២​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​មាន​ករណី​អគ្គិភ័យ​៥​លើក​និង​គ្រោះថ្នាក់​ចរាចរណ៍​៣៨​លើក

ដោយ រាជ វិញ្ញូ
2017.01.29
គ្រោះថ្នាក់​ចរាចរណ៍ ៨៥៥ ២០១៦ គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​បណ្ដោយ​មហាវិថី​ម៉ៅសេទុង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA

រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​មករា ដែល​ពលរដ្ឋ​ខ្មែរ​កាត់​សែស្រឡាយ​ចិន និង​វៀតណាម នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន គឺ​មាន​ករណី​អគ្គិភ័យ​ឆាប​ឆេះ​ផ្ទះ​ចំនួន ៤​ករណី និង​ឆេះ​ផ្សារ ១​ករណី។ ជាមួយ​គ្នា​នោះ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ក្នុង​រយៈពេល ២​ថ្ងៃ​ដូច​គ្នា ក៏​បាន​ធ្វើ​ឱ្យ​មនុស្ស ២២​នាក់​ស្លាប់ និង​ប្រហែល ៦០​នាក់ រង​របួស​ធ្ងន់ និង​ស្រាល។

ក្នុង​ចំណោម​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្សារ និង​ផ្ទះសម្បែង​ពលរដ្ឋ​ក្នុង​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ចិន និង​វៀតណាម រយៈពេល​ពីរ​ថ្ងៃ គឺ​ពុំ​មាន​មនុស្ស​ស្លាប់​ឡើយ។

ប្រធាន​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក នេត វន្ថា បាន​ឱ្យ​ដឹង​តាម​រយៈ​ទំព័រ​ហ្វេកប៊ុក (Facebook) របស់​លោក​ថា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា គិត​ក្នុង​រយៈពេល ២៤​ម៉ោង មាន​ករណី​អគ្គីភ័យ ៣​លើក បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កណ្ដាល មាន​ផ្ទះ​ប្រក់​ស័ង្កសី​មួយ​ខ្នង ត្រូវ​បាន​ភ្លើង​ឆេះ​ទាំង​ស្រុង និង​ធ្វើ​ឱ្យ​បាត់​លុយ​ខ្មែរ និង​លុយ​ដុល្លារ​សរុប​ជិត ៨​លាន​រៀល។ នៅ​ខេត្ត​ព្រៃវែង ផ្ទះ​មួយ​ខ្នង រួម​ទាំង​ម៉ូតូ​ម៉ាក​វីវ៉ា ១​គ្រឿង ដែល​សរុប​ជា​ទឹក​ប្រាក់​ចំនួន ២៥​លាន​រៀល ត្រូវ​ខូចខាត​ទាំង​ស្រុង។ រី​ឯ​ខេត្ត​កំពត ផ្ទះ​មួយ​ខ្នង រួម​ទាំង​ទ្រព្យសម្បត្តិ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជា​ច្រើន​នៅ​ក្នុង​ផ្ទះ និង​ប្រាក់ ១​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​បាន​ឆេះ​ទាំង​ស្រុង។

ហ្វេកប៊ុក​របស់​មន្ត្រី​ដដែល​បន្ត​ថា មក​ដល់​ថ្ងៃ​ទី​២៨ ខែ​មករា គិត​ពី​ម៉ោង ០៦:០០ ព្រឹក​ដល់​ម៉ោង ០៦:០០​ល្ងាច គឺ​មាន​ករណី​អគ្គីភ័យ​តែ ២​លើក​ប៉ុណ្ណោះ ដោយ​មួយ​លើក​បាន​កើត​មាន​នៅ​ក្នុង​ខេត្ត​តាកែវ រួម​មាន​ម៉ាស៊ីន​កិន​ក្រណាត់ ២​គ្រឿង គោយន្ត​ភ្ជួរ​ស្រែ ១​គ្រឿង ក្រណាត់ ២០​តោន និង​សម្ភារៈ​ប្រើប្រាស់ និង​ផ្ទះ​មួយ​ខ្នង ត្រូវ​បាន​ឆេះ​ទាំង​ស្រុង។ ជាមួយ​គ្នា​នោះ ផ្សារ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ភូមិ​បត់រំដួល ឃុំ​ផ្ទះរ៉ុង ស្រុក​ក្រវាញ ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​ឆាបឆេះ និង​ធ្វើ​ឱ្យ​តូប​មួយ​រង​ការ​ខូចខាត។

លោក នេត វន្ថា បញ្ជាក់​ថា ក្នុង​ចំណោម​ករណី​អគ្គីភ័យ​ទាំង ៥​លើក គឺ​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី ដុត​ទៀន​ធូប​សែន​កុងម៉ា និង​មួយ​ករណី​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ។

​ក្រៅ​ពី​បញ្ហា​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស ដោយ​ឡែក​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​ចុះ​ផ្សាយ​ដោយ​បូក​សរុប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ពីរ​ថ្ងៃ​ដូច​គ្នា។

របាយការណ៍​ពី​ចរាចរណ៍​ផ្លូវ​គោក​បាន​ឱ្យ​ដឹង​ថា ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន វៀតណាម ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​មករា គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មនុស្ស ២២​នាក់​ស្លាប់ ៦០​នាក់​រង​របួស​ធ្ងន់​ស្រាល។ មូលហេតុ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​នេះ បណ្ដាល​មក​ពី​ល្មើស​ល្បឿន មិន​ប្រកាន់​ស្ដាំ មិន​គោរព​សិទ្ធិ និង​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង។ លើស​ពី​នេះ អ្នក​គ្រោះថ្នាក់​ភាគ​ច្រើន​គឺ​អាជ្ញាធរ​រក​ឃើញ​ថា​មិន​បាន​ពាក់មួក​សុវត្ថិភាព​ឡើយ។

ជាមួយគ្នា​នោះ អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យ​ដឹង​ទៀត​ថា លទ្ធផល​ត្រួត​ពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​ថ្ងៃ​ទី​២៨ ខែ មករា រក​ឃើញ​យានយន្ត​ល្មើស​ច្បាប់​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន ១.០៨៥​គ្រឿង ធ្វើការ​អប់រំ​ចំនួន ៣២៥​គ្រឿង និង​ពិន័យ​សរុប​ចំនួន ៧៦០​គ្រឿង។

អ្នក​ជំនាញ​ខាង​សុវត្ថិភាព​ផ្លូវថ្នល់​នៃ​អង្គការ ហេនឌីខេប អ៊ីនធឺណេសិនណល (Handicap International) ចាត់​ទុក​ចំនួន​មនុស្ស ២២​នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀតណាម ថា​ជា​ចំនួន​មួយ​កើន​ឡើង​ច្រើន​ជាង​ថ្ងៃ​ធម្មតា​ដែល​គ្មាន​ពិធី​បុណ្យ​ទាន។ សង្គម​ស៊ីវិល​រូប​នេះ​សង្កេត​ឃើញ​ថា មូលហេតុ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​នៅ​អំឡុង​ថ្ងៃ​បុណ្យទាន គឺ​ពលរដ្ឋ​នាំ​គ្នា​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​ការ​បើក​បរ​ហួស​ល្បឿន​កំណត់៖ «ថ្ងៃ​ធម្មតា អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន ៦​នាក់ ហើយ​បង្ក​ឱ្យ​មាន​បញ្ហា ជាពិសេស​គឺ​ការ​បើក​បរ​ហួស​ល្បឿន និង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង»

លោក អៀ ចរិយា សង្កត់ធ្ងន់​ថា បច្ចុប្បន្ន​នៅ​កម្ពុជា ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​បាន​ក្លាយ​ជា​បញ្ហា​ធំ​ដែល​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេល ព្រោះ​ពលរដ្ឋ​ទូទៅ​កាន់​តែ​ពេញ​និយម​ចំពោះ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ជាពិសេស​កុមារ​កម្ពុជា ដែល​មាន​អាយុ​ចាប់​ពី ១០​ឆ្នាំ មាន​ចំនួន​ជាង ១០​ភាគរយ ក៏​កំពុង​នាំ​គ្នា​ប្រើប្រាស់​គ្រឿង​ស្រវឹង ស្រប​ពេល​ប្រទេស​អាស៊ាន​ខ្លះ និង​ពិភពលោក បាន​ហាមឃាត់​កុមារ​ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ មិន​ឱ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ឡើយ។

ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ក្រៅ​ពី​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ សង្គម​ស៊ីវិល​ក៏​ចង់​ឃើញ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​សុខាភិបាល ពន្លឿន​ការ​រៀបចំ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​ឱ្យ​បាន​ឆាប់ ស្រប​ពេល​ច្បាប់​នេះ ហាក់​គ្មាន​ការវិវត្តន៍ ក្រោយ​ពី​រៀបចំ​អស់​រយៈពេល ៣​ឆ្នាំ​កន្លង​មក​នេះ។

នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម កាល​ពី​ឆ្នាំ​កន្លង​ទៅ គឺ​ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​បាន​កើត​ឡើង​ចំនួន ៨០​លើក សម្លាប់​មនុស្ស ៤១​នាក់ និង​របួស​ចំនួន ១៣៤​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។