ម្ចាស់​ជំនួយ​ផ្អាក​ផ្ដល់​ជំនួយ​ដើម្បី​ទប់ស្កាត់​អត្រា​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍

ដោយ អាន ស៊ីថាវ
2014.10.14
គ្រោះថ្នាក់​ចរាចរណ៍ កំពង់ចាម ៦១០ ម៉ូតូ​កង់​ដែល​ទទួល​រង​ការ​ខូចខាត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​គេ​ដឹក​ជញ្ជូន​ទៅ​ស្នងការ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៤។
RFA/Saut Sokprathna

បន្ទាប់​ពី​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ​បាន​ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ ដើម្បី​ទប់ស្កាត់​អត្រា​នៃ​ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មន្ត្រី​បច្ចេកទេស​សុវត្ថិភាព​ផ្លូវ​ថ្នល់​បាន​អះអាង​នៅ​ថ្ងៃ​ទី​១៣ តុលា ថា ប្រទេស​កម្ពុជា នឹង​ប្រឈម​ការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ស្រប​ពេល​ចំនួន​អ្នក​ប្រើប្រាស់​យានយន្ត​កើន​ឡើង។

លោក ម៉ៃឃើល ប្លូមប៊ើគ (Michael Bloomberg) ដែល​ជា​មហា​សេដ្ឋី​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ មិន​បាន​បញ្ចូល​ឈ្មោះ​ប្រទេស​កម្ពុជា ក្នុង​ការ​ទទួល​ជំនួយ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ ចាប់​ពី​ដើម​ឆ្នាំ​២០១៥។ គម្រោង​ទឹក​ប្រាក់​ជំនួយ​ឥត​សំណង​របស់​លោក​មាន​ចំនួន ១២៥​លាន​ដុល្លារ​អាមេរិក នឹង​ផ្ដល់​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ចំនួន​៥ ប៉ុន្តែ​មិន​មាន​ប្រទេស​កម្ពុជា ឡើយ។ លោក ម៉ៃឃើល មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​របស់​លោក​ចំពោះ​ការ​មិន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា នោះ​ទេ។

ក្រុម​អ្នក​ធ្វើ​កិច្ចការ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ បាន​អះអាង​នៅ​ថ្ងៃ​ទី​១៣ តុលា ថា អវត្តមាន​នៃ​ទឹក​ប្រាក់​ជំនួយ​នេះ នឹង​ធ្វើ​ឲ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា កើន​ឡើង។

ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក លោក អ៊ា ចរិយា បាន​ឲ្យ​ដឹង​ថា វា​គឺ​ជា​រឿង​សោកស្ដាយ​បំផុត​នៅ​ពេល​ដែល​គ្មាន​ជំនួយ​គាំទ្រ​បន្ត​ទៀត ក្នុង​ការ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ អវត្តមាន​នៃ​ទឹក​ប្រាក់​ជំនួយ នឹង​ប៉ះពាល់​ដល់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​ធ្លាប់​បាន​ទទួល​ជំនួយ​ពី​មូលនិធិ​របស់ លោក ម៉ៃឃើល ប្លូមប៊ើគ លើ​កិច្ចការ​តស៊ូ​មតិ​ក្នុង​ការ​តាក់តែង​ច្បាប់​ចរាចរណ៍​ដែរ៖ «សំឡេង»។

លោក អ៊ា ចរិយា បាន​បញ្ជាក់​ទៀត​ថា ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា បាន​ទទួល​ជំនួយ ប៉ុន្តែ​អត្រា​នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ មិន​មាន​សញ្ញា​ថយ​ចុះ​ឡើយ។

របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហាញ​ថា កម្ពុជា នឹង​មាន​ករណី​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រយៈពេល ៩​ខែ​ឆ្នាំ​២០១៤ មាន​មនុស្ស​ជាង ១.៦០០​នាក់។ ក្នុង​ឆ្នាំ​២០១៣ មាន​ចំនួន​ជិត ២​ពាន់​នាក់។

អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក ពៅ ម៉ាលី មាន​ប្រសាសន៍​ថា ការ​បាត់​បង់​មូលនិធិ​ពិត​ជា​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា និង​ចំនួន​យុទ្ធនាការ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​ភូម​ឃុំ​នានា នឹង​ត្រូវ​លុប​បំបាត់​ដែរ។ លោក​បញ្ជាក់​ទៀត​ថា ការ​កាត់​បន្ថយ​អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ពាក់ព័ន្ធ​នឹង​កត្តា​សំខាន់​បី។ ទី​មួយ គឺ​ចំនួន​អ្នក​ប្រើប្រាស់​យានយន្ត។ ទី​ពីរ កំណើន​ប្រជាពលរដ្ឋ និង​កត្តា​សំខាន់​ទី​បី គឺ​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍ និង​ការ​ផាក​ពិន័យ។ ប៉ុន្តែ​កត្តា​សំខាន់​បំផុត​នោះ គឺ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ៖ «សំឡេង»។

របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​មាន​រថយន្ត ៣០​ម៉ឺន​គ្រឿង ម៉ូតូ ១​លាន​គ្រឿង ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ ១​លាន ៤​សែន​នាក់ និង​អ្នក​ឆ្លង​កាត់​ប្រមាណ​ជា ២​លាន​នាក់។ រៀង​រាល់​ឆ្នាំ ប្រទេស​កម្ពុជា បាន​ទទួល​ជំនួយ​អន្តរជាតិ​ក្នុង​ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ៣០​ម៉ឺន​ដុល្លារ​អាមេរិក។

ការ​ព្យាករ​ដែល​សរសេរ​នៅ​ក្នុង​ផែនការ​សកម្មភាព​សុវត្ថិភាព​ផ្លូវ​ថ្នល់​ជាតិ​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២០ របស់​រដ្ឋាភិបាល​កម្ពុជា នឹង​មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ដល់​ជាង ៣.២០០​នាក់​នៅ​ឆ្នាំ​២០២០ បើ​គ្មាន​អន្តរាគមន៍​ពី​ស្ថាប័ន​ផ្ដល់​ជំនួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។