សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ក្រសួង​កិច្ចការ​នារី​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ឲ្យ​បាន​ច្រើន

0:00 / 0:00

សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​ស្ត្រី​កម្ពុជា លើក​ឡើង​ថា បច្ចុប្បន្ន​នេះ ស្ត្រី​ពុំ​ទាន់​មាន​ឱកាស​ការងារ​ទាំង​ក្នុង​វិស័យ​នយោបាយ និង​ស្ថាប័ន​រដ្ឋ បាន​ស្មើភាព​គ្នា​ដូច​បុរស​ទេ។ ក្រសួង​កិច្ចការ​នារី ទទួល​ស្គាល់​ថា ស្ត្រី​ពិត​ជា​មិន​ទាន់​មាន​ឱកាស​ចូល​រួម​ក្នុង​កិច្ចការ​នយោបាយ ឬ​ការងារ​តាម​ស្ថាប័ន​រដ្ឋ​ដូច​បុរស​ទេ។

នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ហៅ​កាត់​ហ្គេតស៊ី (GADC) អ្នកស្រី រស់ សុភាព បាន​លើក​អនុសាសន៍​ដាក់​ជូន​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​កិច្ចការ​នារី ឲ្យ​ជួយ​លើក​ស្ទួយ​ស្ត្រី​មាន​ឱកាស​ស្មើ​ភាព​ជាមួយ​បុរស ទាំង​ក្នុង​ឆាក​នយោបាយ និង​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​នានា ឲ្យ​បាន​ច្រើន​នា​ថ្ងៃ​ខាង​មុខ។

អ្នកស្រី រស់ សុភាព ថ្លែង​ដូច្នេះ​នៅ​ក្នុង​វេទិកា​ថ្នាក់​ជាតិ​ស្តី​អំពី «ការ​ចែក​រំលែក​បទពិសោធន៍​ល្អៗ​ក្នុង​ការ​អនុវត្ត​អនុសញ្ញា ស៊ី-ដ (CEDAW) រៀបចំ​ដោយ​អង្គការ​ហ្គេតស៊ី។ សិក្ខាសាលា​នេះ មាន​រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១១ ខែ​មិថុនា នៅ​សណ្ឋាគារ​សាន់វ៉េ ក្រុង​ភ្នំពេញ។

អ្នកស្រី រស់ សុភាព បញ្ជាក់​ថា តាម​រយៈ​សិក្ខាសាលា ២​ថ្ងៃ​នេះ អ្នក​ចូល​រួម​បាន​បង្កើត​ឲ្យ​មាន​ក្រុម​ពិភាក្សា​ដោយ​មាន​តំណាង​មកពី​មន្ទីរ​កិច្ចការ​នារី និង​ស្ត្រី​ជា​មន្ត្រី​ឃុំ​សង្កាត់ មកពី​តាម​ខេត្ត​មួយ​ចំនួន។ កិច្ច​ពិភាក្សា​នេះ ក្រុម​ស្ត្រី​ក៏​បាន​លើក​ពី​កង្វល់ ឬ​តម្រូវ​ការ​ស្ត្រី ដាក់​ជូន​ទៅ​ក្រសួង​កិច្ចការ​នារី ស្នើ​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​ព្រាង​នារី​រតនៈ​ទី​៤ របស់​ក្រសួង​កិច្ចការ​នារី នា​អាណត្តិ​ទី​៥​នេះ។

អ្នកស្រី រស់ សុភាព៖ «​មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មា​នក​កង្វល់​ដូចជា តួនាទី​ស្រី​ក្នុង​កិច្ចការ​សាធារណៈ​ឃើញ​ថា មាន​ចំនួន​ថយ​ចុះ​នៅ​ពេល​ដែល​បោះឆ្នោត​ម្តងៗ។ កន្លែង​ខ្លះ​ឡើង​ដែរ​តែ​ឡើង​តិច។ ដូចជា​ពេល​ថ្មីៗ​នេះ ខាង​ក្រុមប្រឹក្សា​ខេត្ត​ស្រុក​ខណ្ឌ គឺ​បាន​ឡើង​តែ ១​ភាគរយ​ប៉ុណ្ណោះ គឺ​ពី ១២​ភាគរយ ទៅ ១៣​ភាគរយ គឺ​តិច​មែន​ទែន។ ដល់​បោះ​ឆ្នោត​ជាតិ​យើង​ឃើញ​ថា ទៅ​ជា​ធ្លាប់​ចំនួន​ស្ត្រី​ទៅ​វិញ។ អ៊ីចឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ហ្នឹង​ផ្លូវ​នៅ​វែងឆ្ងាយ​សម្រាប់​ធ្វើ​ការងារ​ជាមួយ​គ្នា​បន្ត​ទៀត»

​ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ដែល​ចូល​រួម​បើក​សិក្ខា​សាលា​ថ្នាក់​ជាតិ​ទទួល​ស្គាល់​ថា ឱកាស​ការងារ​របស់​ស្ត្រី​ក្នុង​ឆាក​នយោបាយ និង​ស្ថាប័ន​រដ្ឋ​មិន​ទាន់​ស្មើ​ភាព​ជាមួយ​បុរស​ពិត​មែន។ អ្នកស្រី​បន្ត​ថា ចំនួន​មិន​ស្មើ​ភាព​គ្នា​នេះ អាច​បណ្ដាល​មក​ពី​ស្ត្រី​ខ្វះ​ធនធាន​មនុស្ស ឬ​ទាក់ទង​ប្រជាប្រិយភាព​របស់​ស្ត្រី​ខ្លួន​ឯង​ជាដើម។

យ៉ាង​នេះ​ក្តី អ្នកស្រី ហ៊ូ សាមិត្ត ថ្លែង​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ កំពុង​បន្ត​លើកកម្ពស់​ស្ត្រី​មាន​ឱកាស​ចូល​រួម​ក្នុង​វិស័យ​នយោបាយ និង​ស្ថាប័នរដ្ឋ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ៖ «ថ្មី​ត្បិត​តែ​មាន​ការ​កើន​ឡើង​ស្ត្រី​ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាល​រង​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ។ ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ ព្រម​ទាំង​ស្ត្រី​ជា​ថ្នាក់​ដឹកនាំ​ភូមិ​ក៏ដោយ ក៏​នៅ​តែ​មាន​បញ្ហា​ប្រឈម ដោយសារ​សមត្ថភាព និង​ប្រជាប្រិយភាព​ស្ត្រី​ខ្លួន​ឯង​នៅ​មាន​កម្រិត និង​ខ្វះ​ការ​គាំទ្រ​ពី​គ្រួសារ​សហគមន៍ ព្រម​ទាំង​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម»

តាម​រយៈ​សិក្ខាសាលា​ថ្នាក់​ជាតិ​រៀបចំ​ដោយ​អង្គការ ហ្គេតស៊ី ពេល​នេះ អ្នកស្រី រស់ សុភាព បញ្ជាក់​ថា នឹង​អាច​បញ្ជ្រាប​ទស្សនៈ​យេនឌ័រ នៃ​អនុសញ្ញា​ស្ដីពី​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នារី​ភេទ (CEDAW) និង​គោលនយោបាយ​សមភាព​យេនឌ័រ របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៥ ដើម្បី​បន្ត​លើក​កម្ពស់​តួនាទី​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​ជាដើម។

អនុសញ្ញា​ស៊ី-ដ គឺ​ជា​អនុសញ្ញា​អន្តរជាតិ​ដែល​អនុម័ត​នៅ​ឆ្នាំ​១៩៧៩ ដោយ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ។ ស៊ី-ដ គឺ​ជា​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​ការ​រើសអើង​គ្រប់​ទម្រង់​ប្រឆាំង​នឹង​ស្ត្រី។

ប្រទេស​កម្ពុជា ក៏​ជា​ម្ចាស់​ហត្ថលេខី និង​បាន​ផ្ដល់​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​នេះ​រួច​ហើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។