អាជ្ញាធរខេត្តរតនគិរី រៀបចំលម្អសោភណភាពក្រុងបានលុង ត្រៀមអបអរសាទរបុណ្យចូលឆ្នាំសកលខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ចំណែកមន្ត្រីទេសចរណ៍អះអាងដែរថា ការរៀបចំប្រគំតន្ត្រីសិល្បៈនៅតាមមន្ទីរវប្បធម៌ និងតំបន់រមណីយដ្ឋាន នឹងត្រូវធ្វើឡើងដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងឱកាសឆ្លងឆ្នាំសកលនេះដែរ។
រមណីយដ្ឋានចំនួន ១១កន្លែងក្នុងខេត្តរតនគិរី ត្រូវបានរៀបចំធ្វើអនាម័យ សណ្ដាប់ធ្នាប់សម្រាប់ទទួលភ្ញៀវដែលមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០១៥ ឆ្លងចូលឆ្នាំ២០១៦។
មុននេះប្រមាណ ១សប្ដាហ៍អាជ្ញាធរខេត្តរតនគិរី រៀបចំលម្អខ្លោងទ្វារផ្លូវធ្វើដំណើរសំខាន់ៗក្នុងក្រុងបានលុង រួមមានដាក់តាំងពាក្យស្លោកជាភាសាបរទេស ហេបភី ញីវ យារ (Happy New Year) មានន័យថា អបអរសាទរបុណ្យចូលឆ្នាំ មានបំភ្លឺដោយអំពូលភ្លើងគ្រប់ពណ៌ រួមទាំងភ្លើងបំភ្លឺតាមដើមផ្កានៅសួនសាធារណៈនៅវេលាយប់ដូចគ្នាទៅនឹងការប្រារព្ធទិវាចូលឆ្នាំខ្មែរប្រពៃណីជាតិនៅរៀងរាល់ឆ្នាំ។
អភិបាលរងខេត្តរតនគិរី លោក លិ វិន រំពឹងថា ភ្ញៀវទេសចរនឹងកើនឡើងច្រើនដោយសារតែផ្លូវធ្វើដំណើរកាន់តែល្អប្រសើរ រីឯផ្ទះសំណាក់សណ្ឋាគារភោជនីយដ្ឋានទំនើបកាន់តែសម្បូរអាចបម្រើសេវាកម្មជូនអ្នកទេសចរបានគ្រប់គ្រាន់។ លើសពីនេះទៀត លោកថា ក្រុមសមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថគ្រោងដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសុវត្ថិភាពជូនអ្នកទេសចរមកកម្សាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំសកលនេះ៖ «យើងត្រៀមហើយសំខាន់ភ្ញៀវទេសចរតាមរមណីយដ្ឋាន កន្លែងលក់ដូរសំខាន់ៗ ព្រោះមានល្បីប្លន់ អាហ្នឹងធ្វើពីរបីខែហើយ»។
ក្រៅពីការរៀបចំដោយអាជ្ញាធរមូលដ្ឋាន គេសង្កេតឃើញនៅតាមភោជនីយដ្ឋាន អគារលក់គ្រឿងសម្ភារៈប្រើប្រាស់ ហាងលក់ទំនិញ និងអគារសាធារណៈឯកជនមួយចំនួន ក៏បានរៀបចំលម្អកន្លែងរបស់ខ្លួនជាមួយផ្កាគ្រិស្តស្មាស (Christmas) ហ៊ុមព័ទ្ធទៅដោយអំពូលភ្លើងបំភ្លឺចម្រុះពណ៌ទាក់ទាញអតិថិជនរបស់ខ្លួនសម្រាប់បុណ្យឆ្លងឆ្នាំសកលនេះដែរ។
ម្ចាស់លក់វត្ថុអនុស្សាវរីយ៍ និងគ្រឿងប្រើប្រាស់ អ្នកស្រី រចនា កត់សំគាល់ថា រៀងរាល់ឆ្នាំតែងមានភ្ញៀវទេសចរមកកម្សាន្តច្រើនលើសសព្វមួយដង ហេតុនេះការរៀបចំកន្លែងលក់ដូរគ្រឿងប្រើប្រាស់ គឺជាវិធីទាក់ទាញអតិថិជនចូលមកទិញគ្រឿងប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍។
អ្នកស្រីបន្តថា ថ្វីត្បិតបុណ្យចូលឆ្នាំសកលមិនមែនជាពិធីបុណ្យសម្រាប់ពលរដ្ឋខ្មែរ ក៏ប៉ុន្តែជាទូទៅការប្រាស្រ័យទាក់ទងគ្នា ការកម្សាន្តសប្បាយរវាងមនុស្សទូទៅលើសកលលោក គឺជាផ្នែកមួយមានសារប្រយោជន៍សម្រាប់ការរស់នៅប្រកបរបចិញ្ចឹមជីវិតរបស់ពលរដ្ឋ មិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ៖ «មនុស្សទូទៅក្នុងពិភពលោកមានប្រាស្រ័យទាក់ទងគ្នាល្អ ដោយសារមានប្រព័ន្ធហ្វេសប៊ុក (Facebook) ប៉ុន្តែបុណ្យនេះយើងចូលរួមសប្បាយទាំងអស់គ្នា មិនមែនបានន័យថា យើងភ្លេចប្រពៃណីជាតិយើងទេ។ យើងដើរតាមសម័យទំនើបសម័យជឿនលឿន»។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី ឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ សណ្ឋាគារមានចំនួន ១៤ និងផ្ទះសំណាក់មានចំនួន ៣២កន្លែង និងមានបន្ទប់ស្នាក់នៅជាង ១.៥០០បន្ទប់។ ដោយឡែកនៅថ្ងៃបុណ្យឆ្លងឆ្នាំសកលនេះ សណ្ឋាគារទំនើបចំនួនពីរទៀតនឹងត្រូវបើកសម្ពោធបម្រើអតិថិជន និងភ្ញៀវទេសចរតែម្ដង។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត វិទូ មានប្រសាសន៍ថា មន្ទីរទេសចរណ៍បានណែនាំ និងរៀបចំឲ្យសហគមន៍តំបន់រមណីយដ្ឋានរៀបចំអនាម័យ សណ្ដាប់ធ្នាប់ឲ្យបានល្អដើម្បីទទួលភ្ញៀវមកលេងកម្សាន្តនៅតំបន់ទឹកជ្រោះ បឹងយក្សឡោម និងតំបន់ទេសចរណ៍ផ្សេងទៀតនៅក្នុងខេត្តនេះ។ លើសពីនេះទៀតលោកថា មានការប្រគំតន្ត្រីសិល្បៈរៀបចំឡើងដោយមន្ទីរវប្បធម៌ខេត្ត ក៏ត្រូវបានធ្វើឡើងដើម្បីបម្រើការកម្សាន្តរបស់អ្នកទេសចរដែលបានមកកម្សាន្តនៅខេត្តភាគឦសានមួយនេះ។
លោក ង៉ែត វិទូ៖ «រាល់ឆ្នាំយើងធ្វើដូចគ្នា គ្រាន់តែប្លែកឆ្នាំនេះ ឯកឧត្ដមអភិបាលខេត្តគាត់យកចិត្តទុកដាក់រៀបចំសោភណភាពក្រុង បំពាក់ភ្លើងតាមដើមឈើដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយគាត់ជំរុញឲ្យមន្ទីរវប្បធម៌រៀបចំសំដែងសិល្បៈឲ្យភ្ញៀវទៅមើល»។
ចាប់ពីខែមករា ឆ្នាំ២០១៥ រហូតបច្ចុប្បន្ន កំណើនអ្នកទេសចរចូលមកកម្សាន្តក្នុងខេត្តរតនគិរី មានចំនួនជាង ១៧ម៉ឺននាក់ ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ អ្នកទេសចរមកកម្សាន្តនៅខេត្តនេះមានជាង ១២ម៉ឺននាក់។
កាលពីថ្ងៃទី២៨ ខែធ្នូ មន្ទីរទេសចរណ៍ខេត្តរតនគិរី បានរៀបចំការប្រគំតន្ត្រីទាក់ទាញវិស័យទេសចរណ៍នៅបរិវេណមន្ទីរវប្បធម៌ខេត្តរតនគិរី។ កម្មវិធីប្រគំតន្ត្រីនេះ ធ្វើឡើងពីរដងក្នុងមួយខែ។
ប្រធានមន្ទីរវប្បធម៌ខេត្តរតនគិរី លោក ឆាយ សាវុធ កត់សំគាល់ថា រដ្ឋាភិបាលមិនបានកំណត់ថ្ងៃបុណ្យចូលឆ្នាំសកលជាថ្ងៃបុណ្យជាតិនោះទេ ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរមួយចំនួនបានចាត់ទុកបុណ្យចូលឆ្នាំសកលថា ជាថ្ងៃរីករាយ និងកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋសម្រាប់ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។ លោកថា ប្រជាពលរដ្ឋក្នុងពិភពលោករៀបចំពិធីឆ្លងឆ្នាំសកល ដោយភាពរីករាយ និងមោទនភាព៖ «ធម្មតាជាការទាក់ទាញភ្ញៀវទេសចរ ខ្ញុំបានធ្វើពីថ្ងៃ២៧ និង២៨ (ធ្នូ) ហើយ។ ចូលឆ្នាំសកលក៏មិនមែនជាប្រពៃណីខ្មែរដែរ ចូលឆ្នាំសកលទូទាំងពិភពលោក អ៊ីចឹងរៀបចំពីរថ្ងៃហើយ»។
នៅខេត្តរតនគិរី រមណីយដ្ឋានសំខាន់ដែលអ្នកទេសចរនិយមទៅលេងកម្សាន្ត រួមមានបឹងយក្សឡោម បឹងលង្កុត ទឹកជ្រោះ៧ជាន់ ឬទឹកជ្រោះអូរសៀនឡែរ តំបន់ទឹកជ្រោះកាចាញ កាទៀង ចាអ៊ុង វាលរំប្លង់ ទឹកជ្រោះតាតៃ សួនឧទ្យានជាតិវីរជ័យ តំបន់វប្បធម៌ជនជាតិដើមភាគតិច និងដំណើរកម្សាន្តតាមដងទន្លេសេសាន និងទន្លេស្រែពក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
