ប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី មានព្រំដែនជាប់នឹងប្រទេសវៀតណាម នឹងទទួលបានការអភិវឌ្ឍកាន់តែប្រសើរក្នុងវិស័យដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារដោយសារតែផ្លូវ និងស្ពានឆ្លងកាត់ទន្លេសេសាន ត្រូវបានរៀបចំសាងសង់ឡើងវិញមានលក្ខណៈយុទ្ធសាស្ត្រតភ្ជាប់ពីតំបន់ជនបទមកទីរួមខេត្ត។
ឃុំញ៉ាង ជាតំបន់ដាច់ស្រយាលឋិតនៅក្នុងស្រុកអណ្ដូងមាស ច្រើនឆ្នាំកន្លងទៅនេះមិនមានផ្លូវធ្វើដំណើរងាយស្រួលនោះឡើយ។ ជាងនេះទៅទៀត ទន្លេសេសាន បានកាត់ផ្ដាច់ចរន្តសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់អ្នកភូមិជនជាតិដើមភាគតិចនៅតំបន់នោះធ្វើឲ្យជីវភាពរស់នៅរបស់អ្នកភូមិពឹងអាស្រ័យទៅលើទីផ្សារតំបន់ព្រំដែននៃប្រទេសវៀតណាម មិនអំណោយផលសម្រាប់ការលក់ផលិតផលរបស់អ្នកភូមិ។
ប្រជាពលរដ្ឋរស់នៅឃុំញ៉ាង ៨០ភាគរយជាជនជាតិដើមភាគតិចចារ៉ាយ និងកាចក់ រស់នៅពឹងអាស្រ័យកសិផលដែលអ្នកភូមិដាំដុះ ដូចជាស្រូវ ពោត សណ្ដែក ដំឡូងមី និងគ្រាប់ស្វាយចន្ទី។
អ្នកភូមិជនជាតិដើមចារ៉ាយ រស់នៅភូមិតាំងម្លូ លោក ហា ចើណែម ចាត់ទុកផ្លូវគមនាគមន៍ដែលអភិវឌ្ឍន៍នៅពេលនេះបានតភ្ជាប់ទីរួមស្រុកអណ្ដូងមាស ដោយមានស្ពានឆ្លងទន្លេទៅកាន់ភូមិសាស្ត្រពួកគាត់រស់នៅថា ជាដង្ហើមសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលជួយឲ្យអ្នកភូមិមានលទ្ធភាពដឹកជញ្ជូនកសិផលទៅទីផ្សារបានងាយស្រួល និងអាចរកប្រាក់កម្រៃខ្ពស់ជាងការដឹកជញ្ជូនកសិផលទៅលក់នៅទីផ្សារវៀតណាម ជាប់ព្រំដែនគ្នានេះ។
លោកបង្ហាញការត្រេកអរ ប្រសិនអាជ្ញាធរពាក់ព័ន្ធធ្វើការអភិវឌ្ឍន៍ផ្លូវ និងស្ពានតភ្ជាប់តំបន់ជនបទមួយនេះជាមួយទីផ្សារក្នុងស្រុកបានល្អប្រសើរ៖ «មានផ្លូវ មានសាលារៀន ស្ពាន កាលមុនគេធ្វើស្ពានដែកសម្តេចតេជោ អត់យកទេស្ពានធ្វើពីមុនមក។ មានស្ពានងាយស្រួលទៅមក គេចង់ធ្វើដំណើរពេលយប់ក៏បាន ស្ពានធ្វើរួចក៏ងាយស្រួលម្យ៉ាងដែរ ពីមុនអត់មានស្ពាន»។
ឃុំញ៉ាង មានប្រជាពលរដ្ឋរស់នៅជាង ៧ពាន់នាក់ គិតជាគ្រួសារមានចំនួនជាង ១ពាន់គ្រួសារ ឋិតក្នុងភូមិចំនួន ១២ រួមមានភូមិកេត ណាយ កាជូន ដាលតាំងសេ ញ៉ាង ចង ចែត តាង៉ា ចាយ ប៉ែង និងភូមិមុយ។ បច្ចុប្បន្នផ្លូវលំមួយខ្សែត្រូវបានសាងសង់ចាប់ពីមាត់ទន្លេសេសាន ចម្ងាយជាង ៣០គីឡូម៉ែត្រទៅដល់ព្រំដែនវៀតណាម ក្នុងឃុំញ៉ាង។
មេឃុំញ៉ាង លោក រចំ សឿន កត់សំគាល់ថា មូលនិធិអភិវឌ្ឍន៍ឃុំ គឺជាផ្នែកមួយដែលរដ្ឋាភិបាលផ្ដល់សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅមូលដ្ឋាន ក៏ប៉ុន្តែផ្លូវធ្វើដំណើររបស់អ្នកភូមិ ជាពិសេសស្ពានឆ្លងទន្លេសេសានច្រើនឆ្នាំកន្លងទៅមិនអាចធ្វើឲ្យជីវភាពអ្នកភូមិបានប្រសើរនៅឡើយ។ ជាងនេះទៅទៀត អ្នកភូមិត្រូវចំណាយពេលវេលា និងប្រាក់កាន់តែច្រើនដើម្បីដឹកជញ្ជូនកសិផលទៅរកទីផ្សារ ឬការធ្វើដំណើរទៅរកសេវាកម្មផ្សេងទៀតបម្រើឲ្យជីវភាពរស់នៅរបស់អ្នកភូមិ៖ «ការលំបាកវាលំបាកហើយ ប្រជាពលរដ្ឋដោះដូរពីគេ ជួនកាលដោះដូរជាអង្ករជាមួយវៀតណាម នៅទល់ដែន។ ជួនកាលយើងទៅយកពីគេមកលក់នៅខ្មែរទៅ អាហ្នឹងភាគតិចទេ»។
វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់សហគមន៍ឃុំញ៉ាង ច្រើនឆ្នាំកន្លងទៅ អ្នកភូមិចាប់យកទីផ្សារព្រំដែនវៀតណាម ឋិតនៅចម្ងាយ ១០គីឡូម៉ែត្រពីភូមិដើម្បីនាំយកអង្គរ ដំឡូង សណ្ដែក ទៅលក់ឲ្យឈ្មួញវៀតណាម ហើយនាំចូលវិញមានប៊ីចេង អំបិល ទឹកត្រី មី និងគ្រឿងប្រើប្រាស់ដ៏ទៃទៀតពីប្រទេសវៀតណាម វិញ។
មន្ត្រីសមាគមខ្មែរលើដែលបានធ្វើការជាមួយសហគមន៍នៅតំបន់នោះជាង ១០ឆ្នាំ លោក ម៉ង វិចិត្រ សម្លឹងឃើញថា ការធ្វើពាណិជ្ជកម្មឆ្លងដែនរបស់សហគមន៍ជនជាតិដើមភាគតិចឃុំញ៉ាង មិនបានធ្វើឲ្យជីវភាពអ្នកភូមិផ្លាស់ប្ដូរឡើយ ដោយសារតែទីផ្សារព្រំដែនវៀតណាម តូចមិនអាចចរាចរណ៍ផលិតផលអ្នកភូមិបានច្រើន ហើយបានបន្ថោកតម្លៃកសិផលអ្នកភូមិដែលលក់ចេញហើយលក់គ្រឿងប្រើប្រាស់មកអ្នកភូមិវិញក្នុងតម្លៃខ្ពស់។
យ៉ាងណាមិញជីវភាពអ្នកភូមិកាន់តែជួបការលំបាក ប្រសិនអ្នកភូមិស្វែងរកទីផ្សារនៅទីរួមស្រុក ឬខេត្តដែលត្រូវចំណាយពេលវេលា និងប្រាក់កាន់តែច្រើនដោយសារផ្លូវធ្វើដំណើរលំបាក ហើយត្រូវចំណាយលើមធ្យោបាយឆ្លងទន្លេបន្តទៀត៖ «អាចជួយគាត់មួយកម្រិតធំដែរ បើមានផ្លូវ មានស្ពាន។ខាងនោះប្រសិនគាត់ឈឺយកមកមណ្ឌលសុខភាពខាងញ៉ាង ធ្វើអត់កើត គាត់ត្រូវមកនេះតាមសាឡាង ត្រូវឆ្លងធ្វើឲ្យគាត់អស់លុយកាក់។ ខាងសង្គមស៊ីវិលយើងក៏មើលឃើញចំណុចផ្លូវស្ពានក៏សំខាន់សម្រាប់ជនជាតិដើមភាគតិច និងពលរដ្ឋទូទៅ»។
នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣ ខណៈលោកចុះចែកលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋជនជាតិដើមភាគតិចនៅស្រុកអណ្ដូងមាស បានប្រាប់ក្រុមហ៊ុន ទ្រី ភាព ដែលវិនិយោគដីកសិឧស្សាហកម្មនៅតំបន់នោះឲ្យធ្វើស្ពានពីបេតុងជំនួសស្ពានដែកឆ្លងកាត់ទន្លេសេសាន ប្រវែងជាង ២៥០ម៉ែត្រ សម្រាប់ពលរដ្ឋពង្រីកការធ្វើពាណិជ្ជកម្មពីតំបន់ជនបទពង្រីកសេដ្ឋកិច្ចគ្រួសារអ្នកភូមិឲ្យបានប្រសើរ។
អភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ មានប្រសាសន៍ថា ស្ពានធ្វើពីបេតុងនឹងត្រូវធ្វើរួចរាល់នៅអំឡុងខែមេសា។ ស្ពាននេះនឹងរួមចំណែកកាន់តែប្រសើរដើម្បីអភិវឌ្ឍន៍ជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមតំបន់នោះរួចផុតពីភាពក្រីក្រ។ លោកកត់សំគាល់ថា សិស្សានុសិស្ស កសិករ និងប្រជាពលរដ្ឋនៅឃុំញ៉ាង ទទួលបានផលប្រយោជន៍ពីស្ពានឆ្លងកាត់ទន្លេសេសាន មួយនេះ។
លោក នង ដារិទ្ធ៖ «ពីភូមិញ៉ាង មកឆ្ងាយដែរ បើគិតពីភូមិមកចម្ងាយជិត ២០គីឡូម៉ែត្រ អ៊ីចឹងបានធ្វើស្ពានមកសិស្សានុសិស្សបានស្រួលដែរធ្វើដំណើរមករៀន។ ប្រជាពលរដ្ឋបង្កើនផលកសិកម្មដឹកជញ្ជូន ហើយកាត់បន្ថយថ្លៃបានច្រើន។ សព្វថ្ងៃរហូតមានឡានតាក់ស៊ីចេញចូលល្អហើយ»។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា អភិបាលរងខេត្តរតនគិរី លោក លី វិន បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ពានថ្មឆ្លងកាត់ទន្លេសេសាន។ លោកមានប្រសាសន៍បញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់តភ្ជាប់ពីផ្លូវជាតិលេខ៧៨អា ឆ្ពោះទៅដល់តំបន់មុំបី ឬតំបន់កន្ទុយនាគព្រំប្រទល់ប្រទេសឡាវ កម្ពុជា និងវៀតណាម ដើម្បីអភិវឌ្ឍន៍តំបន់នោះជាតំបន់ត្រីកោណអភិវឌ្ឍន៍។
លោកថា ស្ពានឆ្លងកាត់ទន្លេសេសាន ធ្វើពីដែកបាឡេ ប៉ុន្តែក្រុមហ៊ុន ទ្រី ភាព បានរៀបចំសាងសង់ជាស្ពានបេតុងវិញ ដើម្បីធានាការដឹកជញ្ជូនឆ្លងកាត់របស់ពលរដ្ឋ៖ «សំខាន់សេដ្ឋកិច្ចរបស់ពលរដ្ឋណា! អាហ្នឹងផ្នែកកសិកម្ម ចរាចរណ៍ផលិតផល ព្រោះយើងមានបំណងធ្វើរហូតដល់កន្ទុយនាគ។ឥឡូវគេកំពុងចាក់ពីសៀមប៉ាង មកតាមបណ្ដោយព្រំដែន»។
បច្ចុប្បន្ននេះផ្លូវចាប់ពីទីរួមស្រុកអណ្ដូងមាស រហូតព្រំដែនវៀតណាម ក្នុងឃុំញ៉ាង បានពង្រីក និងឈូសឆាយងាយធ្វើដំណើរជាងមុនតាមរយៈមូលនិធិឃុំ និងប្រាក់វិភាគទានពីបណ្ដាក្រុមហ៊ុនសម្បទាន។ សហគមន៍នៅឃុំញ៉ាង ថ្លែងថា នេះជាមោទនភាពរបស់អ្នកភូមិ ក៏ប៉ុន្តែពួកគាត់អំពាវនាវឲ្យអាជ្ញាធរទប់ស្កាត់ការដឹកជញ្ជូនគ្រប់ប្រភេទដែលធ្វើឲ្យប៉ះពាល់ផ្លូវ និងស្ពានដែលទើបអភិវឌ្ឍន៍ថ្មីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
