ប្រជាកសិករនៅតាមតំបន់មួយចំនួននៃខេត្តកំពង់ឆ្នាំង អះអាងថា ទិន្នផលស្រូវរដូវវស្សាឆ្នាំ២០១៥ ថយចុះ ដោយសារគ្រោះរាំងស្ងួតកាលពីដើមរដូវ។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ប៉ាន់ស្មានថា ផលស្រូវរដូវវស្សាឆ្នាំនេះ អាចប្រហាក់ប្រហែលកាលពីឆ្នាំកន្លងទៅ ឬអាចថយចុះតិចតួចប៉ុណ្ណោះ។
នៅតាមវាលស្រែដ៏ធំល្វឹងល្វើយអមដោយដើមត្នោត ដុះតម្រៀបគ្នាជាជួរតាមភ្លឺស្រែ ឋិតនៅស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ បានប្រែពណ៌លឿង ឬស្លាបសេកជិតល្មមច្រូត ខណៈស្រូវស្រាលនៅតាមស្រែទួលរបស់កសិករ បានច្រូតកាត់ជិតរួចរាល់។ ក្រុមកសិករដែលកំពុងប្រញឹកប្រមូលផលស្រូវនៅតាមវាលស្រែ ត្អូញត្អែរថា បញ្ហាខ្វះទឹក ឬរាំងស្ងួតធ្វើឲ្យស្មៅដុះបោកដើមស្រូវ និងកួរស្រូវខ្លី ឬមិនសូវដាក់គ្រាប់។
កសិករម្នាក់នៅឃុំផ្សារ ស្រុកបរិបូរណ៍ ដែលកំពុងច្រូតស្រូវជាមួយប្រពន្ធ និងកូនយ៉ាងញាប់ដៃ គឺលោក ឌឿ វឿន មានប្រសាសន៍ថា រាល់ឆ្នាំ គ្រួសារលោកធ្វើស្រែទំហំពីរហិកតារ ទទួលបានផល ១០០ថាំង ឬស្មើនឹង ២០០តៅ ដែលក្នុងមួយតៅមានចំណុះ ២០គីឡូក្រាម។ ឆ្នាំនេះ លោកចំណាយប្រាក់លើសពីឆ្នាំទៅចំនួន ៣០ម៉ឺនរៀល ដើម្បីទិញប្រេងបូមទឹកពីក្នុងប្រឡាយ និងទិញជីបាចដាក់សន្ទូងដែលទើបងើបពីងាប់៖ «ឆ្នាំនេះដឹងតែអត់បានហ្មង ព្រោះស្មៅប្អូនឯងមើលឃើញស្រាប់ហើយ ស្រូវមានមួយដើមៗ។ រាំងពេក ម្ល៉ោះហើយស្រូវងើបអត់រួច ហើយសន្ទូងអត់ទឹកភ្លៀងទៀត ទៅបណ្ដោយ! ទើបងើបពីងាប់ទេនេះនោះ។ រាល់ឆ្នាំបានខ្ទង់ប្រហែល ១០០ថាំង នៅឆ្នាំនេះអត់បានទេប្រហែលពាក់កណ្ដាល»។
ចំណែកកសិករនៅឃុំស្រែថ្មី ស្រុករលាប្អៀរ គឺលោកស្រី សៀ ម៉ៅ ឲ្យដឹងថា គាត់មានដីស្រែធ្វើស្រូវរដូវវស្សាទំហំក្រោម ១ហិកតារ ហើយរាល់ឆ្នាំ គាត់ធ្លាប់ទទួលបានផលស្រូវ ២៥តៅ ឬស្មើ ៥០០គីឡូក្រាម។ លោកស្រីថា ស្រូវដែលទទួលបានរាល់ឆ្នាំនោះ គ្រួសារគាត់អាចហូបចុកគ្រប់គ្រាន់ពេញមួយឆ្នាំ ប៉ុន្តែឆ្នាំនេះ អាចខ្វះខាតច្រើនដោយសារស្រូវស្កក ឬដាក់គ្រាប់មិនពេញ ពេលនោះគាត់នឹងបង្ខំចិត្តដើរស៊ីឈ្នួលច្រូតស្រូវ ឬធ្វើការងារបន្ទាប់បន្សំផ្សេងៗ ដើម្បីបានកម្រៃផ្គត់ផ្គង់ជីវភាពខ្វះខាតនៅឆ្នាំនេះ៖ «ថ្ងៃណាដើររួចទៅស៊ីឈ្នួលច្រូតគេទៅ ថ្ងៃណាដើរអត់រួចអត់ទៅ យ៉ាប់ចង្កេះពេក ឲ្យប្អូនច្រូតទៅ។ ឆ្នាំនេះអត់បានផលច្រើនទេ ព្រោះអត់ភ្លៀង ហើយស្រែទួលដីស្រែស្ងួតចែសហើយ»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បញ្ជាក់ថា ផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាទូទាំងខេត្តក្នុងឆ្នាំ២០១៥ បានផលិតលើសផ្ទៃដីក្នុងផែនការជាង ១ពាន់ហិកតារ ដោយក្នុងផែនការមានផ្ទៃដី ១២ម៉ឺន ១ពាន់ ៨០០ហិកតារ។ ដូច្នេះ បើទោះបីជាមានគ្រោះរាំងស្ងួតនៅដើមរដូវ កសិករអាចទទួលបានផលស្រូវប្រហាក់ប្រហែលនឹងឆ្នាំទៅ ឬថយចុះតិចតួច។
លោក ងិន ហ៊ុន បន្ថែមថា គិតត្រឹមថ្ងៃទី៧ ខែធ្នូ ប្រជាកសិករនៅទូទាំងខេត្ត ប្រមូលផលស្រូវបានជាង ៣ម៉ឺនហិកតារ ស្មើនឹង ២៧ភាគរយ ហើយតាមការប៉ាន់ស្មានរបស់លោក ផលស្រូវនៅដើមដៃនៃការប្រមូលផលស្រូវឆ្នាំ២០១៥ នេះ គិតជាមធ្យមមានផលចន្លោះពី ២តោន ៨៤០គីឡូក្រាម ទៅ ២តោន ៨៥០គីឡូក្រាមក្នុងមួយហិកតារ ដែលកាលពីឆ្នាំ២០១៤ មានផល ២តោន ៨៦៤គីឡូក្រាមក្នុង ១ហិកតារ៖ «ពាក់ព័ន្ធទៅនឹងទិន្នផលថយ គឺទៅតាមតំបន់ ដោយតំបន់ខ្លះថយ និងតំបន់ខ្លះមានកើន ប៉ុន្តែយើងគិតជារួមទូទាំងខេត្ត ទិន្នផលប្រហាក់ប្រហែលឆ្នាំទៅ ឬថយតិចតួចតែប៉ុណ្ណឹងទេ»។
ផ្ទៃដីកសិកម្មនៅខេត្តកំពង់ឆ្នាំង មានជាង ១២ម៉ឺនហិកតារ។ ប្រជាកសិករភាគច្រើន ធ្វើស្រែរំពឹងលើទឹកភ្លៀង ដោយប្រព័ន្ធធារាសាស្ត្រអាចស្រោចស្រពបានតែ ២០ភាគរយប៉ុណ្ណោះនៃផ្ទៃដីកសិកម្មសរុប។
មន្ត្រីសម្របសម្រួលកម្មវិធីនៃបណ្ដាញកសិករ និងធម្មជាតិ (FNN) លោក ឆុង សុផល ថាកត្តាបម្រែបម្រួលអាកាសធាតុ បានប៉ះពាល់ដល់ផលិតភាពកសិកម្ម ហើយក្រុមគ្រួសារកសិករដែលពឹងផ្អែកលើវិស័យកសិកម្ម និងចំណាកស្រុកកាន់តែច្រើនឡើង ដើម្បីរកចំណូលជំនួសការធ្វើស្រែ។ លោកថា គោលនយោបាយនាំអង្ករចេញ ១លានតោនក្នុង ១ឆ្នាំរបស់រដ្ឋាភិបាល ក៏អាចប៉ះពាល់ដែរ៖ «ក្នុងរយៈពេល ១០ខែ យើងទើបបានស្រូវ ៥០ ឬ ៦០ម៉ឺនតោន។ អ៊ីចឹងមានន័យថា គោលនយោបាយឆ្នាំ២០១៥ (នាំអង្ករចេញ ១លានតោន) អត់ទាន់បានសម្រេចទេ ប៉ុន្តែយើងគិតថាបើអាច ទាល់តែបន្តដល់ឆ្នាំ២០១៦ ទើបអាចសម្រេចនូវគោលនយោបាយហ្នឹង។ ប៉ុន្តែដើម្បីសម្រេចគោលនយោបាយហ្នឹង រដ្ឋាភិបាលត្រូវមានយន្តការខ្លួនឯងថា តើក្នុងឆ្នាំ២០១៦ ស្រូវរដូវប្រាំងនៅតាមបណ្ដាខេត្តមួយចំនួនមានប្រភពទឹក និងប្រព័ន្ធធារាសាស្ត្រសម្រាប់ឲ្យកសិករបង្កើនផលិតភាពកសិកម្ម ឬអត់»។
លោកបន្ថែមថា បញ្ហាតម្លៃស្រូវមិនសមាមាត្រទៅនឹងតម្លៃជី ថ្នាំសង្កូវ ឬសម្ភារៈកសិកម្ម និងការផលិតមិនអស់ផ្ទៃដីកសិកម្មបណ្ដាលមកពីអាកាសធាតុ ឬគ្មានប្រភពទឹកគ្រប់គ្រាន់នោះ ក៏ជាឧបសគ្គក្នុងការនាំអង្ករចេញដែរ។ ប្រព័ន្ធធារាសាស្ត្រដែលមន្ត្រីរដ្ឋាភិបាលអះអាងថាមាន ៦០ ទៅ ៧០ភាគរយ នៃផ្ទៃដីធ្វើកសិកម្ម គឺភាគច្រើនគ្មានប្រភពទឹកដែលទាមទារឲ្យរដ្ឋាភិបាលស្ថាបនា ឬស្ដារឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
