ខេត្តសៀមរាប គឺជាខេត្តក្រីក្រមួយក្នុងចំណោមខេត្តខ្លះទៀតរបស់ប្រទេសកម្ពុជា ដែលមានប្រជាពលរដ្ឋជាច្រើននាំគ្នាធ្វើចំណាកស្រុកទៅធ្វើជាកម្មករនៅក្រៅប្រទេស ទាំងស្របច្បាប់ និងមិនស្របច្បាប់។
សមាគមការពារសិទ្ធិមនុស្សអាដហុក នៅខេត្តសៀមរាប កំពុងព្រួយបារម្ភពីការធ្វើចំណាកស្រុកដោយប្រថុយប្រថាននេះ ហើយកំពុងតែធ្វើយុទ្ធនាការផ្សព្វផ្សាយឱ្យយល់ដឹងអំពីសុវត្ថិភាព តាមរយៈការចុះធ្វើវេទិកាសាធារណៈជាច្រើនកន្លែងនៅតាមតំបន់ដាច់ស្រយាលនៃស្រុកខ្លះ។
ឃុំល្វា គឺជាឈ្មោះទីជនបទមួយរបស់ស្រុកពួក ដែលស្ថិតនៅចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប។
បច្ចុប្បន្ន ទីនោះមានកសិករជាច្រើនបាននាំគ្នាចាកចេញពីផ្ទះសម្បែង និងស្រែចម្ការជាបន្តបន្ទាប់ ហើយឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើតាមរយៈមេខ្យល់អូសទាញ និងបោកបញ្ឆោត។
មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វា គឺលោកអនុសេនីយ៍ទោ នៅ ពុទ្ធារិទ្ធិ។ លោកថ្លែងឱ្យដឹងនៅក្នុងវេទិកាសាធារណៈមួយដែលរៀបចំដោយសមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅថា បច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅតាមភូមិ ក្នុងឃុំល្វា បាននាំគ្នាធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសខ្លះស្របច្បាប់ និងខ្លះទៀតមិនស្របច្បាប់ជាបន្តបន្ទាប់ គួរឱ្យព្រួយបារម្ភ។
លោកមេប៉ុស្តិ៍នគរបាលបញ្ជាក់ទៀតថា ចាប់តាំងពី ២-៣ឆ្នាំមុន រហូតមកដល់ពេលនេះ នៅក្នុងឃុំល្វា គឺប្រមាណប្រជាពលរដ្ឋស្រីប្រុសចំនួនជិត ៥០០នាក់ បានធ្វើចំណាកស្រុកចេញទៅធ្វើការនៅក្រៅប្រទេស។ ក្នុងចំណោមអ្នកចំណាកស្រុកទាំងនោះ គឺមានតែ ១៣នាក់ទេដែលស្របច្បាប់។
លោកមេប៉ុស្តិ៍នគរបាលឱ្យដឹងថា ដោយសារតែប្រជាពលរដ្ឋជាច្រើនធ្វើចំណាកស្រុកចូលទៅធ្វើការនៅប្រទេសថៃ មិនស្របច្បាប់ គឺកាលពីអំឡុងខែសីហា កន្លងទៅ មានប្រជាពលរដ្ឋនៅភូមិដូនទ្រ និងភូមិព្រហូត ចំនួន ១៣នាក់ ត្រូវតម្រួតថៃ ចាប់ខ្លួនដាក់ពន្ធនាគារបណ្ដាលឱ្យមានការធ្វើទុក្ខបុកម្នេញពីអ្នកទោសដូចគ្នានៅក្នុងពន្ធនាគារយ៉ាងខ្លាំងក្លា នៅមុនពេលដែលអាជ្ញាធរខ្មែររំដោះមកវិញ៖ «អ៊ីចឹងបងប្អូនទាំង ១៣នាក់នេះ គាត់បានជួបការឈឺចាប់។ នេះដោយសារមូលហេតុដែលយើងទៅធ្វើការនៅក្រៅប្រទេសដោយមិនស្របច្បាប់»។
មេឃុំល្វា លោក ញ៉ុក ឈូ ទទួលស្គាល់ថា នៅក្នុងឃុំរបស់លោកបច្ចុប្បន្ន គឺមានប្រជាពលរដ្ឋរស់នៅជាង ១ម៉ឺននាក់។ ភាគច្រើននៃប្រជាពលរដ្ឋទាំងនោះគឺជាកសិករដែលមានជីវភាពខ្វះខាត ហើយពួកគេខ្លះក៏សម្រេចចិត្តធ្វើចំណាកស្រុកចេញទៅធ្វើការនៅក្រៅប្រទេស ដើម្បីរកប្រាក់ជួយទ្រទ្រង់គ្រួសារ។ លោកមេឃុំល្វា បញ្ជាក់ថា បច្ចុប្បន្នមានប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោកជាច្រើនបានចាកចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ក៏ប៉ុន្តែភាគច្រើនពួកគេចាកចេញទៅដោយមិនប្រាប់ភូមិ ឃុំ ឱ្យធ្វើឯកសារត្រឹមត្រូវតាមផ្លូវច្បាប់ទេ។
ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋក្នុងឃុំល្វា ទៅធ្វើការនៅក្រៅប្រទេសភាគច្រើនតាមរយៈការអូសទាញ ល្បួង និងបោកបញ្ឆោតពីក្រុមមេខ្យល់ ហើយពួកគេខ្លះក៏ប្រឈមមុខនឹងការជួញដូរមនុស្ស ព្រមទាំងជួញដូរកម្លាំងពលកម្ម។
ស្ត្រីឈ្មោះ អ៊ុំ កូយ ជាអ្នកភូមិព្រហូត នៃឃុំល្វា គឺអ្នកធ្លាប់រងគ្រោះម្នាក់ក្នុងចំណោមគ្នីគ្នារបស់គាត់ ១២នាក់ផ្សេងទៀត ដែលមេខ្យល់បានបោកបញ្ឆោតនាំទៅធ្វើការនៅប្រទេសថៃ និងជំរិតយកលុយអស់ ព្រមទាំងលក់ទៅឱ្យកន្លែងធ្វើការក្នុងប្រទេសថៃ ទៀតផង។
លោកស្រី អ៊ុំ កូយ មានប្រសាសន៍ថា កាលពីអំឡុងខែឧសភា កន្លងទៅ មានមនុស្ស ២នាក់ឈ្មោះ ស៊ុន ឈូក និង ចិ វុន បានមកល្បួងគាត់ និងគ្នីគ្នា ១២នាក់ផ្សេងទៀត ឱ្យទៅធ្វើការនៅរោងចក្រធ្វើនំប៉័ងក្នុងប្រទេសថៃ ហើយនៅពេលដែលរូបគាត់ និងអ្នកភូមិ ១២នាក់ផ្សេងទៀតទៅតាមមេខ្យល់នោះ ដល់វត្តបាលិលេយ្យ ក្រុងប៉ោយប៉ែត គឺពួកមេខ្យល់បានទារលុយ ២.៥០០បាតក្នុងម្នាក់ៗ។ ពួកគាត់ត្រូវគេបោកបញ្ឆោតយកលុយជាបន្តបន្ទាប់ នៅពេលចូលទៅដល់ទឹកដីថៃ ហើយទីបំផុតក៏ត្រូវគេលក់ទៅឱ្យការដ្ឋានសំណង់មួយកន្លែងក្នុងទីក្រុងបាងកក។ ពីរថ្ងៃក្រោយមកពួកគាត់ទាំង ១៣នាក់ ក៏ត្រូវតម្រួតថៃ ចាប់ខ្លួនយកទៅដាក់ពន្ធនាគារ។
លោកស្រី អ៊ុំ កូយ បន្ថែមដូច្នេះ៖ «ចូលគុកគេក៏ឱ្យខ្ញុំដោះខោអាវ ហើយដេកក៏មិនស្រួល ទឹកមកងូតមិនស្រួល បាយហូបក៏មិនឆ្អែត ធ្វើការលើកចានដែកធំៗ លាងលូទឹកស្អុយ លាងបង្គន់»។
មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្សរបស់ស្នងការនគរបាលខេត្តសៀមរាប ក៏បង្ហាញការព្រួយបារម្ភចំពោះប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកកាន់តែច្រើនឡើងៗនេះ។
ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អ្នកស្រី ដួង ថាវរី មានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្តសៀមរាប បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដោយមិនស្របច្បាប់។ អ្នកស្រីបញ្ជាក់ថា កាលពីខែមិថុនា កន្លងទៅ រដ្ឋាភិបាលបានរំដោះកម្មករខ្មែរដែលធ្វើការលើទូកនេសាទពីប្រទេសឥណ្ឌូនេស៊ី ចំនួន ២៣០នាក់។ ក្នុងនោះកម្មករចំនួន ៨៣នាក់ ជាប្រជាពលរដ្ឋនៅខេត្តសៀមរាប។
អ្នកស្រី ដួង ថាវី ឱ្យដឹងថា កម្មករនេសាទដែលចេញទៅធ្វើការនៅក្រៅប្រទេសដោយមិនស្របច្បាប់ទាំងនោះ ទទួលរងភាពវេទនាបំផុត ដោយអ្នកខ្លះធ្វើការនៅលើទូករយៈពេលរហូតដល់ ១៨ឆ្នាំ តាំងពីក្មេងរហូតដល់ចាស់ និងពិការក៏មាន៖ «ក្រៅពីធ្វើការលើទូកនេសាទមកពីឥណ្ឌូនេស៊ី នោះ គឺមានពលករមួយចំនួនធ្វើការនៅម៉ាឡេស៊ី។ ភាគច្រើនគឺយកតែស្រីៗទេ ទៅធ្វើជាកម្មករនៅតាមផ្ទះ»។
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានមើលឃើញភាពប្រឈមមុខជាច្រើនចំពោះកម្មករខ្មែរដែលចេញទៅធ្វើការនៅក្រៅប្រទេសដោយមិនស្របច្បាប់ទាំងនោះ ហើយអង្គការអាដហុក ក៏បានបោះពុម្ពសៀវភៅមួយដែលមានលេខទូរស័ព្ទជាច្រើនស្ថាប័ន ឈ្មោះថា "តើនរណាអាចអ្នកជួយបាន" ដើម្បីចែកជូនឱ្យប្រជាពលរដ្ឋបានយល់ដឹងនៅពេលណាដែលគេជួបនឹងបញ្ហាក្នុងពេលដែលចំណាកស្រុកនោះ។
ប្រធានផ្នែកការពារស្ត្រីនិងកុមារ របស់សមាគមការពារសិទ្ធិមនុស្សអាដហុក អ្នកស្រី ឆន សុគន្ធា មានប្រសាសន៍ថា បច្ចុប្បន្នពលករ ពលការិនីរបស់កម្ពុជា បានធ្វើចំណាកស្រុកកាន់តែច្រើនឡើងៗ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានទៅប្រទេសថៃ និងម៉ាឡេស៊ី។
អ្នកស្រី ឆន សុគន្ធា បញ្ជាក់ថា ភាគច្រើននៃពលករចំណាកស្រុកទាំងនោះមិនស្របច្បាប់ ហើយក៏មិនបានសិក្សាថា តើគួរធ្វើយ៉ាងណាឱ្យខ្លួនឯងមានសុវត្ថិភាពទេ៖ «យើងឃើញថា ធ្វើចំណាកស្រុកទៅក្រៅប្រទេសដោយភាពប្រថុយប្រថាន ហើយយើងឃើញថា មានពលករ ពលការិនីមួយចំនួនទៅធ្វើការនៅប្រទេសថៃ ច្រើនតែអ្នកលើទូកនេសាទ»។
បច្ចុប្បន្នមានពលករខ្មែរជាច្រើនពាន់នាក់ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ហើយប្រមាណ ៧០ម៉ឺននាក់ផ្សេងទៀត កំពុងធ្វើពលករនៅក្នុងប្រទេសថៃ។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក សម្រាប់ឆមាសទី១ នៃដើមឆ្នាំ២០១៥ ឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលបានត្រឹមបញ្ជាក់ឱ្យដឹងពីចំនួនកម្មករខ្មែរ ដែលកំពុងធ្វើការស្របច្បាប់នៅប្រទេសថៃ ចំនួន ១០ម៉ឺននាក់ ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលរកឃើញថា មានពលករខ្មែរចំនួនជាង ៦០ម៉ឺននាក់ កំពុងធ្វើការនៅក្នុងប្រទេសថៃ មិនស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
