អាជ្ញាធរក្នុងខេត្តស្វាយរៀង កំពុងរៀបចំសំណុំរឿងដើម្បីចាត់ការតាមច្បាប់ករណីគ្រោះថ្នាក់ដែលបណ្ដាលអោយកម្មកររោងចក្រចំនួន ៥៧នាក់រងរបួសធ្ងន់ស្រាលកាលពីថ្ងៃទី៣១ ខែធ្នូ។ ចំណែកសហជីពកម្មករក៏កំពុងតាមដានចំណាត់ការរបស់អាជ្ញាធរ និងត្រៀមទាមទារសំណងនានាសម្រាប់កម្មករដែលរបួស។
នាយការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លោក អ៊ុច សារ៉ន មានប្រសាសន៍ថា នគរបាលចរាចរណ៍កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ខណៈដែលអ្នករងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
បើទោះលោក អ៊ុច សារ៉ន មិនបានធ្វើអត្ថាធិប្បាយច្រើនឡើយ ដោយសារលោកជាប់រវល់ចុះអនុវត្តច្បាប់ចរាចរណ៍ថ្មី៖ «យើងចុះអង្កេតហើយ តែឥឡូវនេះខ្ញុំរវល់នៅក្រៅ»។
ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៣១ ខែធ្នូ កើតឡើងរវាងរថយន្តដឹកកម្មករបុកគ្នាពេញទំហឹងជាមួយរថយន្តតូយ៉ូតា កាមរី (Toyota Camry) នៅលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ហេតុការណ៍នោះ បណ្ដាលឲ្យកម្មករចំនួន ១២នាក់ រងរបួសធ្ងន់ និងរងរបួសស្រាល ៣៦នាក់ ភាគច្រើនជាមនុស្សស្រី។
ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា រថយន្តដឹកកម្មករ និងរថយន្តកាមរី បានបើកស្របទិសគ្នាពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុរថយន្តកាមរី បានវ៉ាហើយបត់ឆ្វេងពីមុខទើបរថយន្តដឹកកម្មករបុកចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកកម្មករ កម្មការិនីក្រឡាប់ផ្ងារជើង។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កឈ្មោះ ប៉ៅ សុវណ្ណ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចំណែកអ្នកបើកបររថយន្តដឹកកម្មករបានរត់គេចខ្លួន។
ករណីគ្រោះថ្នាក់នេះដែរកើតឡើងភ្លាមៗ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសណែនាំឲ្យពលរដ្ឋបើកបរគោរពច្បាប់ចរាចរណ៍ក្នុងឆ្នាំថ្មី។
វិទ្យុអាស៊ីសេរី មិនអាចសាកសួរប្រធានផ្នែកការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស លោក ជាវ ប៊ុណ្ណរិទ្ធ បានទេ នៅថ្ងៃទី១ ខែមករា អំពីការទទួលខុសត្រូវផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មកររងរបួស ដោយសារគ្រោះថ្នាក់នៅពេលត្រឡប់ពីបំពេញការងារ។
មន្ត្រីសហជីពចលនាកម្មករប្រចាំខេត្តស្វាយរៀង លោក ជា ឧត្ដម លើកឡើងថា ប្រសិនបើបេឡាជាតិរបបសន្តិសុខសង្គម មិនទទួលខុសត្រូវចំពោះគ្រោះថ្នាក់កម្មករទេ នោះលោកនឹងដាក់ពាក្យប្ដឹង ព្រោះថា គ្រោះថ្នាក់ការងាររបស់កម្មករជាកាតព្វកិច្ចរបស់ ប.ស.ស។ ចំណែកសំណងពីខាងរថយន្តបង្កហេតុវិញ លោកកំពុងតាមដានដូចគ្នាដែរ៖ «ប្រសិនបើមិនមានសំណងអីទេ យើងនឹងជួយពួកគាត់ទៅតាមលទ្ធភាព»។
ទាក់ទងនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីឲ្យគោរពច្បាប់ចរាចរណ៍នោះ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ស្វាគមន៍ ប៉ុន្តែលោកលើកឡើងថា ការមិនគោរពច្បាប់ចរាចរណ៍កើតឡើងដោយសារការអនុវត្តច្បាប់ដោយមន្ត្រីសមត្ថកិច្ចនៅតែមានលក្ខណៈធូររលុង ចំណែកអ្នកបើកបរវិញមិនបានរៀនច្បាប់ចរាចរណ៍ត្រឹមត្រូវ។ ទន្ទឹមគ្នានេះ លោកក៏អំពាវនាវឲ្យប៉ូលិសចរាចរណ៍អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ថ្មី ដើម្បីកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ៖ «សមត្ថកិច្ចទាំងឡាយ បើមិនអនុវត្តរឹតបន្តឹងតាមច្បាប់ចរាចរណ៍ថ្មីទេ គ្រោះថ្នាក់ចរាចរណ៍នឹងនៅតែកើតមាន»។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្ហាញដោយអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥ កើតឡើងចំនួន ៤.៥៩៥លើក ប្រៀបធៀបឆ្នាំ២០១៤ មានការថយចុះ ២៤៥លើក។ ករណីគ្រោះថ្នាក់ទាំងនេះបានបណ្ដាលអោយមនុស្សរងគ្រោះសរុប ៧៧៥នាក់ ថយ ៤៤០នាក់ ស្មើ ៤ភាគរយ។ ក្នុងនោះស្លាប់ចំនួន ២.២៦៥នាក់ កើន ១១នាក់ ស្មើ ៥ភាគរយ ក្នុងនោះជនបរទេស ២០នាក់ស្លាប់ ហើយចំណែកអ្នករងរបួសសរុបចំនួន ៧.៥១០នាក់។
ដោយឡែកមធ្យោបាយខូចសរុប ៧៥៧គ្រឿង។ គ្រោះថ្នាក់ខាងលើបណ្ដាលមកបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ និងបើកបរពេលស្រវឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
