង ត្រួតពិនិត្យ​ស្រូវ​អង្ករ​រក​សារធាតុ​ថ្នាំ​សម្លាប់​ស្មៅ Tricyclazole គឺជា​មធ្យោបាយ​ដែល​នឹង​ជួយ​អោយ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ឆ្នាំ​២០១៧​នឹង​ជោគជ័យ។

វិធានការ ដើម្បី​ទប់ស្កាត់​ការ​នាំ​អង្ករ​ដែល​មាន​សារធាតុ​ផ្សិត Tricyclazole ដែល​សហភាព​អឺរ៉ុប​ហាមឃាត់ ក្រសួង​សេដ្ឋកិច្ច នឹង​ចាប់ផ្ដើម​ត្រួតពិនិត្យ ឬ​ស្កេន (Scan) គ្រប់​ឃ្លាំង​ស្រូវ​ទាំងអស់​ទូទាំង​ប្រទេស​កម្ពុជា។

អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក ហ៊ាន វណ្ណហន ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​លើក​កម្ពស់​បន្លែ​សុវត្ថិភាព​នៅ​កម្ពុជា ថ្ងៃ​ទី​២១ ខែ​មេសា ថា ចាប់ពី​ខែ​មេសា ដល់​ខែ​កក្កដា ក្រសួងកសិកម្ម​នឹង​ចាប់ផ្ដើម​ពិនិត្យ​ស្រូវ នៅ​គ្រប់​ឃ្លាំង​ស្ដុក​ស្រូវ​ទាំងអស់ ហើយ​ឃ្លាំង​ស្រូវ​ណា​ដែល​មាន​ស្រូវ​ស្ដុក​សារធាតុ Tricyclazole លើសពី ០,០១​មី​លី​ក្រាម ក្នុង​អង្ករ​មួយ​គីឡូក្រាម ឃ្លាំង​នោះ​នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ទេ។ លោក​ថា ការ​ពិនិត្យ​នឹង​ធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន ហើយ​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​កសិកម្ម (ឡាបូ) បើសិន​ជា​មាន​ឃ្លាំង​ណា​ផ្ទុក​សារធាតុ​Tricyclazole លើស​កម្រិត​ដែល​សហភាព​អឺរ៉ុប​ហាមឃាត់ នោះ​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​អឺរ៉ុប​បិទ​ការនាំចេញ​អង្ករ​កម្ពុជា​ទាំងស្រុង សម្រាប់​ចូល​ទីផ្សារ​អឺរ៉ុប​«ចឹង​អគ្គនាយកដ្ឋាន​ត្រូវការ​ស្កេន​គ្រប់​ឃ្លាំង​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រូវ​នៅ​ណា​មាន​ប៉ុន្មាន? ស្រូវ​នៅ​ឃ្លាំង​ណា​មាន​ប៉ុន្មាន? ហើយ​យើង​យក​សំណាក ហើយ​វិភាគ​ថា​តើ​ឃ្លាំង​ណា​ខ្លះ​ដែល​មិន​គួរ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ទៅ​អឺរ៉ុប»

សហភាព​អឺរ៉ុប កាល​ពី​ដើម​ឆ្នាំ​២០១៧ បាន​ប្រកាស​ថា ចាប់ពី​ខែ​កក្កដា ឆ្នាំ​២០១៧ តទៅ​សហភាព​អឺរ៉ុប​នឹង​ហាមឃាត់​ការ​នាំចូល​អង្ករ​ពី​គ្រប់​ប្រទេស​អាស៊ាន ដែល​មាន​ផ្ទុក​សារធាតុ​ថ្នាំ​សម្លាប់​ស្មៅ Tricyclazole លើស​កម្រិត។

នាយក​ប្រតិបត្តិ​អង្គការ​សេដាក លោក សម វិទូ ថា ប្រសិនបើ​ក្រសួងកសិកម្ម​អាច​ត្រួតពិនិត្យ​គុណភាព​ស្រូវ និង​បញ្ចូល​ចូល​មន្ទីរ​ពិសោធន៍​បាន​គ្រប់​ឃ្លាំង​ទាំងអស់ ការនាំចេញ​អង្គរ​កម្ពុជា​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​នឹង​ជោគជ័យ។ ប៉ុន្តែ​លោក​ថា ប្រសិនបើ​ក្រសួងកសិកម្ម​ធ្វើ​មិន​ជោគជ័យ​ករណី​ពិនិត្យ​ស្រូវ​តាម​ឃ្លាំង អង្ករ​កម្ពុជា​ដែល​បញ្ជូន​ទៅកាន់​ទីផ្សារ​អឺរ៉ុប នឹង​ត្រូវ​អឺរ៉ុប​បញ្ជូន​មក​កម្ពុជា​វិញ ដូច​ករណី​ទំនិញ​ប្រទេស​វៀតណាម​ដែល​ត្រូវ​បាន​ទីផ្សារ​អន្តរជាតិ​បញ្ជូន​មកវិញ កាលពី​លើក​មុន«បើ​សិន​ធ្វើ​ទាំងអស់ អា​ហ្នឹង​គឺ​យើង​មាន​លទ្ធភាព​ក្នុង​ការ​នាំ​ចេញ​បាន ប៉ុន្តែ​ប្រសិន​បើ​មិន​អាច​ធ្វើ​បាន​ទាំងអស់​ទេ យើង​នឹង​អាច​មាន​ជួប​បញ្ហា​ខ្លះ»

ថ្នាំ Tricyclazole ដែល​ប្រើប្រាស់​ក្នុង​ការ​ដាំដុះ​ដំណាំ​ស្រូវ ត្រូវ​បាន​ក្រសួងកសិកម្ម​បញ្ជា​ឲ្យ​បញ្ចប់​ការ​លក់​នៅ​លើ​ទីផ្សារ​ចាប់​តាំង​ពី​ខែ​មីនា មក។ ការ​ដាក់​បម្រាម​នេះ ដោយសារ​សហភាព​អឺរ៉ុប​ព្រមាន​បញ្ឈប់​ការទិញ​អង្ករ​ពី​កម្ពុជា​ចាប់ពី​ពាក់​កណ្ដាល ខែ​កក្កដា​នេះ​ទៅ ប្រសិនបើ​អង្ករ​នាំចេញ​របស់​កម្ពុជា​នៅ​តែ​មាន​ផ្ទុក​សារធាតុ​ថ្នាំ​សម្លាប់​ស្មៅ​នេះ​ទៀត។

ទិន្នន័យ​របស់​រដ្ឋាភិបាល​កាលពី​ឆ្នាំមុន​បង្ហាញ​ថា ពេញ​មួយ​ឆ្នាំ​២០១៦ ការនាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​កំណើន​តិចតួច បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៥។ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ដាក់​ទិសដៅ​នាំចេញ​ឲ្យ​បាន​១​លាន​តោន​មិនបាន​សម្រេច អ្នក​ជំនាញ​វិស័យ​ស្រូវ​អង្ករ ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ដល់​កសិករ និង​អ្នក​នាំចេញ​បន្ថែម​ទៀត។

ការ​នាំ​អង្ករ​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ៥៤​ម៉ឺន​តោន (៥៤២.១៤៤​តោន​) ឬ​កំណើន ០,៧០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ (៥៣៨.៣៩៦​តោន)

ប្រទេស​ចិន គឺជា​ទិសដៅ​នាំចេញ​ធំ​ជាង​គេ ជាង​១០​ម៉ឺន(១២៧.៤៦០) តោន។ បន្ទាប់​មក​ប្រទេស​បារាំង ជិត​៨​ម៉ឺន​តោន (៧៨.៣២៩) ប៉ូឡូញ​ជាង​៦ម៉ឺន​តោន (៦៤.០៣៥) សម្រាប់​ទិសដៅ​នៅ​ទ្វីប​អឺរ៉ុប។ ចំណែក​នៅ​អាស៊ាន​វិញ ម៉ាឡេស៊ី ជា​អតិថិជន​លំដាប់​ទី​១ ដែល​កម្ពុជា នាំចេញ​អង្ករ​ទៅ​ផ្គត់ផ្គង់​ចំនួន​ជិត ៣៩​ម៉ឺន​តោន (៣៨០.៨៧៧​តោន)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។