ពលរដ្ឋនៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឱ្យដឹងថា ស្រូវពួកគាត់ជាច្រើនហិកតារ កំពុងត្រូវទឹកជន់លិច ដោយសារតែមានការដាក់ព្រួល ឬដាក់របាំងយកត្រីនៅតាមមុខទឹក បណ្ដាលឱ្យស្ទះផ្លូវទឹក។ ចំណែកមេឃុំវិញលើកឡើងថា ពួកគាត់ដករបាំងនោះហើយ ថែមទាំងជូនដំណឹងដល់ពលរដ្ឋផ្សេង ឱ្យដកព្រួលរបស់ខ្លួនចេញដើម្បីឱ្យទឹកស្រក។
ការបារម្ភរបស់ពលរដ្ឋ កើតឡើងបន្ទាប់ពីស្រូវរបស់ពួកគាត់ជាច្រើនរយហិកតារ ជិតនឹងច្រូតកាត់ទៅហើយ ប៉ុន្តែត្រូវទឹកជន់លិចដោយសារតែរបាំងព្រួលជាច្រើនកន្លែង ដាក់រាំងមុខទឹក ក្នុងនោះរួមមានទាំងរបាំងព្រួលរបស់មេឃុំដូនតី ដែរ។
ពលរដ្ឋម្នាក់សុំមិនឱ្យបញ្ចេញឈ្មោះឱ្យដឹងថា នៅពេលពួកគាត់នាំគ្នាដើរដករបាំងព្រួលរបស់មេឃុំនោះចេញពីមុខទឹករួច គឺមេឃុំយកទៅដាក់វិញដដែល ដែលនាំឱ្យពលរដ្ឋផ្សេងទៀតមើលបំណាំគាត់។ លោកបន្តថា ជារឿងពិបាកប្រសិនបើមេឃុំអ្នកមើលការខុសត្រូវ បែរជាមិនយល់ ហើយនៅតែដាក់ព្រួលឱ្យស្ទះទឹកលិចចូលស្រូវស្រែរបស់ពួកគាត់៖ «មិនបញ្ហាហ្នឹងភ្លៀងទេខែហ្នឹង ទឹកវាហូរទៅតាមអូរតាមស្ទឹង មូលហេតុស្ទះហ្នឹង ព្រួល។ តាំងអ៊ីចឹងគេមេគេគាត់ទៅដាក់រាំង គាត់ប្រាប់គេឱ្យដក តែខ្លួនអត់ដក អ៊ីចឹងទៅគេដាក់វិញ។ ហើយទឹក ខ្ញុំដើរដកពីរថ្ងៃហ្នឹងទៅវាស្រកក្នុងស្រែមែន»។
លោកបារម្ភថា ស្រូវនឹងអាចខូចខាត ឬពិបាកច្រូតកាត់ ប្រសិនបើទឹកនៅតែពេញស្រែទៀតនោះ។ លោកស្នើសុំឱ្យមេឃុំ និងពលរដ្ឋដាក់ព្រួលទាំងនោះ ដកចេញពីមុខផ្លូវទឹក ដើម្បីឱ្យទឹកស្រក ងាយស្រួលពួកគាត់ប្រមូលផលស្រូវ។
ឆ្លើយតបបញ្ហានេះ មេឃុំដូនតី លោក ហិន សៀម មានប្រសាសន៍ថា ទឹកដែលលិចស្រូវនោះ មិនមែនបណ្ដាលមកពីការដាក់ព្រួលទាំងស្រុងនោះទេ គឺបណ្ដាលមកពីភ្លៀងមួយរយៈនេះច្រើនពេក។ ចំណែកផ្លូវទឹកហូរមានតែមួយច្រក ដូចនេះទឹកស្រកមានការយឺតយ៉ាវ។ លោកបន្តថា ស្រូវដែលលិចនោះមិនធ្ងន់ធ្ងរនោះឡើយ គ្រាន់តែពិបាកចូលច្រូតកាត់តែប៉ុណ្ណោះ៖ «តែឥឡូវរើវាអស់ហើយបង! តែវាមិនទាន់រួច។ ទឹកវាមិនស្រក ដោយសារតែវាភ្លៀងរាល់តែថ្ងៃ។ ឥឡូវបងឯងជឿខ្ញុំទៅ ខ្ញុំមិននេះទេ។ ខ្ញុំមិនដូចគេថា ខ្ញុំឯណាទៅរាំងឱ្យលិចស្រូវអ្នកស្រុកទេ។ ខ្ញុំថ្នាក់ដឹកនាំ បើខ្ញុំឯងអត់ដឹង អ្នកស្រុកពីណាគេឱ្យធ្វើ»។
លោកបន្ថែមថា ខាងលោកក៏បានចេញលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានធ្នស់ ឬព្រួល ដាក់នៅតាមមុខទឹកហូរទាំងអស់ ឱ្យពួកគាត់ដកចេញ ហើយព្រួលរបស់លោកក៏បានដកចេញរួចហើយដែរ ដើម្បីធ្វើយ៉ាងណាឱ្យទឹកនោះឆាប់ស្រកអស់។
យ៉ាងណា អាជ្ញាធរភូមិម្នាក់នៅឃុំដូនតី សុំមិនឱ្យបញ្ចេញឈ្មោះ ឱ្យដឹងដែរថា ទឹកដែលលិចស្រូវនោះ គឺបណ្ដាលមកពីកត្តាពីរយ៉ាង គឺកត្តាធម្មជាតិ ដោយសារមានភ្លៀងធ្លាក់ច្រើនពេក និងកត្តាដាក់ព្រួលរបស់ពលរដ្ឋជាច្រើនកន្លែង ពិសេសមេឃុំនៅទីនោះ។ លោកបន្តថា មេឃុំបានចេញលិខិតជូនដំណឹងឱ្យពលរដ្ឋដកព្រួលចេញមែន ប៉ុន្តែលោកមេឃុំមិនបានដកចេញដោយខ្លួនឯងទេ គឺទាល់តែប្រជាពលរដ្ឋនាំគ្នាទៅយកចេញតែម្តង៖ «ឃើញសកម្មភាពហ្នឹង គេរាយទៅគាត់ឱ្យគាត់ផ្ដិតស្នាមមេដៃ យកឱ្យគាត់សុំបើកទឹកហ្នឹង។ ខ្លួនឯងអត់បើកចេញច្បាប់ឱ្យគេបើក ដល់គាត់មិនបើកគេទៅបើកខឹងគេ។ អ៊ីចឹងពិបាកអ៊ីចឹង»។
លោកបន្ថែមថា ប្រសិនបើទឹកនៅតែបន្តលិចស្រូវពួកគាត់ទៀត នឹងអាចធ្វើឱ្យស្រូវជាច្រើនរយហិកតារ អាចត្រូវខូចខាត ហើយលោកបញ្ជាក់ថា កន្លងមកមិនធ្លាប់មានបញ្ហានេះកើតឡើងទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
