មេដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរិះគន់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថារើសអើងងសកម្មភាពសមាគម ដោយចោទថា រាល់សំណើសុំកិច្ចអន្តរាគមន៍លើបញ្ហាពុករលួយ និងបញ្ហាផ្សេងៗ ក្រសួងមិនបានឆ្លើយតបទេ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានឲ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ថា រាល់លិខិតស្នាមផ្សេងៗដែលជាកង្វល់ ឬសំណូមពរ ដែលសមាគមទទួលបានពីបុគ្គលិកគ្រូបង្រៀននៅតាមសាលាតាមខេត្តមួយចំនួន ហើយស្នើសុំកិច្ចអន្តរាគមន៍ទៅក្រសួងអប់រំ ប៉ុន្តែក្រសួងមិនដែលឆ្លើយតបទេ។
លោកប្រដូចសកម្មភាព លោក ហង់ ជួនណារ៉ុន ដូចគ្នាសកម្មភាពរបស់លោករដ្ឋមន្ត្រីអប់រំចាស់ ដែលរាល់លិខិតស្នាមផ្សេងៗរបស់សមាគមគ្រូ មិនមានការឆ្លើយតបម្តងណាទេ៖ «យើងឃើញឥរិយាបថថ្នាក់ដឹកនាំក្រសួង នៅតែដូចរដ្ឋមន្ត្រីចាស់ ហើយអត់ដែលឃើញមានការឆ្លើយតបណាមួយពីលោករដ្ឋមន្ត្រីទេ។ បើយើងមើលនៅក្នុងច្បាប់ស្ដីពីការអប់រំមាត្រា៤០ ត្រូវតែមានការឆ្លើយតបទៅតាមបែបបទរដ្ឋបាល។ ហើយអ្វីដែលមិនឆ្លើយតបបែបហ្នឹង វាជាការរំលោភទៅនឹងច្បាប់ស្ដីពីការអប់រំ ហើយក៏រំលោភទៅនឹងបែបបទរដ្ឋបាល ក្នុងនាមស្ថាប័នក្រសួងអប់រំ មួយ មិនឆ្លើយតបទៅនឹងអង្គការវិជ្ជាជីវៈដែលជាគ្រូបង្រៀន»។
មិនមានការឆ្លើយតបពីមន្ត្រីក្រសួងអប់រំ ជុំវិញការចោទប្រកាន់នេះទេ នៅគ្រា លោក រស់ សាលីន នាយកខុទ្ទកាល័យ និងជាមន្ត្រីនាំពាក្យក្រសួងអប់រំ មិនឆ្លើយតបតាមទូរស័ព្ទ។
លោក រ៉ុង ឈុន ថ្លែងថា កាលពីថ្ងៃទី១១ ខែមិថុនា បានសរសេរលិខិតមួយច្បាប់ជូន លោក ហង់ ជួនណារ៉ុន ដើម្បីស្នើឲ្យស៊ើបអង្កេតទៅលើអំពើពុករលួយរបស់ លោក ដួង ស្នា ប្រធានការិយាល័យអប់រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបុគ្គលិកអប់រំក្នុងខេត្តនេះចោទថា លួចបំប៉ោងថ្នាក់បង្រៀនពីរវេន ដើម្បីកេងយកប្រាក់ខែរដ្ឋប្រចាំខែ។ ប៉ុន្តែលោកថា លិខិតជាលើកទី១០ របស់សមាគមផ្ញើជូនក្រសួងអប់រំ ក្នុងអាណត្តិទី៥ មិនដែលមានការឆ្លើយតបពីក្រសួងទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
