ក្រុមគ្រូបង្រៀននៅវិទ្យាល័យរមាសហែក ខេត្តស្វាយរៀង ស្នើឲ្យរដ្ឋសភា និងអង្គភាពប្រឆាំងអំពើពុករលួយ ជួយពិនិត្យដោះស្រាយបញ្ហាប្រព្រឹត្តអំពើពុករលួយរបស់លោកនាយកវិទ្យាល័យ។ ការបន្តស្វែងរកដំណោះស្រាយនេះ គឺនៅបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា មិនទាន់បង្ហាញលទ្ធផលយ៉ាងណានៅឡើយ ក្រោយចុះស៊ើបអង្កេតករណីនេះអស់រយៈពេលមួយខែទៅហើយនោះ។
ក្រុមគ្រូបង្រៀនវិទ្យាល័យរមាសហែក ឋិតនៅឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ជាង ៥០នាក់ កាលពីថ្ងៃទី២០ ខែកក្កដា ប្ដឹងចោទនាយកវិទ្យាល័យរមាសហែក លោក ម៉ៅ គឹមលី ទៅអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ឬហៅថា គណៈកម្មការទី១០ នៃរដ្ឋសភា ពីបទប្រព្រឹត្តអំពើពុករលួយ។
តំណាងគ្រូបង្រៀនម្នាក់ លោក មាស គីមហេង បញ្ជាក់ថា ការដាក់បណ្ដឹងនេះ ដោយសារក្រសួងអប់រំ យុវជន និងកីឡា មានចំណាត់ការយឺតយ៉ាវ ព្រោះរហូតមកដល់ពេលនេះនៅតែមិនទាន់បង្ហាញលទ្ធផលយ៉ាងណានៅឡើយ បន្ទាប់ពីក្រុមអធិការកិច្ចរបស់ក្រសួង បានចុះស្រាវជ្រាវដោយផ្ទាល់នៅវិទ្យាល័យរមាសហែក កាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅ៖ «ក្រសួងនៅតែឲ្យរង់ចាំ ហើយរហូតមកដល់ពេលនេះមានរយៈពេលជិតមួយខែ។ ដូច្នេះ ពួកយើងនៅតែទទូចឲ្យក្រសួងអប់រំ ជួយពន្លឿនដំណោះស្រាយឲ្យបានឆាប់ ប្រសិនបើមិនចង់ឲ្យមានការប៉ះពាល់ដល់សិស្សទេនោះ»។
លោក មាស គីមហេង បញ្ជាក់ថា ខាងគណៈកម្មការទី១០ នៃរដ្ឋសភា សន្យាថានឹងជួយជំរុញឲ្យក្រសួងអប់រំ ពន្លឿនដំណោះស្រាយឲ្យបានឆាប់។ ដោយឡែកខាងអង្គភាពប្រឆាំងអំពើពុករលួយ ក៏សន្យាថានឹងចុះពិនិត្យស៊ើបអង្កេតករណីនេះឆាប់ៗខាងមុខនេះដែរ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន មានប្រសាសន៍ថា ក្រសួងបានបញ្ជូនលិខិតណែនាំមួយទៅខាងមន្ទីរអប់រំខេត្តស្វាយរៀង ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងថា តើត្រូវដាក់ពិន័យតាមរដ្ឋបាល ឬផ្លាស់ប្ដូរមុខតំណែង?
តាមពាក្យបណ្ដឹង គឺក្រុមគ្រូបង្រៀនបានទាមទារឲ្យក្រសួងអប់រំ ដកនាយកវិទ្យាល័យចេញពីតំណែង បន្ទាប់ពីពួកគេរកឃើញថា នាយកសាលារូបនេះបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដូចជា ករណីកិបកេងកញ្ចប់ថវិកាទ្រទ្រង់សាលា ភីប៊ី (PB) របស់ក្រសួងអប់រំ លុយបានពីលក់អគារឈើបីខ្នងបាត់ដំណឹងឈឹង ការកេងប្រវ័ញ្ចប្រាក់ម៉ោងលោកគ្រូអ្នកគ្រូ ៤% លក់ដូរ និងប្រើប្រាស់សម្ភារៈសាលាជាកម្មសិទ្ធិរបស់ខ្លួន និងចុះហត្ថលេខាជំនួសលោកគ្រូអ្នកគ្រូ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជាដើម។ ក្រុមគ្រូបង្រៀនទាំងនេះព្រមានថា នឹងធ្វើកូដកម្មទៀតផង ប្រសិនបើគ្មានដំណោះស្រាយឈានដល់ការដកលោកនាយកសាលាចេញពីតំណែងទេនោះ។
ឆ្លើយតបនឹងបញ្ហានេះ នាយកវិទ្យាល័យរមាសហែក លោក ម៉ៅ គឹមលី បានចេញមុខបដិសេធម្តងហើយម្តងទៀតថា លោកពុំបានប្រព្រឹត្តអំពើពុករលួយដូចការចោទប្រកាន់ឡើយ ព្រោះការគ្រប់គ្រងរបស់សាលា មាននាយករងផ្នែកនីមួយៗដើម្បីទទួលខុសត្រូវ និងបានធ្វើរបាយការណ៍ចំណូលចំណាយថវិកាសាលា។ លោកក៏មិនខ្វល់ចំពោះការបន្តប្តឹងផ្តល់ និងព្រមានធ្វើកូដកម្មនោះឡើយ ពោលគឺគិតតែខំប្រឹងប្រែងធ្វើកិច្ចការជូនរដ្ឋប៉ុណ្ណោះ។ លោកបញ្ជាក់ថា លោកពុំយល់អ្វីដែលគ្រូបង្រៀន ២ ទៅ ៣នាក់នេះកំពុងធ្វើឡើយ។ លោកសន្និដ្ឋានថា គ្រូបង្រៀនទាំងនេះមានគម្រោងចង់ប៉ែងជើងលោក ព្រោះបើទោះបីជាមន្ទីរអប់រំផ្តល់ដំណោះស្រាយយ៉ាងណា ក៏មិនទទួលស្គាល់ដែរ៖ «មន្ទីរដោះស្រាយម្តងហើយនៅតែមិនព្រម ហើយបន្តប្ដឹងទៅក្រសួង មិនទាន់ទាំងបានលទ្ធផលផង គាត់បែរជាទៅប្ដឹងពីរបីកន្លែងផ្សេងទៀត នៅតែមិនទទួលស្គាល់ដំណោះស្រាយដដែល។ អ៊ីចឹងថា ពួកគាត់អ្នកប្ដឹងហ្នឹងជាមនុស្សប្រភេទណា បានជាប្ដឹងគេ ហើយមិនទទួលស្គាល់ដំណោះស្រាយ»។
ទាក់ទិនបញ្ហានេះដែរ កន្លងមក ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ស្នើឲ្យក្រសួងត្រូវតែចាត់វិធានការដកនាយកវិទ្យាល័យរមាសហែក លោក ម៉ៅ គឹមលី ចេញជាបន្ទាន់ ប្រសិនបើរកឃើញថា លោកនាយកសាលាវិទ្យាល័យរូបនោះ ពិតជាបានប្រព្រឹត្តអំពើពុករលួយដូចការចោទប្រកាន់របស់គ្រូបង្រៀនមែននោះ ព្រោះវាអាចបង្កឲ្យប៉ះពាល់គុណភាពនៃការអប់រំដល់សិស្សានុសិស្ស និងស្មារតីបង្រៀនរបស់លោកគ្រូអ្នកគ្រូទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
