ហានិភ័យ​នៃ​កំណើន​វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០១៤

0:00 / 0:00

គម្រោង​សាងសង់​អគារ​នានា​នៅ​រាជធានី​ភ្នំពេញ បាន​កើន​ឡើង​ប្រមាណ ២០% ដែល​ស្មើ​នឹង​ទឹក​ប្រាក់​វិនិយោគ​​ជាង ២.៥០០​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០១៤។ ស្រប​ពេល​ដែល​​មាន​កំណើន​នេះ ​ប្រធាន​ក្រុមហ៊ុន​ និង​អ្នក​វិភាគ​អចលនទ្រព្យ​បាន​អះអាង​ថា វិស័យ​សាងសង់​កម្ពុជា នៅ​មាន​ហានិភ័យ​ខ្ពស់​​នៅ​ឡើយ ជា​ពិសេស​ ការ​កៀរគរ​ទឹក​ប្រាក់​វិនិយោគ​ពី​សាធារណជន។

នៅ​មុន​ពេល​ដំណាច់​ឆ្នាំ​២០១៤ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អះអាង​នៅ​ថ្ងៃ​ទី​២៨ ធ្នូ ថា ប្រទេស​កម្ពុជា បាន​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នូវ​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ដើម្បី​អភិវឌ្ឍ​ផ្នែក​សាងសង់​នៅ​រាជធានី​ភ្នំពេញ ដែល​ចាត់​ទុក​ថា សំណង់​ជា​វិស័យ​សំខាន់​ទី​ពីរ ដែល​​បាន​ចូល​រួម​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា បច្ចុប្បន្ន។

អនុ​ប្រធាន​ផ្នែក​អចលនទ្រព្យ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ លោក ម៉ៅ ពៅ មាន​ប្រសាសន៍​ថា គម្រោង​សាងសង់​នៅ​រាជធានី​ភ្នំពេញ​ មាន​ចំនួន​ជិត ១០០​គម្រោង ដែល​កំពុង​ប្រតិបត្តិការ​​​ សាងសង់​របស់​ខ្លួន។

តួលេខ​នេះ​បញ្ជាក់​ថា​ វិស័យ​សំណង់​នៅ​កម្ពុជា បាន​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ជួប​វិបត្តិ​​កាល​ពី​ឆ្នាំ​២០០៨ ដែល​បាន​រង​សម្ពាធ​ពី​មជ្ឈដ្ឋាន​​ខាង​ក្រៅ។

ទោះ​បី​ជា​មាន​ការ​អះអាង​​បែប​នេះ ការ​វិភាគ​របស់​ប្រធាន​​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​កម្ពុជា យល់​ឃើញ​ថា វិស័យ​សំណង់​នៅ​កម្ពុជា នៅ​មាន​ហានិភ័យ​នៅ​ឡើយ ជា​ពិសេស ប្រតិបត្តិការ​ទិញ​លក់​ អគារ​ស្នាក់​ធំៗ និង​សំណង់​លំនៅឋាន។

​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ 21 Vitrust លោក ច្រឹក សុខនីម មាន​ប្រសាសន៍​ថា កំណើន​នៃ​ទីផ្សារ​អចលនទ្រព្យ​មាន​សញ្ញា​ល្អ ប៉ុន្តែ​កំណើន​នេះ ​នៅ​មាន​ហានិភ័យ​​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទិញ​លក់​គម្រោង​ដំបូង។ លោក​បញ្ជាក់​ថា​ ហានិភ័យ​ទាំង​នោះ អាច​ចាត់​ទុក​ថា ជា​ការ​ឆបោក​នៃ​ប្រតិបត្តិការ​​ទិញ​លក់​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ​ដូច​ជា បញ្ហា​នេះ​លំហូរ​ទុន​វិនិយោគ​ដំបូង ការ​លក់​ថ្លៃ​ខ្ពស់​ពេក​​ពី​តម្លៃ​សំណង់​ពិត​ប្រាកដ (Speculator) ​​​ការ​លក់​បន្ត​អចលនវត្ថុ​​ដោយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ពី​ឈ្មួញ​ដែល​បណ្ដាល​ឲ្យ​មាន​ប្លង់​ជាន់​គ្នា​ជា​ដើម។ លោក​បញ្ជាក់​ទៀត​ថា​ ចំពោះ​គម្រោង​ខ្លះ​គាត់​សាងសង់​បាន​តែ​មួយ​រយៈ​ ហើយ​ខ្វះ​លុយ​ក៏​គាត់​បញ្ឈប់​ការ​សាងសង់​​​ទៅ​វិញ។

បន្ថែម​លើ​នេះ ​អ្នក​វិភាគ​ផ្នែក​អចលនទ្រព្យ លោក កឹក ណារិន មាន​ប្រសាសន៍​ថា​ ការ​វិនិយោគ​​សំណង់​មាន​ការ​កើន​ឡើង​​នៅ​ឆ្នាំ​២០១៤ ប៉ុន្តែ​ការ​ឆរ​បោក​​នៅ​វិស័យ​អចលនទ្រព្យ​​វិញ​ ​ក៏​កើត​មាន​ដែរ ​ដែល​​ការ​ឆរ​បោក​នោះ​កើត​ឡើង​តាម​រយៈ​ការ​ទុក​ចិត្ត​​គ្នា​ពេក​រវាង​ម្ចាស់​អចលនវត្ថុ និង​ក្រុមហ៊ុន​​វិនិយោគ។ ​លោក​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​កម្ពុជា ហាក់​មាន​​ចំណេះ​ដឹង​តិចតួច​លើ​ការ​រួម​ទុន​វិនិយោគ​​លើ​វិស័យ​អចលនទ្រព្យ​ជា​មួយ​ជន​បរទេស។ លោក ណារិន បាន​អះអាង​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា គឺ​ភាគី​រង​គ្រោះ លក់​​អចលនវត្ថុ​ដើម្បី​​សង​បំណុល។

​​​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​ក្រសួង​ដែនដី​នគរូបនីយកម្ម​​និង​សំណង់ មិន​បាន​បង្ហាញ​ថា ហានិភ័យ​ក្នុង​ការ​​វិនិយោគ​អចលនទ្រព្យ​កើត​​​តាម​រូប​ភាព​បែប​ណា​ ឬ​មាន​​​ប៉ុន្មាន​ករណី​នោះ​​ទេ​ ប៉ុន្តែ​ការ​រក​ឃើញ​ថា អ្នក​វិភាគ​អចលនទ្រព្យ​នៅ​កម្ពុជា មួយ​ចំនួន​អះអាង​ថា ​កម្ពុជា​​ធ្លាប់​មាន​សំណុំ​រឿង​ឆបោក​លើ​សេវាកម្ម​អចលនទ្រព្យ​រវាង​អ្នក​វិនិយោគ​ជប៉ុន ប្រមាណ ១០០​ករណី សមាមាត្រ​នឹង​ទឹក​ប្រាក់​​ ២០​លាន​ដុល្លារ​​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។