កសិករធ្វើស្រែដើមរដូវវស្សាឆ្នាំ២០១៥ កំពុងខ្វះទឹក នាំឲ្យកសិករច្រើនខេត្តមានកង្វល់ពីការដាំដុះស្រូវ និងដំណាំបន្ទាប់បន្សំ។ ទោះជាយ៉ាងណា មន្ត្រីកសិកម្ម និងមន្ត្រីធនធានទឹក ដុតដៃដុតជើងជួយបូមទឹកសង្គ្រោះស្រូវពង្រោះ និងសំណាប ដែលក្រៀមស្វិត។
មន្ត្រីក្រសួងកសិកម្ម លោក ម៉ាក់ សឿន ឲ្យដឹងថា ស្រូវដើមរដូវវស្សាទូទាំងប្រទេសកំពុងខ្វះទឹកជាង ២ម៉ឺន ២ពាន់ហិកតារ។ លោកបន្តថា ក្រសួងកសិកម្ម និងក្រសួងធនធានទឹក បានសហការជួយបូមទឹកសង្គ្រោះស្រូវកំពុងក្រៀមស្វិត នៅក្នុងតំបន់ជិតប្រឡាយ និងប្រភពទឹក។ លោក ម៉ាក់ សឿន អគ្គនាយករងកសិកម្មនៃក្រសួងកសិកម្ម អះអាងបន្តថា ប៉ុន្មានថ្ងៃនេះមានព្យុះឆ្លងកាត់ប្រទេសកម្ពុជា បង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ទោះតិចក្តី ច្រើនក្តី ដីស្រែមួយចំនួនមានទឹកខ្លះ អាចជួយឲ្យស្រូវពង្រោះ និងសំណាប សង្ឃឹមរស់ឡើងវិញ៖ «ហើយក្នុងនោះ គឺមានខេត្តពោធិ៍សាត់ មានច្រើនជាងគេ គឺមាន ១ម៉ឺន ៣ពាន់ហិកតារជាង ហើយបន្ទាប់មកមានខេត្តតាកែវ ជាង ៣ពាន់ហិកតារ ខេត្តបាត់ដំបង ៣ពាន់ ខេត្តឧត្តរមានជ័យ ១ពាន់ជាង ហើយនិងខេត្តកណ្ដាល ប្រហែលជា ១៥ហិកតារទេ។ អ៊ីចឹងបើយើងពិនិត្យទៅ មិនទាន់មានការខូចខាតទេ ទើបតែប៉ះពាល់ទេ»។
ការខ្វះទឹកធ្វើស្រែនៅដើមរដូវវស្សា និងខ្វះទឹកស្រោចដំណាំរួមផ្សំនេះ លោកស្រី ជុក ទី រស់នៅភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឲ្យដឹងថា កាលពីដើមឆ្នាំភ្លៀងធ្លាក់ជោកជាំ ទើបគាត់ប្រថុយសាបគ្រាប់ពូជដែលសម្រិតសម្រាំងទុកតាមការណែនាំពីអង្គការសេដាក (CEDAC) ប៉ុន្តែវានឹងបាត់បង់ពូជស្រូវ និងពូជបន្លែ ដោយសារតែទឹកភ្លៀងធ្លាក់មិនទៀងទាត់ ព្រោះបន្ទាប់ពីសាបរួចមក មេឃក្តៅខ្លាំង ទឹកក្នុងស្រែរីងអស់ ទោះបីគាត់ប្រើជីធម្មជាតិឲ្យដីសើមយូរថ្ងៃក៏ដោយ។ សំណាបបានងាប់ ឯដំណាំបន្លែក៏គ្មានទឹកស្រោច។ ចំណែកទឹកទទួលទាន អ្នកស្រុកទិញហូបហើយនៅឆ្នាំនេះ។ លោកស្រីបារម្ភខ្លាំងពីកង្វះទឹកនៅពេលបច្ចុប្បន្ន៖ «ទឹកគោក៏ពិបាក ដាំដំណាំក៏អត់បាន សំណាបសាបបានតិចតួចមកហ្នឹង ងាប់អស់ហើយ ចង់ផុតពូជហើយ ហើយទឹកហ្នឹងទិញគេហូបរាល់ថ្ងៃ គោផង មនុស្សសត្វគោ ជ្រូក មាន់ទា លំបាកណាស់»។
ដូចគ្នាដែរ លោក សំឡី មឿង កសិករភូមិវាល ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ឲ្យដឹងថា ការធ្វើស្រែវស្សាឆ្នាំនេះយ៉ាប់យ៉ឺនខ្លាំង ចំពោះតំបន់ដែលនៅឆ្ងាយពីប្រភពទឹក ដូចជាឃុំវាល នេះ៖ «សន្ទូងក៏អត់ទាន់បានស្ទូង ពង្រោះហ្នឹងវាប៉ះពាល់អត់មានទឹក គឺងាប់»។
បន្ថែមលើនោះ មេឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក ទេព ណែម ឲ្យដឹងថា កសិករក្នុងឃុំនោះបានសាប និងព្រោះស្រូវដើមរដូវវស្សាបានជាង ២០ហិកតារហើយ ក្នុងនោះ ១០ហិកតារបានខូចធ្ងន់ ប៉ុន្តែមិនងាប់ ដោយសារតែអ្នកស្រុកប្រើជីធម្មជាតិ គឺដីមានសំណើម ទោះបីកម្ដៅខ្លាំងក៏ដោយ។ លោកបន្តថា នៅថ្ងៃទី១៥ ខែកក្កដា មានភ្លៀងតិចតួចអាចឲ្យដីមានសំណើមខ្លះ ធ្វើឲ្យស្រូវដែលក្រៀមហៀបនឹងងាប់ទាំងនោះ ទំនងជាមិនងាប់វិញ៖ «ព្រោះយើងនៅកន្លែងនេះអត់មានប្រភពទឹកទេ បើយើងទីពឹងទឹកភ្លៀងវាចង់ ៨០% យើងពឹងទឹកទំនប់បានប្រហែលជា ២ ទៅ ៣% ដែលក្រៅពីហ្នឹង គឺសុទ្ធតែពឹងទឹកភ្លៀងទាំងអស់។ បើយើងរាំងស្ងួត ក៏យើងមិនដឹងទៅបូមទឹកឯណា បើអត់មានកន្លែងបូម»។
អគ្គនាយករងកសិកម្មនៃក្រសួងកសិកម្ម លោក ម៉ាក់ សឿន ឲ្យដឹងថា ក្រសួងនេះបានតៀមស្បៀងបម្រុងជាង ២ពាន់តោនសម្រាប់ជួយសង្គ្រោះ ប្រសិនបើការធ្វើស្រែមិនបានជោគជ័យ។ ទន្ទឹមនោះ ក៏មានត្រៀមពូជស្រូវស្រាលច្រើនតោន បម្រុងចែកជូនកសិករណាដែលខ្វះពូជ នៅពេលស្រូវគាត់ងាប់ ហើយក៏បានត្រៀមសំណាបសម្រាប់ចែកឲ្យកសិករដាំដុះដែរ។ លោកសង្ឃឹមថា ទឹកភ្លៀងនឹងធ្លាក់បន្តទៀត ដោយសារតែរដូវវស្សាឆ្នាំនេះមានការលើកខែបឋមាសាឍ និងទុតិយាសាឍ ពេលវេលាដាំដុះស្រូវមិនទាន់ហួសរដូវនៅឡើយ។
ចំណែកប្រធាននាយកដ្ឋានជលសាស្ត្រនៃក្រសួងធនធានទឹក និងឧតុនិយម លោក ម៉ៅ ហាក់ ឲ្យដឹងថា កម្រិតទឹកនៅក្នុងទន្លេនឹងកើនឡើងជាទៀងទាត់មិនអាចខ្វះទឹកធ្វើស្រែទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
