ទិន្នផលស្រូវវស្សាឆ្នាំ២០១៥ នៅខេត្តកំពង់ឆ្នាំង បានថយចុះ បើប្រៀបធៀបនឹងឆ្នាំ២០១៤។ មន្ត្រីកសិកម្មបញ្ជាក់ថា ការថយចុះនៃទិន្នផលស្រូវឆ្នាំនេះ បណ្ដាលមកពីបញ្ហាធំមួយ គឺខ្វះទឹកភ្លៀង។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន មានប្រសាសន៍ថា ផ្ទៃដីកសិកម្មភាគច្រើនខ្វះខាតទឹកបង្កបង្កើនផលនៅដើមរដូវវស្សា។ បញ្ហាខ្វះទឹក ធ្វើឲ្យកសិករលំបាករៀបចំដីព្រោះស្រូវ នៅតំបន់ខ្លះសំណាបចាស់ដើម និងមិនសូវបែកគុម្ពធំ ដែលធ្វើឲ្យបាត់ទិន្នផល។ លោកថា ផលស្រូវបានថយចុះ ៣០គីឡូក្រាមក្នុង ១ហិកតារ ដែលកាលពីឆ្នាំ២០១៤ គិតជាមធ្យមធ្លាប់ទទួលបាន ២តោន ៨៦០គីឡូក្រាមក្នុង ១ហិកតារ៖ «ថយតិចតួចទេ! ដោយសារការអូសបន្លាយការរាំងស្ងួត ដែលធ្វើឲ្យសំណាបគាត់ចាស់ដើម ហើយម្យ៉ាងការលូតលាស់របស់វាអត់មានបែកគុម្ពធំអ៊ីចឹង ព្រោះវាយឺតពេលរបស់វា»។
ចំណែកការបង្កបង្កើនផលស្រូវប្រាំង ក៏មានការខ្វះខាតទឹកដែរ ដោយសារកម្ពស់ទឹកទន្លេទាប មិនអាចហូរចូលបឹង ឬព្រែកនានា ប៉ុន្តែគេនៅសង្ឃឹមថា ទិន្នផលស្រូវអាចទទួលបានច្រើនគួរសម ព្រោះបានអនុវត្តការដាំដុះលើសផែនការ។ ក្នុងផែនការផលិតកម្មស្រូវប្រាំង មានផ្ទៃដីទំហំជិត ៣ម៉ឺនហិកតារ ហើយអនុវត្តបានជាង ៣ម៉ឺនហិកតារ។ ប្រជាកសិករ អាចនឹងបញ្ចប់ការងារបង្កបង្កើនផលស្រូវប្រាំងនៅចុងខែមករា ឆ្នាំ២០១៦ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
