ករណីគ្រោះថ្នាក់ចរាចរណ៍មុនថ្ងៃភ្ជុំឆ្នាំនេះ មានការថយចុះបើប្រៀបធៀបឆ្នាំទៅ។ ក៏ប៉ុន្តែមន្ត្រីជំនាញចរាចរណ៍ទស្សន៍ទាយថា ចំនួនមនុស្សស្លាប់និងរបួស នៅតែខ្ពស់ដូចមុនដដែល ដោយសារអ្នកបើកបរមិនផ្លាស់ប្ដូរឥរិយាបថ។
មនុស្ស ៩នាក់ស្លាប់ និង ៣២នាក់របួសក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៨លើក កើតឡើងនៅថ្ងៃបិណ្ឌទី១៤ គឺថ្ងៃទី២២ កញ្ញា។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃ បូកសរុបនៅល្ងាចថ្ងៃទី២២ កញ្ញា។
ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន ឲ្យដឹងបន្ថែមថា ចំនួនគ្រោះថ្នាក់នៅមុនថ្ងៃភ្ជុំឆ្នាំនេះ មានការថយចុះប្រៀបធៀបថ្ងៃភ្ជុំដំបូងកាលពីឆ្នាំទៅមិញ៖ «ថ្ងៃនេះគ្រោះថ្នាក់សរុប ១៨លើក ប្រៀបធៀបជាមួយឆ្នាំទៅគឺថយ ៦លើក ឆ្នាំទៅ ២៤លើក។ ស្លាប់ថ្ងៃនេះ ៩នាក់ ឆ្នាំទៅស្លាប់ ៧នាក់ទេ ដោយឡែករបួសសរុប ៣២នាក់ បើឆ្នាំទៅគឺ ៨៧នាក់ ថយ ៥៥នាក់របួស»។
លោកបន្តថា គ្រោះថ្នាក់ភាគច្រើនកើតឡើងនៅខេត្តកណ្ដាល និងតាកែវ ក្នុងនោះភាគច្រើនកើតឡើងចំពោះអ្នកបើកម៉ូតូ មូលហេតុដោយសារបើកបរមិនប្រកាន់ស្ដាំ បើកប្រជែងគ្នា និងបើកលឿនពេក ឬក៏ស្រវឹង។ លោកឲ្យដឹងថា កាលពីភ្ជុំឆ្នាំទៅ រយៈពេល៣ថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍ ៦៥លើក បណ្ដាលឲ្យស្លាប់ ២៤នាក់ របួស ១៦៩នាក់។
នៅពេលសួរថា តើចំនួនមនុស្សស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលភ្ជុំឆ្នាំនេះអាចថយចុះទេ លោកឆ្លើយថា ទំនងមិនអាចថយចុះទេ៖ «តាមខ្ញុំប៉ាន់មើលប្រហែលស្អែកថ្ងៃកណ្ដាលគឺថយ ប៉ុន្តែអាចកំណើនស្មើគ្នាឬក៏លើសថ្ងៃដំបូង ឬថ្ងៃទី៣ ថ្ងៃដែលវិលមកវិញនេះ នៅមានកំណើនចរាចរណ៍ច្រើនជាងថ្ងៃមុន ជាថ្ងៃកណ្ដាល»។
ដោយឡែករបាយការណ៍នៃគេហទំព័រក្រសួងមហាផ្ទៃ ផ្សាយចុះនៅថ្ងៃទី២១ កញ្ញា ថា គ្រាន់តែក្នុងមួយថ្ងៃ នៅថ្ងៃទី២១ កញ្ញា គឺមុនថ្ងៃបុណ្យភ្ជុំមួយថ្ងៃ គ្រោះថ្នាក់ចរាចរណ៍មានចំនួន ២៧លើកនៅទូទាំងប្រទេស បណ្ដាលឲ្យមនុស្សស្រីប្រុសស្លាប់ ១៣នាក់ របួស ៤៧នាក់ និងធ្វើឲ្យខូចខាតយានយន្ត ៤៧គ្រឿង ក្នុងនោះ ម៉ូតូ ៣២គ្រឿង ឡានតូចធំ ១១គ្រឿង។
អ្នកឯកទេសឯករាជ្យផ្នែកសុវត្ថិភាពផ្លូវថ្នល់ លោក អ៊ា ចរិយា បញ្ជាក់ថា ដរាបណាអ្នកបើកបរមិនគោរពច្បាប់ និងប៉ូលិសចរាចរណ៍មិនពង្រឹងច្បាប់ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅតែមានកម្រិតខ្ពស់ដដែល ៖ «យើងនៅតែអាចស្មានថា គ្រោះថ្នាក់នៅតែមានធំដដែល ដែលអាចប្រហាក់ប្រហែល ឬក៏អាចលើសពីឆ្នាំមុនទៀត ដោយសារតែទី១ ការដឹកលើសចំណុះ។ ទី២ គឺការបើកបរហួសល្បឿន ដែលយើងឃើញផ្លូវយើងឥឡូវកាន់តែស្អាត អ៊ីចឹងប្រជាពលរដ្ឋគាត់ក៏បើកកាន់តែលឿនដែរ។ ទី៣ ដោយសារពុំមានការផាកពិន័យអីឲ្យតឹងរ៉ឹងខុសប្លែកពីឆ្នាំកន្លងមកដែរ អ៊ីចឹង មានន័យថា សកម្មភាពនៅដូចពីមុនដដែល»។
មន្ត្រីជំនាញខាងសុវត្ថិភាពចរាចរណ៍កត់សម្គាល់ថា ចំនួនគ្រោះថ្នាក់ចរាចរណ៍តែងកើនឡើងខ្ពស់នៅពេលរដូវបុណ្យទានធំៗ ដោយសារអ្នកបើកបរមិនគោរពច្បាប់ និងមិនមានការរឹតបន្តឹងច្បាប់ចរាចរណ៍បន្ថែម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
